Thursday, October 18, 2018

រដ្ឋមន្ត្រីពាណិជ្ជកម្ម ផ្តាំផ្ញើប្រតិភូយុវជនធ្វើការផ្សព្វផ្សាយសមិទ្ធផល វិស័យពាណិជ្ជកម្មឱ្យបានច្រើន ដើម្បីលើកស្ទួយកិត្តិនាមជាតិកម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានផ្តាំផ្ញើប្រតិភូយុវជន កម្ពុជា ដែលនឹងទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៥ ខិតខំផ្សព្វផ្សាយឱ្យបានច្រើន អំពីយុទ្ធសាស្ត្រ សមាហរណកម្មកម្ពុជា (CTIS) សមិទ្ធផលការងារក្រសួងពាណិជ្ជកម្ម និងផលិតផលសក្តានុពលនាំចេញសំខាន់ៗ ទៅដល់យុវជនមកពីប្រទេស សមាជិកអាស៊ាន និងប្រទេសជប៉ុន ដើម្បីរួមចំណែកលើកស្ទួយកិត្តិនាម របស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។
លោកបានថ្លែងដូចនេះនៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូយុវជនកម្ពុជាចំនួន ២៩នាក់ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងកិច្ចការ អភិវឌ្ឍវិស័យពាណិជ្ជកម្មរបស់រាជដ្ឋាភិបាលកម្ពុជា នៅទីស្តីការក្រសួង ពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានណែនាំថា ក្មួយៗត្រូវចេះផ្សព្វផ្សាយគោល នយោបាយវិនិយោគ, គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងគោល នយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ដល់យុវជននៃប្រទេស ទាំងអស់ ពីព្រោះប្រទេសកម្ពុជា ត្រូវការគម្រោងវិនិយោគធំៗ ជាច្រើន ថែមទៀត ដើម្បីធ្វើពិធីកម្មឱកាសការងារ និងបង្កើនប្រាក់ចំណូល ជូនប្រទេសជាតិ។
លោករដ្ឋមន្ត្រី បានរម្លឹកប្រាប់ប្រតិភូយុវជន អំពីដំណាក់កាលសំខាន់ៗ នៃការកសាង និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ CTIS ជំនាន់ទី១ ឆ្នាំ២០០១ និងជំទាន់ទី២ ឆ្នាំ២០០៧ ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក, ការបង្កើតអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ឆ្នាំ២០០៨ ដើម្បីកៀងគរជំនួយសម្រាប់ពាណិជ្ជកម្ម, ការអនុវត្តគោលនយោបាយ និងកំណែទម្រង់ ដើម្បីលើកកម្ពស់ អភិបាល កិច្ចល្អ និងការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីការពារ អត្ថប្រយោជន៍វិស័យឯកជន និងអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
លើសពីនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានស្នើប្រតិភូយុវជនកម្ពុជា ប្រកាន់ខ្ជាប់នូវអត្តសញ្ញាណ និងវប្បធម៌ ប្រពៃណី សីលធម៌ និងអត្តចរិក ថ្លៃថ្នូរ ដើម្បីស័ក្តិសមជាយុវជនតំណាង ឱ្យព្រះរាជាណាចក្រ កម្ពុជា ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អជាមួយ យុវជននៃប្រទេសចូលរួមទាំងអស់។
លោករដ្ឋមន្ត្រី ក៏បានជំរុញប្រតិភូយុវជនកម្ពុជាទាំងអស់ ធ្វើការតាមដាន គេហទំព័រ និងកម្មវិធីបណ្តាញសង្គម Facebook និង YouTube របស់ក្រសួងពាណិជ្ជកម្ម ឬទំនាក់ទំនងផ្ទាល់ជាមួយអង្គភាពសាធារណៈ នៃខុទ្ទកាល័យ ដើម្បីទទួលបានព័ត៌មានថ្មីៗ ស្តីពីសកម្មភាពការងារ របស់ថ្នាក់ដឹកនាំ និងសមិទ្ធផលទាក់ទងវិស័យពាណិជ្ជកម្មរបស់ រាជរដ្ឋាភិបាល។
សូមជម្រាបថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៧៤ ដោយរាជរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន ដើម្បីផ្តល់ឱកាសដល់យុវជន បានចូលរួមក្នុងសកម្មភាពទំនាក់ទំនងអន្តរជាតិ ការរៀនធ្វើការជាក្រុម និងការផ្លាស់ប្តូរបទពិសោធន៍ និងការចែករំលែកចំណេះដឹងផ្សេងៗ។
សម្រាប់ឆ្នាំ២០១៨នេះ កម្មវិធី SSEAYP នឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលមានរយៈពេល ៥២ថ្ងៃ ហើយប្រតិភូយុវជនចូលរួមទាំងអស់ នឹងត្រូវជួបជុំគ្នានៅក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន ហើយបន្តដំណើរតាមផ្លូវទឹក ទៅកាន់ប្រទេសប្រ៊ុយណេ ហ្វីលីពីន កម្ពុជា ថៃឡង់ដ៍ និងវៀតណាម៕





(សូមទស្សនាវីដេអូ) រូបភាពបង្ហាញខ្លឹមសារគ្រប់គ្រាន់អំពី ទណ្ឌិត សម រង្ស៊ី និងភរិយា នៅ IPU ប្រទេសស្វីស ដែលមិនមានការស្វាគមន៍!

គ.ជ.ប នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០១៨ នៅទីស្ដីការរបស់ខ្លួន

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប) នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការបញ្ចប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់ និងការរៀបចំបញ្ជីបោះឆ្នោតដំបូង ការត្រៀមបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ព្រមទាំងការអញ្ជើញ ប្រជាពលរដ្ឋទៅពិនិត្យ មើលបញ្ជីឈ្មោះ។
កិច្ចប្រជុំខាងលើនេះ នឹងរៀបចំឡើងនៅសាលសន្និសីទសារព័ត៌មាន ជាន់ទី១ នៃទីស្ដីការ គ.ជ.ប អគារថ្មី ស្ថិតនៅតាមវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០១៨ ក៏ដូចជា ការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ របស់អ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោត ជាដើមនោះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នេះហើយ។
គ.ជ.ប បានឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែតុលា មានប្រជាពលរដ្ឋមកចុះឈ្មោះថ្មីចំនួន ១៨០,៩៤៤នាក់ ហើយប្រជាពលរដ្ឋដែលបាន លុបចេញពីបញ្ជីមានចំនួន ៤១,៤៥៩នាក់ ចំណែកឯប្រជាពលរដ្ឋដែលបានកែតម្រូវទិន្នន័យមានចំនួន ១,៣៨១នាក់ ៕

ស្ពានឈើប្រវែង១៨៣ម៉ែត្រនៅប្រាសាទបេងមាលាកំពុងជួសជុលឡើងវិញ

សៀមរាប៖ ប្រាសាទបេងមាលា បើទោះបីស្ថិតនៅឆ្ងាយពីតំបន់អង្គរ ហើយមានការបែកបាក់ច្រើន ក៏ប៉ុន្តែនូវទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិលើស្ថាបត្យកម្មសំណង់ ទេសភាព ពិសេសស្ពានឈើសម្រាប់ដើរទស្សនាប្រាសាទ។
ប៉ុន្តែដោយសារកត្តាអាយុកាល អាកាសធាតុ បានធ្វើឱ្យស្ពានឈើដែលសង់ឡើងកាលពីឆ្នាំ២០០២ រងនូវការពុកផុយដោយអន្លើរអាចបង្កឱ្យគ្រោះថ្នាក់ ហើយស្ថានភាពស្ពានតូចចង្អៀត ពិបាកទេសចរធ្វើដំណើរ និងដើរជៀសគ្នាផងនោះ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុន ខាំ សាមេត បានរុះស្ពានចាស់ធ្វើថ្មីទាំង ស្រុង មានទំហំធំជាងមុន និងប្រវែង១៨៣ម៉ែត្រ ក្នុងប្រវែងស្ពានសរុប២៦៣ម៉ែត្រ។
លោក ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំណើរការជួសជុលស្ពានឈើបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែកញ្ញា ហើយគ្រោងនឹងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ ដោយអាជ្ញាធរជាតិអប្សរាជាអ្នកទទួលខុសត្រូវលើបច្ចេកទេសជួសជុល រីឯក្រុមហ៊ុន ខាំ សាមេត ជាអ្នកផ្តល់ថវិកាទិញសម្ភារៈ។ ក្នុងការជួសជុលយើងប្រើឈើអស់ចំនួនជាង៨០ម៉ែត្រគូប មានឈើបីប្រភេទ គឺផ្ចឹក គគីរ និងរាំង ដែលធន់នឹងអាកាសធាតុ ហើយធានាគុណភាពបានយូរឆ្នាំ។
លោក ឈាន រដ្ឋា បន្តទៀតថា ការជួសជុលនេះធ្វើឡើងក្នុងបំណងការពារសុវត្ថិភាព អ្នកទស្សនាដែលកើន ឡើងជាលំដាប់ ការពារមិនឱ្យទេសចរចុះជាន់លើថ្មនាំឱ្យរអិលឬធ្លាក់នាំគ្រោះថ្នាក់ដល់ខ្លួន ហើយប៉ះពាល់ ដល់ថ្មប្រាសាទ និងសម្រួលការធ្វើដំណើរជៀសគ្នាថែមទៀត។ ចំពោះការសាងសង់វិញ ក្រុមការងារ បុរាណវិទូនិងស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់និងសិក្សាយ៉ាងល្អិតល្អន់ ទាំងប្លង់ រួមទាំងបញ្ជៀសហានិភ័យផ្សេងៗដល់ថ្មប្រាសាទដោយការមិនជីកដីដាំសសរ បើកន្លែងប៉ះថ្ម គឺប្រើសំបកកង់ ឡានទ្រាប់ពីលើជៀសវាងការកកិត។ ដោយឡែក សម្រាប់ស្ពានចាស់ ដែលមានទំហំសមល្មម និងមានភាពមាំទាំនៅឡើយ ក៏ក្រុមការងារបន្តការយកចិត្តទុកដាក់ថែទាំពង្រឹងបន្ថែមទៀតដែរ។
សូមបញ្ជាក់ថា ស្ពានឈើដែលជាសោភ័ណភាពមួយនៃប្រាសាទបេងមាលានេះ កើតឡើងនៅឆ្នាំ២០០២ ដោយក្រុមហ៊ុនភាពយន្តហូលីវូដបានសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាដើម្បីធ្វើស្ពានឈើចូលទៅក្នុង ប្រាសាទសម្រាប់ជញ្ជូនសម្ភារៈក្នុងការថតភាពយន្តនិងជួយផ្សព្វផ្សាយដល់ទេសចរឱ្យស្គាល់ពីប្រាសាទបេងមាលាផង។ ក្រោយមកដោយកំណើនភ្ញៀវទេសចរកាន់តែកើនឡើង ធ្វើឱ្យភ្ញៀវខ្លះជាន់ថ្មប្រាសាទ ពេលដើរទស្សនា ហើយមើលឃើញពីប្រយោជន៍នៃស្ពានឈើនេះអាចសង្គ្រោះដល់ប្រាសាទផងនោះ អាជា្ញធរជាតិអប្សរាក៏បានបន្តពង្រីកធ្វើស្ពានឈើនេះជាបន្តភ្ជាប់ជាមួយស្ពានចាស់រហូតមកសព្វថ្ងៃ ៕





រូបភាពបង្ហាញខ្លឹមសារគ្រប់គ្រាន់អំពី ទណ្ឌិត សម រង្ស៊ី និងភរិយា នៅ IPU ប្រទេសស្វីស ដែលមិនមានការស្វាគមន៍

(ប៊ែលហ្សិក)៖ រូបភាពប៉ុន្មានសន្លឹក​ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ អាចបង្ហាញឱ្យដឹងយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី និងភរិយា មិនត្រូវបានទទួលស្វាគមន៍ដោយគណៈប្រតិភូ ឬមន្រ្តីរបស់សហភាពអន្តរសភា (IPU) នៅប្រទសស្វីស ឬបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីនោះទេ ផ្ទុយស្រឡះពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់​ ត្រូវបានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលរបស់ប្រទេសប៊ែលហ្ស៊ិក និងកម្លាំងសមត្ថកិច្ចឈរការពារ និងអមដំណើរតាមរថយន្តមុខក្រោយ ហើយជាពិសេសមានបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅ​ប៊ែកហ្សិចយ៉ាងច្រើន មកទទួលស្វាគមន៍យ៉ាងរីករាយ នៅសណ្ឋាគារ ទីដែលសម្តេចស្នាក់ដើម្បីបំពេញភារកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅប្រទេសប៊ែលហ្សិក។
តាមបញ្ជីឈ្មោះនៃសមាជិកដែលត្រូវចូលរួមមហាសន្និបាត សហភាពអន្តរសភា (IPU) បង្ហាញថា លោក សម រង្ស៊ី មេចលនាប្រឆាំងនៅក្រៅប្រទេស មិនមានឈ្មោះនៅក្នុងបញ្ជីនៃសមាសភាពដែលចូលរួមនៅក្នុងមហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះទេ។ ការបង្ហាញបញ្ជីឈ្មោះ សមាជិកដែលត្រូវចូលរួមមហាសន្និបាត សហភាពអន្តរសភា (IPU) របស់សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ បានធ្វើឡើងបន្ទាប់ពីមានការ អះអាងថា លោក សម រង្ស៊ី ដែលជាទណ្ឌិតរត់គេចខ្លួនទៅក្រៅប្រទេស ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងមហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា ( IPU ) និងត្រូវអនុញ្ញាតឱ្យឡើងថ្លែងសុន្ទរកថាផងដែរ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨​ បានថ្លែងឱ្យដឹងថា ទណ្ឌិត សម រង្ស៊ី ដែលទៅសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មិនមែនចូលរួមមហាសន្និបាតលើកទី១​៣៩​ ឡើយ ប៉ុន្តែគឺគ្រាន់តែទៅក្នុងនាមជាដើមបណ្ដឹង ជុំវិញការសុំអន្ដរាគមន៍ទៅកាន់ IPU នាពេលកន្លងទៅតែប៉ុណ្ណោះ មិនមែនពាក់ព័ន្ធនឹង IPU ដូចការលើកឡើងរបស់ សម រង្ស៊ី ទេ៕
ប្រភព​ ៖​ Fresh News













ប្រធានសភា IPU អបអរសាទរយ៉ាងពេញទំហឹងចំពោះជោគជ័យនៃការបោះឆ្នោតនៅកម្ពុជាដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ

(ហ្សឺណែវ, ស្វីស)៖ លោកស្រី Gabriela Cueva Barron ប្រធាន​សហភាពអន្តរសភា IPU បានអបអរ​សាទរយ៉ាងពេញទំហឹង ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជា​សម្រេចបាន ជាពិសេសលទ្ធផលដ៏ជោគជ័យ​នៃការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជា ដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
ការអបអរសាទរនេះ ធ្វើឡើងក្នុងឱកាសលោកស្រីប្រធានសភា IPU ឯកភាព​ទទួលជួបសម្តែងការគួរសមជា មួយគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈ ប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៣៩ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឃួន សុដារី បាន​នាំនូវសារអបអរសាទរពីលោក ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះលោកស្រី ប្រធានសហភាពអន្តរសភា ដែលខិតខំប្រឹងប្រែងក្នុងឋានៈលោកស្រី ជាប្រធានសហភាពអន្តរសភា ដែលមានសមាជិកដល់ទៅ១៧៨ប្រទេសនៅទូទាំងពិភពលោកឆ្ពោះទៅរកជោគជ័យជានិច្ច។
​លោកស្រី ឃួន សុដារី ក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងការបោះឆ្នោតជាសាកលចុងក្រោយនេះ ក្នុងខែកក្កដា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន២០ ដែលបានប្រកួតប្រជែងដើម្បីអាសនៈសភា ដែលនេះ​គឺជាការបង្ហាញយ៉ាងច្បាស់លាស់ណាស់ថា គណបក្សទាំង២០នេះ ជាតំណាងស្របច្បាប់នៃពហុគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ហើយបានឆ្លុះបញ្ចាំងនូវអ្វីដែលអ្នកសង្កេតការណ៍មួយ​ចំនួនហៅថា ដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវនិងស្ថេរភាពជាទូទៅនៅកម្ពុជា។
សម្រាប់ដំណើរការបោះឆ្នោតកន្លងទៅនេះ មានអ្នក​ចូលរួមបោះឆ្នោតជិត ៧លាននាក់ បើគិតជាភាគរយ​៨៣.០២% នៃអ្នកចុះបញ្ជីបោះឆ្នោតសរុប បានបោះ​ឆ្នោត និងបានធ្វើការជ្រើសរើស តាមបែបផែននយោ​បាយ​ដោយសេរីរបស់ខ្លួន។ ដោយឡែកអ្នកសង្កេត​ការណ៍អន្តរជាតិ ចំនួន៥៣៩មកពីប្រទេសជាង ៥០​ប្រទេស ក្នុងចំណោមនោះមកពីស្ថាប័នអន្តរជាតិ រួមមាន គណបក្សនយោបាយអាស៊ាន សភាអាស៊ី អន្តរសភាអាស៊ាន និងក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ផ្នែកទំនាក់ទំនងអន្តរជាតិដើម្បីជាសាក្សី តាមដានពិនិត្យមើលលើការ​អនុវត្តលទ្ធិប្រជាធិបតេយ្យពោរពេញដោយសន្តិវិធីដែលជាឱកាសប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
បន្ថែមលើនេះទៀត លោកស្រីអនុប្រធានទី២រដ្ឋសភា បានពន្យល់បន្ថែមអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាការពិតរបស់កម្ពុជា ដែលមជ្ឈដ្ឋានខាងក្រៅ និងពួកអគតិមួយក្តាប់តូចនាំគ្នាដើរបំភ្លៃ​ការពិត​បោកប្រាស់អន្តរជាតិក្នុងចេតនាអាក្រក់ក្នុងការបំផ្លិចបំផ្លាញជាតិកម្ពុជា ដែលកំពុងតែរីកចម្រើនអត់ឈប់ឈរក្នុងកំណើនសេដ្ឋកិច្ច៧%ជាប្រចាំឆ្នាំ។
តាមការណែនាំរបស់ប្រធានរដ្ឋសភា លោកស្រី ឃួន សុដារី បានអញ្ជើញលោកស្រីប្រធានសហភាពអន្តរសភា ចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាហ្វិក ចាប់ពីថ្ងៃទី១៤-១៧ ខែមករា ឆ្នំា២០១៩ ក្នុង​ឋានៈជាភ្ញៀវកិត្តិយស និងស្នើលោកស្រីពិនិត្យអំពីស្ថាន​ភាពពីអំពីកម្ពុជាផងដែរ។
ជាការឆ្លើយតបលោកស្រី Gabriela Cueva Barron ប្រធានសហភាពអន្តរសភា បានឯកភាពដឹកនាំគណៈ​ប្រតិភូចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាហ្វិក និងបានអបអរសាទរយ៉ាងពេញ​ទំហឹង ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជា សម្រេចបានជាពិសេសលទ្ធផលដ៏ជោគជ័យនៃការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជាដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕





ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញ​សេចក្ដីសម្រេចស្ដីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួង

នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រកាសសេចក្ដីសម្រេច ស្ដីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួង ដើម្បីបង្កើន និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត នៅអាណត្តិទី៦នេះ។
សេចក្ដីសម្រេចពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលក្នុងនោះរួមមាន លោករដ្ឋមន្ដ្រីត្រាំ អ៊ីវតឹក ខ្លួនលោកផ្ទាល់,​រដ្ឋលេខាធិការចំនួន ៧នាក់ ,​ និងអនុរដ្ឋលេខាធិការចំនួន ៨នាក់ ដែលបានកំណត់តួនាទី ភារកិច្ច ទៅតាមមុខជំនាញរៀងៗខ្លួន។
ខាងក្រោមនេះជាសេចក្ដីសម្រេច របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖




គណៈកម្មាធិការអាហារូបករណ៍សម្តេច ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ចាប់ឆ្នោតលើកទី ២ ដើម្បីជ្រើសរើសគ្រឹះស្ថានសិក្សារបស់បេក្ខជនដែលទទួលបានអាហារូបករណ៍សិស្ស និស្សិតក្រីក្រ

ព្រឹកថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ គណៈកម្មាធិការអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីចាប់ឆ្នោតលើកទី ២ ដើម្បីជ្រើសរើសគ្រឹះស្ថានសិក្សារបស់បេក្ខជនដែលទទួលបានអាហារូបករណ៍សិស្ស និស្សិតក្រីក្រ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ គណៈកម្មាធិការ តំណាងលោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដោយមានបេក្ខជនចំនួនជិត ៤០០នាក់ ចូលរួមចាប់ឆ្នោតជ្រើសរើសគ្រឹះស្ថានសិក្សាទៅតាមមុខវិជ្ជាជំនាញដែលខ្លួនបានជ្រើសរើស។
លោក សុខ ពុទ្ធិវុធ បានថ្លែងក្នុងឱកាសនោះថា គណៈកម្មាធិការអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ក្នុងគោលបំណងបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា កាត់បន្ថយបន្ទុកគ្រួសារក្នុងការបង់ថ្លៃសិក្សា ជាពិសេសផ្តល់ឱកាសដល់សិស្ស និស្សិតក្រីក្រ មានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។
លោកបានបន្តថា ចំពោះការចាប់ឆ្នោតនេះ គឺធ្វើឡើងដើម្បីបង្ហាញពីតម្លាភាពចំពោះប្អូនៗ ដោយសារអាហារូបករណ៍ដែលផ្តល់ដោយសារគ្រឹះស្ថាននីមួយៗ មានកំណត់ ដូច្នេះប្រសិនបើប្អូនៗចាប់ឆ្នោតពុំបានរៀននៅគ្រឹះស្ថានដែលខ្លួនចង់រៀនសូមកុំអាក់អន់ចិត្តអី ឬបោះបង់ឱកាសអី ហើយត្រូវបន្តខិតខំរៀនសូត្រឱ្យបានល្អ ព្រោះទៅថ្ងៃមុខគេពុំបានគិតថាយើងចេញមកពីសាលាណាទេ ប៉ុន្តែគេគិតពីគុណភាពនៃចំណេះដឹងរបស់យើង។
លោក ក៏បានជម្រាបប្អូនៗពីការត្រៀមខ្លួនក្នុងការចាប់ឱកាសទាញយកផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលផ្តោតលើបច្ចេកវិទ្យាទំនើបហើយនឹងមកដល់នាពេលដ៏ខ្លីខាងមុខ ដូច្នេះប្រសិនបើយើងចាប់យកឱកាសនេះបានវានឹងធ្វើឱ្យយើងមានការរីកចម្រើន ហើយដើម្បីអាចចាប់ឱកាសនេះបានលុះត្រាតែយើងធ្វើការអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាធនធានមួយដ៏ពិតប្រាកដ។
ជាចុងក្រោយ លោក សុខ ពុទ្ធិវុធ បានផ្តាំផ្ញើដល់ប្អូនៗត្រូវធ្វើជាមនុស្សដែលមានចំណេះដឹង ហើយស្មោះត្រង់ទើបការងាររបស់យើងអាចដំណើរការដោយរលូនទទួលបានជោគជ័យ ឧទាហរណ៍ជាក់ស្តែង គឺថ្នាក់ដឹកនាំប្រទេស ក៏ដូចជាវីរជនរបស់យើង ដោយសារតែភាពស្មោះត្រង់ សាមគ្គីគ្នាជាធ្លុងមួយ ទើបអាចរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ហើយដឹកនាំប្រទេសទទួលបានសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។ លោកក៏បានផ្តាំផ្ញើបន្ថែមដល់ប្អូនៗសូមកុំមានអារម្មណ៍ថាឯកោ ប្រសិនបើមានបញ្ហាអីសូមទាក់ទងក្រុមការងារសម្របសម្រួលដើម្បីជួយដោះស្រាយបញ្ហា ព្រោះលោកនាយករដ្ឋមន្ត្រី និងភរិយា បានបង្កើតក្រុមការងារសម្របសម្រួលដើម្បីជួយដល់ប្អូនៗ ប៉ុន្តែទន្ទឹមនឹងនោះ ប្អូនៗក៏ត្រូវខិតខំជួយដល់ខ្លួនឯងជាមុនសិនដែរ។
សូមបញ្ជាក់ថានេះគឺជាការចាប់ឆ្នោតជ្រើសរើសគ្រឹះស្ថានសិក្សាលើកទី២ របស់បេក្ខជនអាហាររូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលើកទី១ ធ្វើកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ និងលើកទី៣ នឹងធ្វើនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។










(សូមទស្សនាវីដេអូ) សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាចេញមុខប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីប្រទេសកម្ពុជា

ទោះបីជាពិការស្លាប់មួយចំហៀងខ្លួន ក៏សុខចិត្តជិះរទេះមកគាំទ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ខណៈពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដល់ទីក្រុងប្រ៊ុចហ្សែល ប្រទេសបែលហ្សិក លោកត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រជាពលរដ្ឋខ្មែរនៅទៅនោះ ហើយទោះបីជាពិការស្លាប់មួយចំហៀងខ្លួន ក៏សុខចិត្តជិះរទេះមកគាំទ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។