Saturday, August 12, 2023

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និង ឯកឧត្តម វ៉ាង យី ប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត


នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣, នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយនឹង ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជារដ្ឋមន្ត្រីការបរទេសចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣ ។ 

នៅក្នុងជំនួបនេះ, ឯកឧត្តម វ៉ាង យី បានបញ្ជាក់អំពីជំហរបន្តជំរុញការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធជាមួយកម្ពុជា ហើយភាគីមិត្តចិននឹងត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់ ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង  ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ។

ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានថ្លែងអំណរគុណ និងធ្វើការគូសបញ្ជាក់ជូនភាគីមិត្តផងដែរ នូវការរក្សាគោលជំហរឥតប្រួលប្រែរបស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជាចំពោះ «គោលនយោបាយចិនមួយ» និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន ។ ជាមួយគ្នានេះ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានឆ្លើយតបទៅនឹងការអញ្ជើញរបស់ភាគីមិត្តចិនទៅចូលរួមពិធីខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតប្រទេសចិន នាពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ខាងមុខ ។ 

ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់ជិតស្និទ្ធ តាមរយៈការថែរក្សាសមិទ្ធផលដែលមានកន្លងមក ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអគ្គិសនី ជាពិសេស វារីអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ជាដើម ។ល។ លើសពីនេះ ភាគីទាំងពីរ ក៏ឯកភាពនឹងបន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកផងដែរ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ៕

រាជរដ្ឋាភិបាល៖ ក្នុងឆ្នាំ២០២៤ មន្ត្រីរាជការ និង​កម្មករ​និយោជិត មានពេល​ឈប់​សម្រាក​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ-អន្តរជាតិ ២២ថ្ងៃ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា បានចេញ​អនុក្រឹត្យ​ស្ដីពី​ប្រតិទិន​ឈប់​សម្រាក​ការងាររបស់មន្ត្រីរាជការ កម្មករនិយោជិត ប្រចាំឆ្នាំ២០២៤ខាងមុខ។

តាមរយៈអនុក្រឹត្យនេះ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​រាជការ និងកម្មករនិយោជិត ឈប់​សម្រាក​ក្នុង​ថ្ងៃ​ព្រះ​រាជពិធី ឬពិធីបុណ្យជាតិ-អន្តរជាតិ​សរុប​ចំនួន​២២​ថ្ងៃ។ ចំពោះក្រសួង ស្ថាប័ន មានភារកិច្ច​ទំនាក់​ទំនង​អន្តរ​ជាតិ ត្រូវរក្សាមន្ត្រីប្រចាំការ​ជាអចិន្ត្រៃយ៍​សម្រាប់​ដោះ​ស្រាយ​ការងារ៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖




លិខិតមិត្តអ្នកអាន៖ «​បើ​ចង់បាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ត្រូវ​ចេះ​សម្អាតផ្ទះ​ខ្លួនឯង​សិន​»


ភាសា​គ្រោតគ្រាត​នេះ​បង្កប់​នូវ​សារសំខាន់​ ២​។ សារ​ទី​១ គឺ​ចង់​និយាយ​អំពី​ភាពចាំបាច់​នៃ​ចំណេះដឹង​មូលដ្ឋាន​របស់​ពលរដ្ឋ​។ លទ្ធិប្រជាធិបតេយ្យ​គឺ​ផ្តោតលើ​ការគ្រប់គ្រង និង​ការសម្រេចចិត្ត​ដែល​ផ្អែកលើ​សំឡេង​ភាគច្រើន​។ យ៉ាងណាក្តី សំឡេង​ភាគច្រើន​មិនមែន​សុទ្ធតែ​ល្អ និង​ត្រឹមត្រូវ​ទាំងស្រុង​នោះទេ​។​


​ចុះបើ​ប្រជាពលរដ្ឋ​ចង់​បបួលគ្នា​ទៅធ្វើ​សង្គ្រាម​ដណ្តើម​កម្ពុជា​ក្រោម​មកវិញ​? ចុះបើ​សង្គម​ភាគច្រើន​ងាយ​ឆេះ​នឹង​មនោ​គម​ន៍​វិជ្ជា​រើសអើង​វណ្ណៈ និង​កម្ទេច​អ្នកមាន​ចោល​ដូច​មនោគមន៍វិជ្ជា ប៉ុល ពត​? គំនិត​ទាំងនេះ​គឺ​សុទ្ធតែ​អាច​ទទួលបាន​សំឡេង​ភាគច្រើន តាមរយៈ​ន​យោ​បាយ​ប្រជា​ភិ​ថុ​ត និង​នយោបាយ​ជ្រុលនិយម ប៉ុន្តែ​សំឡេង​ភាគច្រើន​ទាំងនេះ​មិនមែនជា​ការសម្រេច​ដ៏​ត្រឹមត្រូវ​សម្រាប់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​ទេ​។​


​ពេលខ្លះ​យើង​អាច​គិតថា ឱ្យ​តែមាន​ប្រជាធិបតេយ្យ សង្គម​នឹងធ្វើ​ការសម្រេច​ចិត្ត​ត្រូវ​។ ឱ្យ​តែមាន​ប្រជាធិបតេយ្យ ប្រជា​ជន​គឺ​សុទ្ធតែ​សម្រេចចិត្ត​ត្រឹមត្រូវ និង​ប្រកបដោយ​សុភ​វិនិច្ឆ័យ ហើយ​មនុស្ស​ទាំងអស់​សុ​ទ្ធ​តែមាន​វិចារណញ្ញាណ ចេះ​វិភាគ​រកហេតុ​ផល​មុននឹង​ធ្វើការ​សម្រេច​ចិត្ត​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ជាតិ​។


​ប៉ុន្តែ សម្មតិកម្ម​បែបនេះ​គឺ​មិន​ត្រឹមត្រូវ​ឡើយ ប្រសិនបើ​ពលរដ្ឋ​ពុំមាន​ចំណេះ​​ដឹង​មូលដ្ឋាន ក្នុងការ​វែកញែក​រវាង​ខុស និង​ត្រូវ ហើយ​មិនអាច​បែងចែក​បាន​ថា អ្វីដែល​ជាការ​វិនិច្ឆ័យ​ដែល​ប្រើ​អារម្មណ៍ និង​អ្វីដែល​ប្រើ​ហេតុផល​។ សូម​កុំភ្លេចថា របប ប៉ុល ពត ក៏មាន​សំឡេងគាំទ្រ​ពី​ប្រជាជន​ភាគច្រើន​ដែរ​។ ប្រជាធិបតេយ្យ​ដែលមាន​ការគាំទ្រ​ដោយ​ប្រជាជន​ភាគ​ច្រើន ដែល​ពុំមាន​ចំណេះដឹង​មូលដ្ឋាន មានតែ​កំហឹង​វណ្ណៈ​ដូច​សម័យ​ប៉ុលពត គឺមាន​គ្រោះថ្នាក់​ខ្លាំងណាស់​។


​របប​ហ៊ី​ត្លែរ ក៏​សុទ្ធតែ​មានការ​គាំទ្រ​លើសលប់​ពី​ប្រជាជន​អាល្លឺម៉ង់​ដែរ​។ ប្រជាជន​អាល្លឺម៉ង់​ មានចំណេះដឹង​មូល​ដ្ឋា​ន​ខ្ពស់​រួចហើយ ប៉ុន្តែ​ពួកគាត់​ពោរពេញ​ទៅដោយ​កំហឹង និង​មាន​មនោសញ្ចេតនា​ជាតិនិយម​ជ្រុល​។ ជា​លទ្ធផល សម័យ​ហ៊ី​ត្លែរ​ក៏បង្ក​វិនាសកម្ម​ដល់​មនុស្សជាតិ និង​ពិភពលោក​ជាច្រើន​រាប់មិនអស់​ដែរ​។​


​ចំណែក​លទ្ធិប្រជាធិបតេយ្យ​របស់​ក្រិ​ក សម័យបុរាណ ដែល​ពួក​អឺរ៉ុប​តែងតែ​អួតថា ជា​ប្រភពដើម​នៃ​លទ្ធិប្រជាធិបតេយ្យ​នោះ តាមពិត​ គឺជា​សង្គម​ដែល​ដឹកនាំ​ដោយ​ជនជាតិ​ក្រិ​ក ១​ ក្តាប់​តូច ប៉ុន្តែ នៅ​ពីក្រោម​សង្គម​របស់​ពួកគេ​វិញ​គឺជា​សង្គម​ដែលមាន​ប្រព័ន្ធ​ទាសករ​ដែល​ត្រូវគេ​ជិះជាន់​កេង​ប្រវ័ញ្ច​។ សង្គម​ប្រជាធិបតេយ្យ​បែបនេះ ក៏​មិនមែនជា​សង្គម​ស្អាតស្អំ​ដែរ​។​


​នៅ​ប្រទេស​អ៊ីរ៉ា​ក់ ប្រជាពលរដ្ឋ​រាប់លាន​នាក់​បាន​ស្លាប់​បន្ទាប់ពី​ជោគជ័យ​នៃ​ការ​ផ្លាស់ប្តូរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែប្រទេស​អ៊ីរ៉ា​ក់ នៅ​ពុំទាន់​មាន​ប្រជាធិបតេយ្យ​នៅឡើយ​ទេ​។ រឹតតែ​អាក្រក់​ជាង​ហ្នឹង​ទៅទៀត​នោះ គឺ​ប្រទេស​នេះ​ក៏​ប្រហែលជា​កំពុង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​បរទេស​ដោយ​ពួកគេ​គ្មាន​សិទ្ធិ​អធិបតេយ្យ​ក្នុងការ​គ្រប់គ្រង​ធនធាន​រ៉ែ​ប្រេង​របស់​ប្រទេស​ខ្លួនឯង​ឡើយ​។​


​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ សិទ្ធិ​កាន់​កាំភ្លើង​ត្រូវបាន​គេ​លើកស្ទួយថា ​ជា​និមិត្តរូប​នៃ​ការការពារ​សិទ្ធិសេរីភាព​របស់​ប្រជាជន​។ ប៉ុន្តែ​ប្រសិនបើ​កាំភ្លើង​ត្រូវបាន​គ្រប់គ្រង​ដោយ​ពលរដ្ឋ​ដែល​មិនមាន​ការ​អប់រំ​ពី​កាតព្វកិច្ច​ក្នុង​ការគោរព​សិទ្ធិ​របស់​អ្នកដទៃ មិន​យល់​ពី​កាតព្វកិច្ច​ក្នុងការ​ចូលរួម​ការពារ​សន្តិ​សុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ហើយ​ផ្គើន និង​មិន​ស្តាប់បង្គាប់​អាជ្ញាធរ​សាធារណៈ វា​អាចបង្កើត​គ្រោះមហន្តរាយ​ដល់​សង្គម​ទៅវិញ​។​


​ប្រសិនបើ​កាំភ្លើង​ត្រូវបាន​គ្រប់គ្រង​ដោយ​មនុស្ស​ឆ្កួត ហើយ​ពួកគេ​ដើរ​បាញ់​កុមារ​នៅតាម​ដងផ្លូវ តាម​សាលារៀន ប៉ុន្តែ​សង្គម​ប្រជាធិបតេយ្យ​បែរជា​មិនអាច​ដក​ហូត​សិទ្ធិ​កាន់កាប់​កាំភ្លើង​បាន​ព្រោះថា​សិទ្ធិ​កាន់​កាំភ្លើង បាន​ក្លាយជា​និមិត្តរូប​ដ៏​ពិសិដ្ឋ​នៃ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ដូច្នេះ​យើង​មិនគួរ​ត្រូវការ​ប្រជាធិបតេយ្យ​បែបនេះ​ទេ​។ នេះ​ជា​ឧទាហរណ៍​ជាក់ស្តែង​បំផុត​មួយ​ដែល​បង្ហាញថា លទ្ធិ​ប្រជា​ធិ​ប​​តេ​យ្យ​មិនមែនជា​ថ្នាំ​ទិព្វ​ដែល​អាច​ព្យាបាល​ជំងឺ​សង្គម​បាន​ដោយ​ស្វ័យប្រវត្តិ​ទេ​។​


​លទ្ធិប្រជាធិបតេយ្យ​គឺ​អាស្រ័យ​យ៉ាងខ្លាំង​ទៅលើ​កម្រិត​របស់​ប្រជាជន​ប្រព័ន្ធ​សង្គម និង​តម្លៃសង្គម​របស់​ប្រទេស​នីមួយៗ ហើយក៏​មិនមាន​លទ្ធិប្រជាធិបតេយ្យ​ស្តង់ដា​តែមួយ ដែល​តម្រូវឱ្យ​ត្រូវ​គ្រប់​ប្រទេស​នោះដែរ​។ ប្រសិនបើ​សង្គម​អា​មេ​រិ​ក​ឱ្យ​តម្លៃ​លើ​សិទ្ធិ​កាន់​កាំភ្លើង ជាជាង​សិទ្ធិ​រស់រានមានជីវិត​របស់​កុមារ​នោះ​វា​គឺជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​អាមេរិក​ក្នុង​មាគ៌ា​ប្រជាធិបតេយ្យ​របស់ខ្លួន​ប៉ុន្តែ​ច្បាស់​ណាស់​ថា កម្ពុជា​នឹងមិន​ជ្រើស​យក​លទ្ធិ​-​ប្រជាធិបតេយ្យ​បែបនេះ​ទេ​។​


​នៅពេលដែល​ប្រជាធិបតេយ្យ​កញ្ជ្រោក​នៅក្នុង​ប្រទេស​ដែល​ពលរដ្ឋ​មិនមាន​ការ​អប់រំ​មូលដ្ឋាន ពលរដ្ឋ​អាច​នឹង​ត្រូវគេ​ពង្វក់​ទៅ​ទិស​ណា​ក៏បាន​៖ ទៅ​កម្ទេច​វៀត​ណា​ម​ដើម្បី​ដណ្តើម​កម្ពុជា​ក្រោម​មកវិញ​, ទៅ​កម្ទេច​ជនជាតិ​ចាម ចិន វៀតណាម​, ឬ​ទៅ​កម្ទេច​ពួក​អ្នកមាន អ្នកទីក្រុង និង​កម្ទេច​បញ្ញវន្ត កម្ទេច​មន្ត្រីរាជការ​, កម្ទេច​សាសនា ចោល​ទាំងអស់​ក៏បាន​។ នេះ​មិនមែនជា​សង្គម​ប្រជាធិបតេយ្យ​ដែល​យើង​ចង់​បានទេ​។​


​ដូច្នេះហើយ កត្តា​អប់រំ សមត្ថភាព​វិ​និ​​ច្ឆ័​យ ការចេះ​អាន ចេះ​សរសេរ ចំណេះដឹង​មូលដ្ឋាន បូករួម​ទាំង​សីលធម៌ ការចេះ​គោរព​អ្នកដទៃ និង​ស្គាល់​ភាពថ្លៃថ្នូរ គឺមាន​ភាពចាំបាច់ សម្រាប់​ពលរដ្ឋ​ក្នុងសង្គម​ប្រជាធិបតេយ្យ ដើម្បី​ធានាថា ប្រជា​ធិ​ប​តេ​យ្យ​ដែល​យើង​ចង់បាន​នោះ វា​បម្រើឱ្យ​សន្តិភាព និង​ភាព​សុខដុម​ក្នុងសង្គម​។​


​សារសំខាន់​ទី​២ គឺ​ចង់​និយាយថា ដើម្បី​ទ្រទ្រង់​ប្រជាធិបតេយ្យ​ស្អាតស្អំ​បាន​ទាល់​តែ​ពលរដ្ឋ​ចេះ​ស្គាល់​សិទ្ធិ និង​កាតព្វកិច្ច​ព្រម​គ្នា​។ ទាល់តែ​ពលរដ្ឋ​ចេះ​ទទួលខុស​​ត្រូវ​ចំពោះ​ខ្លួនឯង និង​ចំពោះ​ប្រទេសជាតិ​ដែរ​។ ប្រជាជន​ភាគច្រើន​ស្គាល់​តែ​សិទ្ធិ​ទេ ចេះតែ​ទាមទារ​សិទ្ធិ​ទេ ប៉ុន្តែ មិនដែល​គិតពី​កាតព្វកិច្ច​របស់​ពលរ​ដ្ឋ​នោះទេ​។​


​ប្រជាពលរដ្ឋ​ខ្លះ ទាមទារ​សិទ្ធិ​ខ្លាំង​ហួស​ហេតុ ប៉ុន្តែ មិនដែល​យក​ភ្នែក​មើល​សម្អាត​អនាម័យ​នៅផ្ទះ​ខ្លួនឯង​។ នេះ​បានន័យថា គាត់​គ្មាន​ចំណេះដឹង​ជា​មូលដ្ឋាន​ទាក់ទង​នឹង​អនាម័យ ហើយ​គាត់​គ្មាន​ការ​​ទទួលខុសត្រូវ​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន​របស់គាត់ និង​ក្រុមគ្រួសារ​របស់គាត់​ទេ​។​


​គាត់​បំពេញ​កាតព្វកិច្ច​សាមញ្ញ​ក្នុងផ្ទះ​របស់គាត់​មិនបាន​ផង ប៉ុន្តែ គាត់​ស្រែក​ក្តែ​ងៗ​ថា ស្រឡាញ់​ជាតិ​។ តាមពិត ពល​​រដ្ឋ​ម្នាក់ៗ​សុទ្ធ​តែមាន​ភាព​ទទួល​ខុសត្រូវ​ក្នុងការ​មើលថែ​ខ្លួនឯង មិនមែន​អ្វីៗ​ត្រូវតែ​ដាក់​កំហុស​តែ​លើ​សង្គម​នោះទេ​។


​សំរាម​បោះចោល​ក្នុង​លូ ក្នុង​ប្រឡាយ បោះចោល​ពាសវាល​ពាសកាល ក្នុង​សួន​សាធារណៈ​។ សំរាម​មុខផ្ទះ​ខ្លួនឯង​មិនដែល​បោស​ទេ ហើយ​អួតថា ស្រឡាញ់​ទឹកដី​កម្ពុជា​ខ្លាំងណាស់​។ ត្រឹមតែ​កាតព្វកិច្ច​មូលដ្ឋាន​ជា​ពលរដ្ឋ​បំពេញ​មិនបាន​ផង ហើយ​បើ​ផ្ទះ​ខ្លួនឯង​មិនចេះ​សម្អាត​ផង តើ​អាច​អួតថា ខ្លួន​ស្រឡាញ់​ទឹកដី​ខ្មែរ​ដែរឬទេ​? ពលរដ្ឋ​ក៏ត្រូវ​ស្គាល់​កាតព្វកិច្ច​ខ្លួន​ទីពឹង​ខ្លួន​។ សូម្បី​ទ្រឹស្តី​ពុទ្ធសាសនា ក៏​អប់រំ​ឱ្យ​ខ្លួន​ទីពឹង​ខ្លួន​ដែរ​។


ការបង្រៀន​នេះ ​គឺ​ដូចជា​សម្ដី​របស់​អតីត​ប្រធានាធិបតី ច​ន អេ​ហ្វ ខេ​នេ​ឌី របស់​អាមេរិក​ដែល​ពោលថា «​យើង​មិនត្រូវ​សួរថា តើ​ប្រទេស​របស់​យើង​អាចធ្វើ​អ្វី​ឱ្យ​យើង​នោះទេ​។ យើង​ត្រូវ​សួរថា តើ​យើង​អាចធ្វើ​អ្វី​ដើម្បី​ប្រទេស​ខ្លួន​​ឯង​»​។


​យើង​មិនមែន​ត្រូវតែ​ផ្តេកផ្តួល​លើ​រដ្ឋ ហើយ​ឱ្យ​តែមាន​បញ្ហា​គឺ​ដាក់​កំហុស​តែ​លើ​រដ្ឋ​ទាំងអស់​នោះទេ​។ មិនដែល​សួរថា ខ្លួនឯង​បានធ្វើ​អ្វីខ្លះ​ចំពោះ​សង្គម​។ រកឃើញ​តែ​កំហុស​របស់​សង្គម ប៉ុន្តែ មិនដែល​យក​ភ្នែក​មើល​កំហុស​ខ្លួនឯង​។​


​ដូច្នេះ​និយាយ​សរុប​មកវិញ លទ្ធិ​ប្រជា​ធិបតេយ្យ​មិនមែន​ជឿនលឿន​រីកចម្រើន​ដោយ​ស្វ័យប្រវត្តិ​នោះទេ​។ ទាល់តែ​ពលរដ្ឋ​នៃ​សង្គម​ប្រជាធិបតេយ្យ​នោះ​មាន​ភាពជឿនលឿន និង​ចេះ​អភិវឌ្ឍ​ខ្លួន​ដែរ បាន​នាំឱ្យ​សង្គម​នោះ​ជឿនលឿន និង​ប្រកប​ដោយ​អរិយធម៌​ខ្ពង់ខ្ពស់​។


​ភាពអវិជ្ជា​អាច​ប្រែក្លាយ​លទ្ធិប្រជាធិបតេយ្យ​ទៅជា​បិសាច​បំផ្លាញ​សង្គម​បាន​។ លទ្ធិប្រជាធិបតេយ្យ​ដែល​ត្រូវបាន​កសាងឡើង​នៅក្នុង​សង្គម​ដែល​ប្រជាពលរដ្ឋ​ខ្វះ​ការអប់រំ​ត្រឹមត្រូវ​រស់​​នៅក្នុង​ភាពក្រីក្រ​តោកយ៉ាក​ជាមួយនឹង​កំហឹង​សងសឹក​ប្រឆាំងនឹង​អ្នកមាន និង​ការតាំង​ចិត្ត​តស៊ូ​ប្រឆាំង​វណ្ណៈ​, សង្គម​ដែល​ប្រជាជនមាន​មនោសញ្ចេតនា​ជាតិ​និយម​ជ្រុល​, សង្គម​ដែល​ប្រជាជន​ខ្វះ​វិន័យ​សីលធម៌ ខ្វះ​ការគោរព​អ្នកដទៃ និង​សេច​​ក្តី​ថ្លៃថ្នូរ​,​ លទ្ធិប្រជាធិបតេយ្យ​បែបនេះ នឹង​នាំឱ្យ​សង្គម​នោះ​បរាជ័យ ហើយ​បំផ្លាញ​សង្គម​នោះ​ដោយ​ឯកឯង​៕


​ដោយ ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោក ឥណ្ឌូនេស៊ី


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត DUDUNG ABDURACHMAN មេបញ្ជាការ កងទ័ពជើងគោកជាតិ នៃប្រទេសឥណ្ឌូនេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម DUDUNG ABDURACHMAN បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃជំនួបរវាងឯកឧត្តមផ្ទាល់ ជាមួយឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកស្ដីទី ម៉ៅ សុផាន់ ដែលក្នុងនោះ មានកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការពង្រីកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការជំរុញឲ្យមានការផ្លាស់ប្ដូរបទពិសោធន៍កាន់តែខ្លាំងឡើង, ការផ្លាស់ប្ដូរព័ត៌មានរវាងកងទ័ពទាំងពីរ និងជាពិសេសការពង្រីកវិសាលភាពនៃការហ្វឹកហាត់កងទ័ព។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ហើយបានលើកទឹកចិត្តឲ្យពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ដោយចាត់ទុកថា កងទ័ពជាអ្នកការទូតសន្តិភាព៕



រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី។ 

អនុក្រឹត្យនេះ គឺបានកំណត់បទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពល នៃបរិក្ខារប្រើប្រាស់អគ្គិសនី ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការអនុវត្តបទដ្ឋាន និងការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពល ស្របតាមគោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពល៕

វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៊ុយក្រែនកំពុងត្រឡប់ចូលទៅក្នុងទឹកដីរុស្ស៉ី វិញឬ?

FN (វ៉ាស៊ីនតោន)៖ ការវាយប្រហារដោយយន្ដហោះដ្រូនចូលទៅក្នុងទឹកដីរុស្ស៉ី គឺជារឿងមួយដែលមនុស្សភាគច្រើននឹកស្មានមិនដល់។ ប៉ុន្តែការវាយប្រហាររបៀបនេះបានកើតឡើង ទៅហើយ និងកាន់តែកើនឡើងទៀតផង។ ទីក្រុងមួយចំនួនរបស់រុស្ស៉ី ក្នុងនោះរួមមានទាំងរដ្ឋធានីមូស្គូ សុទ្ធតែបាន និងកំពុងរងការវាយប្រហារដោយយន្ដហោះដ្រូនជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ កាន់តែអស្ចារ្យជាងនេះទៅទៀត កាលពីថ្ងៃសុក្រសប្ដាហ៍មុន អ៊ុយក្រែនក៏ត្រូវបានគេរាយការណ៍ដែរថាបានប្រើដ្រូនក្រោមសមុទ្រដើម្បី វាយប្រហារលើកំពង់ផែដ៏សំខាន់មួយរបស់រុស្ស៉ីស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រពីទឹកដីដែលអ៊ុយក្រែនកំពុងកាន់កាប់។

ការវាយប្រហារទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍ចេញពីប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ដែលមកទល់នឹងពេលនេះមិនទាន់សម្រេចបានជោគជ័យជាដំកំភួន នៅឡើយទេ។ ប៉ុន្តែ ការវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៉ី មិនមែនមានន័យថាទីក្រុងកៀវអាចធ្វើវាបានដោយគ្មានហានិភ័យអ្វីសោះនោះទេ ជាពិសេស ក្នុងពេលដែល កំពុងព្យាយាមរក្សាការគាំទ្រពីបណ្ដាប្រទេសលោកខាងលិចដែលកំពុងព្រួយបារម្ភខ្លាចក្រែងសង្រ្គាមរាលដាលកាន់តែធំ។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលគេគួរដឹង៖

* ការវាយប្រហារដោយយន្ដហោះដ្រូនឥតឈប់ឈរ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានកាលពីពេលថ្មីៗនេះថា «សង្រ្គាមកំពុងត្រឡប់ចូលទៅក្នុងទឹកដីរុស្ស៉ីវិញបន្តិចម្ដងៗ» បន្ទាប់ពីមាន សេចក្ដីរាយការណ៍ពីការវាយប្រហារដោយយន្ដហោះដ្រូនឥតឈប់ឈរ នៅក្នុងទឹកដីរុស្ស៉ី តួយ៉ាងដូចជាទីក្រុងមូស្គូតែម្ដង។ ការវាយប្រហារដោយយន្ដហោះដ្រូនទាំងនេះ ត្រូវបានរាយការណ៍ចាប់តាំងពីខែឧសភាកន្លងទៅមកម្ល៉េះ។ ជាទម្លាប់ដូចសព្វដង អ៊ុយក្រែនមិនដែលបានទទួលស្គាល់ត្រង់ៗចំពោះការវាយប្រហារទាំងនេះនោះទេ បើទោះជា មានការចោទប្រកាន់ពីរុស្ស៉ីក៏ដោយ។ តែរដ្ឋមន្ត្រីម្នាក់របស់អ៊ុយក្រែន គឺលោក Mykhailo Fedorov ដែលទទួលបន្ទុកលើកិច្ចការបញ្ជាទិញយន្ដហោះដ្រូនបានបញ្ជាក់ថា ការវាយប្រហារដោយយន្ដហោះដ្រូនបន្ថែមទៀតនឹងកើតឡើង ខណៈទីក្រុងកៀវកំពុងបង្កើនប្រតិបត្តិការវាយបក ក្នុងរដូវក្ដៅ ដើម្បីវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពី ទឹកដីអ៊ុយក្រែន។

* មានកម្រិត តែជាប្រព័ន្ធអាវុធមានប្រសិទ្ធភាព

វាពិតជាលំបាកខ្លាំងណាស់ ក្នុងការបញ្ជាក់ឱ្យច្បាស់ពីប្រព័ន្ធអាវុធប្រភេទណាដែលកំពុងត្រូវបានប្រើប្រាស់នៅក្នុងវាយប្រហារ និងថាតើអគារបែបណាដែលសិ្ថតនៅក្រោម គោលដៅនៃការវាយប្រហារ ខណៈទាំងរុស្ស៉ី និងអ៊ុយក្រែនសុទ្ធតែបដិសេធផ្ដល់ព័ត៌មានលម្អិតរៀងៗខ្លួន។ លោក Douglas Barrie ជាមន្ត្រីជាន់ខ្ពស់ម្នាក់ផ្នែកយោធាជើង អាកាសមកពីវិទ្យាស្ថាន International Institute for Strategic Studies (IISS) បានប្រាប់ទូរទស្សន៍ CNN ថាប្រភេទអាវុធដែលអ៊ុយក្រែនកំពុងប្រើជាអាវុធសាមញ្ញធម្មតា ប៉ុន្តែមានប្រសិទ្ធភាព។ បើតាមលោក Barrie មិនមានភស្តុតាងណាមួយបង្ហាញថាអាវុធទាំងនេះត្រូវបានផ្ដល់ដោយលោកខាងលិចនោះទេ ពោលគឺប្រព័ន្ធអាវុធទាំងនេះអាច អ៊ុយក្រែនផលិតដោយខ្លួនឯង។

* នាំសង្គ្រាមចូលទៅក្នុងដីរុស្ស៉ី?

លោក Keir Giles ជាអ្នកជំនាញផ្នែករុស្ស៉ីម្នាក់មកពីវិទ្យាស្ថាន Chatham House និងជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា «Russia’s invasion and foreign policy» បានកត់សម្គាល់ថា «អ៊ុយក្រែនប្រហែលជានបានកំណត់នៅក្នុងចិត្តថាទស្សនៈយល់ឃើញ និងឥរិយាបថរបស់ប្រជាជនរុស្ស៉ីចំពោះសង្រ្គាម គឺជាគន្លឹះមួយដ៏សំខាន់ដែល ពួកគេចាំបាច់ត្រូវកំណត់គោលដៅ ដើម្បីនាំសង្រ្គាមទៅរកទីបញ្ចប់។ ដ្បិតដរាបណា រុស្ស៉ីនៅតែអាចបន្លំប្រជាជនរបស់ខ្លួនថាសង្រ្គាមកំពុងកើតមាននៅកន្លែងផ្សេង មិនមែន នៅលើទឹកដីរុស្ស៉ី នោះការគាំទ្ររបស់ប្រជាជនរុស្ស៉ីចំពោះសង្រ្គាមក៏នឹងមិនធ្លាក់ចុះនោះដែរ។

ក្រុមមន្ត្រីអ៊ុយក្រែន មួយយ​ៈការចុងក្រោយនេះ បានពិភាក្សាដោយបើកចំហពីលទ្ធភាពទាញយកប្រយោជន៍ពីការឃោសនានៃការវាយប្រហារដោយយន្ដហោះដ្រូន ដោយ អ្នកនាំពាក្យកងកម្លាំងទ័ពអាកាសអ៊ុយក្រែន ឈ្មោះ Yurii Ihnat ធ្លាប់បានលើកឡើងថាការវាយប្រហារដោយយន្ដហោះដ្រូនលើទីក្រុងមូស្គូ គឺមានគោលដៅកែប្រែការយល់ ឃើញរបស់ប្រជាជនរុស្ស៉ី ដែលចាប់តាំងពីទីក្រុងមូស្គូលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក មានអារម្មណ៍ថាសង្រ្គាមនៅឆ្ងាយពីពួកគេ។

នៅត្រង់ចំណុចនេះ លោក Keir Giles បានសង្កត់ធ្ងន់ដែរថា «វាតែងតែមានវត្ថុហោះហើរនៅក្នុងប្រទេសរុស្ស៉ី រួមទាំងនៅក្នុងទីក្រុងមូស្គូ។ បច្ចុប្បន្ន សង្រ្គាមបានបង្កផលប៉ះពាល់ ដល់អ្នកដែលមិនពាក់ព័ន្ធ ដូច្នេះមិនថាអាជ្ញាធររុស្ស៉ីធ្វើជាប្រងើយកន្ដើយចំពោះរឿងនេះ ដោយនិយាយថាពួកគេបានបាញ់កម្ទេចគ្រប់យ៉ាងនោះទេ ក៏ផលប៉ះពាល់វាបានកើតឡើង ទៅហើយ»។ វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថាការវាយប្រហារដោយយន្ដហោះដ្រូនក្នុងទឹកដីរុស្ស៉ី បាន និងកំពុងបង្ក ភាពចម្រូងចម្រាស និងការរិះគន់ពីសំណាក់អ្នកសរសេរប្លុកយោធាល្បីៗក្នុងប្រទេសរុស្ស៉ី ថារដ្ឋាភិបាលរុស្ស៉ីសព្វថ្ងៃមិនអាចធានាសុវត្ថិភាពដល់អគារនានា ទប់ទល់នឹងការវាយប្រហារ របៀបនេះឡើយ។ នេះមានន័យថាអាជ្ញាធរុស្ស៉ីនឹងត្រូវប្រឈមមុខនឹងផលលំបាកក្នុងការរក្សាតុល្យភាព

«រវាងការព្យាយាមលុបបំបាត់ការព្រួយបារម្ភនៅក្នុងស្រុកពាក់ព័ន្ធនឹង ការវាយប្រហារដោយយន្ដហោះដ្រូនចូលជ្រៅក្នុងទឹកដីរុស្ស៉ី និងការបន្តការបដិសេធរបស់លោកប្រធានាធិបតី ពូទីន ចំពោះការកែនទ័ពទាំងស្រុងសម្រាប់ការប្រកាសសង្រ្គាមលើ អ៊ុយក្រែន»។ ម្យ៉ាងវិញទៀត ជាយុទ្ធសាស្ត្រយោធា ទីក្រុងកៀវក៏មានបំណងប្រើប្រាស់ការវាយប្រហារដោយយន្ដហោះដ្រូននេះដើម្បីបង្វែរចំណាប់អារម្មណ៍របស់ទាហានរុស្ស៉ី នៅក្នុង ទឹកដីអ៊ុយក្រែន និងចង់បង្ខំឱ្យរុស្ស៉ីដកធនធានមួយចំនួនពីសមរភូមិដើម្បីការពារទីក្រុងមូស្គូ។

មកទល់នឹងពេលនេះ មិនមានសញ្ញាណាមួយបង្ហាញថារុស្ស៉ីបានបង្វែរធនធានសម្រាប់សមរភូមិ ជាការឆ្លើយតបទៅនឹងការកើនឡើងការវាយប្រហារដោយយន្ដហោះដ្រូន ក្នុងទឹកដី រុស្ស៉ីនោះទេ បើទោះជាមានសេចក្ដីរាយការណ៍ពីការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសនៅលើដំបូលអគាររដ្ឋាភិបាលក្នុងទីក្រុងមូស្គូ ក្រោយការវាយប្រហារ កាលពីខែឧសភា មកក៏ដោយ។

* លោកខាងលិចកំពុងតាមមើលមិនដាក់ភ្នែក

ខណៈអ៊ុយក្រែនកំពុងសម្លឹងឃើញពីប្រយោជន៍នៃការវាយប្រហារយន្ដហោះដ្រូននៅក្នុងទឹកដីរុស្ស៉ី ការវាយប្រហារបែបនេះមិនមែនធ្វើឡើងដោយគ្មានហានិភ័យជះត្រឡប់មកវិញ នោះទេ។ ពោលគឺរឿងដែលគេត្រូវគិតនោះគឺ ការសងសឹករបស់រុស្ស៉ីលើបណ្ដាទីក្រុងរបស់អ៊ុយក្រែន ដើម្បីបង្កភាពចលាចល និងការភ័យខ្លាច នៅក្នុងចំណោមប្រជាជនអ៊ុយក្រែន។ ក្រុមអ្នកវិភាគលោកខាងលិចយល់ថារយៈពេលជាងមួយឆ្នាំមកនេះ ប្រជាជនអ៊ុយក្រែនហាក់ដូចជាសុំាទៅនឹងការវាយប្រហាររបស់រុស្ស៉ីទៅហើយ ដែលនេះមានន័យថានឹងមិនធ្វើឱ្យ ប៉ះពាល់ដល់ការប្ដេជ្ញាចិត្តរបស់ពួកគេនោះទេ។ ប៉ុន្តែ រឿងមួយដែលត្រូវបារម្ភនោះគឺថាតើលោកខាងលិចមានប្រតិកម្មយ៉ាងដូចម្ដេចចំពោះការវាយប្រហារក្នុងទឹកដីរុស្ស៉ី?

រយៈពេលមួយឆ្នាំមកនេះនៃសង្រ្គាម អាវុធដែលលោកខាងលិចបញ្ជូនឱ្យអ៊ុយក្រែន គឺមានភ្ជាប់លក្ខខណ្ឌមិនឱ្យប្រើប្រាស់វាយប្រហារចូលក្នុងទឹកដីរុស្ស៉ីនោះទេ តែប្រើដើម្បីការពារខ្លួន ប្រឆាំងនឹងការឈ្លានពាន និងបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែនតែប៉ុណ្ណោះ ដើម្បីបញ្ចៀសកុំឱ្យរុស្ស៉ី និង NATO ផ្ទុះសង្រ្គាមដោយផ្ទាល់នឹងគ្នា។ ណាមួយនេះក៏អាទិភាព មួយដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តែងតែអះអាងផងដែរ។ សេតវិមានតែងតែបញ្ជាក់ជារឿយៗថាខ្លួន មិនលើកទឹកចិត្តឱ្យអ៊ុយក្រែនវាយប្រហារចូលក្នុងទឹករុស្ស៉ី នោះឡើយ។

តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគលោកខាងលិចជឿថាបណ្ដាមេដឹកនាំលោកខាងលិចមានភាពធូរស្រាល នៅក្នុងចិត្តដែរចំពោះយុទ្ធសាស្ត្រវាយប្រហារដោយយន្ដហោះដ្រូនរបស់ អ៊ុយក្រែន ដ្បិតមិនមានភស្តុតាងណាមួយបង្ហាញថាទីក្រុងកៀវប្រើប្រាស់អាវុធបានមកពី NATO ដើម្បីបើកការវាយប្រហារលើក្នុងទឹកដីរុស្ស៉ី នោះទេ ហើយនេះក៏មិនមែនជាការឆ្លង បន្ទាត់ក្រហមរបស់រុស្ស៉ីនោះដែរ៕