Wednesday, February 13, 2019

រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា គណៈកម្មការអឺរ៉ុប មិនបានធ្វើសកម្មភាព ដោយឈរលើគោលការណ៍ «ស្មោះត្រង់» និង «យុត្តិធម៌» នោះទេ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការសម្រេចរបស់គណៈកម្មការអឺរ៉ុប ក្នុងការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA)» ពីប្រទេសកម្ពុជា គឺមិនបានធ្វើសកម្មភាព ដោយឈរលើគោលការណ៍ «ស្មោះត្រង់» និង «យុត្តិធម៌» នោះទេ។
ការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបក្នុងការបើកដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA)» ពីកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ «គណៈកម្មការអឺរ៉ុប មិនបានធ្វើសកម្មភាពដោយឈរលើគោលការណ៍ "ស្មោះត្រង់" និង "យុត្តិធម៌" នោះទេ។ គណៈកម្មការអឺរ៉ុបបានបិទភ្នែក នៅពេលដែលប្រទេសជាច្រើន ដែលកំពុងតែទទួលនូវក្របខ័ណ្ឌអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប មិនបានអនុវត្តពេញលេញនូវអនុសញ្ញាអន្តរជាតិទាំងនោះ ប៉ុន្តែ ជាមួយនឹងរបៀបវារៈនយោបាយ គណៈកម្មការអឺរ៉ុបបានដាក់បន្តុប និងរំពឹងនូវ "ការអនុវត្តដ៏ល្អឥតខ្ចោះ" នៃអនុសញ្ញាទាំងនោះពីកម្ពុជា»
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា សេចក្តីសម្រេចចិត្តនេះ ជារឿងអយុត្តិធម៌បំផុត ខណៈដែលគណៈកម្មការអឺរ៉ុបមិនអើពើចំពោះវិធានការជាក់ស្តែង និងវឌ្ឍនភាពសំខាន់ៗជាច្រើន ដែលបានធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់ខ្ជាប់ និងការប្តេជ្ញាចិត្តចំពោះការអនុវត្តអនុសញ្ញាស្នូលទាំង១៥ របស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ ដែលជាបុរេល័ក្ខខ័ណ្ឌក្នុងការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាឯកតោភាគី ជាពិសេសនៅលើវិស័យទាំងឡាយដែលត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីវិធានការដើម្បីពង្រឹងលំហនយោបាយ និងសង្គមស៊ីវិល សិទ្ធិការងារ និងការដោះស្រាយបញ្ហាដីធ្លី និងដីសម្បទានស្ករអំពៅ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាទៀតថា គណៈកម្មការអឺរ៉ុបមិនបានទទួលស្គាល់ ការកែលំអ និងវឌ្ឍនភាពជាបន្តបន្ទាប់ ដែលរាជរដ្ឋាភិបាលបានធ្វើ ដូចដែលបានរំលេចឡើង ក្នុងលិខិតឆ្លើយតបចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ដោយមានភ្ជាប់នូវរបាយការណ៍បញ្ជីវឌ្ឍនភាពគ្រប់ជ្រុងជ្រោយនោះទេ។ ចំពោះអ្នកសង្កេតការណ៍ ដែលមានភាពអព្យាក្រឹត្យ និងយុត្តិធម៌ សកម្មភាព និងវិធានការដែលរាជរដ្ឋាភិបាល បានធ្វើឡើង គឺអាចទទួលស្គាល់បានថាជាវឌ្ឍនភាពសំខាន់ៗ បើពិចារណាទៅលើភាពស្មុគ្រស្មាញនៃបណ្តាបញ្ហាទាំងនោះ។ វឌ្ឍនភាពដែលរាជរដ្ឋាភិបាលបានធ្វើឡើង ក្នុងអំឡុងពេល ៨ខែ ចុងក្រោយ ចាប់តាំងពីបេសកកម្មសុឆន្ទៈលើកទី ១ ទៅទីក្រុងប្រ៊ុចសែល គឺជាសក្ខីភាពនៃភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលបានបន្តទៀតថា នៅលើគោលការណ៍ពហុបក្ស គណៈកម្មការអឺរ៉ុបបានផ្តោតតែទៅលើអត្ថិភាពរបស់អតីតគណបក្សសង្រ្គោះជាតិ និងជោគវាសនានៃថ្នាក់ដឹកនាំគណបក្សនេះតែប៉ុណ្ណោះ។ គណៈកម្មការអឺរ៉ុប បានចោទប្រកាន់ទៅលើភាពស្របច្បាប់នៃការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៨ ដោយឈរលើមូលដ្ឋានតែមួយគត់គឺអវត្តមាននៃអតីត គណបក្សសង្គ្រោះជាតិ។ គណៈកម្មការអឺរ៉ុបមិនបានទទួលស្គាល់គណបក្ស ១៩ ផ្សេងទៀត ដែលបានប្រកួតប្រជែងក្នុងការបោះឆ្នោត ដែលបានទទួលសម្លេងជិត ១លាន៥សែន ឬស្មើនឹង ២៣% នៃសន្លឹកឆ្នោតបានការនោះទេ។ ការមិនទទួលស្គាល់នូវការពិតទាំងនេះបានបង្ហាញយ៉ាងច្បាស់នូវភាពលំអៀងយ៉ាងគឃ្លើនរបស់គណៈកម្មការអឺរ៉ុប ក៏ដូចជាការមិនអើពើចំពោះម្ចាស់ឆ្នោត និងគណបក្សរបស់ពួកគេ ដែលបានចូលរួមក្នុងការបោះឆ្នោត ក៏ដូចជាសិទ្ធិ និងជម្រើសនយោបាយរបស់ពួកគេ។
ឮតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានបន្ថែមទៀតថា គណៈកម្មការអឺរ៉ុប មិនបានបង្ហាញការគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា នៅពេលដែលការទាមទារនានាទាក់ទងនឹង EBA គឺស្មើនឹងការជ្រៀតជ្រែកចូលទៅក្នុងការវិវត្តនយោបាយរបស់ប្រទេសមួយ។ គណៈកម្មការអឺរ៉ុបបានបដិសេធនូវសំឡេងដ៏ច្រើនលើសលុបរបស់ម្ចាស់ឆ្នោតកម្ពុជា ដែលបានសម្តែងការគាំទ្រដល់រាជរដ្ឋាភិបាលតាមរយៈសន្លឹកឆ្នោតរបស់ពួកគេ។ ផ្ទុយទៅវិញ គណៈកម្មការអឺរ៉ុបបានជ្រើសយកការគាំទ្រអ្នកនយោបាយមួយក្តាប់តូច ដែលបានកសាងប្រជាប្រិយភាពរបស់ខ្លួនតាមរយៈការស្អប់ជាតិសាសន៍ ការរើសអើងពូជសាសន៍ និងភាសាអុចអាលបញ្ឆេះកំហឹងពលរដ្ឋឲ្យបង្កាត់ភ្លើងសង្គ្រាមស៊ីវិល។ គណៈកម្មការអឺរ៉ុបមិនបានទទួលស្គាល់គុណសម្បត្តិរបស់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ១១៨រូប ចាប់ផ្តើមឡើងវិញដោយពេញលេញនូវជីវិតនយោបាយរបស់ពួកគេនោះទេ។ បន្ថែមលើនេះ គណៈកម្មការអឺរ៉ុបសុខចិត្តនៅស្ងៀមចំពោះតថភាពដែលថ្នាក់ដឹកនាំទាំងនោះ បានក្លាយជាចំណាប់ខ្មាំងរបស់មេដឹកនាំរបស់ខ្លួន ដែលបានគំរាមថានឹងចាត់ទុកពួកគេជាជនក្បត់ ប្រសិនបើពួកគេសម្រេចចិត្តទទួលយកនូវសិទ្ធិធ្វើនយោបាយឡើងវិញនោះ៕



ព្រឹកនេះក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្ដ

ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ​២០១៨ និងលើកទិសដៅការងារបន្ដឆ្នាំ២០១៩។ អង្គសន្និបាតនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង អ្នកពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
សន្និបាតក្រសួងមហាផ្ទៃនេះ នឹងត្រូវធ្វើឡើងរយៈពេលពីរថ្ងៃ ដែលថ្ងៃបិទអង្គសន្និបាតនឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕











កម្ពុជា រៀបចំកែសម្រួលព្រលានយន្តហោះអន្តរជាតិ ត្រៀមទទួលកិច្ចប្រជុំអន្តរជាតិនាពេលខាងមុខ

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី មានរៀបចំកិច្ចប្រជុំគណៈកម្មការតាមដាន និងត្រួតពិនិត្យការសាងសង់អាកាស យានដ្ឋានអន្តរជាតិទាំងអស់នៅកម្ពុជា ជាមួយនឹងក្រុមហ៊ុនសម្បទានបារាំង SCA ក្រោមអធិបតី ភាព លោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដោយ មានវត្តមានចូលរួមពីលោក ហ៊ីង ថូរ៉ាស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ជា អូន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះផ្តោតលើប្រធានបទសំខាន់ៗចំនួន៣ ដូចខាងក្រោម៖
ទី១- យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមហ៊ុន SCA បាននិងកំពុងរៀបចំចំណតយន្តហោះថ្មីមួយកន្លែង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ អោយរួចរាល់ក្នុងខែមិថុនា ឆ្នាំ២០១៩ ដែលនឹងអាចទទួលអោយយន្តហោះប្រភេទ Code C (Airbus 320, Airbus 321) ចំនួន១២គ្រឿងចតបាន ដេីម្បីត្រៀមលក្ខណ:សម្រាប់ទទួលយន្តហោះថ្នាក់ដឹកនាំនានាដែលអញ្ជេីញមកចូលរួមកិច្ចប្រជុំអាសុី-អឺរ៉ុប នៅឆ្នាំ២០២០ ខាងមុខនេះ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន SCA បាននិងកំពុងពង្រីកបន្ថែមផ្លូវរត់យន្តហោះ ពី២៥០០ម ទៅ៣៣០០ម នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ អោយបានរួចរាល់ទាន់ពេលសម្រាប់ទទួលយន្តហោះថ្នាក់ដឹកនាំនានាដែលអញ្ជេីញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នៅចុងឆ្នាំ២០២២ ខាងមុខនេះ និងដេីម្បីអោយយន្តហោះខ្នាតធំប្រភេទ Code E ដូចជា Boeing 777 អាចចុះចតបានផងដែរ ក្នុងគោលដៅបង្កេីនភ្ញៀវទេសចរមកកាន់កម្ពុជា។ សូមបញ្ជាក់ថា គម្រោងទាំងពីរនេះត្រូវបានយកមកជជែកពិភាក្សាអំពីផែនការថវិការបស់ក្រុមហ៊ុន SCA សម្រាប់ឆ្នាំ២០១៩នេះ សម្រាប់ព្រលានយន្តហោះអន្តរជាតិទាំង៣នៅកម្ពុជាបច្ចុប្បន្ន៖ ភ្នំពេញ សៀមរាប និងព្រះសីហនុ។
ទី២- ចំពោះការគ្រប់គ្រងទូទៅនៅព្រលានអន្តរជាតិភ្នំពេញ ដែលកន្លងមកមានការរិះគន់ពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រជាពលរដ្ឋមួយចំនួន ពាក់ព័ន្ធនឹងប្រព័ន្ធបង់ប្រាក់សម្រាប់ចំណតយានជំនិះនៅក្នុងព្រលាន។
ចំពោះករណីនេះ ក្រុមហ៊ុនបានពន្យល់ថា ដោយយោងលើកំណើននៃអ្នកប្រើប្រាស់ចំណត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមហ៊ុនសម្រេចដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង់ថ្លៃចំណតថ្មីនេះ ដើម្បី បញ្ជៀសការកក់ស្ទះនៅក្នុងអាកាសយានដ្ឋាន និងផ្តល់សេវាកាន់តែប្រសើរជាងមុនដល់អ្នកប្រើប្រាស់។
ក្នុងករណីនេះ ក្រុមហ៊ុនបានផ្សព្វផ្សាយពីរបៀបប្រើប្រាស់ប្រព័ន្ធបង់ថ្លៃចំណតថ្មីនេះរួចរាល់ហើយ និងដាក់ឱ្យប្រើប្រាស់កាតសម្រាប់ទូទាត់ថ្លៃចំណតដើម្បីសម្រួលដល់ការបង់ថ្លៃចំណតថ្មីនេះផងដែរ។
គណ:កម្មការ និងក្រុមហ៊ុនបានឯកភាពគ្នាអោយក្រុមហ៊ុនបង្កេីនការផ្សព្វផ្សាយព័ត៌មានអោយបានទូលំទូលាយ ជូនសាធារណ:ជនជ្រាប និងធ្វេីអោយប្រព័ន្ធបង់ប្រាក់មានលក្ខណ:កាន់តែងាយស្រួល និងប្រសេីរឡេីង ដេីម្បីសម្រួលដល់ការចេញចូលរបស់សាធារណ:ជន។
ទី៣- គណ:កម្មការនឹងចុះទៅពិនិត្យខ្លោងទ្វារច្រកចូល VIP របស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញបច្ចុប្បន្នដែលបានសាងសង់រួចរាល់ និងរៀបចំកម្មវិធីសម្រាប់ការប្រគល់-ទទួលខ្លោងទ្វារនេះ ជាមួយភាគីពាក់ព័ន្ធ នាពេលឆាប់ៗខាងមុខនេះ៕





អឺរ៉ុបត្រូវការពេល ១៨ខែសម្រាប់ដំណើរការព្យួរ EBA បណ្តោះអាសន្ន ខណៈកម្ពុជាត្រៀមចំណាត់ការរួចហើយឆ្លើយតបការព្យួរនេះ

ក្រសួងពាណិជ្មកម្មកម្ពុជា បានលើកឡើងថា សហភាពអឺរ៉ុបត្រូវការរយៈពេល ១៨ខែ ដើម្បីដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» នោះបើសិនជាសហភាពអឺរ៉ុបពិតជាសម្រេចព្យួរប្រព័ន្ធអនុ​គ្រោះ​ពន្ធសម្រាប់ទំនិញកម្ពុជាមែននោះ។ សហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។
ក្នុងសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម បានពន្យ​ល់ថា ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះក្រសួងបានពន្យល់ទៀតថា រយៈពេលគិតចាប់ពីការចាប់ផ្តើម រហូតដល់ការចូលជាធរមាននៃសេចក្តីសម្រេចចុងក្រោយណាមួយនោះ​ គឺមានរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ។ រយៈពេលដំ​ណើ​រការនេះ នឹងត្រូវបានកំណត់ជា ២ដំណាក់កាល។ ដំណាក់កាលទី១ មានរយៈពេល ០៦ខែ ជាដំណាក់កាលដំបូងដែលគណៈកម្មការអឺរ៉ុបបន្តធ្វើការពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធដើម្បីស្វែងយល់បន្ថែមពីវឌ្ឍនភាពនៃការអនុវត្តកាតព្វកិច្ចក្នុងបទបញ្ញតិ្ត​លេខ 978/2012។ ដំណាក់កាលទី២ មានរយៈពេល ០៦ខែ ក្នុងរយៈពេលនេះប្រសិនបើគណៈកម្មការអឺរ៉ុបពិនិត្យឃើញថា កម្ពុជាបានបង្ហាញពីវឌ្ឍនភាពនៃការងារទាក់ទងនឹងការព្រួយបា​រម្ភរបស់សហភាពអឺរ៉ុបនោះហើយ គណៈកម្មការអឺរ៉ុបយល់ថារបាយការណ៍នោះពិតជាមានវឌ្ឍ​នភាពគ្រប់គ្រាន់ នោះគណៈកម្មការនឹងទម្លាក់ចោលនូវចេតនាព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ ហើយចេញសេចក្តីសម្រេចចិត្តបញ្ចប់នីតិវិធីនៅពេលនោះតែម្តង។
ក្នុងករណីដែលគណៈកម្មការអឺរ៉ុបមិនពេញចិត្តនឹងវឌ្ឍនភាពដែលកម្ពុជាបានបង្ហាញនោះ ក្រុ​មការងាររបស់គណៈកម្មការអឺរ៉ុបនឹងប្រើប្រាស់រយៈពេល ០៦ខែនេះ ដើម្បីរៀបចំរបាយការ​ណ៍​ដែលអមជាមួយអនុសាសន៍របស់ខ្លួនសម្រាប់ជូនទៅគណៈកម្មការអឺរ៉ុបទាំងអស់ និងប្រ​ធានគណៈកម្មការដើម្បីពិនិត្យ និងសម្រេចថា តើត្រូវព្យួរជាណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះព​ន្ធ​ពីកម្ពុជា ឬយ៉ាងណា? ប្រសិនបើគណៈកម្មការទាំងអស់សម្រេចថាព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា នោះគឺត្រូវការរយៈពេល ០៦ខែទៀត ទើបសេចក្តីសម្រេចចុងក្រោយចូលជាធរមាន។
ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ក៏បានបង្ហាញចំណាត់ការនានាដើម្បីបង្ការក្នុងករណីដែលស​ហភាពអឺរ៉ុបជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»ផងដែរ។
បើតាមក្រសួងពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា បណ្តាក្រសួងស្ថាប័នពាក់ព័ន្ធបានធ្វើកំណែទម្រង់ស៊ីជម្រៅដែលបានជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ដឹកជញ្ជូន និងលើកស្ទួយអត្ថប្រយោជន៍ផ្នែកសង្គម និងសេ​ដ្ឋកិច្ច ដល់កម្មករ-កម្មការិនី និងកសិករ ព្រមទាំងប្រជាជនកម្ពុជាគ្រប់រូប។ សម្រាប់ក្រសួងពា​ណិជ្ជកម្មបានលុបចោលនូវការយកកម្រៃសម្រាប់គ្រប់គ្រងការនាំចេញ មិនតម្រូវឲ្យបង់ក​ម្រៃនិងសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ និងបានរំកិលទីតាំងឈរជើងរបស់អគ្គនាយកដ្ឋា​នកាំកុងត្រូល ដែលកិច្ចការទាំងអស់នេះតម្រូវឲ្យរដ្ឋទទួលបន្ទុកពីការខាតបង់ចំណូលរាប់សិបលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ក្រសួង បានបន្តថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធកំពុងបន្តធ្វើកំណែទម្រង់សំដៅបង្កើនភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា និងពង្រឹងឯករាជ្យភាពផ្នែកសេដ្ឋកិច្ច។
សូមបញ្ជាក់ថា ទំនិញកម្ពុជាដែលនាំចេញទៅសហភាពអឺរ៉ុបមានដូចជាសម្លៀកបំពាក់គ្រប់ប្រ​ភេទ ស្រោម និងស្បែកជើង អង្ករ គ្រាប់ធុញ្ញជាតិ វត្ថុធ្វើពីស្បែក ឆ័ត្រ កៅស៊ូ និងទោចក្រ​យានជាដើម។ ទំនិញដែលកម្ពុជានាំទៅកាន់សហភាពអឺរ៉ុបមានទំហំទឹកប្រាក់ជាង ៦ពាន់លានដុ​ល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងទឹកប្រាក់បានពីការនាំចេញទៅកាន់អឺរ៉ុបនេះ នាំឲ្យកម្ពុជាចំ​ណេញថវិកាជិត ៧០០លានដុល្លារអាមេរិក ពីប្រព័ន្ធអនុគ្រោះពន្ធ។ ដូច្នេះបើអឺរ៉ុបដកប្រព័ន្ធអនុ​គ្រោះ​ពន្ធ បែរមកយកពន្ធលើទំនិញរបស់កម្ពុជាវិញ នឹងនាំឲ្យកម្ពុជាខាតបង់ថវិកាជិត ៧០០លានដុល្លារសម្រាប់ការបង់ពន្ធ៕