Thursday, August 22, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល១២ខែនេះ កម្ពុជាអនុម័តគម្រោងវិនិយោគសរុបចំនួន៣៩១គម្រោងក្នុងទឹកប្រាក់ប្រមាណ៧,៦ពាន់លានដុល្លារបង្កើតការងារជាង៣៤ម៉ឺនកន្លែង

 



នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៩១គម្រោងដែលមានទឹកប្រាក់ប្រមាណ៧,៦ពាន់លានដុល្លារ ដែលក្នុងនោះមានវិនិយោគិនពីបរទេស មកពីចិន សហរដ្ឋអាមេរិក ជប៉ុន កាណាដា កូរ៉េខាងត្បូង ស៊ុយអែត អាស៊ាន សហភាពអឺរ៉ុប អូស្រ្តាលី និងពីបណ្តាប្រទេសជាច្រើនទៀត។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវិនិយោគខាងលើផ្តោតលើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ហើយមានលទ្ធភាពបង្កើតការងារជាង៣៤ម៉ឺនកន្លែងជូនប្រជាជនកម្ពុជា។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ទោះបីស្ថានភាពសន្តិសុខពិភពលោក មានភាពមិនប្រាកដប្រជា ដែលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏ការងារនៅតែមានភាពវិជ្ជមាន។ សម្ដេចបានបន្តថា បើទោះបីជាមានការបិទទ្វាររោងចក្រខ្លះក៏ពិតមែន តែក៏មានរោងចក្រជាច្រើនបានបើកទ្វារផងដែរ ដោយបានបង្កើតការងារសរុបបានចំនួនជាង២២ម៉ឺនកន្លែង ក្នុងនោះរោងចក្រក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌបានបើកថ្មីចំនួន២៧៥ និងបានបង្កើតការងារថ្មីចំនួនជាង១៣ម៉ឺនកន្លែង៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានបញ្ចប់គម្រោងធំៗនៅទូទាំងប្រទេស និងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនទៀត




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល១ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានបញ្ចប់គម្រោងធំៗជាច្រើននៅទូទាំងប្រទេស ជាពិសេសអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងកំពង់ផែពហុបំណងកំពត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនទៀត ដូចជាព្រែកជីកហ្វូណន-តេជោ អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ និងបណ្តាញលូគ្រប់ប្រភេទ ព្រមទាំងស្ពានអាកាស និងស្ពានកាត់ទន្លេមួយចំនួនទៀតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលកំពុងរៀបចំចរចាជាមួយវិស័យឯកជនដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកនៅកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានបន្តជំរុញកសាង ជួសជុលថែទាំ និងកែលម្អផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ និងផ្លូវខ្សែក្រវ៉ាត់ព្រំដែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការកសាងប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធរំដោះទឹកទូទាំងប្រទេសដែលផ្តល់ផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសកសិករយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចថ្លែងការណ៍ពិសេសក្នុងឱកាសខួប១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (២២ សីហា ២០២៣-២២ សីហា ២០២៤) នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤៕

សូមទស្សនារូបភាព៖ ពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក ក្រោមអធិបតីភាព​​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក។ ពិធីដ៏សែនរីករាយនៃការវិលត្រឡប់នៃព្រលឹងវប្បធម៌ជាតិ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព។