Thursday, August 22, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានបញ្ចប់គម្រោងធំៗនៅទូទាំងប្រទេស និងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនទៀត




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល១ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានបញ្ចប់គម្រោងធំៗជាច្រើននៅទូទាំងប្រទេស ជាពិសេសអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងកំពង់ផែពហុបំណងកំពត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនទៀត ដូចជាព្រែកជីកហ្វូណន-តេជោ អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ និងបណ្តាញលូគ្រប់ប្រភេទ ព្រមទាំងស្ពានអាកាស និងស្ពានកាត់ទន្លេមួយចំនួនទៀតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលកំពុងរៀបចំចរចាជាមួយវិស័យឯកជនដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកនៅកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានបន្តជំរុញកសាង ជួសជុលថែទាំ និងកែលម្អផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ និងផ្លូវខ្សែក្រវ៉ាត់ព្រំដែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការកសាងប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធរំដោះទឹកទូទាំងប្រទេសដែលផ្តល់ផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសកសិករយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចថ្លែងការណ៍ពិសេសក្នុងឱកាសខួប១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (២២ សីហា ២០២៣-២២ សីហា ២០២៤) នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤៕

No comments:

Post a Comment