Wednesday, June 27, 2018

(សូមទស្សនាវីដេអូ)៖ ឯកអគ្គរាជទូតថៃ​ថ្មីប្រចាំកម្ពុជា ថ្លែងថា ភាគីថៃស្ម័គ្រចិត្ត​ជួយគាំទ្រទៅ​លើដំណើរការបោះ​ឆ្នោតនៅកម្ពុជា​នាពេលខាងមុខ

លោក ហង្ស ពុទ្ធា៖ ប្រជាពលរដ្ឋអាចគូសសញ្ញាគាំទ្របក្សនយោបាយរបស់ខ្លួនជាអ្វីក៏បាន

អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប​ញ្ជា​ក់សារជាថ្មីថា ប្រជាពលរដ្ឋអាចមានសិទ្ធិ គូសសញ្ញាគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត ជាសញ្ញាអ្វីក៏បាន លើកលែងតែគូសញ្ញាជាលេខ ចាប់ពី១ឡើងទៅ និងអក្សរ “ក.ខ.គ” ជាដើម ដែលពលរដ្ឋមិនអាចគូសបាន ព្រោះអាចសំគាល់ អត្តសញ្ញាណគណបក្សបាន។
លោក ហង្ស ពុទ្ធា បានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការ បិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ថា ច្បាប់អត់មានបានចែងឱ្យគូសធិក ឬគូសខ្វែងអ្វីទេ តែច្បាប់បានប្រើពាក្យថា គូសគាំទ្រនេះ បានន័យថា គូសអី្វក៏បានដែរឱ្យតែគូសគាំទ្រ តែសម្រាប់គ.ជ.ប បានលើកទឹកចិត្តឱ្យគូសធិក ព្រោះសញ្ញាធិក ជាសញ្ញាទូទៅដែលប្រទេសណា ក៏អាចដឹងបាន ប៉ុន្តែលទ្ធផលបានមកវិញ ឃើញថា ការរាប់សន្លឹកឆ្នោតរបស់ពលរដ្ឋខ្លះ អត់ចេះគូសធិក នេះជាការពិបាករបស់គ.ជ.ប។
លោក ហង្ស ពុទ្ធា បានបន្តទៀតថា សន្លឹកឆ្នោតដែលបានគូសហើយ អត់បានយកមករាប់ ដែ​លចាត់ទុកជាអត់បានការនោះ មានដូចជា ការប្រើលេខ និងការសរសេរ ជាអក្សរក,ខ,គ,ឃ ជាដើមនេះ គឺសុទ្ធសឹងតែជាសញ្ញា ដែលមិនអាចចាត់ទុកជាបានការទេ ព្រោះសញ្ញាទាំងនេះ អាចបញ្ជាក់ពីការដឹងនូវអត្តសញ្ញាណស្រឡាញ់បក្សណាមួយ។

សូមបញ្ជាក់ថា កាលពីបោះឆ្នោតថ្នាក់ជាតិ ជ្រើសតាំងតំណាងរាស្រ្ត នាពេលកន្លងមក គ.ជ.ប បានកំណត់យកការគូសសន្លឹកឆ្នោត ជាសញ្ញាធិកតែមួយគត់ ហើយបើមានសញ្ញាអ្វី ដែលខុសពីសញ្ញាធិកនេះ ត្រូវបានចាត់ទុក ជាសន្លឹកឆ្នោតមិនបានការ។ ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានគណបក្សចូលរួម ប្រកួតប្រជែងចំនួន២០។ សន្លឹកឆ្នោតមួយសន្លឹក ចំណាយថវិកាប្រ​មាណ៩៩០រៀល ដូច្នេះសន្លឹកឆ្នោត ជាង១០លានសន្លឹកនេះ ចំណាយថវិកាសរុបជា ១០ពាន់លានរៀល (១០,៤២០,៣៩៣,៥០០រៀល) ស្មើនឹងជាង ២.៦លានដុល្លារ៕







គ.ជ.ប ប្រកាសទទួលស្គាល់អ្នកសង្កេតការណ៍ជាតិជាង៥ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិមកពីប្រទេសមីយ៉ាន់ម៉ា ចិន និងសឹង្ហបុរី

នៅថ្ងៃទី២៧​ ខែមិថុនា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តី​ប្រកាស​ព័ត៌មាន ០៩៨ ដោយបានបញ្ជាក់ថា មានអ្នក​សង្កេត​ការណ៍​ជាតិ​ជាង ៥០.០០០ នាក់ និង​អ្នក​សង្កេត​ការណ៍អន្តរជាតិ មកពី​ប្រទេស​មីយ៉ាន់ម៉ា ចិន និង​សឹង្ហបុរី ត្រូវ​បាន​ទទួល​ស្គាល់​ដោយ គ.ជ.ប។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ ក៏បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងបញ្ចប់ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ (១០ថ្ងៃមុនថ្ងៃបោះឆ្នោត) ហើយអ្នកសង្កេតការណ៍អន្តរជាតិ បញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ (០៣ថ្ងៃមុនថ្ងៃបោះឆ្នោត) វេលាម៉ោង ១៧ និង៣០នាទី៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខាងក្រោម៖

គ.ជ.ប ជូនដំណឹងពីការផ្ទេរសិទ្ធិរបស់ប្រធានគណបបក្សនយោបាយជូនតំណាងដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹងលេខ ០៦១ ស្ដីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបបក្សនយោបាយជូនតំណាងដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយបានបញ្ជាក់ថា គណបក្សខ្មែរតែមួយ បានផ្ញើលិខិតមក គ.ជ.ប រួចហើយស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សខ្មែរតែមួយ ជូនដល់លោក គុជ លី ជាអនុប្រធានទី១ គណបក្សឱ្យមានសិទ្ធិចុះហត្ថលេខា និងប្រើប្រាស់ត្រាគណបក្សជាផ្លូវការដើម្បីបំពេញបែបបទ និងពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់ការបោះឆ្នោត និងរាប់សន្លឹកឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨។

សូមអានសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខាងក្រោម៖

សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តតាកែវ បាននាំយកថវិការរបស់លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ទៅប្រគល់ជូនស្រ្តីសម្រាលកូនតាមផ្លូវ


តាកែវ៖ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨ លោក អ៊ុន វណ្ណា សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តតាកែវ និង លោក ណែម ជា អនុប្រធានគណបក្សស្រុក បាននាំយកថវិការបស់ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ចំនួន ៤០០,០០០រៀល និងថវិការបស់ លោក អ៊ុន វណ្ណា ២០០,០០០រៀល ផងដែរ ដើម្បីចុះទៅសួរសុខទុក្ខ លោកស្រី មាស ដាលី ប្តីឈ្មោះ វ៉ូន វឿន ដែលបានសម្រាលកូននៅតាមផ្លូវពេលទៅមន្ទីរពេទ្យនៅវៀតណាម។ បន្ទាប់មកបានចុះជួបពិនិត្យ ណែនាំបន្ថែមការអនុវត្តមតិណែនាំ០១ ដល់គណបក្សឃុំ សាខាបក្សភូមិ និងភ្នាក់ងារគណបក្សភូមិតារាគមន៍ ឃុំជ័យជោគ៕






លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំទៅគណបក្សដទៃ សូមកុំប្រើប្រាស់សម្តី ហ៊ុន សែន ដើម្បីឡើងកូដ!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំទៅគណបក្សដទៃ សូមកុំប្រើប្រាស់សម្តី ហ៊ុន សែន ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ កេងចំណេញនយោបាយដោយលោកបានបង្ហើបថា ក្រុមនោះបានដើរឃោសនាពីស្រុកខ្សាច់កណ្តាល ទៅដល់ស្រុកស្រីសន្ធរ ដោយបានលើកឡើងថា «មានអ្នកដើរខ្សឹបពីខ្សាច់កណ្តាលទៅដល់ស្រីសន្ធរ គេថាគេអនុវត្តតែត្រឹមថ្ងៃបោះឆ្នោតទេ បន្ទាប់ពីការបោះឆ្នោតគឺអត់ទេ ឥឡូវបើក្រោយពីការបោះឆ្នោតហើយ ក្មួយៗមិនបានទទួលការព្យាបាលដោយមិនគិតថ្លៃ ក្មួយៗជាកម្មការិនី ដែលឆ្លងទន្លេហើយមិនបានទទួល ៤០០,០០០រៀល ក្មួយៗធ្វើបាតុកម្មប្រឆាំងពូចុះ ពូអត់មានហាមឃាត់ទេ ព្រោះពូមិនបានសម្រេចនូវអ្វីដែលជាក្របខណ្ឌនយោបាយរយៈពេលវែង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា «អ្វីដែលពូដាក់ចេញនៅក្នុងពេលដែលពូកាន់អំណាច អ្វីដែលពូធានាចំពោះក្មួយៗហើយបានអនុវត្ត ត្រូវអនុវត្តដល់ពូចប់ភារកិច្ចរយៈពេល ១០ឆ្នាំទៀតយ៉ាងតិច ពូនៅបន្តដើម្បីកំដរក្មួយៗ រក្សាសន្តិភាព និងការអភិវឌ្ឍ និងធានាប្រាក់ចំណូលឱ្យក្មួយៗបន្តទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី និងនិយោជិត សរុបប្រមាណជិត២៥,០០០នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «សូមផ្តាំទៅគណបក្សដទៃ សូមកុំប្រើប្រាស់សម្តី ហ៊ុន សែន ដើម្បីឡើងកូដ គ្មានផ្លូវទេ សូមចាំថាក្នុងពេលដែលអ្នកទើបតែជាសិស្សនៅមធ្យមសិក្សា ឬបឋមសិក្សា ហ៊ុន សែន បានក្លាយទៅជាអ្នកយុទ្ធសាស្ត្ររួចស្រេចទៅហើយ»។

លោកនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវការចរចាដោយជោគជ័យជាមួយ អ្នកនយោបាយ និងអ្នកដឹកនាំចាស់ៗជំនាន់មុន ដែលមានអាយុស្មើឪពុក ហើយចោទជាសំនួរថា រឿងអីដែលមិនអាចទប់ទល់បានជាមួយអ្នកថ្មីថ្មោងនៅពេលនេះ? «អ្នកមិនត្រូវភ្លេចថា តួរអង្គមួយនេះ កំដរតាំងពីដៃគូចាស់ៗ ដែលមានអាយុស្មើឪពុកបាន លេងជាមួយបាន មិនមែនត្រឹមអស់លោកប៉ុណ្ណឹងទេ បើសិនជា ហ៊ុន សែន គ្មានយុទ្ធសាស្ត្រ យុទ្ធវិធីច្បាស់លាស់ ប្រហែលជា ហ៊ុន សែន មិនអាចទ្រាំទ្ររួច ជាមួយអតីតព្រះប្រមុខរដ្ឋផង ជាមួយអតីតនាយករដ្ឋមន្ត្រីផង ជាមួយអតីតប្រធានរដ្ឋ ខៀវ សំផន ផង តែខួរក្បាលមួយនេះ អាចទប់ទល់បានជាមួយនឹងអ្នកចាស់ទុំជាន់ដើម រឿងអីដែលមិនអាចទប់ទល់បានជាមួយអ្នកថ្មីថ្មោងនៅពេលនេះ?»៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ខេត្តកំពង់ឆ្នាំងពីមុនមិនមានរោងចក្រសហគ្រាសនោះទេគឺតំបន់នេះជាសមរភូមិសង្គ្រាម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅខេត្តកំពង់ឆ្នាំង កាលពីជំនាន់មុនមិនមានរោងចក្រសហគ្រាសនោះទេដោយពីមុនតំបន់នេះជាសមរភូមិសង្គ្រាម។ ក្រោមគោលនយោ​បាយឈ្នះ-ឈ្នះ គឺបានប្រែក្លាយតំបន់សមរភូមិទាំងអស់ក្លាយទៅជាតំបន់សន្តិភាព និងតំបន់ទីផ្សារដែលបានជួយបង្កើតការងារនិងមុខរបរបងដល់ប្អូនប្រជាពលរដ្ឋក្នុងការរស់នៅឱ្យកាន់​តែប្រសើរឡើង និងបានប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យក្លាយជាតំបន់សន្តិភាព, មិត្តភាព, សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃពុធទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈគោលនយោបាយ ពង្រាយសាលារៀន និងរោងចក្រឱ្យមាននៅតាមតំបន់គ្រប់ទីកន្លែង ស្របពេលនឹងគោលនយោបាយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីទីក្រុងរហូតដល់ជនបទដើម្បីផ្តល់ការងារដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ជាក់ស្តែក ពេលនេះកម្ពុជាទទួលបានទំហំពាណិជ្ជកម្មជាង៦ពាន់លានដុល្លារអាមេរិកជាមួយប្រទេសថៃ, វៀតណាមជាង៤ពាន់លានដុល្លាអាមេរិក និងប្រទេសជិតខាងប្រមាណជាង ១០ពាន់លានដុល្លាររួចមកហើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់សារជាថ្មីថា ដើម្បីធានាដល់កូនក្មួយកម្មករនូវមុខរបរ ការងារ និងអត្ថប្រយោជន៍ការងារជាច្រើនដែលរាជរដ្ឋាភិបាលបានខិតខំធ្វើ និងបានដាក់ចេញកន្លងមកសម្រាប់បងប្អូនកូនក្មួយកម្មកររួចមកហើយនោះ គឺមិនមានការផ្លាស់ប្តូរទេ គឺទាំងមុនការបោះឆ្នោត និងក្រោយពេលបោះឆ្នោតគឺបងប្អូនកូនក្មួយកម្មករនៅទទួលបានដដែល៕





 





អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល​ជាមួយគ្រួសារ​អតីតមន្រ្តីរាជការស៊ីវិល​ និងអតីតយុទ្ធជន​ចំនួន ១៦២០នាក់​

ពោធិ៍សាត់៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលាខេត្តពោធិ៍សាត់ មានរៀបចំពិធីសំណេះសំណាលជាមួយគ្រួសារអតីតមន្រ្តីរាជការស៊ីវិល ចំនួន ៦២៨ នាក់ និងអតីតយុទ្ធជនចំនួន ៩៩២ នាក់ សរុបចំនួន ១.៦២០ នាក់ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន ជាអភិបាលនៃគណៈអភិបាលខេត្តពោតិ៍សាត់។
ក្នុងពិធីសំណេះសំណាលនេះដែរ ក៏មានការរៀបចំពិសារអាហារសាមគ្គីរួមគ្នា និងបានឧបត្ថម្ភដល់អ្នកចូលរួមទាំងអស់ ក្នុងម្នាក់ៗទទួលបានសារុងមួយ ត្រីខមួយកំប៉ុង និងថវិកាចំនួន ៣០.០០០រៀល ។

ឆ្លៀតឱកាសនោះ លោកអភិបាលខេត្ត បានអំពាវនាវដល់មន្ត្រើរាជកាស៊ីវិលចូលនិវត្តន៍ និងអតីតៈយុទ្ធជនទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ កុំខានហើយគូសអោយចំលេខរៀងទី២០ ខាងក្រោមគេនៅក្នុងសន្លឹកឆ្នោតរបស់ គ ជ ប ដែលមានរូបទេវតាបាចផ្កាជាសំគាល់៕








ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា ថ្លែងថា ភាគីថៃស្ម័គ្រចិត្តជួយគាំទ្រទៅលើដំណើរការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ

លោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ (Panyarak POOLTHUP) ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា បានថ្លែងថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ លោកនឹងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកជួយកម្ពុជា ហើយលោកជឿជាក់ថា ការបោះឆ្នោតនាពេលខាងមុខ នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោកក៏បានបន្ថែមថា ភាគីថៃនឹងស្ម័គ្រចិត្តជួយគាំទ្រទៅលើដំណើរការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ប្រសិនបើភាគីកម្ពុជាត្រូវការ។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី រាជធានីភ្នំពេញ។
លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានថ្លែងអំណរគុណដល់ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា និងជូនពរឱ្យលោកទទួលបាននូវជោគជ័យនៅក្នុងបេសកកម្មការទូតនៅកម្ពុជា។ លោកក៏បានបន្ថែមថា កម្ពុជា-ថៃ មានទំនាក់ទំនងល្អក្នុងនាមជាប្រទេសជិតខាងនឹងគ្នា ហើយកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏មានភាពល្អប្រសើរផងដែរ ដែលមានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧កន្លងមកនេះ។ ដោយឡែក សម្រាប់ភ្ញៀវទេសចរណ៍ថៃ ក៏បានធ្វើដំណើរមកកម្ពុជាប្រមាណជិត ៥០ម៉ឺននាក់ផងដែរ ដែលបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ វិស័យសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានខិតខំធ្វើកិច្ចការងារព្រំដែនបានទទួលលទ្ធផលល្អប្រសើរផងដែរ តាមរយៈគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ ហើយលោកក៏បានលើកទឹកចិត្តឱ្យបន្តធ្វើការងារជាមួយគ្នា ឱ្យទទួលបានលទ្ធផលល្អជាបន្ថែមទៀត៕


 


ទស្សនៈកូនខ្មែរ៖ ការភាន់ច្រឡំដោយភាពល្ងង់ខ្លៅនាំមកនូវក្តីវិនាស!

លោក សម រង្ស៊ី និងអ្នកជំនិតមួយក្តាប់តូច រួមទាំងពពួកចចេសផ្កាប់មុខមួយចំនួនផងដែរនៅតែបន្តភាន់ច្រឡំដោយគំនិត ល្ងង់ខ្លៅដដែលងើបមុខមិនរួច។ ដំបូងពួកគេភាន់ច្រឡំថា ឲ្យតែហ៊ានរំលាយបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋស្ទើរកន្លះនគរនឹងងើបតវ៉ាវឹកវរពេញផ្ទៃប្រទេសជាមិនខាន។ កាលណោះ គេនៅចាំបានថា លោក សម រង្ស៊ី ថែមទាំងពន្យុះឲ្យតុលាការរំលាយគណបក្សសង្គ្រោះជាតិអោយកាន់តែឆាប់កាន់តែល្អ។ ការពន្យុះបែបនេះក៏ព្រោះតែលោក សម រង្ស៊ី រំពឹងថា ការរំលាយបក្សសង្គ្រោះជាតិ នឹងជំរុញឲ្យគោលដៅធ្វើបដិវត្តន៍ពណ៌របស់ខ្លួនសម្រេចដូចបំណង។
ដល់ពេលតុលាការប្រកាស រំលាយបក្សសង្គ្រោះជាតិ ស្ថានការណ៍ស្ងប់ស្ងាត់ឈឹងគ្មានអ្វីកើតឡើងទាល់តែសោះ។
ពលរដ្ឋទូទៅប្រកបរបររកទទួលទានធម្មតារៀងៗខ្លួន ដោយគ្មានអ្នកណាអើពើរឿង រំលាយបក្សសង្គ្រោះជាតិឡើយ។ បញ្ហានេះបានធ្វើឲ្យលោក សម រង្ស៊ី និងគូកន ស្រឡាំងកាំង ភាន់ភាំងស្មារតីរកគិតអ្វីមិនយល់។ អេង ឆៃអ៊ាង ធ្លាប់បានសារភាពរឿងនេះប្រាប់អ្នកគាំទ្រនៅស្រុកបារាំងដោយការខកចិត្តបំផុត។ ភាពស្ងប់ស្ងាត់ក្រោយការរំលាយបក្សសង្គ្រោះជាតិក៏ត្រូវបានអ្នកកាសែតបារាំងលើកទៅចោទសួរលោក សម រង្ស៊ី ដែរដោយសួរបែបជាន់កែងលោក សម រង្ស៊ី ថា តើភាព ស្ងប់ស្ងាត់នេះមានន័យថា ពលរដ្ឋខ្មែរយល់ព្រមចំពោះការរំលាយបក្សសង្គ្រោះជាតិ?
ដោយសារតែភាពស្រឡាំងកាំង និងគំនិតនយោបាយរាក់កំផែល លោក សម រង្ស៊ី ស្រាប់តែប្រញាប់ប្រញាល់ទៅប្រកាស បង្កើតចលនាសង្គ្រោះជាតិ ដោយរំពឹងថា ចលនានេះអាចជួយឲ្យបក្សសង្គ្រោះជាតិរស់ឡើងវិញដើម្បីចូលរួមការបោះឆ្នោតថ្ងៃទី ២៩ កក្កដា នេះ។
លោក សម រង្ស៊ី ក៏រំពឹងដែរថា ពេលនោះអំណាចរបស់បក្សសង្គ្រោះជាតិនឹងត្រូវធ្លាក់មកលើកណ្តាប់ដៃ របស់ខ្លួនឡើងវិញក្រោយពីបានកាន ក្តាប់ដោយភាគីលោក កឹម សុខា មួយរយៈមក។ មានឯណា អ្វីៗសុទ្ធតែជាការភាន់ច្រឡំទាំងអស់។ចលនាសង្គ្រោះជាតិមិនបានជួយបក្សសង្គ្រោះជាតិឲ្យរស់ឡើងវិញឯណា? ផ្ទុយទៅវិញ ចលនាសង្គ្រោះជាតិបែរជាធ្វើឲ្យអតីតមន្ត្រី និងអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិបែកបាក់ខ្ទេចខ្ទីអស់រលីង។ ចូលរួមបោះឆ្នោតក៏មិនបាន បក្សក៏រលាយបាត់ អ្នកគាំទ្រក៏បែកបាក់ហើយ
ក្រោយមក លោក សម រង្ស៊ី ក៏បំភ្លេចចលនាសង្គ្រោះជាតិ ចោលវិញដោយឯកឯង។
ការភាន់ច្រឡំដ៏ធំមួយទៀតរបស់លោក សម រង្ស៊ី និងគូកនមួយក្តាប់តូចនោះគឺ ពួកគេរំពឹងថា អវត្តមានបក្សសង្គ្រោះជាតិពីឆាកនយោបាយធ្វើឲ្យបក្សប្រជាជនកម្ពុជាឯកោ ហើយរៀបចំការបោះឆ្នោតតែម្នាក់ឯងដោយគ្មានគណបក្សណាចូលរួមឡើយ ហើយក៏គ្មានសហគមន៍អន្តរជាតិណាចូលរួមគាំទ្រដែរ។ ប៉ុន្តែ ជាថ្មីម្តងទៀត ស្ថានការណ៍កើតឡើងផ្ទុយស្រឡះពីការគិតដោយការភាន់ច្រឡំរបស់លោក សម រង្ស៊ី។ ទីបំផុត គណបក្សនយោបាយដល់ទៅ ២០ បានចុះឈ្មោះប្រកួតដែលធ្វើឲ្យភាព ប្រកួតប្រជែងមានលក្ខណៈ ទូលំទូលាយជាងកាលពីការបោះឆ្នោតឆ្នាំ ២០១៣ ដែល មានគណបក្សសង្គ្រោះជាតិ ចូលរួមទៅទៀត។ ចំណែក ប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងទៀតនៅតែបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ដដែល។ ដោយសារការភាន់ ច្រឡំនិងការវង្វេងភាន់ស្មារតីនេះហើយបានជាពួកអតីតបក្សសង្គ្រោះជាតិមួយក្តាប់តូចនៅតែខិតខំដើរស្រែកឡែឡែពីមុខ ស្ថានទូតជប៉ុននៅឯបរទេសដោយមិនចេះអៀនខ្មាស។
ខាងមុខនេះ លោក សម រង្ស៊ី និងគូកន នឹងខកចិត្តស្ទើរក្អួតឈាមម្តងទៀតនៅពេលដែល ពលរដ្ឋខ្មែរភាគច្រើនលើសលប់នឹងចេញទៅបោះឆ្នោតនៅថ្ងៃ ២៩ កក្កដា ខាងមុខដោយមិនខ្វាយខ្វល់ពីសម្រែកឡែឡែដូចតុកកែក្នុងរូងឈើរបស់ពួកគេ។ ពេលនោះ លោក សម រង្ស៊ី និងគូកនមួយក្តាប់តូចនោះនឹងភ្ញាក់ខ្លួនក្រញ៉ាងដូចខ្មោច ៧ថ្ងៃពីព្រោះ អ្វីដែលពួកគេគិតសុទ្ធតែជាការភាន់ច្រឡំទាំងអស់ គឺភាន់ច្រឡំដោយគំនិតល្ងង់ខ្លៅរបស់ខ្លួនដែលមើលមិនឃើញការពិត មុជមិនជ្រៅទៅមិនឆ្ងាយ ហើយគិតអ្វី ធ្វើអ្វីខុសតែរហូតដោយសារតែការតាំងខ្លួនជាអ្នកចេះ៕

ដោយ៖ កូនខ្មែរ

គ.ជ.ប ប្រកាសថា មានតែពលរដ្ឋខ្មែរទេដែលជាម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ គ្មានអង្គការអន្តរជាតិណាមកសម្រេចជោគវាសនាប្រទេសខ្មែរបានទេ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានប្រកាសថា មានតែប្រជាពលរដ្ឋខ្មែរទេ ដែលជាម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ គ្មានអង្គការអន្តរជាតិណា មកសម្រេចជោគវាសនាប្រទេសខ្មែរ ជំនួសប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតនោះទេ។ ការប្រកាសបែបនេះរបស់ គ.ជ.ប គឺដើម្បីឆ្លើយតបទៅនឹងអង្គការសេរីអន្តរជាតិ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលបានគាំទ្រចលនាសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជាតាមរយៈការទាមទារចំណុចមួយចំនួន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ គ.ជ.ប ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ​បានបញ្ជាក់នូវចំ​ណុចធំៗចំនួន៣​ ដើម្បីឆ្លើយតបជាមួយអង្គការសេរីអន្តរជាតិមួយនេះ។ ចំណុចសំខាន់ៗទាំង៣រួមមាន៖
ទី១៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺត្រូវធ្វើឡើងតាមការកំណត់របស់ច្បាប់ នៃនីតិកាលនីមួយៗរបស់រដ្ឋសភា ដែលមានរយៈពេល៥ឆ្នាំម្តង។ គ្មាននរណា ឬប្រទេសណា ​មករារាំងដំណើរការបោះឆ្នោត ដែលប្រព្រឹត្តទៅស្របតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស បាននោះទេ។
ទី២៖ គ.ជ.ប ជាស្ថាប័នចែងនៅក្នុងរដ្ឋធម្មនុញ្ញ នឹងត្រូវបានផ្តល់ទំនុកចិត្តពីសភា ដែលតំណាងឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ យោងតាមមាត្រា ១៥០ថ្មី (ពីរ) រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា «គ.ជ.ប គឺជាអង្គការដែលមានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេងទៀត តាមការគំណត់នៃច្បាប់»។ «គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។
ទី៣៖ តំណាងរាស្រ្តត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ដូចមានចែងក្នុងមាត្រា ៧៦ថ្មី ជំពូកទី៧ នៃរដ្ឋធម្មនុញ្ញ នៃរដ្ឋធម្មនុញ្ញ។ យោងលើស្មារតីនៃមាត្រានេះ គ្មានការបែងចែកគណបក្សនយោបាយតូច ឬធំទេ ឬគណបក្សកាន់អំណាច ឬគណបក្សប្រឆាំងទេ គ្រប់គណបក្សមានសិទ្ធិស្មើៗគ្នា ក្នុងការឈរឈ្មោះបោះឆ្នោត។ មាត្រានេះ មិនបានថែងថា ទាល់តែមានអតីតគណបក្សសង្គ្រោះជាតិ ទើបការបោះឆ្នោត ត្រឹមត្រូវនោះទេ។

ជាមួយគ្នានេះច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​មាត្រា ២៧ ចែងថា «ដើម្បីចុះបញ្ជីគណបក្សនយោបាយ ឈ្មោះបោះឆ្នោត គណបក្សនយោបាយ ត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទដែលកំណត់ដោយ គ.ជ.ប ហើយត្រូវភ្ជាប់នូវឯកសារចំនួន១០ ប្រភេទ ក្នុងនោះ គណបក្សនយោបាយ ត្រូវធ្វើសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ០១​ ច្បាប់។ បើគ្មានឯកសារនេះ គ.ជ.ប មិនអាចទទួលយកគណបក្សណានោះ មកចុះបញ្ជីបានទេ ព្រោះ គ.ជ.ប ជាស្ថាប័នអនុវត្តច្បាប់»៕


ផ្សាយបន្តផ្ទាល់ (Live) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តធ្វើដំណើរទៅសំណេះសំណាលជាមួយកម្មករជាង ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង