Wednesday, June 27, 2018

លោក ហង្ស ពុទ្ធា៖ ប្រជាពលរដ្ឋអាចគូសសញ្ញាគាំទ្របក្សនយោបាយរបស់ខ្លួនជាអ្វីក៏បាន

អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប​ញ្ជា​ក់សារជាថ្មីថា ប្រជាពលរដ្ឋអាចមានសិទ្ធិ គូសសញ្ញាគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត ជាសញ្ញាអ្វីក៏បាន លើកលែងតែគូសញ្ញាជាលេខ ចាប់ពី១ឡើងទៅ និងអក្សរ “ក.ខ.គ” ជាដើម ដែលពលរដ្ឋមិនអាចគូសបាន ព្រោះអាចសំគាល់ អត្តសញ្ញាណគណបក្សបាន។
លោក ហង្ស ពុទ្ធា បានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការ បិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ថា ច្បាប់អត់មានបានចែងឱ្យគូសធិក ឬគូសខ្វែងអ្វីទេ តែច្បាប់បានប្រើពាក្យថា គូសគាំទ្រនេះ បានន័យថា គូសអី្វក៏បានដែរឱ្យតែគូសគាំទ្រ តែសម្រាប់គ.ជ.ប បានលើកទឹកចិត្តឱ្យគូសធិក ព្រោះសញ្ញាធិក ជាសញ្ញាទូទៅដែលប្រទេសណា ក៏អាចដឹងបាន ប៉ុន្តែលទ្ធផលបានមកវិញ ឃើញថា ការរាប់សន្លឹកឆ្នោតរបស់ពលរដ្ឋខ្លះ អត់ចេះគូសធិក នេះជាការពិបាករបស់គ.ជ.ប។
លោក ហង្ស ពុទ្ធា បានបន្តទៀតថា សន្លឹកឆ្នោតដែលបានគូសហើយ អត់បានយកមករាប់ ដែ​លចាត់ទុកជាអត់បានការនោះ មានដូចជា ការប្រើលេខ និងការសរសេរ ជាអក្សរក,ខ,គ,ឃ ជាដើមនេះ គឺសុទ្ធសឹងតែជាសញ្ញា ដែលមិនអាចចាត់ទុកជាបានការទេ ព្រោះសញ្ញាទាំងនេះ អាចបញ្ជាក់ពីការដឹងនូវអត្តសញ្ញាណស្រឡាញ់បក្សណាមួយ។

សូមបញ្ជាក់ថា កាលពីបោះឆ្នោតថ្នាក់ជាតិ ជ្រើសតាំងតំណាងរាស្រ្ត នាពេលកន្លងមក គ.ជ.ប បានកំណត់យកការគូសសន្លឹកឆ្នោត ជាសញ្ញាធិកតែមួយគត់ ហើយបើមានសញ្ញាអ្វី ដែលខុសពីសញ្ញាធិកនេះ ត្រូវបានចាត់ទុក ជាសន្លឹកឆ្នោតមិនបានការ។ ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានគណបក្សចូលរួម ប្រកួតប្រជែងចំនួន២០។ សន្លឹកឆ្នោតមួយសន្លឹក ចំណាយថវិកាប្រ​មាណ៩៩០រៀល ដូច្នេះសន្លឹកឆ្នោត ជាង១០លានសន្លឹកនេះ ចំណាយថវិកាសរុបជា ១០ពាន់លានរៀល (១០,៤២០,៣៩៣,៥០០រៀល) ស្មើនឹងជាង ២.៦លានដុល្លារ៕







No comments:

Post a Comment