Wednesday, June 27, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ខេត្តកំពង់ឆ្នាំងពីមុនមិនមានរោងចក្រសហគ្រាសនោះទេគឺតំបន់នេះជាសមរភូមិសង្គ្រាម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅខេត្តកំពង់ឆ្នាំង កាលពីជំនាន់មុនមិនមានរោងចក្រសហគ្រាសនោះទេដោយពីមុនតំបន់នេះជាសមរភូមិសង្គ្រាម។ ក្រោមគោលនយោ​បាយឈ្នះ-ឈ្នះ គឺបានប្រែក្លាយតំបន់សមរភូមិទាំងអស់ក្លាយទៅជាតំបន់សន្តិភាព និងតំបន់ទីផ្សារដែលបានជួយបង្កើតការងារនិងមុខរបរបងដល់ប្អូនប្រជាពលរដ្ឋក្នុងការរស់នៅឱ្យកាន់​តែប្រសើរឡើង និងបានប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យក្លាយជាតំបន់សន្តិភាព, មិត្តភាព, សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃពុធទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈគោលនយោបាយ ពង្រាយសាលារៀន និងរោងចក្រឱ្យមាននៅតាមតំបន់គ្រប់ទីកន្លែង ស្របពេលនឹងគោលនយោបាយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីទីក្រុងរហូតដល់ជនបទដើម្បីផ្តល់ការងារដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ជាក់ស្តែក ពេលនេះកម្ពុជាទទួលបានទំហំពាណិជ្ជកម្មជាង៦ពាន់លានដុល្លារអាមេរិកជាមួយប្រទេសថៃ, វៀតណាមជាង៤ពាន់លានដុល្លាអាមេរិក និងប្រទេសជិតខាងប្រមាណជាង ១០ពាន់លានដុល្លាររួចមកហើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់សារជាថ្មីថា ដើម្បីធានាដល់កូនក្មួយកម្មករនូវមុខរបរ ការងារ និងអត្ថប្រយោជន៍ការងារជាច្រើនដែលរាជរដ្ឋាភិបាលបានខិតខំធ្វើ និងបានដាក់ចេញកន្លងមកសម្រាប់បងប្អូនកូនក្មួយកម្មកររួចមកហើយនោះ គឺមិនមានការផ្លាស់ប្តូរទេ គឺទាំងមុនការបោះឆ្នោត និងក្រោយពេលបោះឆ្នោតគឺបងប្អូនកូនក្មួយកម្មករនៅទទួលបានដដែល៕





 





No comments:

Post a Comment