Wednesday, June 27, 2018

ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា ថ្លែងថា ភាគីថៃស្ម័គ្រចិត្តជួយគាំទ្រទៅលើដំណើរការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ

លោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ (Panyarak POOLTHUP) ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា បានថ្លែងថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ លោកនឹងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកជួយកម្ពុជា ហើយលោកជឿជាក់ថា ការបោះឆ្នោតនាពេលខាងមុខ នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោកក៏បានបន្ថែមថា ភាគីថៃនឹងស្ម័គ្រចិត្តជួយគាំទ្រទៅលើដំណើរការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ប្រសិនបើភាគីកម្ពុជាត្រូវការ។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី រាជធានីភ្នំពេញ។
លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានថ្លែងអំណរគុណដល់ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា និងជូនពរឱ្យលោកទទួលបាននូវជោគជ័យនៅក្នុងបេសកកម្មការទូតនៅកម្ពុជា។ លោកក៏បានបន្ថែមថា កម្ពុជា-ថៃ មានទំនាក់ទំនងល្អក្នុងនាមជាប្រទេសជិតខាងនឹងគ្នា ហើយកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏មានភាពល្អប្រសើរផងដែរ ដែលមានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧កន្លងមកនេះ។ ដោយឡែក សម្រាប់ភ្ញៀវទេសចរណ៍ថៃ ក៏បានធ្វើដំណើរមកកម្ពុជាប្រមាណជិត ៥០ម៉ឺននាក់ផងដែរ ដែលបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ វិស័យសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានខិតខំធ្វើកិច្ចការងារព្រំដែនបានទទួលលទ្ធផលល្អប្រសើរផងដែរ តាមរយៈគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ ហើយលោកក៏បានលើកទឹកចិត្តឱ្យបន្តធ្វើការងារជាមួយគ្នា ឱ្យទទួលបានលទ្ធផលល្អជាបន្ថែមទៀត៕


 


No comments:

Post a Comment