Wednesday, June 27, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំទៅគណបក្សដទៃ សូមកុំប្រើប្រាស់សម្តី ហ៊ុន សែន ដើម្បីឡើងកូដ!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំទៅគណបក្សដទៃ សូមកុំប្រើប្រាស់សម្តី ហ៊ុន សែន ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ កេងចំណេញនយោបាយដោយលោកបានបង្ហើបថា ក្រុមនោះបានដើរឃោសនាពីស្រុកខ្សាច់កណ្តាល ទៅដល់ស្រុកស្រីសន្ធរ ដោយបានលើកឡើងថា «មានអ្នកដើរខ្សឹបពីខ្សាច់កណ្តាលទៅដល់ស្រីសន្ធរ គេថាគេអនុវត្តតែត្រឹមថ្ងៃបោះឆ្នោតទេ បន្ទាប់ពីការបោះឆ្នោតគឺអត់ទេ ឥឡូវបើក្រោយពីការបោះឆ្នោតហើយ ក្មួយៗមិនបានទទួលការព្យាបាលដោយមិនគិតថ្លៃ ក្មួយៗជាកម្មការិនី ដែលឆ្លងទន្លេហើយមិនបានទទួល ៤០០,០០០រៀល ក្មួយៗធ្វើបាតុកម្មប្រឆាំងពូចុះ ពូអត់មានហាមឃាត់ទេ ព្រោះពូមិនបានសម្រេចនូវអ្វីដែលជាក្របខណ្ឌនយោបាយរយៈពេលវែង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា «អ្វីដែលពូដាក់ចេញនៅក្នុងពេលដែលពូកាន់អំណាច អ្វីដែលពូធានាចំពោះក្មួយៗហើយបានអនុវត្ត ត្រូវអនុវត្តដល់ពូចប់ភារកិច្ចរយៈពេល ១០ឆ្នាំទៀតយ៉ាងតិច ពូនៅបន្តដើម្បីកំដរក្មួយៗ រក្សាសន្តិភាព និងការអភិវឌ្ឍ និងធានាប្រាក់ចំណូលឱ្យក្មួយៗបន្តទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី និងនិយោជិត សរុបប្រមាណជិត២៥,០០០នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «សូមផ្តាំទៅគណបក្សដទៃ សូមកុំប្រើប្រាស់សម្តី ហ៊ុន សែន ដើម្បីឡើងកូដ គ្មានផ្លូវទេ សូមចាំថាក្នុងពេលដែលអ្នកទើបតែជាសិស្សនៅមធ្យមសិក្សា ឬបឋមសិក្សា ហ៊ុន សែន បានក្លាយទៅជាអ្នកយុទ្ធសាស្ត្ររួចស្រេចទៅហើយ»។

លោកនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវការចរចាដោយជោគជ័យជាមួយ អ្នកនយោបាយ និងអ្នកដឹកនាំចាស់ៗជំនាន់មុន ដែលមានអាយុស្មើឪពុក ហើយចោទជាសំនួរថា រឿងអីដែលមិនអាចទប់ទល់បានជាមួយអ្នកថ្មីថ្មោងនៅពេលនេះ? «អ្នកមិនត្រូវភ្លេចថា តួរអង្គមួយនេះ កំដរតាំងពីដៃគូចាស់ៗ ដែលមានអាយុស្មើឪពុកបាន លេងជាមួយបាន មិនមែនត្រឹមអស់លោកប៉ុណ្ណឹងទេ បើសិនជា ហ៊ុន សែន គ្មានយុទ្ធសាស្ត្រ យុទ្ធវិធីច្បាស់លាស់ ប្រហែលជា ហ៊ុន សែន មិនអាចទ្រាំទ្ររួច ជាមួយអតីតព្រះប្រមុខរដ្ឋផង ជាមួយអតីតនាយករដ្ឋមន្ត្រីផង ជាមួយអតីតប្រធានរដ្ឋ ខៀវ សំផន ផង តែខួរក្បាលមួយនេះ អាចទប់ទល់បានជាមួយនឹងអ្នកចាស់ទុំជាន់ដើម រឿងអីដែលមិនអាចទប់ទល់បានជាមួយអ្នកថ្មីថ្មោងនៅពេលនេះ?»៕




No comments:

Post a Comment