Tuesday, April 07, 2020

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មធ្ងន់ៗ ឆ្លើយតបទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មឆ្ងន់ៗ ឆ្លើយតបចំពោះការលើកឡើងមួយចំនួន ដែលថាកម្ពុជាមិនគួរ បង្កើតច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅពេលនេះ។ លោក បានសង្កត់ពាក្យឆ្ងន់ៗ ជាថ្មីដល់ក្រុមមនុស្សមួយចំនួនទាំងអស់នោះ ថាហេតុអ្វីបានជាបារម្ភខ្លាំងម្លេះពីរឿងនេះ? ក្នុងនាមជាថ្នាក់ដឹកនាំ គឺលោក បានដឹងច្បាស់ណាស់ថាពេលវេលាណាត្រូវប្រើច្បាប់នេះនោះ ប៉ុន្តែសំខាន់គឺកម្ពុជាត្រូវមានច្បាប់នេះជាមុនសិន។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសន្និសីទព័ត៌មានជាលើកទី៤ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាមនុស្សដែលតែងតែរិៈគន់ទាំងនោះភាគច្រើនមិនចេះដឹងពីច្បាប់គ្រប់គ្រងប្រទេសនោះទេ។ លោកបញ្ជាក់ថា ក្នុងនាមជាប្រមុខដឹកនាំប្រទេស ពិតណាស់ មិនចង់ប្រើច្បាប់នេះនោះទេ ពីព្រោះវានឹងប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ ប៉ុន្តែច្បាប់នេះ គេត្រូវតែមានដើម្បីបង្ការទុកជាមុន នៅពេលបញ្ហាកើតមានឡើងគឺគេដាក់អនុវត្តភ្លាមតែម្តង។ សូមជំរាបថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលនេះបានបញ្ជូនដល់រដ្ឋសភានៅព្រឹកថ្ងៃទី៧ខែមេសានេះ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជូនសេចក្តីព្រាងច្បាប់នេះឲ្យដល់ដៃគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាពិនិត្យសិក្សាផងដែរ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ស្ថាប័ន្ថរដ្ឋនិងឯកជនធ្វើការងារធម្មតាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយនឹងអនុញ្ញាតឱ្យឈប់សងវិញ៥ថ្ងៃក្នុងពេលសមស្រប

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រៅពីប្រកាសសម្រេចផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ លោក ក៏បានលើកឡើងថាស្ថាប័ន្ថរដ្ឋនិងឯកជនធ្វើការងារធម្មតាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយនឹងអនុញ្ញាតឱ្យឈប់សងវិញ៥ថ្ងៃក្នុងពេលសមស្របណាមួយនៅពេលដែលស្ថានភាពជំងឺកូវីដ១៩នេះបានបញ្ចប់។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សុំការយោគយល់ពីប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់វណ្ណៈ ពីការលំបាករបស់ប្រទេសជាតិ ពីការលំបាករបស់រាជរដ្ឋាភិបាលក្នុងឱកាសកំពុងតែប្រយុទ្ធនឹងជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ហើយលោក ក៏បានអំពាវនាវដល់កម្មករកម្មការិនីនៅបន្តធ្វើការងារយកប្រាក់សិនចាំឈប់នៅពេលក្រោយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានណែនាំឱ្យទីស្តីការគណៈរដ្ឋមន្រ្តីចេញសេចក្តីណែនាំអំពីបញ្ហានេះសម្រាប់មន្រ្តីរាជការទាំងអស់ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីណែនាំដល់បណ្តាក្រុមហ៊ុន និងរោងចក្រសហគ្រាសផងដែរ៕




ផ្សាយបន្តផ្ទាល់៖ សន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ស្តីពីបច្ចុប្បន្នភាព និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងកាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩



ប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាព និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងកាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា

អ្នកជំងឺកូវីដ-១៩ ៥នាក់ថ្មីទៀតជាសះស្បើយ ធ្វើឲ្យអ្នកជាសះស្បើយកើនដល់៥៨នាក់

នៅថ្ងៃនេះក្រសួងសុខាភិបាល បានបន្តប្រកាសនូវដំណឹងល្អជូនប្រជាពលរដ្ឋថា អ្នកជំងឺកូវីដ-១៩ បានជាសះស្បើយ ៥នាក់បន្ថែមធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៥៨នាក់ ហើយរកឃើញករណីឆ្លងតែម្នាក់ប៉ុណ្ណោះ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៥៧នាក់ នៃអ្នកឆ្លងសរុប១១៥នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច។
អ្នក៥នាក់ដែលជាសះស្បើយរួមមាន៖
១៖ ស្ត្រីជនជាតិខ្មែរអាយុ៦១ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានការធ្វើតេស្តអវិជ្ជមានវីរុសកូវី១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម។
២៖ បុរសខ្មែរអាយុ៤០ ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក បានចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរួចហើយ។
៣៖ បុរសជនជាតិខ្មែរអាយុ២៨ឆ្នាំ នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានជាសះស្បើយ ដោយលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកំពងឆ្នាំង។
៤៖ ស្ត្រីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅសង្កាត់សំបូរ ក្រុងសៀមរាប បានជាសះស្បើយ ដោយអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តសៀមរាប។
៥៖ បុរសជនជាតិខ្មែរអាយុ៣០ឆ្នាំ ជាអ្នកបម្រើការនៅស្តាធីវី (Star TV) ច្រកប៉ោយប៉ែត បានជាសះស្បើយ ដោយអវិជ្ជមានវីរុសកូវី១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ខេត្តបន្ទាយមានជ័យ ៕