Tuesday, February 02, 2016

Thai Smile សម្ពោធបើកជើងហោះហើរត្រង់ពីទីក្រុងបាងកកមកតំបន់ទេសចរណ៍ខេត្តសៀមរាប

ក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវអាកាសដ៏ធំមួយរបស់ប្រទេសថៃ គឺThai Smile Airways
បានបើក​​សម្ពោធជើងហោះហើរត្រង់ពីទីក្រុងបាងកកមកកាន់តំបន់ទេសចរណ៍ខេត្តសៀមរាប  នៃប្រទេសកម្ពុជា ដែលពិធីសម្ពោធនេះបានប្រព្រឹត្តឡើងកាលពីរាត្រីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦​ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា។
លោក Woranate Laprabang នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Smile Airways បានថ្លែងឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនរបស់លោកសម្រេចបើក​សម្ពោធជើង​ហោះហើរត្រង់​ពីទីក្រុងបាងកកមកកាន់តំបន់ទេសចរណ៍ខេត្តសៀមរាបនេះ គឺដោយសារតែកម្ពុជា​ទំាងបច្ចុប្បន្ននិងអនាគត គឺជាតំបន់ទេសចរណ៍ដែលមនុស្សនៅលើពិភពលោកចង់ដឹង ចង់ឃើញ និងចង់មកទស្សនាជាងគេ ពីព្រោះកម្ពុជាសម្បូរណ៍បែបពោរពេញទៅដោយសម្បត្តិវប្បធម៌ និង​រមណីយដ្ឋានធម្មជាតិ។
លោក Woranate Laprabang បានឱ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍ Thai Smile
នឹង​ធ្វើការ​ហោះហើរដំបូងក្នុង១សប្តាហ៍៥ជើង។ បន្ទាប់ពីធ្វើការហោះហើរត្រង់ពីទីក្រុង បាងកក មកកាន់តំបន់ទេសចរណ៍ខេត្តសៀមរាបនេះ ក្រុមហ៊ុនរបស់លោកក៏នឹងមានគម្រោង បើកសម្ពោធ​ជើងហោះហើរត្រង់ពីប្រទេសចិនមកកម្ពុជាផងដែរ។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា កន្លងមកនេះយើងមានក្រុមហ៊ុនអាកាសចរណ៍​ចំនួន៣ហើយ ដែលបានធ្វើការហោះហើរត្រង់ពីទីក្រុងបាងកកមកកាន់ខេត្តសៀមរាប ដែល​ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ បាងកកអែរវេ ក្រុមហ៊ុន អ៊ែរអេសៀ ក្រុមហ៊ុនអង្គរអែរ ហើយឥឡូវនេះយើងមានក្រុមហ៊ុន Thai Smile Airwaysមួយទៀត។ ឯកឧត្តម រំពឹងទុកថា ការបើកសម្ពោធ ជើងហោះហើរថ្មីនេះ និងធ្វើឱ្យលំហូរចូលភ្ញៀវទេសចរអន្តរជាតិគ្រប់ជាតិសាសន៍ នឹងចូល មកទស្សនាកម្ពុជាតាមរយៈប្រទេសថៃនិងមានការ កើន ឡើងស្រប តាមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃប្រទេសទំាងពីរគឺ អាណាចក្រពីរគោលដៅទេសចរណ៍តែមួយ។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ទៀតថា នៅក្នុងឆ្នំា២០១៥កន្លងមកនេះ កម្ពុជាទទួល​បានភ្ញៀវទេសចរបរទេសចំនួន៤លាន៨សែននាក់ កើនឡើងជាង៦ភាគរយ បើធៀបទៅ​នឹងឆ្នំា២០១៤ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរ មកកម្ពុជា តាមផ្លូវអាកាស​មានចំនួន៥៣ភាគរយ ក្នុងនោះការហោះហើរត្រង់មកកាន់ខេត្តសៀមរាបមាន ចំនួន៣០ភាគរយ។ ការកើនឡើងនៃអ្នកទេសចរបរទេស នេះនឹងធ្វើឱ្យ សេដ្ឋកិច្ចនៅកម្ពុជាមានភាពល្អប្រសើរឡើង៕


ឯក​ឧត្តម ថោង ខុន និងក្រុមការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាន​ខេត្តកំពង់ធំ បានរៀប​ចំកិច្ចប្រជុំបូក​សរុបការងារ​ប្រចាំ​ឆ្នាំ២០១៥

 នៅព្រឹក​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមការងារថ្នាក់​ជាតិចុះមូលដ្ឋាន​ខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំបូក​សរុបការងារប្រចាំឆ្នាំ២​០១៥ និងទិសដៅអនុវត្តបន្ត​ឆ្នាំ២០១៦ នៅ​សាលាខេត្តកំពង់​ធំ ក្រោម​អធិបតីភាព ឯក​ឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួងទេស​ចរណ៍ និងជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ឯកឧត្តម​អភិបាលខេត្ត​កំពង់ធំ ឯក​ឧត្តម សុក ផេង អនុប្រធាន​ក្រុម​ការងារថ្នាក់​ជាតិ និងមានការចូល​រួមពីឯក​ឧត្តម លោកជំទាវ លោក លោកស្រី​ជាសមាជិក​ក្រុមការងារថ្នាក់​ជាតិចុះមូលដ្ឋាន​ខេត្តកំពង់ធំ និងក្រុ​ង-ស្រុកទាំង០៨ នៃខេត្ត​កំពង់ធំ សរុបប្រមា​ណ ១៥០នាក់។
កិច្ចប្រជុំ​បានពិនិត្យ​ទៅលើរបាយការណ៍លទ្ធផល​ដែលបាន​អនុវត្តឆ្នាំ២០១៥កន្លងមក ដែលក្នុងនោះ​រួមមានការដោះ​ស្រាយបញ្ហា​ដីនៅតំបន់៣ តំបន់​២ ក្នុងភូមិសា​ស្រ្តក្នុងងស្រុក​ទាំង០៥ ការពង្រឹង​ការអនុវត្តច្បាប់​ស្តីពីព្រៃឈើ ការដោះ​ស្រាយបញ្ហាដីធ្លី (កម្មសិទ្ធិដីធ្លី និងដីសម្បទានសង្គមកិច្ច) ការដោះ​ស្រាយបញ្ហា​ជលផល (ការប្រើប្រាស់​ឧបករណ៍នេសាទ​លក្ខណៈគ្រួសារ និង​ការឆក់ត្រី) ការដោះ​ស្រាយ​បញ្ហាអគ្គី​សនី ការផ្តល់សេវាសា​ធារណៈ ការធ្វើ​អត្តសញ្ញាណប័ណ្ណ ការជួយអន្តរាគមន៍​ដោះស្រាយ​ទឹកជូន​ប្រជាពលរដ្ឋ និងការអនុវត្តគោល​នយោបាយភូមិ-ឃុំមានសុវត្ថិភាព។
កិច្ចប្រជុំ​បានលើកឡើង​នូវប្រធានបទ​សំខាន់ៗដែល​បកស្រាយ​ដោយ​អាជ្ញាធរខេត្ត ស្នងការនគរបាល​ខេត្ត និងមន្ទីរធនធាន​ទឹកខេត្ត មាន​ដូចជា លទ្ធផលនៃ​ការចុះពិនិត្យ និងផ្ទៀង​ផ្ទាត់ដីតំបន់​៣ តំបន់២ និងការរៀប​ចំចេញសាលាកប័ត្រ​ព័ត៌មាន​ជូនប្រជាពលរដ្ឋ​អាស្រ័យ​ផល ផែនការ និងកម្មវិធីចុះ​ធ្វើអត្ត​សញ្ញាណ​បណ្ណ និងគោល​នយោបាយ​ភូមិ-ឃុំមា​នសុវត្ថិភាព ការចុះអន្តរាគមន៍​ដោះស្រាយ​ទឹក និងការគ្រប់គ្រង​ផ្សារ ភាស៊ី និងទីតាំង​សត្វឃាត។

អង្គប្រជុំ​បានពិភាក្សា និងផ្លាស់ប្តូរយោបល់​គ្នាយ៉ាងផុលផុស និងបាន​ឯកភាពគ្នាក្នុងកា​រលើកទិស​ដៅអនុវត្តបន្ត និងដោះ​ស្រាយបញ្ហា​សំខាន់ៗជាអាទិភាព​សម្រាប់ឆ្នាំ​២០១៦នេះ ដែលរួម​មាន ការចុះ​ពិនិត្យ និងផ្ទៀងផ្ទាត់​ដីតំបន់៣ តំបន់២ ដើម្បី​ចេញសលាកប័ត្រ​ព័ត៌មាន​ជូនប្រជាពលរដ្ឋ​អាស្រ័យ​ផល ការបន្ត​ចុះដោះ​ស្រាយទឹកជូន​ប្រជាពលរដ្ឋ ការបន្តផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី វិធាន​ការអប់រំ និងបង្រ្កាបបទ​ល្មើសព្រៃ​ឈើ បទល្មើស​ជលផលការ​ជម្រុញចលនាប្រលង​ប្រណាំង​សេវាសាធារណៈ គោល​នយោបាយ​ភូមិ-ឃុំមាន​សុវត្ថិភាព ការរៀប​ចំគ្រប់​គ្រង ផ្សារ ភាស៊ី និងទីតាំងសត្វ​ឃាតឲ្យបា​នល្អ ការផ្សព្វ​ផ្សាយ និងត្រួតពិនិ​ត្យការអនុវត្ត​ច្បាប់ស្តីពីចរាចរណ៍​ផ្លូវគោក​ថ្មី ការពង្រឹងអង្គភាពគ្រប់​គ្រងអគ្គី​ភ័យ ការដោះស្រាយបញ្ហា​ប្រឈម និងសំណូមពរ​នានាដែល​ពាក់ព័ន្ធនឹង​ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ ពិសេស​ប្រព័ន្ធធារាសាស្ត្រ ការបង្កប​ង្កើនផល ការកសាងហេដ្ឋារ​ចនាសម្ព័ន្ធ​សំខាន់ៗនៅតាម​ភូមិ ឃុំ ស្រុក អគ្គីសនី ទឹកស្អាត អនាម័យ សណ្តាប់​ធ្នាប់សាធារណៈ ការរៀប​ចំផ្សារគំរូ ទីប្រជុំជនស្អាត ភូមិស្អាត និងផ្ទះស្អាត៕





ត្រឹមថ្ងៃទី២ ខែកុម្ភៈនេះ ហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន មានអ្នក Like ជាង២លាន៩ម៉ឺននាក់!

ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានបង្ហោះផ្សាយនូវព័ត៌មានអំពីចំនួនអ្នកចូលចិត្ត Like ហ្វេសប៊ុកផ្លូវការរបស់សម្តេច ក្នុងបណ្តាញផ្សព្វផ្សាយសង្គមដែលមានឈ្មោះថា Samdech Techo Hun Sen ,Cambodian Prime Minister ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
ថ្ងៃនេះ Facebook ខ្ញុំមានចំនួនអ្នកគាំទ្រនិងចូលចិត្ត (Likes)មកទល់ម៉ោង 11:09am ថ្ងៃទី ២ កុម្ភះ ២០១៦ គឺ 2,099,740។ ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជន យុវតីទាំងក្នុង និងក្រៅប្រទេសដែលបានគាំទ្រខ្ញុំគ្រប់ពេល។ ថ្ងៃនេះខ្ញុំសូមនិយាយអំពីប្រវត្តិ Facebook ខ្ញុំជម្រាបជូនជនរួមជាតិអោយបានដឹងថាតើ Facebook ខ្ញុំនេះចាប់បើកនៅពេលណា?
សម្តេចតេជោ បានបន្ថែមថា ៖ មានយុវជនម្នាក់ដែលក្រោយពីបានបញ្ចប់ការសិក្សានៅប្រទេសកម្ពុជាហើយ គឺបានអាហារូបករណ៍ទៅសិក្សានៅប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ដោយសារមើលឃើញអំពីសារៈសំខាន់បណ្តាញ Facebook នៅក្រៅប្រទេសដែលមានការនិយមចូលចិត្តពីយុវវ័យនិងនិស្សិតជាច្រើន ហើយយុវជនរូបនេះគិតថា នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវតែមានបណ្តាញសង្គមបែបនេះដើម្បីមានទំនាក់ទំនងល្អកាន់តែជិតស្និទ្ឋជាមួយប្រជាជន ជាពិសេសយុវជន ទើបនៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១០ យុវជនរូបនេះបានរៀបចំបង្កើត Facebook ដាក់ឈ្មោះខ្ញុំ “Samdech Hun Sen, Cambodian Prime Minister” ។ យុវជនរូបនេះបានរៀបចំបង្ហោះជាព័ត៌មានអំពីសកម្មភាពខ្ញុំ រួមទាំងព័ត៌មានសង្គម ព្រមទាំងរូបថត និងពត៌មានទាក់ទាញទេសចរណ៌កម្ពុជា។ ខ្ញុំបានតាមដានមើលព័ត៌មានអំពី Facebook ដែលមានឈ្មោះខ្ញុំជាប្រចាំ ទន្ទឹមនិងនោះគឺមានអ្នកបង្កើត Facebook ដែលបានដាក់ឈ្មោះខ្ញុំជាច្រើនផ្សេងទៀត។ ខុទ្ទកាល័យខ្ញុំក៏បានចេញលិខិតបដិសេធន៍ពីមុនថា នាយករដ្ឋមន្រ្តីពុំទាន់មាន Facebook ផ្ទាល់ខ្លួននៅឡើយទេនៅពេលនោះ។ ខាងគណបក្សប្រឆាំងបានប្រកាសថា មេដឹកនាំគណបក្សគេគឺឈ្នះដាច់បក្សកាន់អំណាចសព្វថ្ងៃ ដែលនៅពេលនោះគឺខ្ញុំពុំទាន់មាន Facebook ផ្លូវការនៅឡើយ គឺគេប្រកួតតែជាមួយខ្លួនឯង។ ចំពោះយុវជនដែលបានរៀបចំបង្កើត Facebook ខ្ញុំនៅតែបន្តផ្សាយព័ត៌មានជាធម្មតា ទោះបីពុំទាន់មានការទទួលស្គាល់ជាផ្លូវការក៏ដោយ។ ខ្ញុំបន្តតាមដានពិនិត្យទៅលើ Facebook ទាំងអស់ដែលប្រើប្រាស់ឈ្មោះខ្ញុំ ហើយប្រៀបធៀបគុណភាពការផ្សាយ និងការទទួលខុសត្រូវ ដែលខ្ញុំសម្រេចថានឹងត្រូវជ្រើសរើសយកមួយជាផ្លូវការ។ នៅពេលដែលគេហទំព័រយុវជនរូបនេះនេះទទួលបានអ្នកគាំទ្រ ១លាន៥ម៉ឺននាក់ នៅក្នុងខែកញ្ញា ឆ្នាំ ២០១៥ គឺខ្ញុំបានប្រាប់កូនប្រុសរបស់ខ្ញុំអោយស្វែងរកយុវជនរូបនេះ ហើយបន្ទាប់មកក៏បានទទួលស្គាល់ Facebook នេះជាផ្លូវការរបស់ខ្ញុំតែម្តងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៥។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ក្រោយពីខ្ញុំបានប្រកាសទទួលស្គាល់ Page នេះជាផ្លូវការរបស់ខ្ញុំ និងបានបញ្ជាក់ទៅក្រុមហ៊ុន Facebook ដើម្បី (Verify)បញ្ជាក់ថាជា Page របស់ខ្ញុំ គឺខ្ញុំសង្កេតឃើញកំណើនចំនួនអ្នកគាំទ្រ និង Likes បានកើនឡើងយ៉ាងខ្លំាង។ តាមពិតទៅខ្ញុំទើបចាប់កាន់កាប់ Page ផ្ទាល់ខ្លួនរបស់ខ្ញុំចាប់ពីខែ ២០ កញ្ញា្ ២០១៥ មកទល់ថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០១៦ (ជាង៤ ខែ) គឺបានទទួលការគាំទ្រនិង Likes (2,099,740) ។ ខ្ញុំប្រើប្រាស់ Facebook គឺដើម្បីប្រយោជន៌សង្គម និងបានដឹងអំពីសុខទុក្ខពលរដ្ឋ ព្រមទាំងផ្តល់ឱកាសអោយពលរដ្ឋបាននៅកាន់តែជិតស្និទ្ឋជាមួយខ្ញុំ។ កន្លងមកថ្មីៗនេះ ខ្ញុំបានដោះស្រាយបញ្ហាសង្គមជាតិ និងជួយពលរដ្ឋកម្ពុជាបានច្រើនតាមរយៈបណ្តាញសង្គមនេះ។ ខ្ញុំប្រើប្រាស់បណ្តាញសង្គមនេះមិនទៅប្រកួតប្រជែងជាមួយអ្នកណាម្នាក់ឡើយ។
ជាចុងក្រោយនៃសារដ៏មានសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃនេះ បានបញ្ជាក់ថា  ចំនួនអ្នកគាំទ្រច្រើននៅក្នុងបណ្តាញ Facebook គឺជាសម្លេងគាំទ្ររបស់ពលរដ្ឋដែលចូលចិត្តខ្ញុំ នៅពេលដែលបងប្អូនដឹងថានេះគឺជាគេហទំព័រពិតតែមួយរបស់ខ្ញុំ។ ខ្ញុំសូមស្វាគមន៍ទាំងអស់គ្នា ទោះបីបងប្អូនមកពីបក្សណាក៏ដោយ។

សម្តេចតេជោក៏បានមានប្រសាសន៍ថា « ខ្ញុំក៏សូមអរគុណជនរួមជាតិ និងយុវជនដែលបានគោរពស្រឡាញ់ខ្ញុំ និងនៅជាមួយខ្ញុំ ដើម្បីថែរក្សា ការពារសន្តិភាពសម្រាប់ជាតិយើងទាំងមូល»






ឱសថការី ៥២នាក់ ទទួលការបណ្តុះ​បណ្តាល

ឱសថ​ការី​ចំនួន ​៥២​នាក់ បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​បណ្តុះ​បណ្តាល​សមត្ថភាព​មួយ​ នៅ​មជ្ឈ​មណ្ឌល​ជាតិ​ពិសោធន៍​របស់​ក្រសួង​សុខា​ភិបាល ​នៅ​ថ្ងៃ​ទី​១ ខែ​​កុម្ភៈ ឆ្នាំ ២០១៦ ដោយ​មាន​ការ​ចូល​រួម​ពី​រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិបាល​ ឯកឧត្តម ​សុខ ផេង ​។
     កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​ជម្រុញ​វិស័យ​កែ​ទម្រង់​ក្រសួង​សុខា​ភិបាល និង​ការ​ជម្រុញ​បណ្តុះ​បណ្តាល​សមត្ថ​ភាព​មន្ត្រី​ជំនាញ ស្រប​ពេល​ដែល​កម្ពុជា​ និង​ប្រទេស​ទាំង​៩ ​នៅ​អាស៊ាន​ ទើប​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ជា​មួយ​គ្នា​ ។ កម្ពុជា​បច្ចុប្បន្ន មាន​មន្ទីរ​ពិសោធន៍​ដែល​មាន​ការ​បំពាក់​ឧបករណ៍​ទំនើប​ៗ​ផង​ដែរ ប៉ុន្តែ នៅ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​ នូវ​ការ​ប្រើ​ប្រាស់​ជា​លក្ខណៈ​អន្តរ​ជាតិ​នៅ​ឡើយ​ទេ ដែល​ប្រការ​នេះ​គឺ តម្រូវ​អោយ​ក្រសួង​សុខា​ភិបាល ត្រូវ​ធ្វើ​ការ​ហ្វឹក​ហ្វឺន​ជំនាញ​អនុវត្ត​ ដល់​មន្ត្រី​ក្រោម​បង្គាប់​ក្នុង​មន្ទីរ​ពិសោធន៍​កម្ពុជា​ ដើម្បី​រក​ការ​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ ​។
     ឯកឧត្តម​រដ្ឋ​លេខា​ធិការ​ សុខ ផេង បាន​មាន​ប្រសាសន៍​​ថា សិក្ខា​សាលា​ក្រោម​ប្រធាន​បទ ​«ការ​អនុវត្តន៍​ល្អ​ក្នុង​ការ​ត្រួត​ពិនិត្យ​គុណ​ភាព​ឱសថ​ក្នុង​មន្ទីរ​ពិសោធ Good Laboratory Practice » គឺ​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​អោយ​មជ្ឈ​មណ្ឌល​ជាតិ​ពិសោធន៍​សុខា​ភិបាល មាន​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​ និង​ឈាន​ទៅ​ទទួល​បាន​វិញ្ញាបន​ប័ត្រ ISO International Standard Organization 

     គ្រូ​ពេទ្យ​ជំនាញ​អាម៉េរិក័ង​ម្នាក់​ឈ្មោះ យ៉ាំងហ្គា ឌីហ្ចេបា បាន​ជួយ​បណ្តុះ​បណ្តាល​សិក្ខា​កាម​កម្ពុជា ​ក្នុង​រយៈ​ពេល​ ៥​ថ្ងៃ ​ដើម្បី​អោយ​យល់​ដឹង​ពី​ការ​អនុវត្តន៍​​ ក្នុង​មន្ទីរ​ពិសោធន៍​ដើម្បី​ការ​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ​ ។ កម្ពុជា កន្លង​មក​ មាន​សេចក្តី​រាយ​ការណ៍​ជា​បន្ត​បន្ទាប់​ អំពី​ករណី​កើត​ឡើង​ទាក់​ទង​នឹង​ការ​ពុល​ឬ​ការ​រក​តាម​ដាន​នានា​ នូវ​វិរុស​ណា​មួយ ​ក្នុង​មន្ទីរ​ពិសោធន៍ ​ដើម្បី​ស្វែង​រក​លទ្ធ​ផល ប៉ុន្តែ​ដោយ​សារ​មន្ទីរ​ពិសោធន៍​របស់​កម្ពុជា​ មិន​ទាន់​បាន​ទទួល​វិញ្ញាបន​ប័ត្រ ISO International Standard Organization ទើប​បណ្តាល​អោយ​ជួប​ប្រទះ​ភាព​យឺត​យ៉ាវ​ ក្នុង​ការ​បញ្ចេញ​លទ្ធ​ផល ដោយ​សារ​ត្រូវ​យក​ទៅ​ធ្វើ​តេស្ត​ ក្នុង​មន្ទីរ​ពិសោធន៍​នៅ​ក្រៅ​ប្រទេស​ ដែល​ទទួល​ស្គាល់​ដោយ​អន្តរ​ជាតិ​ជា​មុន​សិន​ ៕




ឯកឧត្តម ខូយ សុខា និង ឯកឧត្តម ម៉ៅ ធនិន ៖ យុវជនក្រុងពោធិ៍សាត់ ត្រូវធ្វើឲ្យសក្តិសមជាអ្នកកាន់ជើងធូប បន្តវេនដល់គណបក្ស

មានប្រសាសន៍សំណេះសំណាល ជាមួយយុវជនជំនាន់ក្រោយ ក្នុងឱកាសប្រកាសសុពលភាព សមាសភាពថ្នាក់ដឹកនាំ ក្រុមការងារយុវជនក្រុងពោធិ៍សាត់ ចំនួន ២២៤នាក់ ក្នុងនោះថ្នាក់ក្រុង ០៥នាក់ ថ្នាក់សង្កាត់ ២១នាក់ និង ថ្នាក់ភូមិ ១៩៨នាក់ នាល្ងាចថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៦ នៅមជ្ឈមណ្ឌលវប្បធម៌កោះសំពៅមាស ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានផ្តាំផ្ញើរទៅដល់យុវជនក្រុងពោធិ៍សាត់ ត្រូវធ្វើយ៉ាងណាឲ្យសក្តិសមជាអ្នកកាន់ជើងធូប បន្តវេនដល់គណបក្ស ។
ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គីសនីកម្ពុជា និង ជាប្រធានក្រុមការងារយុវជនខេត្តពោធិ៍សាត់ បានឲ្យដឹងថា ៖ នេះជាចុងបញ្ចប់ បន្ទាប់ពីក្រុមការងារយុវជនខេត្ត បានធ្វើពិធីប្រកាសសុពលភាព សមាសភាព ថ្នាក់ដឹកនាំ ក្រុមការងារយុវជនថ្នាក់ស្រុក ឃុំ និង ភូមិ រួមមាន ៖ ស្រុកបាកាន ស្រុកក្រគរ ស្រុកកណ្តៀង ស្រុកវាលវែង និង ស្រុកភ្នំក្រវាញ រួចមកហើយកាលពីចុងឆ្នាំ ២០១៥ និង ដើមឆ្នាំ ២០១៦នេះ ។ ឯកឧត្តម បានលើកទៀតថា ដោយទទួលបាន លិខិតលេខ ៥ ចុះថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៥ សេចក្តីណែនាំ របស់ប្រធានក្រុមការងារយុវជនខេត្ត និង គណបក្សខេត្ត ស្តីពីរចនាសម្ព័ន្ធក្រុមការងារយុវជនក្រុងពោធិ៍សាត់មានចំនួន ២២៤នាក់ ក្នុងនោះថ្នាក់ក្រុង ០៥នាក់ ថ្នាក់សង្កាត់ ២១នាក់ និង ថ្នាក់ភូមិ ១៩៨នាក់ ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ បានលើកឡើងថា ៖ យុវជនគប្បីខិតខំ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី រួមសហការរវាងមនុស្សចាស់ និង យុវជនជំនាន់ក្រោយ អនុវត្តន៍តាមកម្មវិធីនយោបាយរបស់បក្ស ឈានទៅដណ្តើមយកជោគជ័យក្នុងពេលខាងមុខ ដើម្បីបន្តកាន់ជើងធូប របស់គណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តមក៏បានរំលឹកពីប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ដែលទាក់ទងទៅនឹងថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ដែលបានរំដោះឲ្យរួចផុត ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង បញ្ជាក់ពីការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេល ៣៧ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ៖ ការជួបជុំគ្នានៅពេលនេះ គឺមានគោលបំណងប្រកាសទទួលស្គាល់សមាសភាព ក្រុមការងារយុវជនថ្នាក់ក្រុង សង្កាត់ និង ភូមិ ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីបានប្រារព្ធធ្វើជាបន្តបន្ទាប់ នៅស្រុកបាកាន ក្រគរ កណ្តៀង វាលវែង និង ស្រុកភ្នំក្រវាញរួចមកហើយ ។ ការចងក្រងរចនាសម្ព័ន្ធយុវជននេះឡើង ងាយស្រួលក្នុងការងារគ្រប់គ្រង ដឹកនាំជម្រុញការអភិវឌ្ឍន៍នៅមូលដ្ឋាន ។ ទាំងអស់នេះ ក៏ទាមទារឲ្យយុវជនក្រោយ កុំមានការស្ទាក់ស្ទើរ កុំរើសអើង ត្រូវមានឆន្ទះអង់អាច តស៊ូឧស្សាព្យាយាម និង ត្រូវបានប្រជាពលរដ្ឋ គោរពស្រឡាញ់នៅក្នុងមូលដ្ឋាន ។ ឯកឧត្តមបានក្រើនរំលឹកដល់យុវជនជំនាន់ក្រោយនេះ ត្រូវចេះរៀបចំខ្លួនឲ្យបានស្អាតស្អំ ធ្វើយ៉ាងណាឲ្យដូចយុវជនសម័យមុន ដែលមកដល់ពេលនេះ មួយចំនួនត្រូវបានចូលនិវត្តន៍ជាបន្តបន្ទាប់ ។ តែទោះជាយ៉ាងនេះក៏ដោយ យុវជនជំនាន់មុន បានបង្ហាញចំណេះដឹង បទពិសោធន៍ដែលមានទាំងប៉ុន្មាន ផ្តល់ទៅឲ្យអ្នកជំនាន់ក្រោយ ហើយអ្នកជំនាន់ក្រោយ ត្រូវតែខិតខំរៀនសូត្រនូវបទពិសោធន៍ពីអ្នកជំនាន់មុន នេះគឺជាគុណធម៌នៃប្រជាជាតិខ្មែរយើង ។ យុវជនជំនាន់ក្រោយត្រូវយកបទពិសោធន៍ទាំងអស់នោះ ដើម្បីជាគុណប្រយោជន៍ដល់សង្គមជាតិ និង ប្រជាជនយើងទាំងមូល ។ក្នុងខណៈនោះក៏មានរៀបចំពិសាបាយសាមគ្គី និង រាំលេងកម្សាន្ត រហូតដល់ម៉ោង ៨យប់ផងដែរ ៕