Tuesday, February 02, 2016

ឱសថការី ៥២នាក់ ទទួលការបណ្តុះ​បណ្តាល

ឱសថ​ការី​ចំនួន ​៥២​នាក់ បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​បណ្តុះ​បណ្តាល​សមត្ថភាព​មួយ​ នៅ​មជ្ឈ​មណ្ឌល​ជាតិ​ពិសោធន៍​របស់​ក្រសួង​សុខា​ភិបាល ​នៅ​ថ្ងៃ​ទី​១ ខែ​​កុម្ភៈ ឆ្នាំ ២០១៦ ដោយ​មាន​ការ​ចូល​រួម​ពី​រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិបាល​ ឯកឧត្តម ​សុខ ផេង ​។
     កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​ជម្រុញ​វិស័យ​កែ​ទម្រង់​ក្រសួង​សុខា​ភិបាល និង​ការ​ជម្រុញ​បណ្តុះ​បណ្តាល​សមត្ថ​ភាព​មន្ត្រី​ជំនាញ ស្រប​ពេល​ដែល​កម្ពុជា​ និង​ប្រទេស​ទាំង​៩ ​នៅ​អាស៊ាន​ ទើប​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ជា​មួយ​គ្នា​ ។ កម្ពុជា​បច្ចុប្បន្ន មាន​មន្ទីរ​ពិសោធន៍​ដែល​មាន​ការ​បំពាក់​ឧបករណ៍​ទំនើប​ៗ​ផង​ដែរ ប៉ុន្តែ នៅ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​ នូវ​ការ​ប្រើ​ប្រាស់​ជា​លក្ខណៈ​អន្តរ​ជាតិ​នៅ​ឡើយ​ទេ ដែល​ប្រការ​នេះ​គឺ តម្រូវ​អោយ​ក្រសួង​សុខា​ភិបាល ត្រូវ​ធ្វើ​ការ​ហ្វឹក​ហ្វឺន​ជំនាញ​អនុវត្ត​ ដល់​មន្ត្រី​ក្រោម​បង្គាប់​ក្នុង​មន្ទីរ​ពិសោធន៍​កម្ពុជា​ ដើម្បី​រក​ការ​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ ​។
     ឯកឧត្តម​រដ្ឋ​លេខា​ធិការ​ សុខ ផេង បាន​មាន​ប្រសាសន៍​​ថា សិក្ខា​សាលា​ក្រោម​ប្រធាន​បទ ​«ការ​អនុវត្តន៍​ល្អ​ក្នុង​ការ​ត្រួត​ពិនិត្យ​គុណ​ភាព​ឱសថ​ក្នុង​មន្ទីរ​ពិសោធ Good Laboratory Practice » គឺ​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​អោយ​មជ្ឈ​មណ្ឌល​ជាតិ​ពិសោធន៍​សុខា​ភិបាល មាន​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​ និង​ឈាន​ទៅ​ទទួល​បាន​វិញ្ញាបន​ប័ត្រ ISO International Standard Organization 

     គ្រូ​ពេទ្យ​ជំនាញ​អាម៉េរិក័ង​ម្នាក់​ឈ្មោះ យ៉ាំងហ្គា ឌីហ្ចេបា បាន​ជួយ​បណ្តុះ​បណ្តាល​សិក្ខា​កាម​កម្ពុជា ​ក្នុង​រយៈ​ពេល​ ៥​ថ្ងៃ ​ដើម្បី​អោយ​យល់​ដឹង​ពី​ការ​អនុវត្តន៍​​ ក្នុង​មន្ទីរ​ពិសោធន៍​ដើម្បី​ការ​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ​ ។ កម្ពុជា កន្លង​មក​ មាន​សេចក្តី​រាយ​ការណ៍​ជា​បន្ត​បន្ទាប់​ អំពី​ករណី​កើត​ឡើង​ទាក់​ទង​នឹង​ការ​ពុល​ឬ​ការ​រក​តាម​ដាន​នានា​ នូវ​វិរុស​ណា​មួយ ​ក្នុង​មន្ទីរ​ពិសោធន៍ ​ដើម្បី​ស្វែង​រក​លទ្ធ​ផល ប៉ុន្តែ​ដោយ​សារ​មន្ទីរ​ពិសោធន៍​របស់​កម្ពុជា​ មិន​ទាន់​បាន​ទទួល​វិញ្ញាបន​ប័ត្រ ISO International Standard Organization ទើប​បណ្តាល​អោយ​ជួប​ប្រទះ​ភាព​យឺត​យ៉ាវ​ ក្នុង​ការ​បញ្ចេញ​លទ្ធ​ផល ដោយ​សារ​ត្រូវ​យក​ទៅ​ធ្វើ​តេស្ត​ ក្នុង​មន្ទីរ​ពិសោធន៍​នៅ​ក្រៅ​ប្រទេស​ ដែល​ទទួល​ស្គាល់​ដោយ​អន្តរ​ជាតិ​ជា​មុន​សិន​ ៕




No comments:

Post a Comment