Tuesday, February 02, 2016

ឯក​ឧត្តម ថោង ខុន និងក្រុមការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាន​ខេត្តកំពង់ធំ បានរៀប​ចំកិច្ចប្រជុំបូក​សរុបការងារ​ប្រចាំ​ឆ្នាំ២០១៥

 នៅព្រឹក​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមការងារថ្នាក់​ជាតិចុះមូលដ្ឋាន​ខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំបូក​សរុបការងារប្រចាំឆ្នាំ២​០១៥ និងទិសដៅអនុវត្តបន្ត​ឆ្នាំ២០១៦ នៅ​សាលាខេត្តកំពង់​ធំ ក្រោម​អធិបតីភាព ឯក​ឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួងទេស​ចរណ៍ និងជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ឯកឧត្តម​អភិបាលខេត្ត​កំពង់ធំ ឯក​ឧត្តម សុក ផេង អនុប្រធាន​ក្រុម​ការងារថ្នាក់​ជាតិ និងមានការចូល​រួមពីឯក​ឧត្តម លោកជំទាវ លោក លោកស្រី​ជាសមាជិក​ក្រុមការងារថ្នាក់​ជាតិចុះមូលដ្ឋាន​ខេត្តកំពង់ធំ និងក្រុ​ង-ស្រុកទាំង០៨ នៃខេត្ត​កំពង់ធំ សរុបប្រមា​ណ ១៥០នាក់។
កិច្ចប្រជុំ​បានពិនិត្យ​ទៅលើរបាយការណ៍លទ្ធផល​ដែលបាន​អនុវត្តឆ្នាំ២០១៥កន្លងមក ដែលក្នុងនោះ​រួមមានការដោះ​ស្រាយបញ្ហា​ដីនៅតំបន់៣ តំបន់​២ ក្នុងភូមិសា​ស្រ្តក្នុងងស្រុក​ទាំង០៥ ការពង្រឹង​ការអនុវត្តច្បាប់​ស្តីពីព្រៃឈើ ការដោះ​ស្រាយបញ្ហាដីធ្លី (កម្មសិទ្ធិដីធ្លី និងដីសម្បទានសង្គមកិច្ច) ការដោះ​ស្រាយបញ្ហា​ជលផល (ការប្រើប្រាស់​ឧបករណ៍នេសាទ​លក្ខណៈគ្រួសារ និង​ការឆក់ត្រី) ការដោះ​ស្រាយ​បញ្ហាអគ្គី​សនី ការផ្តល់សេវាសា​ធារណៈ ការធ្វើ​អត្តសញ្ញាណប័ណ្ណ ការជួយអន្តរាគមន៍​ដោះស្រាយ​ទឹកជូន​ប្រជាពលរដ្ឋ និងការអនុវត្តគោល​នយោបាយភូមិ-ឃុំមានសុវត្ថិភាព។
កិច្ចប្រជុំ​បានលើកឡើង​នូវប្រធានបទ​សំខាន់ៗដែល​បកស្រាយ​ដោយ​អាជ្ញាធរខេត្ត ស្នងការនគរបាល​ខេត្ត និងមន្ទីរធនធាន​ទឹកខេត្ត មាន​ដូចជា លទ្ធផលនៃ​ការចុះពិនិត្យ និងផ្ទៀង​ផ្ទាត់ដីតំបន់​៣ តំបន់២ និងការរៀប​ចំចេញសាលាកប័ត្រ​ព័ត៌មាន​ជូនប្រជាពលរដ្ឋ​អាស្រ័យ​ផល ផែនការ និងកម្មវិធីចុះ​ធ្វើអត្ត​សញ្ញាណ​បណ្ណ និងគោល​នយោបាយ​ភូមិ-ឃុំមា​នសុវត្ថិភាព ការចុះអន្តរាគមន៍​ដោះស្រាយ​ទឹក និងការគ្រប់គ្រង​ផ្សារ ភាស៊ី និងទីតាំង​សត្វឃាត។

អង្គប្រជុំ​បានពិភាក្សា និងផ្លាស់ប្តូរយោបល់​គ្នាយ៉ាងផុលផុស និងបាន​ឯកភាពគ្នាក្នុងកា​រលើកទិស​ដៅអនុវត្តបន្ត និងដោះ​ស្រាយបញ្ហា​សំខាន់ៗជាអាទិភាព​សម្រាប់ឆ្នាំ​២០១៦នេះ ដែលរួម​មាន ការចុះ​ពិនិត្យ និងផ្ទៀងផ្ទាត់​ដីតំបន់៣ តំបន់២ ដើម្បី​ចេញសលាកប័ត្រ​ព័ត៌មាន​ជូនប្រជាពលរដ្ឋ​អាស្រ័យ​ផល ការបន្ត​ចុះដោះ​ស្រាយទឹកជូន​ប្រជាពលរដ្ឋ ការបន្តផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី វិធាន​ការអប់រំ និងបង្រ្កាបបទ​ល្មើសព្រៃ​ឈើ បទល្មើស​ជលផលការ​ជម្រុញចលនាប្រលង​ប្រណាំង​សេវាសាធារណៈ គោល​នយោបាយ​ភូមិ-ឃុំមាន​សុវត្ថិភាព ការរៀប​ចំគ្រប់​គ្រង ផ្សារ ភាស៊ី និងទីតាំងសត្វ​ឃាតឲ្យបា​នល្អ ការផ្សព្វ​ផ្សាយ និងត្រួតពិនិ​ត្យការអនុវត្ត​ច្បាប់ស្តីពីចរាចរណ៍​ផ្លូវគោក​ថ្មី ការពង្រឹងអង្គភាពគ្រប់​គ្រងអគ្គី​ភ័យ ការដោះស្រាយបញ្ហា​ប្រឈម និងសំណូមពរ​នានាដែល​ពាក់ព័ន្ធនឹង​ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ ពិសេស​ប្រព័ន្ធធារាសាស្ត្រ ការបង្កប​ង្កើនផល ការកសាងហេដ្ឋារ​ចនាសម្ព័ន្ធ​សំខាន់ៗនៅតាម​ភូមិ ឃុំ ស្រុក អគ្គីសនី ទឹកស្អាត អនាម័យ សណ្តាប់​ធ្នាប់សាធារណៈ ការរៀប​ចំផ្សារគំរូ ទីប្រជុំជនស្អាត ភូមិស្អាត និងផ្ទះស្អាត៕





No comments:

Post a Comment