Tuesday, February 02, 2016

Thai Smile សម្ពោធបើកជើងហោះហើរត្រង់ពីទីក្រុងបាងកកមកតំបន់ទេសចរណ៍ខេត្តសៀមរាប

ក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវអាកាសដ៏ធំមួយរបស់ប្រទេសថៃ គឺThai Smile Airways
បានបើក​​សម្ពោធជើងហោះហើរត្រង់ពីទីក្រុងបាងកកមកកាន់តំបន់ទេសចរណ៍ខេត្តសៀមរាប  នៃប្រទេសកម្ពុជា ដែលពិធីសម្ពោធនេះបានប្រព្រឹត្តឡើងកាលពីរាត្រីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦​ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា។
លោក Woranate Laprabang នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Smile Airways បានថ្លែងឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនរបស់លោកសម្រេចបើក​សម្ពោធជើង​ហោះហើរត្រង់​ពីទីក្រុងបាងកកមកកាន់តំបន់ទេសចរណ៍ខេត្តសៀមរាបនេះ គឺដោយសារតែកម្ពុជា​ទំាងបច្ចុប្បន្ននិងអនាគត គឺជាតំបន់ទេសចរណ៍ដែលមនុស្សនៅលើពិភពលោកចង់ដឹង ចង់ឃើញ និងចង់មកទស្សនាជាងគេ ពីព្រោះកម្ពុជាសម្បូរណ៍បែបពោរពេញទៅដោយសម្បត្តិវប្បធម៌ និង​រមណីយដ្ឋានធម្មជាតិ។
លោក Woranate Laprabang បានឱ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍ Thai Smile
នឹង​ធ្វើការ​ហោះហើរដំបូងក្នុង១សប្តាហ៍៥ជើង។ បន្ទាប់ពីធ្វើការហោះហើរត្រង់ពីទីក្រុង បាងកក មកកាន់តំបន់ទេសចរណ៍ខេត្តសៀមរាបនេះ ក្រុមហ៊ុនរបស់លោកក៏នឹងមានគម្រោង បើកសម្ពោធ​ជើងហោះហើរត្រង់ពីប្រទេសចិនមកកម្ពុជាផងដែរ។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា កន្លងមកនេះយើងមានក្រុមហ៊ុនអាកាសចរណ៍​ចំនួន៣ហើយ ដែលបានធ្វើការហោះហើរត្រង់ពីទីក្រុងបាងកកមកកាន់ខេត្តសៀមរាប ដែល​ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ បាងកកអែរវេ ក្រុមហ៊ុន អ៊ែរអេសៀ ក្រុមហ៊ុនអង្គរអែរ ហើយឥឡូវនេះយើងមានក្រុមហ៊ុន Thai Smile Airwaysមួយទៀត។ ឯកឧត្តម រំពឹងទុកថា ការបើកសម្ពោធ ជើងហោះហើរថ្មីនេះ និងធ្វើឱ្យលំហូរចូលភ្ញៀវទេសចរអន្តរជាតិគ្រប់ជាតិសាសន៍ នឹងចូល មកទស្សនាកម្ពុជាតាមរយៈប្រទេសថៃនិងមានការ កើន ឡើងស្រប តាមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃប្រទេសទំាងពីរគឺ អាណាចក្រពីរគោលដៅទេសចរណ៍តែមួយ។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ទៀតថា នៅក្នុងឆ្នំា២០១៥កន្លងមកនេះ កម្ពុជាទទួល​បានភ្ញៀវទេសចរបរទេសចំនួន៤លាន៨សែននាក់ កើនឡើងជាង៦ភាគរយ បើធៀបទៅ​នឹងឆ្នំា២០១៤ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរ មកកម្ពុជា តាមផ្លូវអាកាស​មានចំនួន៥៣ភាគរយ ក្នុងនោះការហោះហើរត្រង់មកកាន់ខេត្តសៀមរាបមាន ចំនួន៣០ភាគរយ។ ការកើនឡើងនៃអ្នកទេសចរបរទេស នេះនឹងធ្វើឱ្យ សេដ្ឋកិច្ចនៅកម្ពុជាមានភាពល្អប្រសើរឡើង៕


No comments:

Post a Comment