Monday, March 22, 2021

កិច្ចប្រជុំបន្ទាន់លើករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ

 ព្រះសីហនុ៖ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់លើករណីសន្តិសុខមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើម លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំបន្ទាន់ទាក់ទងទៅនឹងករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោក បានបោះបន្តជូនទៅលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដើម្បីចុះធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់។ ក្រោយមកក៏ទទួលបានព័ត៌មាន ពីអ្នកគ្រប់គ្រងផ្សារថា ភាគីទាំងពីរបានស្រុះស្រួលគ្នាដោយមិនមានការប្តឹងផ្តល់អ្វីឡើយ ដូច្នេះលោក ក៏បានណែនាំឱ្យមានការថតវីដេអូខ្លីបបង្ហាញពីហេតុផល និងបញ្ហាដែលបានកើតឡើង តាមរយៈវីដេអូខ្លីបដែលភាគីទាំងពីរ(សន្តិសុខ និងអាជីវករ) បានធ្វើការបកស្រាយ បង្ហាញថាហេតុផលនៃបញ្ហាដែលបានកើតឡើង ផ្តើមចេញពីទំនាស់ និងមានចេតនាបំផ្លាញទំនិញរបស់អាជីវករ មិនមែនជាការថយប៉ះពាល់ធ្វើឱ្យខូចខាតនោះទេ។

លោកអភិបាលខេត្ត យល់ស្របជាមួយការស្រុះស្រួលគ្នារបស់គូរភាគី ដូច្នេះគឺមិនប្រកាន់ទោសនោះទេ ដោយសារបងប្អូនបានធ្វើការកែប្រែឥរិយាបទភ្លាមៗ ទទួលស្គាល់កំហុស និងចេញសងការខូចខាតដែលបានបង្កឡើង ប៉ុន្តែលោកបានសម្រេចដាក់ពិន័យរដ្ឋបាល ដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ។ ជាមួយគ្នានេះដែរ ដើម្បីជាការប៉ះប៉ូវជំងឺចិត្តដល់អាជីវករដែលរងគ្រោះ លោកអភិបាលខេត្ត បានសម្រេចឱ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ លើកលែងការយកប្រាក់ភាស៊ីលើអាជីវកម្មរបស់គាត់ពេលមួយឆ្នាំពេញ។

ជាចុងក្រោយ លោកអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុងស្រុក និងអ្នកគ្រប់គ្រងផ្សារ ត្រូវអនុវត្តតាមសារាចរលេខ ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ជាប្រចាំដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈជូនប្រជាពលរដ្ឋដោយលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី និងត្រូវលើកស្លាកតារាងតម្លៃការបង់ថ្លៃភាស៊ីនៅតាមទីផ្សារទូទាំងខេត្តព្រះសីហនុ៕






មនុស្ស ១៤៣នាក់ ពាក់ព័ន្ធបុរសមានជំងឺកូវីដ១៩នៅសៀមរាប ធ្វើតេស្ដលើកទី១ អវិជ្ជមានទាំងអស់

 សៀមរាប៖ អ្នកពាក់ព័ន្ធនឹងបុរសរកឃើញជំងឺកូវីដ១៩ នៅក្នុងក្រុងសៀមរាប ប្រមាណ ៤០០នាក់ ត្រូវបានក្រុមគ្រូពេទ្យចាត់ចែងយកសំណាក និងប្រឹក្សាសុខភាព ព្រមទាំងតម្រូវឱ្យធ្វើចត្តាឡីស័ក។ ក្នុងនោះមនុស្សប្រមាណ ១៤៣នាក់ លទ្ធផលបានបង្ហាញថា ពួកគេអវិជ្ជមាន។

យោងតាមការបញ្ជាក់របស់ប្រធានក្រុមគ្រូពេទ្យ ប្រចាំការនៅមណ្ឌលចត្តាឡីស័ក បានឲ្យដឹងថា ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍២០កុម្ភៈ ដោយពាក់ព័ន្ធបុរសទើបរកឃើញវិជ្ជមានកូវីដ១៩នោះ បានស្ម័ត្រចិត្តធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក និងនៅតាមផ្ទះ សម្រាប់អ្នកពាក់ព័ន្ធប្រយោល។ សម្រាប់អ្នកពាក់ព័ន្ធដោយផ្ទាល់ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្រ រកមេរោគកូវិដ១៩។

ក្រុមគ្រូពេទ្យបានណែដល់ប្រជាពលរដ្ឋមានបញ្ហា និងអការៈមិនស្រួលក្នុងខ្លួន ប្រញាប់មកកាន់មណ្ឌលចត្តាឡីស័កជាបន្ទាន់ ដោយមិនត្រូវទៅព្យាបាលនៅកន្លែងផ្សេងបានឡើយ ដើមី្បបង្កាកុំឲ្យមានឆ្លងរាលដាលជាសហគមន៍។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានរកឃើញបុរសម្នាក់ ឈ្មោះ ម៉ាប់ វ៉ុន អាយុ ៣៥ឆ្នាំ កើតជំងឺកូវីដ១៩។ អ្នកជំងឺកូវីដ១៩រូបនេះ បានធ្វើការងារនៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅថ្ងៃទី០៧ ខែមីនា រូបគេបានធ្វើដំណើរទៅកាន់ខេត្តសៀមរាប។

ពេលរូបគេលេចចេញអការៈជំងឺ បានស្វះស្វែងរកព្យាបាលជំងឺនៅកន្លែងព្យាបាលជំងឺចំនួន៤ ដោយព្យាយាមលាក់ប្រវត្តិនៃការធ្វើដំណើររបស់គេ។

ពាក់ព្រឹត្តិការណ៍នេះអាជ្ញាធរបានចាត់វិធានការណ៍ភ្លាមៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ។ អាជ្ញាធរសម្រេចបិទសង្កាតគោកចក និងបិទកន្លែងព្យាបាលជំងឺដែលពាក់ព័ន្ធចំនួន៤។ កន្លែងសម្រាកព្យាបាលជំងឺដែលផ្អាកដំណើរការនេះរួមមាន៖ មន្ទីរសម្រាកព្យាបាល «៧៧៧» ស្ថិតនៅភូមិសាលាកន្សែង, មន្ទីរពហុព្យាបាលសុខភាព ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ, បន្ទប់ពិគ្រោះព្យាបាលជំងឺ «ទូច កូ» ស្ថិតនៅភូមិទក្សិណខាងត្បូង និងបន្ទប់ថែទាំវេជ្ជសាស្ត្រ «ចាវ ចាន់» ស្ថិតនៅភូមិគោកតាចាន់ សង្កាត់គោកចក ៕




អ្នកជំងឺកូវីដ១៩ម្នាក់ អាយុ៧៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត នៅមន្ទីរពេទ្យរុស្ស៉ី

 អ្នកកើតជំងឺកូវីដ១៩ វ័យ៧៥ឆ្នាំម្នាក់ទៀត បានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។

តាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងថា បុរសរូបនេះ មានលំនៅឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ បើតាមប្រភពបានបញ្ជាក់ថា បុរសរូបនេះត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ កាលពីយប់មិញនេះ។

បុរសជាអ្នកជំងឺបានរលាកសួតធ្ងន់ធ្ងរបណ្តាលឱ្យជំងឺធ្វើទុក្ខធ្ងន់។ ក្រោយពេលឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យបានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង។ តែជាអកុសលមិនអាចជួយសង្គ្រោះបាន និងទទួលមរណភាពនាព្រឹកនេះតែម្តង។

អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់នេះ ជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារបានចូលនិវត្តន៍។

សូមបញ្ជាក់ថា រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ហើយបានស្លាប់បាត់បង់ជីវិត បូករួមទាំងអ្នកជំងឺ ដែលស្លាប់នាព្រឹកនេះផង។

* ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
* ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
* ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
* ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១៕



ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩រហូតដល់ចំនួន៧៣នាក់ ខណៈអ្នកជំងឺចំនួន១៧នាក់ជាសះស្បើយ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ ចំនួន៧៣នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ៧១ករណី និង២នាក់ជាករណីនាំចូល ខណៈអ្នកជំងឺចំនួន១៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងកូវីដ១៩ ទាំង៧៣នាក់នោះ មាន២នាក់ជាស្ត្រីជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ និង៧១នាក់ផ្សេងទៀត ជាករណីឆ្លងក្នុង «សហគមន៍២០កុម្ភៈ» ដែលរួមមាន៖ ជនជាតិចិនចំនួន៤នាក់ និងជនជាតិខ្មែរ៦៧នាក់ រកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀរាប ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តព្រៃវែង។

ចំណែកអ្នកជាសះស្បើយទាំង១៧នាក់វិញ គឺជាសុទ្ធសឹងអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ក្នុងនោះរួមមាន៖ ជនជាតិចិន ១៤នាក់ និងជនជាតិខ្មែរ៣នាក់ ដោយទទួលលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨១នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩ ៕