Wednesday, October 25, 2017

លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ថ្លែងថា កម្ពុជាមានសន្តិភាពពេញបរិបូណ៌ ហើយការអភិវឌ្ឍក៏សម្បូររុងរឿង

លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំ សហព័ន្ធសន្តិភាពសកល (UPF) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ថា គោលនយោបាយដឹកនាំប្រទេស របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដោយប្រើនយោបាយឈ្នះឈ្នះ ក្នុងការស្វែងរកសុខ សន្តិភាពជូនប្រទេសជាតិ ចាប់ពីឆ្នាំ១៩៩៨មក បានធ្វើឱ្យកម្ពុជាមានសន្តិភាពពេញបរិបូណ៌ទូទាំងប្រទេស ហើយបានអភិវឌ្ឍន៍ប្រទេស ឱ្យមានភាពសម្បូររុងរឿង។

គួរបញ្ជាក់ថា សហព័ន្ធសន្តិភាពសកល (UPF)  គឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលមានតួនាទីផ្ដល់ យោបល់ពិសេស ដល់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម, អង្គការសហប្រជាជាតិ និងចូលរួមចំណែកក្នុងការ កសាងសន្តិភាព និងការអភិវឌ្ឍន៍ធនធានមនុស្សនៅលើសកលលោក។

ឆ្លើយតបនឹងប្រសាសន៍របស់ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ប្រធានប្រតិភូ សហព័ន្ធសន្តិភាពសកល (UPF) បានកោតសរសើរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងគាំទ្រយ៉ាងពេញទំហឹង លើគោលនយោបាយរបស់លោក និងគណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងដឹកនាំប្រទេសឱ្យ មានសុខសន្តិភាពលើគ្រប់វិស័យ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

សូមជម្រាបថាប្រតិភូ សហព័ន្ធសន្តិភាពសកល (UPF) ដឹកនាំដោយ លោក សុង យ៉ុងសុគ (Song Young-Seob) រួមដំណើរដោយ លោក ហរ យ៉ាំង (Hur Yang), លោក ហាជីមិ សៃតុ (Hajime Saito), លោក ចំរើន សុផល ក៏បានជួបសំដែងការគួរសម ជាមួយលោក ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភាផងដែរ ៕



មន្ត្រីនាំពាក្យCPP៖ សារធាតុពិតរបស់បដិវត្តន៍ពណ៌ គឺការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ដើម្បីអំណាច

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ចរិតពិត និងសារធាតុពិតប្រាកដរបស់បដិវត្តន៍ពណ៌ គឺជាការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ដើម្បីដណ្តើមអំណាច ដោយរំលងការប្រកួតប្រជែងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

តាមការបញ្ជាក់របស់ លោក សុខ ឥសាន នៅថ្ងៃទី២៤តុលានេះ បានឲ្យដឹងថា រូបភាពនៃបដិវត្តន៍ពណ៌ គឺគេប្រើវិធីត្រជាក់ អហិង្សា ដែលមិនអាចជាប់ពិរុទ្ធ ដោយច្បាប់ណាមួយជាធរមាន។ លោកថា ច្បាប់ក្រមព្រហ្មទណ្ឌ អាចចាប់ពិរុទ្ធភាពបាន លុះត្រាតែមានបទល្មើសកើតចេញពីអំពើហិង្សា។ ដូច្នេះ ក្រមព្រហ្មទណ្ឌ មិនអាចចាប់ពិរុទ្ធភាពលើសកម្មភាពនៃបដិវត្តន៍ពណ៌នោះឡើយ។ ហេតុនេះហើយ បានជាក្នុងសកម្មភាពធ្វើបដិវត្តន៍ពណ៌របស់ខ្លួន បក្សប្រឆាំងតែងតែទន្ទេញជាប់មាត់ និងជាពាក្យស្លោករបស់ខ្លួននូវពាក្យ អហិង្សាៗជាប់ជានិច្ច ដើម្បីបង្វែងដានកំហុសរបស់ខ្លួន និងបំភាន់សាធារណមតិតែប៉ុណ្ណោះ។

លោក សុខ ឥសាន អះអាងថា ពួកប្រឆាំងតែងតែយកផ្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកធ្វើជាលេស ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ គឺជាការខុសច្បាប់ដែលត្រូវទទួលខុសត្រូវ។ មន្ត្រីនាំពាក្យរូបនេះ បានបន្តឲ្យដឹងទៀតថា នៅដំណាក់ចុងក្រោយដំណើរបដិវត្តន៍ពណ៌ នឹងត្រូវបង្ក្រាបដោយប្រដាប់អាវុធ ជាឧបករណ៍នៃអំណាចរបស់ប្រជាជន និងតាមផ្លូវច្បាប់តាមក្រមព្រហ្មទណ្ឌនៃប្រទេស មិនអាចបណ្តែតបណ្តោយបានជាដាច់ខាត។

បើតាមលោក សុខ ឥសាន បដិវត្តន៍ពណ៌មានចរិតពិសពុល ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ កើតចេញពីឆន្ទៈរបស់ប្រជាជនភាគច្រើនលើសលប់ ដោយចាប់ដំណើរការតាមរូបភាពអហិង្សា យកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកបិទបាំង និងប្រើប្រាស់កម្លាំងមហាជន និងនៅចុងបញ្ចប់គឺឈានទៅដណ្តើមអំណាចតែម្តង។
លោក សុខ ឥសាន បញ្ជាក់ថា ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ចំពោះឧបាយកល និងសកម្ម ភាពលាក់មុខនៃបដិវត្តន៍ពណ៌ ដែលចង់នាំកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដូចកាលពីអតីតកាលឲ្យបានជាដាច់ខាត៕


លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់៖ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍

ហ្វីលីពីន៖ នៅកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-ចិន នៅប្រទេសហ្វីលីពីន នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដែលដឹកនាំកិច្ចប្រជុំដោយលោក Delfin Lorenzana រដ្ឋមន្ដ្រីក្រសួងការពារជាតិហ្វីលីពីន និង ជាប្រធានកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានលើកទី១១ និងនាយឧត្តមសេនីយ៍ Chang Wanquan រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិអាស៊ាន ទាំង១០ប្រទេស។

ថ្លែងនៅកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន -ចិន លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ « ប្រទេសចិនជាដៃគូអាស៊ានមួយ ដែលមិនអាចខ្វះបាន។ ប្រទេសចិន បានក្លាយជាដៃគូសន្ទនាជាមួយអាស៊ានដ៏សំខាន់មួយតាំងពីឆ្នាំ១៩៩៦។ ប្រទេសចិនបានដើរ តួយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព វិបុលសុខ និងនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍»។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ប្រទេសចិនបានក្លាយជាសមាជិកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក តាំងពីពេលដែលយន្តការនេះបានចាប់កំណើតនៅឆ្នាំ២០១០។ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានបញ្ជាក់ទៀតថា៖ «ប្រទេសចិនបានរួមចំណែកដោយមិនហត់នឿយ ដើម្បីបង្កើតឱ្យបាននូវមូលដ្ឋានដ៏រឹងមាំ និងបង្កើនសមត្ថភាពសម្រាប់ប្រទេសសមាជិកអាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខថ្មីៗ ជាពិសេសការគំរាមកំហែងសន្តិសុខមិនប្រពៃណី»។

ប្រទេសចិនបានអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយ ប្រទេសសមាជិកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានបូក ដោយមិនត្រឹមតែជួយកសាងសមត្ថភាព ក្នុងការធ្វើប្រតិបត្តិការរួមគ្នា ចំពោះយោធារបស់ អាស៊ានតែប៉ុណ្ណោះទេ តែក៏បានលើកកម្ពស់ការយល់ពីគ្នា និងបង្កើនទំនុកចិត្តរវាងគ្នាទៅវិញទៅមក។ លោកឧបនាយករដ្ឋមន្រ្ដី មានការជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន នឹងកាន់តែប្រសើរឡើង សម្រាប់ប្រយោជន៍ប្រជាជនទាំងអាស៊ាន និងចិន តាមរយៈការលើកកម្ពស់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

គួរបញ្ជាក់ថា នៅក្នុងឱកាសទទួលរៀបចំធ្វើជាម្ចាស់នៃកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិ អាស៊ានលើកទី១១ (ADMM) និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក (ADMM-Plus) ក្រសួងការពារជាតិនៃប្រទេសហ្វីលីពីន បានរៀបចំកិច្ចប្រជុំក្រៅផ្លូវការចំនួន៣ ក្នុងនោះរួមមាន៖ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិ អាស៊ាន-អាមេរិក, កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-ចិន និង កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រី ការពារជាតិអាស៊ាន-ជប៉ុន។

ដោយឡែកនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-ជប៉ុន ដែលមានការចូលរួមពីលោក Itsunori Onodera រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានថ្លែងថា រាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន បានផ្តល់ជំនួយ និងការគាំទ្រសំខាន់ៗជាបន្តបន្ទាប់ដល់ប្រទេសកម្ពុជា លើគ្រប់វិស័យ និងនៅក្នុងគ្រប់កាលៈទេសៈ។

ជប៉ុនក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សារជាតិរបស់ប្រទេសកម្ពុជា ដែលបានបញ្ចប់ ដោយជោគជ័យនូវសង្គ្រាមអូសបន្លាយ និងនាំសន្តិភាពពេញលេញដល់ប្រជាជាតិ ទាំងមូល។ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានសង្កត់ធ្ងន់ថា «អ្វីដែលគួរឱ្យកត់សំគាល់នោះ គឺជប៉ុនបានផ្តល់ជំនួយ បច្ចេកទេស និងការកសាងសមត្ថភាពដល់ប្រទេសកម្ពុជាក្នុងវិស័យដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ព្រមទាំងប្រតិបត្តិការថែរក្សាសន្តិភាព»។

តាមរយៈកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន – ជប៉ុន នាពេលនោះ លោកឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា អាស៊ាន និងជប៉ុន មានទំនាក់ទំនងយូរអង្វែង ដែលផ្សារភ្ជាប់ទំនាក់ ទំនងដោយ មិត្តភាពដ៏ស្មោះស្ម័គ្រ និងសាមគ្គីភាព។ លោកឧបនាយករដ្ឋមន្រ្ដី បានបន្ថែមពីលើសេចក្តីផ្តួច ផ្តើមជាច្រើន របស់អាស៊ាន-ជប៉ុន «ទស្សនវិស័យទីក្រុងវៀងចន្ទ» គឺតំណាងឱ្យកម្លាំងចលករដ៏ធំមួយទៀត ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅក្នុងទិដ្ឋភាពជាច្រើន តួយ៉ាងដូចជានៅក្នុង វិស័យការពារជាតិ សន្តិសុខ និងការកសាងសមត្ថភាព ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត ៕



នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់យុវជនឲ្យរួមគ្នាការពារសន្តិភាព កុំចូលរួមធ្វើបដិវត្តន៍ពណ៌ជាមួយបក្សប្រឆាំង

ឧត្តរមានជ័យ៖ ក្នុងកិច្ចសំណេះសំណាលជាមួយយុវជនក្នុងខេត្តឧត្តរមានជ័យប្រមាណ ៣០០នាក់ នាយឧត្តមសេនីយ៍ គន់ គីម មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយខេត្ត ឧត្តរមានជ័យ បានថ្លែងអំពាវនាវដល់យុវជនទាំងអស់ត្រូវរួមថែរក្សា និងការពារសុខសន្តិភាពនាពេលបច្ចុប្បន្ន ដោយមិនត្រូវចូលរួមចលនាបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាល តាមការចង់បានរបស់គណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងនៅកម្ពុជានោះឡើយ។

ការថ្លែងអំពាវនាវនេះបានធ្វើឡើងនៅចំថ្ងៃខួប២៦ឆ្នាំ នៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ម្សិលមិញនេះ។ នៅចំពោះមុខយុវជនលើដែនដី ដែលញ៉ាំញីដោយភ្លើងសង្រ្គាមទើបនឹងបញ្ចប់កាល ពីឆ្នាំ១៩៩៨នេះ នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកជាច្រើនពីទុក្ខវេទនារបស់ប្រជាពលរដ្ឋ នៅក្នុងភ្លើង សង្រ្គាមជាង ៣ទសវត្សរ៍ផ្តើមចេញពីចលនាប៉ះបោរ និងការប្លន់អំណាចរបស់ក្រុមសេនាប្រមុខ លន់ នល់ ដែលមានអាមេរិកជាបង្អែក ១៨ មីនា ១៩៧០ ដោយបានទម្លាក់ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានលើកបង្ហាញពីកិច្ចខិតខំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងកិច្ចប្រឹង ប្រែងរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ប្រឹងប្រែងចរចាស្វែងរក សន្តិភាព និងដាក់ចេញគោលនយោបាយឈ្នះឈ្នះ ប្រមូលកងទ័ពខ្មែរក្រហមមករួមរស់ជាមួយរាជរដ្ឋាភិបាល បញ្ចប់ភ្លើងសង្រ្គាមនៅឆ្នាំ១៩៩៨។

មន្រ្តីយោធាជាន់ខ្ពស់របស់កម្ពុជា និងមានឥទ្ធិពលរូបនេះ បានថ្លែងគូសបញ្ជាក់ថា សុខសន្តិភាពដែលកម្ពុជា រកបានដោយលំបាកនេះសំខាន់ណាស់ ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ហើយយុវជនមានតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសុខសន្តិភាពនេះ។ «យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ ត្រូវតែចូលរួមក្នុងសកម្មភាពសង្គម ដើម្បីសន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិ។ យុវជនទាំងអស់ត្រូវ ជៀស ឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវស្វែងយល់ពីសភាពការណ៍ពិតរបស់ប្រទេសជាតិ ដើម្បីកុំឱ្យចាញ់ ការឃោសនារបស់ពួកប្រឆាំង ដែលវាខិតខំញុះញង់ប៉ុនប៉ងធ្វើ បដិវត្តន៍ពណ៌ចង់ផ្តួលរំលំរាជរដ្ឋា ភិបាល លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាំប្រទេសទៅរកសង្គ្រាម។ យុវជនយើងត្រូវតែចូលរួម ក្នុងការរក្សាការពារ សន្តិភាពដ៏មានតម្លៃមួយនេះ»។ នេះជាការបញ្ជាក់ជាមួយសម្តីខ្លាំងៗ និងធ្ងន់ៗរបស់នាយឧត្តមសេនីយ៍ គន់ គីម។

ក្នុងកិច្ចសំណេះសំណាលម្សិលមិញនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានបំផុសយុវជនឱ្យចូលរួមបម្រើកង ទ័ពផងដែរ ដើម្បីពង្រឹងឃឿនការពារឱ្យកាន់តែខ្លាំងក្លា គេចផុតពីការឈ្លានពានទាំងឡាយ។ បន្ទាប់ពីកិច្ច សំណេះ សំណាលក្នុងជំនួបជាមួយយុវជននោះ ក៏មានហូបអាហារសាមគ្គី និងថតរូបអនុស្សាវរីយ៍ប្រកបដោយ ភាពរីករាយផងដែរ ៕










រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូកនៅថ្ងៃទី០២-០៣ ខែវិច្ឆិកា ខាងមុខនេះ

ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកទៅតាមទំនៀមទំលាប់ និងប្រពៃណីខ្មែរដែលនឹងប្រព្រឹត្តទៅនាថ្ងៃ១៤-១៥កើតខែកត្តិក ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីចំណុចស្ពានអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានវត្តរាជបូព៌។

សូមបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ។ សូមទស្សនាកម្រងវីដេអូឆ្នាំ២០១៦ដូចខាងក្រោម៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមពិធីថ្វាយព្រះភ្លើងអតីតព្រះ មហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាតេជ នៃព្រះរាជាណាចក្រថៃដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងបាងកកព្រះរាជាណាចក្រថៃ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានបញ្ជាក់ថា ប្រតិភូដែលនឹងត្រូវអមដំណើររួមមានលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិព្រមទាំងសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀតផងដែរ៕


នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅរោងចក្រនៅតំបន់ទួលសង្កែ

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ១៤,៦១៤នាក់មកពីរោងចក្រចំនួន១០ នៅតំបន់ទួលសង្កែ រាជធានីភ្នំពេញ។

ការចុះជួបសំណេះសំណាលជារៀងរាល់សប្តាហ៍នេះគឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់កម្មករ កម្មការិនីផងដែរ ជាពិ​សេ​សដើម្បីជំរុញនូវគោលនយោបាអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕