Wednesday, October 25, 2017

មន្ត្រីនាំពាក្យCPP៖ សារធាតុពិតរបស់បដិវត្តន៍ពណ៌ គឺការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ដើម្បីអំណាច

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ចរិតពិត និងសារធាតុពិតប្រាកដរបស់បដិវត្តន៍ពណ៌ គឺជាការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ដើម្បីដណ្តើមអំណាច ដោយរំលងការប្រកួតប្រជែងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

តាមការបញ្ជាក់របស់ លោក សុខ ឥសាន នៅថ្ងៃទី២៤តុលានេះ បានឲ្យដឹងថា រូបភាពនៃបដិវត្តន៍ពណ៌ គឺគេប្រើវិធីត្រជាក់ អហិង្សា ដែលមិនអាចជាប់ពិរុទ្ធ ដោយច្បាប់ណាមួយជាធរមាន។ លោកថា ច្បាប់ក្រមព្រហ្មទណ្ឌ អាចចាប់ពិរុទ្ធភាពបាន លុះត្រាតែមានបទល្មើសកើតចេញពីអំពើហិង្សា។ ដូច្នេះ ក្រមព្រហ្មទណ្ឌ មិនអាចចាប់ពិរុទ្ធភាពលើសកម្មភាពនៃបដិវត្តន៍ពណ៌នោះឡើយ។ ហេតុនេះហើយ បានជាក្នុងសកម្មភាពធ្វើបដិវត្តន៍ពណ៌របស់ខ្លួន បក្សប្រឆាំងតែងតែទន្ទេញជាប់មាត់ និងជាពាក្យស្លោករបស់ខ្លួននូវពាក្យ អហិង្សាៗជាប់ជានិច្ច ដើម្បីបង្វែងដានកំហុសរបស់ខ្លួន និងបំភាន់សាធារណមតិតែប៉ុណ្ណោះ។

លោក សុខ ឥសាន អះអាងថា ពួកប្រឆាំងតែងតែយកផ្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកធ្វើជាលេស ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ គឺជាការខុសច្បាប់ដែលត្រូវទទួលខុសត្រូវ។ មន្ត្រីនាំពាក្យរូបនេះ បានបន្តឲ្យដឹងទៀតថា នៅដំណាក់ចុងក្រោយដំណើរបដិវត្តន៍ពណ៌ នឹងត្រូវបង្ក្រាបដោយប្រដាប់អាវុធ ជាឧបករណ៍នៃអំណាចរបស់ប្រជាជន និងតាមផ្លូវច្បាប់តាមក្រមព្រហ្មទណ្ឌនៃប្រទេស មិនអាចបណ្តែតបណ្តោយបានជាដាច់ខាត។

បើតាមលោក សុខ ឥសាន បដិវត្តន៍ពណ៌មានចរិតពិសពុល ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ កើតចេញពីឆន្ទៈរបស់ប្រជាជនភាគច្រើនលើសលប់ ដោយចាប់ដំណើរការតាមរូបភាពអហិង្សា យកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកបិទបាំង និងប្រើប្រាស់កម្លាំងមហាជន និងនៅចុងបញ្ចប់គឺឈានទៅដណ្តើមអំណាចតែម្តង។
លោក សុខ ឥសាន បញ្ជាក់ថា ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ចំពោះឧបាយកល និងសកម្ម ភាពលាក់មុខនៃបដិវត្តន៍ពណ៌ ដែលចង់នាំកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដូចកាលពីអតីតកាលឲ្យបានជាដាច់ខាត៕


No comments:

Post a Comment