Wednesday, October 25, 2017

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់៖ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍

ហ្វីលីពីន៖ នៅកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-ចិន នៅប្រទេសហ្វីលីពីន នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដែលដឹកនាំកិច្ចប្រជុំដោយលោក Delfin Lorenzana រដ្ឋមន្ដ្រីក្រសួងការពារជាតិហ្វីលីពីន និង ជាប្រធានកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានលើកទី១១ និងនាយឧត្តមសេនីយ៍ Chang Wanquan រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិអាស៊ាន ទាំង១០ប្រទេស។

ថ្លែងនៅកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន -ចិន លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ « ប្រទេសចិនជាដៃគូអាស៊ានមួយ ដែលមិនអាចខ្វះបាន។ ប្រទេសចិន បានក្លាយជាដៃគូសន្ទនាជាមួយអាស៊ានដ៏សំខាន់មួយតាំងពីឆ្នាំ១៩៩៦។ ប្រទេសចិនបានដើរ តួយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព វិបុលសុខ និងនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍»។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ប្រទេសចិនបានក្លាយជាសមាជិកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក តាំងពីពេលដែលយន្តការនេះបានចាប់កំណើតនៅឆ្នាំ២០១០។ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានបញ្ជាក់ទៀតថា៖ «ប្រទេសចិនបានរួមចំណែកដោយមិនហត់នឿយ ដើម្បីបង្កើតឱ្យបាននូវមូលដ្ឋានដ៏រឹងមាំ និងបង្កើនសមត្ថភាពសម្រាប់ប្រទេសសមាជិកអាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខថ្មីៗ ជាពិសេសការគំរាមកំហែងសន្តិសុខមិនប្រពៃណី»។

ប្រទេសចិនបានអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយ ប្រទេសសមាជិកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានបូក ដោយមិនត្រឹមតែជួយកសាងសមត្ថភាព ក្នុងការធ្វើប្រតិបត្តិការរួមគ្នា ចំពោះយោធារបស់ អាស៊ានតែប៉ុណ្ណោះទេ តែក៏បានលើកកម្ពស់ការយល់ពីគ្នា និងបង្កើនទំនុកចិត្តរវាងគ្នាទៅវិញទៅមក។ លោកឧបនាយករដ្ឋមន្រ្ដី មានការជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន នឹងកាន់តែប្រសើរឡើង សម្រាប់ប្រយោជន៍ប្រជាជនទាំងអាស៊ាន និងចិន តាមរយៈការលើកកម្ពស់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

គួរបញ្ជាក់ថា នៅក្នុងឱកាសទទួលរៀបចំធ្វើជាម្ចាស់នៃកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិ អាស៊ានលើកទី១១ (ADMM) និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក (ADMM-Plus) ក្រសួងការពារជាតិនៃប្រទេសហ្វីលីពីន បានរៀបចំកិច្ចប្រជុំក្រៅផ្លូវការចំនួន៣ ក្នុងនោះរួមមាន៖ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិ អាស៊ាន-អាមេរិក, កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-ចិន និង កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រី ការពារជាតិអាស៊ាន-ជប៉ុន។

ដោយឡែកនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-ជប៉ុន ដែលមានការចូលរួមពីលោក Itsunori Onodera រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានថ្លែងថា រាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន បានផ្តល់ជំនួយ និងការគាំទ្រសំខាន់ៗជាបន្តបន្ទាប់ដល់ប្រទេសកម្ពុជា លើគ្រប់វិស័យ និងនៅក្នុងគ្រប់កាលៈទេសៈ។

ជប៉ុនក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សារជាតិរបស់ប្រទេសកម្ពុជា ដែលបានបញ្ចប់ ដោយជោគជ័យនូវសង្គ្រាមអូសបន្លាយ និងនាំសន្តិភាពពេញលេញដល់ប្រជាជាតិ ទាំងមូល។ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានសង្កត់ធ្ងន់ថា «អ្វីដែលគួរឱ្យកត់សំគាល់នោះ គឺជប៉ុនបានផ្តល់ជំនួយ បច្ចេកទេស និងការកសាងសមត្ថភាពដល់ប្រទេសកម្ពុជាក្នុងវិស័យដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ព្រមទាំងប្រតិបត្តិការថែរក្សាសន្តិភាព»។

តាមរយៈកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន – ជប៉ុន នាពេលនោះ លោកឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា អាស៊ាន និងជប៉ុន មានទំនាក់ទំនងយូរអង្វែង ដែលផ្សារភ្ជាប់ទំនាក់ ទំនងដោយ មិត្តភាពដ៏ស្មោះស្ម័គ្រ និងសាមគ្គីភាព។ លោកឧបនាយករដ្ឋមន្រ្ដី បានបន្ថែមពីលើសេចក្តីផ្តួច ផ្តើមជាច្រើន របស់អាស៊ាន-ជប៉ុន «ទស្សនវិស័យទីក្រុងវៀងចន្ទ» គឺតំណាងឱ្យកម្លាំងចលករដ៏ធំមួយទៀត ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅក្នុងទិដ្ឋភាពជាច្រើន តួយ៉ាងដូចជានៅក្នុង វិស័យការពារជាតិ សន្តិសុខ និងការកសាងសមត្ថភាព ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត ៕



No comments:

Post a Comment