Wednesday, October 25, 2017

លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ថ្លែងថា កម្ពុជាមានសន្តិភាពពេញបរិបូណ៌ ហើយការអភិវឌ្ឍក៏សម្បូររុងរឿង

លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំ សហព័ន្ធសន្តិភាពសកល (UPF) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ថា គោលនយោបាយដឹកនាំប្រទេស របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដោយប្រើនយោបាយឈ្នះឈ្នះ ក្នុងការស្វែងរកសុខ សន្តិភាពជូនប្រទេសជាតិ ចាប់ពីឆ្នាំ១៩៩៨មក បានធ្វើឱ្យកម្ពុជាមានសន្តិភាពពេញបរិបូណ៌ទូទាំងប្រទេស ហើយបានអភិវឌ្ឍន៍ប្រទេស ឱ្យមានភាពសម្បូររុងរឿង។

គួរបញ្ជាក់ថា សហព័ន្ធសន្តិភាពសកល (UPF)  គឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលមានតួនាទីផ្ដល់ យោបល់ពិសេស ដល់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម, អង្គការសហប្រជាជាតិ និងចូលរួមចំណែកក្នុងការ កសាងសន្តិភាព និងការអភិវឌ្ឍន៍ធនធានមនុស្សនៅលើសកលលោក។

ឆ្លើយតបនឹងប្រសាសន៍របស់ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ប្រធានប្រតិភូ សហព័ន្ធសន្តិភាពសកល (UPF) បានកោតសរសើរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងគាំទ្រយ៉ាងពេញទំហឹង លើគោលនយោបាយរបស់លោក និងគណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងដឹកនាំប្រទេសឱ្យ មានសុខសន្តិភាពលើគ្រប់វិស័យ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

សូមជម្រាបថាប្រតិភូ សហព័ន្ធសន្តិភាពសកល (UPF) ដឹកនាំដោយ លោក សុង យ៉ុងសុគ (Song Young-Seob) រួមដំណើរដោយ លោក ហរ យ៉ាំង (Hur Yang), លោក ហាជីមិ សៃតុ (Hajime Saito), លោក ចំរើន សុផល ក៏បានជួបសំដែងការគួរសម ជាមួយលោក ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភាផងដែរ ៕



No comments:

Post a Comment