Wednesday, October 25, 2017

នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់យុវជនឲ្យរួមគ្នាការពារសន្តិភាព កុំចូលរួមធ្វើបដិវត្តន៍ពណ៌ជាមួយបក្សប្រឆាំង

ឧត្តរមានជ័យ៖ ក្នុងកិច្ចសំណេះសំណាលជាមួយយុវជនក្នុងខេត្តឧត្តរមានជ័យប្រមាណ ៣០០នាក់ នាយឧត្តមសេនីយ៍ គន់ គីម មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយខេត្ត ឧត្តរមានជ័យ បានថ្លែងអំពាវនាវដល់យុវជនទាំងអស់ត្រូវរួមថែរក្សា និងការពារសុខសន្តិភាពនាពេលបច្ចុប្បន្ន ដោយមិនត្រូវចូលរួមចលនាបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាល តាមការចង់បានរបស់គណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងនៅកម្ពុជានោះឡើយ។

ការថ្លែងអំពាវនាវនេះបានធ្វើឡើងនៅចំថ្ងៃខួប២៦ឆ្នាំ នៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ម្សិលមិញនេះ។ នៅចំពោះមុខយុវជនលើដែនដី ដែលញ៉ាំញីដោយភ្លើងសង្រ្គាមទើបនឹងបញ្ចប់កាល ពីឆ្នាំ១៩៩៨នេះ នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកជាច្រើនពីទុក្ខវេទនារបស់ប្រជាពលរដ្ឋ នៅក្នុងភ្លើង សង្រ្គាមជាង ៣ទសវត្សរ៍ផ្តើមចេញពីចលនាប៉ះបោរ និងការប្លន់អំណាចរបស់ក្រុមសេនាប្រមុខ លន់ នល់ ដែលមានអាមេរិកជាបង្អែក ១៨ មីនា ១៩៧០ ដោយបានទម្លាក់ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានលើកបង្ហាញពីកិច្ចខិតខំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងកិច្ចប្រឹង ប្រែងរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ប្រឹងប្រែងចរចាស្វែងរក សន្តិភាព និងដាក់ចេញគោលនយោបាយឈ្នះឈ្នះ ប្រមូលកងទ័ពខ្មែរក្រហមមករួមរស់ជាមួយរាជរដ្ឋាភិបាល បញ្ចប់ភ្លើងសង្រ្គាមនៅឆ្នាំ១៩៩៨។

មន្រ្តីយោធាជាន់ខ្ពស់របស់កម្ពុជា និងមានឥទ្ធិពលរូបនេះ បានថ្លែងគូសបញ្ជាក់ថា សុខសន្តិភាពដែលកម្ពុជា រកបានដោយលំបាកនេះសំខាន់ណាស់ ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ហើយយុវជនមានតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសុខសន្តិភាពនេះ។ «យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ ត្រូវតែចូលរួមក្នុងសកម្មភាពសង្គម ដើម្បីសន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិ។ យុវជនទាំងអស់ត្រូវ ជៀស ឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវស្វែងយល់ពីសភាពការណ៍ពិតរបស់ប្រទេសជាតិ ដើម្បីកុំឱ្យចាញ់ ការឃោសនារបស់ពួកប្រឆាំង ដែលវាខិតខំញុះញង់ប៉ុនប៉ងធ្វើ បដិវត្តន៍ពណ៌ចង់ផ្តួលរំលំរាជរដ្ឋា ភិបាល លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាំប្រទេសទៅរកសង្គ្រាម។ យុវជនយើងត្រូវតែចូលរួម ក្នុងការរក្សាការពារ សន្តិភាពដ៏មានតម្លៃមួយនេះ»។ នេះជាការបញ្ជាក់ជាមួយសម្តីខ្លាំងៗ និងធ្ងន់ៗរបស់នាយឧត្តមសេនីយ៍ គន់ គីម។

ក្នុងកិច្ចសំណេះសំណាលម្សិលមិញនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានបំផុសយុវជនឱ្យចូលរួមបម្រើកង ទ័ពផងដែរ ដើម្បីពង្រឹងឃឿនការពារឱ្យកាន់តែខ្លាំងក្លា គេចផុតពីការឈ្លានពានទាំងឡាយ។ បន្ទាប់ពីកិច្ច សំណេះ សំណាលក្នុងជំនួបជាមួយយុវជននោះ ក៏មានហូបអាហារសាមគ្គី និងថតរូបអនុស្សាវរីយ៍ប្រកបដោយ ភាពរីករាយផងដែរ ៕










No comments:

Post a Comment