នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៥នេះ គណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិបានចេញនូវលិខិតជាផ្លូវការរបស់ខ្លូន ដើម្បីបង្ហាញជាសាធារណៈនូវសមាសភាព
ទាំង៩រូប នៃសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប) ដែលប្រជាពលរដ្ឋ
និងសាធារណៈជនកំពុងរង់ចាំមើលថា តើជាអ្នកណា និងក្លាយជាតំណាងគណបក្សទាំងពីរក្នុងនាមជាសមាជិក
គ.ជ.ប? និងតើអ្នកណាដែលនឹងត្រូវជ្រើសរើសជាសមាជិកទី៩ នៃ គ.ជ.ប ថ្មីនេះ?
ដើម្បីធ្វើការងារបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ ដែលគេរំពឹងថា និងទទួលបានការពេញចិត្តពីគ្រប់មជ្ឈដ្ឋានបន្ទាប់ពី
គ.ជ.ប ថ្មីត្រូវបានធ្វើកំណែទម្រង់ស៊ីជម្រៅ នៅក្នុងអាណត្តិទី៥នេះ។
យោងតាមលិខិតរបស់ គណបក្សប្រជាជនកម្ពុជា ដែលចុះហត្ថលេខា ដោយ
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៥ ផ្ញើរជូនសម្តេចពញាចក្រី ហេង
សំរិន ប្រធានរដ្ឋសភា គឺសមាសភាព ៤រូប ដែលស្នើឡើងដើម្បីឲ្យរដ្ឋសភាបោះឆ្នោតអនុម័តនោះ
រួមមាន ៖ ទី១. លោក ស៊ិក ប៊ុនហុក (ប្រធាន), ទី២. លោក មាន សទិ (សមាជិក) ទី៣.
លោក ឌុច សុន (សមាជិក) និងទី៤. លោក ឯម
សូផាត (សមាជិក)។
ដោយឡែក យោងតាមលិខិតរបស់ គណបក្សសង្រ្គោះជាតិ ដែលចុះហត្ថលេខា
ដោយ ឯកឧត្តម សម រង្ស៊ី ផ្ញើរជូនសម្តេចពញាចក្រី ហេង សំរិន នៅថ្ងៃនេះដែរ
គឺសមាសភាព ៤រូប ដែលស្នើរួមមាន៖ ទី១. លោក គួយ ប៊ុនរឿន ទី២. លោក រ៉ុង ឈុន ទី៣. លោក ហ៊ីង ធីឫទ្ធិ និងទី៤.
លោកស្រី តែ ម៉ានីរ៉ុង។
ជាមួយគ្នានេះ លិខិតរួមរបស់គណបក្សទាំងពីរ ដែលចុះហត្ថលេខា
ដោយ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ចេញផ្សាយនៅថ្ងៃនេះ ផ្ញើរជូនសម្តេចពញាចក្រី
ហេង សំរិន គឺគណបក្សទាំងពីរ បានព្រមព្រៀងគ្នា ជ្រើសតាំងលោក ហង្ស ពុទ្ធា
ជាសមាជិកទី៩ នៃ គ.ជ.ប ផងដែរ៕
អត្ថបទ៖ ច័ន្ទ ទេវី