Tuesday, April 29, 2014
សម្តេចតេជោ៖ គ្មានបញ្ញត្តិច្បាប់ណាតម្រូវឲ្យបញ្ជូនសេចក្តីព្រាងច្បាប់ទៅអ្នកណាផ្សេង ក្រៅពីរដ្ឋាភិបាល និងរដ្ឋសភានោះទេ
ថ្លែងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤នេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១.៨២៣នាក់ ដែលបានបញ្ចប់ការ សិក្សា ក្នុងឆ្នាំសិក្សា២០១១-២០១២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បង្ហាញពីដំណើរការជាធម្មតានៃជីវភាពប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា និងការងារដោយរលូនរបស់រាជរដ្ឋាភិបាល ទាំងការងារ នយោបាយ សេដ្ឋកិច្ច ជាពិសេសនៅក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិកន្លងទៅថ្មីៗនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ដំណើរការធម្មតាទាំងអស់ ចូលឆ្នាំចូលអ៊ីចឹង!... អ្នកណាចង់នៅចូល ក្នុងស្រុកក៏ចូលទៅ អ្នកណាគេចេញទៅក្រៅប្រទេសក៏ទៅ!... អ្នកណាទៅលេងសៀមរាប ក៏ទៅៗ អ្នក ណាទៅលេងក្រុងព្រះសីហនុក៏ទៅៗ អ្នក ណាទៅរតនគិរីក៏ទៅៗ រឿងវាតែប៉ុនហ្នឹង!”។
បើទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាឲ្យដំណើរការជាធម្មតារបស់ជីវភាពសង្គម ក៏ដូចជាការងាររបស់មន្ត្រីរាជការក្នុងស្ថាប័នរដ្ឋ សម្ដេចតេជោបានក្រើនរំលឹកជាថ្មីម្ដងទៀត ឱ្យថ្នាក់ដឹកនាំស្ថាប័នរបស់រាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះ ការបើកប្រាក់ខែ របស់មន្ត្រីរាជការឱ្យបាននៅក្នុងខែនីមួយៗ ដោយមិនឱ្យការបើកប្រាក់ខែ ហួសទៅដល់ ៤០ថ្ងៃ ៥០ថ្ងៃ ឬ៦០ថ្ងៃ ដូចមុនទៀតនោះទេ។ សម្ដេចតេជោមានប្រសាសន៍ថា៖ “ប្រាក់ខែរបស់យើងវាមិនច្រើនទេ ប៉ុន្តែបើបើកទាន់ពេលវាក៏សម្រួលរឿងច្រើនដែរ ហើយរឿងហ្នឹងក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមឱ្យជាប់! ខ្ញុំអត់ឱ្យរឿងនេះមួយរបូតទេ របូតរឿងហ្នឹង ទទួលខុសត្រូវដោយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អត់ឱ្យរបូតបានទេ!...”។ សម្ដេចបន្តថា “មួយខែមាន តែ៣០ថ្ងៃ ឬ ៣១ថ្ងៃ តែប៉ុនហ្នឹង អត់មាន ១ខែ ៤០ថ្ងៃ ៥០ថ្ងៃ ៦០ថ្ងៃ ដូចកាលពីពេលមុនទេ សុំបញ្ជាក់! សូមឱ្យដំណើរការវាទៅទាំងអស់។
ពាក់ព័ន្ធដល់ការចរចាជាមួយបក្សប្រឆាំងសម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា “និយាយម្ដងអីចេះ ម្ដងអីចុះ ខ្ញុំអត់និយាយរឿងនយោបាយទេ ខ្ជិល! ទុកមួយកន្លែងទៅ! កុំខ្វល់ពេក!...”។ “អីចឹង ទេដំណើរការធម្មតា វាអត់មានអី ព្រោះសង្គមប្រជាធិបតេយ្យ! ហើយនៅលើលោកិយ៍នេះ វាអត់មានអ្វីដែលដូចគ្នាទាំងអស់ទេ វាមានអ្នកខ្លះ គេសប្បាយទៅអ្នក ខ្លះគេយំទៅ ប៉ុន្តែធ្វើម៉េចឱ្យអ្នកសប្បាយ នោះ វាច្រើនជាងអ្នកយំ នោះវាចប់រឿងហើយ!... កុំខ្វល់ច្រើននិយាយតទៅវានាំបង្កើតរឿងតភាគ អីចឹងខ្ជិលនិយាយ!...”។ សម្ដេចតេជោបានមានប្រសាសន៍ឲ្យដឹងដែរថា “១៨ ឧសភា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ស្រុក ខ័ណ្ឌ ក្រុងបោះទៅ! អាហ្នឹងធម្មតា!គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតគេធ្វើការធម្មតារបស់គេទៅបក្សនយោបាយនានា រហូតដល់៥ ចុះឈ្មោះបោះឆ្នោតធម្មតា តើវាមានអីខុសធម្មតាឥឡូវហ្នឹង? វាខុសតែអ្នកដែលធ្វើខ្លួនឯង ឱ្យខុសនោះ តើ!, ឧទាហរណ៍ គេចូលសាលា ឯងអត់ ចូលសាលា អីចឹងចាប់បង្ខំឱ្យអ្នកចូលសាលា ធ្វើតាមខ្លួនមិនចូលសាលាដែរ?... តែគេ ចូលសាលា, ចូលសាលាហើយអ្នកមិន ចូលសាលា វានៅក្រៅសាលាហើយ វាចប់ ត្រឹមប៉ុណ្ណឹង!, ឱ្យយើងចូលសាលា ហើយ អត់រៀន ដើម្បីរង់ចាំអ្នកនៅក្រៅសាលា អ្នកណាធ្វើកើត ធ្វើវាមិនកើត ហើយមក បន្ទោសគេ!... ទៅហើយ!...”។
ទាក់ទងទៅនឹងដំណើរទស្សនកិច្ចជាផ្លូវការ និងជាប្រវត្តិសាស្រ្តទៅកាន់អាស៊ែបៃ ហ្សង់ និងបេឡារុសកាលពីពេលថ្មីៗនេះ សម្តេចតេជោថ្លែងថា ដំណើរទស្សនកិច្ចនេះគឺ មានគោលដៅលក់ទំនិញកម្ពុជាឲ្យគេ ដែលជាបញ្ហាធំ និងមានគោលដៅទិញទំនិញពីគេ មកវិញដែលមានតម្លៃថោកផងដែរ ។ សម្តេចតេជោមានប្រសាសន៍ថា រឿងនយោបាយជា រឿងមួយ ប៉ុន្តែការយកការទូតផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម ហើយការទូតបច្ចុប្បន្នគឺជាការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ហើយ យកបញ្ហាសេដ្ឋកិច្ចទៅពង្រឹងលើបញ្ហានយោបាយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផ្ដាំផ្ញើខ្លះទៅអ្នកច្បាប់ និងអង្គការក្រៅរដ្ឋាភិបាលសង្គមស៊ីវិលមួយចំនួន ដែលបានរិះគន់ចំពោះរាជរដ្ឋាភិបាល ដែលបានអនុម័តសេចក្ដីព្រាងច្បាប់ចំនួនបី ដែលរៀបចំដោយក្រសួងយុត្តិធម៌ ថាមិនបានបញ្ជូនសេចក្ដីព្រាងច្បាប់ទាំងនោះ ឱ្យសង្គមស៊ីវិល ដើម្បីបានផ្លាស់ប្ដូរយោបល់ជាមួយពលរដ្ឋនោះផងថា វាគ្មានច្បាប់ណាដែលចែងថាឲ្យបញ្ជូនសេចក្តីព្រាងច្បាប់ទៅសង្គមស៊ីវិលត្រួតពិនិត្យនោះទេ គឺមានតែបញ្ជូនឲ្យរដ្ឋសភាអនុម័ត។
សម្ដេចតេជោបានមានប្រសាសន៍ថា “បញ្ញត្តិច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺមិនអនុញ្ញាតឱ្យយើងទៅប្រគល់ឱ្យអ្នកណាក្រៅតែពី៖ អ្នកធ្វើសេចក្ដីព្រាងច្បាប់ ហើយគេបញ្ជូនមកគណៈរដ្ឋមន្ត្រី, គណៈរដ្ឋមន្ត្រី មានកន្លែងសម្រាប់បញ្ជូន គឺសភា! គេអត់ប្រាប់ថា ទៅអង្គការក្រៅរដ្ឋាភិបាល លោកនេះទេ, អត់ប្រាប់ទេ! សូមកុំអាល ទារសិទ្ធិហួស!...” “សុំអស់លោកខ្លះមេត្តា ចេះខ្មាសអៀន កុំទាមទារយកកិច្ចការរបស់គេទៅធ្វើ!... រួចច្បាប់នោះ សួរថាអនុម័តបានទេ? លើកលែងតែអត់មានកូរ៉ុមប្រជុំ តែមានកូរ៉ុមប្រជុំសំឡេងអនុម័តគ្រប់គ្រាន់គេ ធ្វើហើយ កុំឆ្ងល់ពេក!”។
សូមបញ្ជាក់ថា និស្សិតជ័យលាភី ថ្នាក់ បរិញ្ញាបត្ររង, បរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់ នៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ១.៨២៣នាក់ ដែលបានបញ្ចប់ការ សិក្សា ក្នុងឆ្នាំសិក្សា២០១១-២០១២ បានទទួលសញ្ញាបត្រក្រោមអធិបតីភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតលោក ឌួង លាង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានឱ្យដឹងថា ក្នុងចំណោមនិស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រនេះក៏មាននិស្សិត អាហារូបករណ៍ របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៥២នាក់ ផងដែរ។
ព្រមជាមួយ សេចក្ដីរីករាយសាទរ និង សរសើរចំពោះនិស្សិតជាជ័យលាភី ក៏ដូច ជា ការប្រឹងប្រែងរួមគ្នា ដែលធ្វើឱ្យវិស័យ អប់រំកម្ពុជា បានរីកចម្រើននោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ ដល់គ្រប់គ្រឹះស្ថាន អប់រំទាំងរបស់រដ្ឋ និងឯកជនឱ្យបន្ត ការយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថា ខ្ញុំសូមថ្លែងនូវការអបអរសាទរចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រ នៅថ្ងៃនេះ ប៉ុន្តែសូមនិស្សិតទាំងអស់ចាំថា ការសិក្សារបស់យើងមិនបញ្ចប់ត្រឹមថ្ងៃដែល យើងទទួលសញ្ញាបត្រនាថ្ងៃនេះទេ និស្សិតទាំងអស់ត្រូវបន្តទៅ ទៀតនៅក្នុងការសិក្សា របស់យើង ។ សម្តេចតេជោមានប្រសាសន៍ថា គ្មានអ្នកណាមួយសិក្សាដោយចប់ថ្នាក់ បណ្ឌិតហើយ រួចហើយនិយាយថា ចប់នោះ មិនមែនអញ្ចឹងទេ ហើយក៏សូម កុំនិយាយថា ខ្លួនធ្វើរដ្ឋមន្រ្តី ធ្វើនាយករដ្ឋមន្រ្តី ឬឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ខ្លួនចេះអស់ហើយ មិន ចាំបាច់អ្នកណាប្រាប់នោះទេ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា យើងទាំងអស់គ្នាត្រូវរៀនមិនឈប់ ហើយ មនុស្សតែចូលក្នុងកម្រិតអភិរក្សហើយគ្រោះថ្នាក់ខ្លាំងណាស់ ។ យើងកុំភ្លេចថា សភាព ការណ៍ចេះតែវិវត្តន៍ ដែលតម្រូវឲ្យយើងតាមសភាពការណ៍នោះឲ្យជាប់ ។ ឥឡូវនេះ សម្ភារ ទំនើបណាស់ ប៉ុន្តែបើមនុស្សមិន ទំនើបក៏មិនដឹងធ្វើដូចម្តេចដែរ ។
សម្តេចតេជោក៏បានអបអរសាទរការសរសើរចំពោះជ័យលាភី និងបានជំរុញដល់ គ្រប់គ្រឹះស្ថានអប់រំទាំងអស់ ទាំងគ្រឹះស្ថានអប់រំរបស់រដ្ឋ និងឯកជនត្រូវបន្តការយកចិត្តទុក ដាក់ពង្រឹងពីបញ្ហាគុណភាពអប់រំនេះឲ្យបានកាន់តែប្រសើរឡើងថែមទៀតផងដែរ។សម្តេច តេជោនាយករដ្ឋ មន្ត្រីបានយកឱកាសនេះ លើកឡើងពីកិច្ចការនានាជាច្រើនដែលសម្តេច កំពុងបន្តយកចិត្តទុកដាក់គិតគូនិង ចុះហត្ថលេខាលើ ឯកសារជាច្រើន ជាពិសេសការ ប្រគល់ប័ណ្ណកម្មសិទ្ធិ ដែលកំពុងវាស់វែងដីធ្លីក្នុងក្របខណ្ឌនៃគោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដែលមាននិស្សិតអាស៊ី អ៊ឺរ៉ុបក៏បានចូលរួមនោះ៕
ឯកឧត្តម យឹម ណុលឡា អញ្ជើញជាអធិបតីបើកសន្និសីទ្ធអន្តរជាតិស្តីពីការអភិវឌ្ឍន៍វិស័យអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច
នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសន្និសីទ្ធអន្តរជាតិស្តីពីការអភិវឌ្ឍន៍វិស័យអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច និងពិធីចុះហត្ថលេខាសាងសង់មហាវិទ្យាល័យសិក្សាអ៊ីស្លាមមួយនៅក្នុងខេត្តត្បូងឃ្មុំ។
លោក មូហាំម៉ាត់ ហ្វារឹតហូសេន ប្រធានប្រតិបត្តិក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍កម្ពុជា ដែលជាអ្នករៀបចំសន្និសីទ្ធបានឲ្យដឹងថា សន្និសីទ្ធអន្តរជាតិដែលរៀបចំឡើងក្រោមប្រធានបទ អភិវឌ្ឍន៍វិស័យអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច ដែលមានភ្ញៀវចំនួន ២០០នាក់ចូលរួម ក្នុងនោះភ្ញៀវអន្តរជាតិចំនួន៥០រូប រួមមាន តំណាងទូតគុយវែត និងម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងតំណាងអង្គការអ៊ីស្លាមអន្តរជាតិផ្សេងទៀតផងនោះ មានគោលបំណងសំខាន់៣ចំណុច គឺ៖
ទី១, ធ្វើការសិក្សាពីកត្តាដែលនាំឲ្យមានបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍សហគមន៍ខ្មែរអ៊ីស្លាម ទាំងផ្នែកអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច។
ទី២, ពិគ្រោះរកយុទ្ធសាស្ត្រដើម្បីកំណត់នូវភាពខ្លាំង និងឱកាសសម្រាប់អភិវឌ្ឍន៍សហគមន៍ខ្មែរអ៊ីស្លាមប្រកបដោយស្ថិរភាព និងនិរន្តរភាព។
ទី៣, បង្កើតនូវបណ្តាញទំនាក់ទំនងជាមួយអង្គការអន្តរជាតិជាដៃគូ ក្នុងការស្វែងរកយុត្តិសាស្ត្រ ដើម្បីអភិវឌ្ឍន៍សហគមន៍អ៊ីស្លាម និងប្រទេសជាតិទាំងមូលដោយ ចាត់ទុកសន្និសិទ្ធអន្តរជាតិស្តីពីការអភិវឌ្ឍន៍វិស័យអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច ជាវេទិការសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗដើម្បីធ្វើឲ្យកាន់តែប្រសើរនូវប្រសិទ្ធភាពនៃការអប់រំផ្នែកសាសនាអ៊ីស្លាម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាឲ្យមានសុខសន្តិភាព សុខដុមរមនា និងវិបុលភាព ឯកឧត្តម យឹម ណុលឡា បានរំលឹកឡើងវិញអំពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ក្នុងរយៈពេលទស្សវត្សរ៍ចុងក្រោយនេះ។
ឯកឧត្តម យឹម ណុលឡា ដែលជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានមានប្រសាសន៍ឲ្យដឹងថា នៅឆ្នាំ២០១២ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧,២ភាគរយ ហើយអត្រាកំណើននេះត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់ ៧ទៅ៨ ភាគរយ នៅឆ្នាំបន្តបន្ទាប់ជាមួយនឹងអត្រាអតិផរណាទាប។ ផ្នែកលើកំណើនដ៏ខ្ពស់នេះ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១១ ក្នុងចំណោមប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ និងជាប់ចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។
ឯកឧត្តម យឹម ណុលឡា បានបង្ហាញនូវក្តីសង្ឃឹមថា កម្ពុជានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាបក្នុងពេលអនាគតដ៏ខ្លីខាងមុខ ហើយនឹងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។
ទាក់ទងនឹងវិស័យជំនឿសាសនា ឯកឧត្តម យឹម ណុលឡា បានមានប្រសាសន៍ថា កម្ពុជាមានសេរីភាពខាងសាសនា និងគ្មានជម្លោះខាងសាសនាទេ។ បងប្អូនខ្មែរអ៊ីស្លាមទាំងអស់ សុទ្ធតែមានសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិតាមជំនឿសាសនារបស់ខ្លួន ដូចជាសិទ្ធិហ៊ីចាប់ (កន្សែងគ្របក្បាល) តាមប្រពៃណីសាសនាអ៊ីស្លាម នៅតាមទីសាធារណៈ សិទ្ធិសំពះយ៉ាំង(ថ្វាយបង្គំ) សិទ្ធិប្រារព្ធពិធីសូត្រគម្ពីរគូរអានជាលក្ខណៈជាតិ និងអន្តរជាតិ និងសិទ្ធិប្រារព្ធពិធីបុណ្យទានផ្សេងៗតាមប្រពៃណីសាសនាអ៊ីស្លាម។
ក្នុងសន្និសីទ្ធអន្តរជាតិស្តីពីការអភិវឌ្ឍន៍វិស័យអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច ឯកឧត្តម យឹម ណុលឡា ក៏បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ ស្តីពីការផ្តល់ជំនួយកសាងមហាវិទ្យាល័យអ៊ីស្លាម មួយកន្លែងនៅក្នុងខេត្តត្បូងឃ្មុំ ដែលមានតម្លៃជាង ២លានដុល្លារអាមេរិករវាងលោក មូហាម៉ាត់ ហ្វារឹតហូសេន ប្រធានប្រតិបត្តិក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ីព្រឹហីម អាច់ឌុលឡោះ អាល់ខូហ្សៃយឹម នាយកប្រតិបត្តិមូលនិធិ Islamic Solidarity, Fund (ISF-OIC) ដែលជាម្ចាស់ជំនួយផងដែរ។
បច្ចុប្បន្ននេះនៅកម្ពុជា មានវិហារអ៊ីស្លាមប្រមាណ៤០០ ស៊ូរ៉ាវចំនួនជាង ៤០០ និងសាលារៀនមានចំនួន ២០០ ហើយចំនួនទួន (គ្រូបង្រៀនសាសនា) ក៏បានកើនឡើងច្រើនផងដែរ។ លើសពីនេះទៀតនិស្សិតខ្មែរអ៊ីស្លាមជាច្រើននាក់ បានបន្តការសិក្សានៅកម្រិតឧត្តមសិក្សាទាំងក្នុង និងក្រៅប្រទេស។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម យឹម ណុលឡា។
លោក មូហាម៉ាត់ ហ្វារឹតហូសេន ប្រធានប្រតិបត្តិក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា មុនរបបខ្មែរក្រហមនៅកម្ពុជា មានអ្នកកាន់សាសនាអ៊ីស្លាមជាង ៧០០ពាន់នាក់។ ក្នុងរបបប៉ុលពតអ្នកកាន់សាសនាអ៊ីស្លាមប្រហែល ៥០០ពាន់នាក់ត្រូវបានសម្លាប់ ដែលធ្វើឲ្យសហគមន៍ខ្មែរអ៊ីស្លាមបាត់បង់ធនធានមនុស្សជាច្រើន។ លោក មូហាម៉ាត់ ហ្វារឹតហូសេន បានបញ្ជាក់ថា ក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចទាំងបី និងសហគមន៍ខ្មែរអ៊ីស្លាមបានបញ្ជូនកូនចៅទៅសិក្សានៅបរទេស ដើម្បីយកចំណេះដឹងត្រឡប់មកជួយកិច្ចការក្នុងសហគមន៍វិញ៕
Subscribe to:
Posts (Atom)