Thursday, March 22, 2018

បទវិភាគនយោបាយ៖ សករាជនៃបុរសខ្លាំងនៅអាស៊ី !

(ភ្នំពេញ)៖ អាចចាត់ទុកជារឿងអស្ចារ្យដែលបុរសខ្លាំងនៅអាស៊ីកំពុងលេចធ្លោធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង។ បុរសខ្លាំងរបស់ចិនគឺលោក ស៊ី ជីនពីង ត្រូវបានសភាប្រជាជនចិនបោះឆ្នោត សម្រេចជាឯកច្ឆ័ន្ទ កាលពីថ្ងៃទី១៧ ខែមីនា ឲ្យបន្តធ្វើជាប្រធានាធិបតីអាណត្តិថ្មីទៀត។

ការសម្រេចឲ្យលោក ស៊ី ជីនពីង ក្លាយជាប្រធានាធិបតីអាណត្តិថ្មីបានធ្វើឡើង បន្ទាប់ពីចិនបានកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលអាចបើកផ្លូវឲ្យលោក ស៊ី កាន់តំណែងជាមេដឹកនាំកំពូលរបស់ចិនអស់មួយជីវិត​។ វាមិនមែនជារឿងចៃដន្យឡើយ សម្រាប់ការបន្តកាន់តំណែងកំពូលរយៈពេលយូររបស់លោក ស៊ី ជីនពីង។

បុរសខ្លាំង និងដ៏មានឥទ្ធិពលរបស់ចិន មានក្តីស្រមៃចង់ធ្វើឲ្យប្រទេសចិនក្លាយជាប្រទេសអ្នកមានបំផុត​លើលោក ជាមហាអំណាចទី១ ទាំងយោធា និងសេដ្ឋកិច្ចនិងជាប្រទេស ដែលមានមោទនភាពបំផុតមួយ​។ ចាប់តាំងពីឡើងកាន់អំណាចកាលពីឆ្នាំ២០១២មក គេអាចសង្កេតឃើញចំណុចខ្លាំងរបស់លោក ស៊ី គឺ​ការ​ពង្រឹងអំណាច បានយ៉ាងរឹងមាំ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបានយ៉ាងល្អ និង​នយោ​​បាយប្រឆាំង​​អំពើពុករលួយដ៏មានប្រសិទ្ធភាព។ មហិច្ឆតាដ៏ធំធេង និង​គោល​នយោ​​បាយ​ជាក់​លាក់​​ប្រ​​កប​ដោយ​​​ទស្សន​វិស័យ​វែងឆ្ងាយ បានធ្វើឲ្យលោកស៊ី ជីពីង ក្លាយ​ជា​ទំនុក​ចិត្ត​ដ៏រឹងមាំរបស់​ប្រជា​​ជន​​ចិន​។

លោក ស៊ី ជាមេដឹកនាំដ៏ខ្លាំងម្នាក់ក្នុងប្រវត្តិសាស្ត្រចិន បន្ទាប់ពីលោក ម៉ៅ សេទុង។ លោក ស៊ី ដែលមានវ័យ៦៤ឆ្នាំ ត្រូវបានអ្នកខ្លះប្រៀបប្រដូចទៅនឹងនាគភ្ញាក់ពីដំណេក ដែលពោរពេញដោយថាម​ពល​ធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងកក្រើក។

ស្របពេលជាមួយគ្នានេះដែរ បុរសខ្លាំងរបស់រុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក៏ត្រូវបានប្រជាជនរុស្ស៊ីបោះ​ឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ លោក ពូទីន ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតក្នុងលោកក៏មានក្តីស្រមៃរបស់ខ្លួនដែរនោះគឺ «គំនិតរបស់​យើងនឹងធ្វើឲ្យមានអនាគតដ៏អស្ចារ្យ នៃប្រទេសរបស់យើង និងអនាគតកូនចៅយើង»។ លក្ខណៈពិសេសរបស់លោក ពូទីន គឺការប្រយុទ្ធប្រឆាំងយ៉ាងក្លៀវក្លាទៅនឹងការជ្រៀតជ្រែកចូលកិច្ច​ការ​ផ្ទៃក្នុង ពីសំណាក់មហាអំណាចលោកខាងលិច។ លោកពូទីនគឺជានិមិត្តរូបនៃការការពារអធិប​តេយ្យភាព និងបូរណភាពដែនដីរុស្ស៊ីយ៉ាងរឹងមាំ។ ពូទីនជាមេដឹកនាំដ៏ឈ្លាសវៃ និងទប់ទល់បានគ្រប់​ស្នៀតរបស់លោកខាងលិច។

ទាំងនេះជាចំណុចធ្វើឲ្យលោកពូទីនក្លាយជាមេដឹកនាំលេចធ្លោ និងទទួលបានការគាំទ្រ និងការផ្តល់ទំនុកចិត្តយ៉ាងខ្លាំងពីពលរដ្ឋរុស្ស៊ី។ លោកពូទីន បានជាប់ឆ្នោតក្លាយជា ប្រធានាធិបតីរុស្ស៊ី ជាលើកដំបូងកាលពីឆ្នាំ ២០០០ ដោយបានកាន់អំណាចពីរអាណត្តិរហូតដល់ឆ្នាំ ២០០៨ (កាលណោះអា​ណត្តិ​ប្រធានាធិបតីរុស្ស៊ីមានតែ៤ឆ្នាំទេ)។ បន្ទាប់មកចន្លោះពីឆ្នាំ២០០៨ ដល់ ២០១២ ត្រូវបានលោក ឌីមេទ្រី មេដវេដដេវ កាន់តំណែងជាប្រធានាធិបតីវិញម្តង មុននឹងលោកពូទីនហក់ចូលមកកាន់តំ​ណែងនេះជាថ្មី ចាប់ពីឆ្នាំ ២០១២មក។ បុរសអាយុ៦៦ឆ្នាំរូបនេះ បានកាន់អំណាច៣អាណត្តិជាប់គ្នា ពោលគឺអស់រយៈពេល ១៨ឆ្នាំមកហើយ។ ឥឡូវនេះលោកត្រូវបន្តតំណែងកំពូល នេះ៦ឆ្នាំទៀត។

នៅប៉ុន្មានខែខាងមុខនេះ បុរសខ្លាំងរបស់កម្ពុជា គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវគេមើលឃើញថា នឹងឈ្នះឆ្នោតកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀត ដោយគ្មានការសង្ស័យឡើយ។ បុរសខ្លាំងកម្ពុជាដែលបានកាន់កាប់តំណែងដឹកនាំកំពូលរបស់ប្រទេសតាំងពីឆ្នាំ ១៩៨៥ មកនៅតែជាជម្រើសដែលមិនអាចខ្វះបានរបស់ ពលរដ្ឋខ្មែរភាគច្រើន។ ចំណុចខ្លាំងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ស្រដៀងទៅនឹងលោក ស៊ី ជីនពីង និងលោកពូទីនដែរនោះ គឺជាមេដឹកនាំដែលហ៊ានតតាំងប្រឆាំង ដាច់ខាតចំពោះ​ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់មហាអំណាចលោកខាងលិច។ ទោះ​បីជា​កម្ពុជាជាប្រទេសតូចតាច ទន់ខ្សោយ ទើបងើបចេញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុន្តែមេ​ដឹក​នាំប្រទេសនេះបានកសាងប្រទេសពីគំនរផេះផង់រហូតក្លាយជាប្រទេសកំពុងអភិវឌ្ឍ ដែលមានកំ​ណើនសេដ្ឋកិច្ចខ្ពស់ជាងគេមួយក្នុងអាស៊ី។

បើក្រឡេកទៅមើលអតីតកាលនៃសម័យសង្គ្រាម និងសម័យខ្មែរក្រហម កម្ពុជាបច្ចុប្បន្នប្រៀបបាននឹងការចាកចេញពី​ឋាន​ន​រក​​ទៅ​កាន់​ឋាន​សុខសាន្តថ្មីមួយ ដែលពោរពេញដោយការអភិវឌ្ឍន៍គ្រប់វិស័យ។ បុរស​ខ្លាំងកម្ពុជាដែលបានដឹកនាំចលនារសង្គ្រោះប្រទេសចេញពីរបបខ្មែរក្រហម និងបាននាំសន្តិភាពពេញ​លេញ ជូនប្រទេសជាតិក្រោមនយោបាយ «ឈ្នះឈ្នះ» ដ៏ល្បីល្បាញ កំពុងតតាំងជាមួយសត្រូវច្រើន​យ៉ាងក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី ក៍ដូចជារក្សាសន្តិ​ភាព និងស្ថិរភាពសង្គម។ ដៃម្ខាងធ្វើសង្គ្រាមប្រឆាំងនឹងភាពក្រីក្រតាមរយៈការអភិវឌ្ឍប្រទេសគ្រប់វិស័យ រីឯដៃម្ខាងទៀតកំពុងធ្វើសង្គ្រាមតតាំង ជាមួយសត្រូវលូកដៃពីខាងក្រៅផង និងសត្រូវខាងក្នុងដែលជាអាយ៉ងរបស់បរ​ទេសផង ដែលប៉ុនប៉ងទាញទម្លាក់សភាពការណ៍ឲ្យធ្លាក់ក្នុងភាពច្របូកច្របល់ ដើម្បីគោល​ដៅ​ដណ្តើម​អំណាច និងយកកម្ពុជាធ្វើជារណប។

ទោះជាក្នុងកាលៈទេសៈដ៏លំបាកលំបិន្តបែបនេះក្តី ក៏បុរសខ្លាំងកម្ពុជាមិនបានបង្ហាញពីភាព​នឿយ​ហត់ ឬនឿយណាយឡើយ។ ក្នុងវ័យ៦៧ឆ្នាំ នាយករដ្ឋមន្ត្រីខ្មែរនៅតែបង្ហាញ ភាពរឹងមាំនិងធ្វើជានិមិត្តរូបនៃសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងរឹងមាំ ដែលកាន់តែផ្តល់ទំនុកចិត្តបន្ថែម​ទៀតដល់ប្រជាពលរដ្ឋអ្នកបោះឆ្នោត។

ការឡើងកាន់អំណាចរបស់បុរសខ្លាំងទាំងបីដូចបានលើកឡើងខាងដើមមានអត្ថន័យច្រើនយ៉ាង៖

ទី១៖ វាជាការសបញ្ជាក់ថា នៅអាស៊ី លទ្ធិប្រជាធិបតេយ្យបែបលោកខាងលិចមិនមែនជាសេចក្តីត្រូវការពិតប្រាកដទេ។ ប្រជាធិបតេយ្យអាចជាផ្នែកមួយមិនអាចខ្វះបាន ក្នុងគោលនយោបាយដឹកនាំប្រទេស ប៉ុន្តែវាត្រូវរួមបញ្ចូលផ្នត់គំនិតអាស៊ី និងផ្នត់គំនិតរបស់ប្រទេសនីមួយៗទៅក្នុងនោះជាដាច់​ខាត។ ការប៉ុនប៉ងចម្លងប្រជាធិបតេយ្យ បែបបស្ចឹមលោកទាំងស្រុងមកអនុវត្តមិនទទួលបាន​ជោគ​ជ័យឡើយ។ បរា​ជ័យរបស់ក្រុមប្រឆាំងនៅរុស្ស៊ី និងនៅកម្ពុជាគឺជាឧទាហរណ៍ស្រាប់។

ទី២៖ ប្រជាជាតិអាស៊ីផ្តល់តម្លៃខ្លាំងដល់អ្នកនយោបាយដែលតំណាងឲ្យភាពរឹងមាំ ដែលមានងារជាបុរសខ្លាំងហ៊ានតតាំងជាមួយការលូកដៃ ចូលរបស់បរទេសរាប់ទាំងមហាអំណាចផង។ ធ្វើនយោ​បាយ​រណប​ជាកូនអុក រឺកូនជឹងរបស់បរទេស ដើរតាមតែការគូសវាសរបស់បរទេសដោយរំពឹងថា ពួកមហាអំណាច​ទាំងនោះខ្លាំង ត្រូវយកមកធ្វើជាគ្រូ ដោយគ្មានគំនិតផ្តួចផ្តើមខ្លួនឯង គឺជានយោ​បាយគ្មានតម្លៃ និង​នាំដល់បរាជ័យដោយចៀសមិនផុត។ ការរលត់រលាយរបស់អតីតបក្សប្រឆាំងគឺជាឧទាហរណ៍ជាក់ស្តែង។

ទី៣៖ ពីអំណឹះតទៅ គឺជាសករាជនៃបុរសខ្លាំងអាស៊ីដែលអាចចាត់ទុកថា ជាសករាជនៃការងើបឡើង​​វិញនៃគុណតម្លៃអាស៊ី ពោលគឺការដឹកនាំដែលផ្តល់តម្លៃដល់ផ្តត់គំនិត នៃប្រជាជាតិខ្លួនសំខាន់ជាងការចម្លងពីគេទាំងស្រុងយកមកអនុវត្ត។

ទី៤៖ ជាយុគសម័យនៃការចុះខ្សោយ និងឈានទៅរកទីបញ្ចប់នៃអ្នកនយោបាយដែលសុខចិត្តធ្វើជាកូនអុករបស់លោកខាងលិចដោយឥតលក្ខខណ្ឌ ហើយបំភ្លេចចោល គុណតម្លៃនៃប្រជាជាតិរបស់ខ្លួនព្រោះតែសម្លឹងឃើញឥទ្ធិពលរបស់មហាអំណាចលោកខាងលិចថា ជាទីជម្រកដ៏សុខសាន្ត ហើយ​ក៏ដើរតាមខ្សែញាក់របស់គេដោយគ្មានបាន បញ្ចេញស្នាដៃជារបស់ផ្ទាល់ខ្លួនទាល់តែសោះ។ អាចនិយាយបាន​ថា ជាទីបញ្ចប់នៃក្រុមអ្នកនយោបាយដែលដេកស្រមៃចង់ក្លាយជាជើងឯងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយក៏ចម្លងទ្រឹស្តីពីគេទាំងស្រុងមកសូត្ររត់មាត់ដូចសេក។

ទី៥៖ វាសបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងដើរនៅលើផ្លូវត្រូវក្នុងជម្រើសនយោបាយការទូតរបស់ខ្លួន ផ្ទុយ​ស្រឡះពីក្រុមអ្នកវិភាគមួយចំនួនដែលមុជមិនជ្រៅ ទៅមិនឆ្ងាយដោយសារតែរនាំងនៃទស្សន​នយោ​​បាយចង្អៀតចង្អល់ និងផ្កាប់មុខ ដែលឆ្កួតវង្វេងនឹងមនៅគមន៍វិជ្ជាលោកខាងលិចហួសហេតុ។ អាច​​​និយាយបានថា ជម្រើសនយោបាយការទូតរបស់កម្ពុជា​បាន​ឈាន​ដល់​ចំណុច​ជោគជ័យធំធេងក្នុង​សក​​រាជ​នៃការងើបឡើងស្របៗគ្នានៃបុរសខ្លាំងអាស៊ី ដែល​ជា​និមិត្ត​រូប​នៃ​ការ​ងើប​ឡើង នៃ​គុណ​តម្លៃអាស៊ី។

ទី៦៖ របបដឹកនាំរបស់បុរសខ្លាំងនៅអាស៊ី ជាពិសេសគឺកម្ពុជា នឹងមានភាពរឹងមាំយូរអង្វែងទៅមុខពី​ព្រោះ​ថា ទាំងចិន ទាំងរុស្ស៊ី ដែលជាមហាអំណាចអាស៊ី សុទ្ធតែជាមិត្តជិតស្និទ្ធរបស់កម្ពុជា និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលអាចគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។ នេះជាឱកាសមាសរបស់​កម្ពុជាក្នុងការ ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍន៍ប្រទេស។

សរុបទៅចប់ហើយសករាជនៃការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ពីសំណាក់មហាអំ​ណាចលោកខាងលិច។ ចប់ហើយសករាជនៃអ្នកនយោបាយ ដែលសុខចិត្តធ្វើកូនជឹងឲ្យបរទេសដោយឥតលក្ខខណ្ឌ។ ចប់ហើយយុគសម័យនៃការដេកស្រម័យចង់ក្លាយជាជើងឯកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយចម្លងតាមបស្ចឹមប្រទេសទាំងស្រុង។ ប៉ុន្តែវាជាការមកដល់នៃសករាជអាស៊ីជារបស់ជន​ជាតិ​អាស៊ី – សករាជនៃខ្មែរជារបស់ខ្មែរ និងសករាជនៃការគោរពអធិបតេយ្យភាព គ្នាទៅ​វិញទៅមកនៃបណ្តា​ប្រទេសផងគ្នា។ កម្ពុជាជាមិត្តរបស់គ្រប់បណ្តាប្រទេសលើលោកដែលចង់ក្លាយជាមិត្តល្អ និងស្មោះសរជាមួយគ្នា។ កម្ពុជាមានឱកាសច្រើនណាស់ ក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួន តាមបែបខ្មែរ ដោយ​មិនចាំបាច់ចម្លងយកគំរូទាំងស្រុងពីប្រទេសណាមួយឡើយ។

កិច្ចខិតខំប្រឹងប្រែងរបស់បុរសខ្លាំងកម្ពុជាបច្ចុប្បន្នជាសញ្ញាបញ្ជាក់ថា នាវាកម្ពុជាកំពុងបើកបរក្នុងទិស​ដៅ​​ស្រប​តាម​ចរន្តខ្យល់​បក់ ហើយនាវាដ៏កំសត់មួយនេះនឹងកាន់តែបោះ ពួយលឿនលយទៅ​មុខ នាំ​ពល​​រដ្ឋ​ខ្មែរ​ទៅកាន់ត្រើយសុខសាន្តយ៉ាងពិតប្រាកដ៕

ដោយ៖ កូនខ្មែរ


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៥ចំណុចដើម្បីការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែរីកចម្រើន

ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីបិទសន្និបាតលទ្ធផលការងារអប់រំឆ្នាំ២០១៧-២០១៨ ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នៅរសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុចក្នុងការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

អនុសាសន៍ទាំង៥ចំណុចនោះរួមមាន៖
១- បន្តអនុវត្តការងារអប់រំឱ្យសកម្ម ធានាប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌ និងបរិយាប័ន្ន និងលើកកម្ពស់ ផ្តល់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ក្នុងនោះ ទន្ទឹមនឹងការអភិវឌ្ឍកម្មវិធីសិក្សា យើងត្រូវខិតខំកសាងបរិស្ថានសាលារៀនស្អាត ផ្គត់ផ្គង់ទឹកស្អាត រៀបចំបង្គន់អនាម័យសមរម្យ សួនធម្មជាតិក្នុងសាលារៀនឱ្យស័ក្តិសមជាទីកន្លែងអប់រំ បណ្តុះគំនិត ឱ្យស្អាតស្អំ គ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយជាដើម ។

២- អនុវត្តឱ្យមានភាពរស់រវើក ធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។ ក្នុងនោះត្រូវបង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទានសម្រាប់គ្រឹះស្ថានសិក្សាការងារផែនការ ស្ថិតិអប់រំ ការពង្រាយគ្រូបង្រៀនឱ្យបានដល់មូលដ្ឋាន បន្តអភិវឌ្ឍសមត្ថភាពរបស់នាយកសាលា និងគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាល និងគ្រឹះស្ថានសិក្សា ជាពិសេសពង្រឹងការងារអធិការកិច្ច និងយន្តការពិនិត្យកែលម្អជាប្រចាំ និងពង្រឹងអភិបាលកិច្ចឧត្តមសិក្សា ព្រមទាំងជំរុញការវិនិយោគលើការស្រាវជ្រាវ និងធ្វើទំនើបកម្មកម្មវិធីសិក្សា ។

៣- អនុវត្តឱ្យសកម្មលើការងារកាយរឹទ្ធ និងយុវជន ដោយត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះកុមារ និងយុវជនឱ្យមានស្មារតីទទួលខុសត្រូវ ជឿជាក់លើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម បំផុសឱ្យសកម្មនូវកម្មវិធី «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» និងកម្មវិធីយុវជនស្ម័គ្រចិត្ត។ ចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍នានា បន្តពង្រឹងជំនាញបច្ចេកទេស និងជំនាញទុនសម្រាប់យុវជន សំដៅឆ្លើតបបានទៅនឹងឱកាសការងារ និងភាពរឹងមាំនៃកោសិកាសង្គម ។

៤- អនុវត្តឱ្យសកម្មលើការងារកីឡា ដោយត្រូវអភិវឌ្ឍសមាគមកីឡាមហាជន និងក្រុមកីឡាសិស្ស-និស្សិត ពង្រឹង និង ពង្រីកសកម្មភាពអប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សា បង្កើនការយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារកីឡាគ្រប់ប្រភេទ ដើម្បីឈានឆ្ពោះទៅទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ នៅឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

៥- បង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបតិការ ដោយត្រូវរៀបចំសកម្មភាពឱ្យឆ្លើយតបទៅនឹង​ឤទិភាពនៃការអភិវឌ្ឍជាតិ ផ្សារភ្ជាប់ការអប់រំទៅនឹងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌សន្តិភាព ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ផ្សារភ្ជាប់នឹងការប្រយុទ្ធប្រឆាំងអំពើហិង្សា ការទប់ស្កាត់ ការរីក​រាល​ដាលនៃមេរោគអេដស៍ ជំងឺអេដស៍ ការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ការជួញដូរស្ត្រី និងការលុបបំបាត់រាល់ទម្រង់នៃការរើងអើងគ្រប់ប្រភេទក្នុងសង្គម ៕









លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជាកំពុងស្ថិតលើផ្លូវដ៏ត្រឹមត្រូវលើការងារអភិវឌ្ឍដែលកាន់តែរីកចម្រើនឡើងជាលំដាប់លើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងស្ថិតលើផ្លូវដ៏ត្រឹមត្រូវ លើការងារអភិវឌ្ឍដែលធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនឡើងជាលំដាប់លើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំដោយក្នុងនោះកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណជា ៧,៧% នៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះតាមរយៈការអភិវឌ្ឍនៃវិស័យអប់រំ។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីបិទសន្និបាតលទ្ធផលការងារអប់រំ ឆ្នាំ២០១៧-២០១៨ ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វឌ្ឍនភាពនៃវិស័យមិនមែនកើតឡើងដោយឯកឯងនោះទេ គឺបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា សាស្ត្រាចារ្យ គ្រូបង្រៀន មាតាបិតា សិស្ស និស្សិត សហគមន៍ និងអាជ្ញាធរដែនដីនៅទូទាំងប្រទេស ដែលតែងយកចិត្តទុកដាក់រួមចំណែកអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្សប្រកបដោយស្មារតីទទួលខុសត្រូវតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា វឌ្ឍនភាពនៃវិស័យអប់រំនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកលូតលាស់នៃសង្គម និងសេដ្ឋកិច្ចកម្ពុជា ក្នុងនោះកម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្ម៕







កាកបាទក្រហមខេត្តព្រះវិហារ ប្រគល់អណ្តូងទឹកចំនួន១២អណ្ដូង ជូនប្រជាពលរដ្ឋ​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ចំនួន​ ១៣៨គ្រួសារ​ ក្នុងឃុំចំនួន៣​ នៃស្រុកឆែប​

ព្រះវិហារ៖ នៅថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានរៀបចំពិធីប្រគល់អណ្តូងទឹកចំនួន១២អណ្ដូង ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម និងលោកស្រី ចឹង ហេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះវិហារ ជូនប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់ចំនួន ១៣៨គ្រួសារ ស្មើនឹង៥៣៩នាក់ (ស្រី ២៨០ នាក់) រស់នៅក្នុងឃុំចំនួន៣ គឺឃុំសង្កែមួយ ឃុំសង្កែពីរ និងឃុំឆែប នៃស្រុកឆែប ខេត្តព្រះវិហារ។

ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍របស់លោកស្រី ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងសារអប់រំមួយចំនួន ដល់ប្រជាពលរដ្ឋដែលមកចូលរួមក្នុងពិធីរួមមាន៖
១-សូមជួយថែរក្សាអណ្ដូងឱ្យបានយូរអង្វែង ថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយត្រូវរស់នៅស្អាត និងពិសារទឹកឆ្អិនជានិច្ច ជាពិសេសត្រូវចៀសវាងការបរិភោគអាហារដែលមានសារធាតុគីមីពុល ដែលអាចបង្កជាជំងឺផ្សេងៗ
២-ស្រ្តីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់
៣-ត្រូវចេះស្រឡាញ់រាប់អាន យកអាសាគ្នាទៅវិញទៅមក និងចៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ដែលនាំឱ្យមានអំពើហិង្សាកើតឡើង
៤-ត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីបង្កាពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង។

ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងពិធីនេះ ម្នាក់ៗទទួលបានក្រមា១ សារុង១ និងថវិកាមួយចំនួន។ ក្រោយពីទទួលបានសមិទ្ធផលទាំងនេះ ប្រជាពលរដ្ឋមានសេចក្ដីរំភើប និងបានសម្ដែងនូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណចំពោះលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន កាកបាទក្រហមកម្ពុជា បានផ្ដល់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះវិហារបានចំនួន ១២០អណ្ដូង ក្នុងនោះស្រុកឆែបទទួលបាន ៦៣ អណ្ដូងផងដែរ៕




កម្ពុជា រៀបចំព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» ជាលើកដំបូងស្ដីពី «ព្រៃឈើ និងជីវិត» រយៈពេល៥ថ្ងៃ នៅទីក្រុងទេសចរណ៍សៀមរាប

សៀមរាប៖ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភដោយមូលនិធិអង្គការ សង្គមវប្បធម៌ឈើអន្ដរជាតិ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ បានរៀបចំព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» (World Woods Days / WWD) ជាលើកដំបូងស្ដីពី «ព្រៃឈើ និងជីវិត» រយៈពេល៥ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប។

ព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» ខាងលើនេះ បានរៀបចំបើកក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន, លោក Howard Rosen ប្រធានមូលនិធិចម្លាក់ ឈើពិភពលោក (WWDF) និងមានការចូលរួមគណៈអធិបតី ភ្ញៀវជាតិ និងអន្ដរជាតិ ជាងឈើ ជាងចម្លាក់ តន្ដ្រីករ សិល្បករ ប្រមាណ ៥៥០រូប ដែលបានអញ្ជើញមកពីបណ្ដាប្រទេស ប្រមាណ១០០ ប្រទេស នៅលើពិភពលោក នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា ទិវាចម្លាក់ឈើពិភពលោកឆ្នាំ២០១៨ ស្ដីពី «ព្រៃឈើ និងជីវិត» គឺផ្ដោតការ យកចិត្តទុកដាក់ លើការអប់រំ ការផ្សព្វផ្សាយ និងលើកកម្ពស់ការស្រឡាញ់ ដើមឈើ លើកកម្ពស់មេត្រីភាព បរិស្ថាន ពង្រឹងឲ្យមានការរីកដុះដាលឡើងវិញនូវជីវវត្ថុ និងពង្រីកការយល់ដឹង ឲ្យកាន់តែទូលំទូលាយ នូវការ ប្រើប្រាស់ឈើប្រកប ដោយនិរន្ដរភាពទៅអនាគត។ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានយកចិត្តទុកដាក់ ក្នុងការដាំគម្របព្រៃឈើឡើងវិញ នៅក្រៅតំបន់ដី សម្បាទាន អភិវឌ្ឍន៍ ក្នុងក្របខណ្ឌទូទាំងប្រទេស។

លោកបានបន្ថែមថា ក្នុងការប្រារព្ធទិវា ចម្លាក់ឈើពិភពលោកឆ្នាំ២០១៨នេះ នឹងអញ្ជើញភ្ញៀវជាតិ អន្ដរជាតិ ទៅដាំដើមឈើ ចំនួន២០០ដើម ថែមទៀត នៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ក្នុងតំបន់អង្គរផងដែរ។ លោករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា អង្គការសង្គមវប្បធម៌ឈើអន្ដរជាតិ (IWCS) អង្គការ IUFOR និង មូល និធិទិវាឈើពិភពលោក បន្ដដាំកូនឈើចំនួនមួយម៉ឺនដើមទៀត នៅឧទ្យានរាជបណ្ឌិត្យ សភា តេជោសែន ឫស្សីត្រឹប នាខែឧសភា ខាងមុខនេះ។ លោកថា «ការប្រារព្ធនេះ រយៈពេល៥ថ្ងៃ ដែលជារយៈពេលដ៏មានតម្លៃ ដោយយើងបានឃើញកម្ពុជា កំពុងមានសុខសន្ដិភាព មានការរីកចម្រើន និងមានការអភិវឌ្ឍគ្រប់វិស័យ និងជា ប្រទេសមួយ ដែលមានខឿនវប្បធម៌ដ៏យូរលង់មកហើយ កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិរក្ស និងអភិវឌ្ឍវិស័យវប្បធម៌ ជាពិសេសការអភិរក្ស ស្មារតី សហគមន៍ជាតិ និងអន្ដរជាតិ»។ លោក ខៀវ កាញារីទ្ធ បានលើកឡើងថា កម្ពុជា សំបូរដោយសម្បត្ដិវប្បធម៌ទាំងរូបី និងអរូបី បើយោងតាមទិន្នន័យ នៃការចុះបញ្ជីរ សារពើភណ្ឌ មានប្រាសាទ ទួលបុរាណ ស្ថានីយ៍បុរាណ និងរមណីយដ្ឋានវប្បធម៌ ប្រវិត្ដសាស្ដ្រ ប្រមាណជិត បួនពាន់។ លោកបន្ដថា «សម្បត្ដិបេតិកភណ្ឌវប្បធម៌អរូបី ក៏យើងមានច្រើនទម្រង់ រួមមាន៖ របាំ ចម្រៀង កំណាព្យ និងសិល្បៈផ្សេងៗទៀតជាច្រើន នេះបញ្ជាក់ថា ប្រជាជនកម្ពុជា ជាជាតិសាសន៍ មួយ ដែលសម្បូណ៌ ទៅដោយទេពកោសល្យសិល្បៈ និងគំនិតច្នៃប្រឌិតខ្ពស់ បង្កើតបានជាមូលដ្ឋានគ្រឹះនៃអត្ដសញ្ញាណវប្បធម៌ របស់ជាតិ»។

លោក ស៊ុ ឈុំប៊ុន អនុប្រធាន រាជបណ្ឌិត្យសភាកម្ពុជា នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យ សភាកម្ពុជា បានលើកឡើងថា ការប្រារព្ធ «ទិវាចម្លាក់ឈើ ពិភពលោក» នៃមូលនិធិអង្គការសង្គមវប្បធម៌ឈើ អន្ដរជាតិ គឺក្នុងគោលបំណងបណ្ដុះបណ្ដាល និងអប់រំមនុស្ស នៅលើពិភពលោក ឲ្យចេះស្រឡាញ់ដើមឈើ និងចូលរួមដាំដើមឈើ ព្រោះឈើ គឺជាជីវិតយើងទាំងអស់គ្នា។

លោកបន្ដថា ការប្រារព្ធ «ទិវាចម្លាក់ឈើពិភពលោក» គឺប្រព្រឹត្ដទៅនៅថ្ងៃទី២១ មីនា ជាវៀងរាល់ឆ្នាំ។ ការប្រារព្ធ «ទិវាចម្លាក់ឈើពិភពលោក» ចាប់តាំងពីឆ្នាំ២០១៣មក ក្នុងនោះមាន៖ លើកទី១ ឆ្នាំ២០១៣ ប្រារព្ធនៅប្រទេសតង់ហ្សានៀ ក្នុងទ្វីបអាហ្រ្វិក, លើកទី២ ឆ្នាំ២០១៤ ប្រារព្ធនៅប្រទេសចិន, លើកទី៣ ឆ្នាំ២០១៥ ប្រារព្ធនៅប្រទេសទួរគឺ, លើកទី៤ ឆ្នាំ២០១៦ ប្រារព្ធនៅប្រទេសនេប៉ាល, លើកទី៥ ឆ្នាំ២០១៧ ប្រារព្ធនៅសហរដ្ឋអាមេរិក, និងលើកទី៦ «ទីវាឈើពិភពលោកឆ្នាំ២០១៨ គឺប្រារព្ធនៅប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ដ៏មានសារសំខាន់នេះ មានកម្មវិធី ជាច្រើនដូចជា៖ វេទិកាវិទ្យាសាស្ដ្រ សិប្បកម្មឈើ រចនាឈើ ចម្លាក់ឈើ ចម្លាក់ក្រឡឺង ចម្លាក់ប្រជាប្រីយ៍ ការផលិតសង្ហារឹម ស្ថាបត្យកម្មពីឈើ ការអប់រំកុមារ ស្ដីពីដើមឈើ ការសម្ដែងសិល្បៈដែលប្រើប្រាស់ឧបករណ៍ធ្វើពីឈើ ការផ្សព្វផ្សាយឯកសារ ទេសចរណ៍ ស្ដីពី វប្បធម៌នែដើមឈើ និងការដាំដើមឈើ។ ក្រៅពីការប្រើប្រាស់ឈើ «ទិវាចម្លាក់ឈើពិភពលោក» ក៏តម្រូវឲ្យ មានការផលិត និងតាំងបង្ហាញនូវរបស់របរប្រើប្រាស់ និងសង្ហារឹមដែលផលិតចេញពីឫស្សី ផ្ដៅ និងរំពាក់ជាដើម ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតលទ្ធផលការងារអប់រំឆ្នាំ (២០១៧-២០១៨)

នៅរសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីនៅក្នុងពិធីបិទសន្និបាតលទ្ធផល​ការងារអប់រំឆ្នាំ(២០១៧-២០១៨) ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

អគ្គមេបញ្ជាការរង បើកវគ្គបណ្ដុះបណ្ដាលនាយទាហានសកម្មជំនាន់ទី២២ និងបិទវគ្គបណ្ដុះបណ្ដាលនាយទាហានថ្នាក់កងអនុសេនាធំ វរសេនាតូចថ្មើរជើងជំនាន់ទី១

នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ តំណាងនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃ ខ.ភ.ម បើកវគ្គបណ្ដុះបណ្ដាលនាយទាហានសកម្មជំនាន់ទី២២ និងបិទវគ្គបណ្ដុះបណ្ដាលនាយទាហានថ្នាក់កងអនុសេនាធំ វរសេនាតូចថ្មើរជើងជំនាន់ទី១ នៃសាលានាយទាហានសកម្ម នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។

លោក ច័ន្ទ សុភត្រា នាយរងសេនាធិការចំរុះ និងជានាយកសាលានាយទាហានសកម្ម បានឲ្យដឹងថា ក្នុងដំណាក់កាលកែទម្រង់កងយោធពលខេមរភូមិន្ទ ការកសាងធនធានមនុស្ស គឺជាអាទិភាពមួយដ៏ចំបង សាលាបានរួមចំណែកក្នុងការបណ្តុះបណ្តាលកម្មសិក្សាការីសម្រាប់បន្តវេនបានចំនួន២៣ជំនាន់ ស្មើនឹង១១៨៤នាក់ ក្នុងនោះ វគ្គនាយទាហានកងអនុសេនាធំ, វរសេនាតូច ជំនាន់ទី១ មានចំនួន៩៤នាក់ បានប្រឡងបញ្ចប់វគ្គ៩២នាក់ (ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨)។

វគ្គនាយទាហានសកម្មបាន២២ជំនាន់ បានប្រឡងបញ្ចប់វគ្គមាន១៨ជំនាន់ ក្នុងនោះនៅសល់៤ជំនាន់ទៀត ដែលត្រូវបន្តការបណ្តុះបណ្តាលមានជំនាន់ទី១៩, ជំនាន់ទី២០, ទី២១ និងបន្តការហ្វឹកហ្វឺនតាមផែនការ។ ដោយឡែក ជំនាន់ទី២២ ជាវគ្គជំនាន់ថ្មី ឆ្នាំ២០១៨ មានកម្មសិក្សាការី២០០នាក់។

នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងថា ដើម្បីបុព្វហេតុជាតិ ការពារសុខសន្តិភាព ការពាររាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ យុទ្ធសាស្ត្រដ៏ឈ្លាស់វៃ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អស់រយៈកាល៣៩ឆ្នាំ បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនគ្រប់វិស័យ ក្នុងនោះវិស័យកងទ័ព ក៏មានការរីកចម្រើន ឥតឈប់ឈរផងដែរ។ ការរីកចម្រើនកងទ័ព គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ផ្តល់នូវ គោលនយោបាយ ជីវភាពរស់នៅ ការហូបចុកសម្រាប់កងទ័ពគ្រប់គ្រាន់។ មានការបណ្តុះបណ្តាលកសាង ធនធានមនុស្ស ក្នុងនិងក្រៅប្រទេស គ្រប់មុខជំនាញ ក្នុងកងយោធពលខេរភូមិន្ទ ដោយសាលានាយទាហានសកម្ម ក៏បានដើរតួនាទីជាមជ្ឈ មណ្ឌលបណ្តុះបណ្តាល នាយទាហានដ៏សំខាន់ ក្នុងចំណោមសាលាទាំងឡាយរបស់ ខ.ភ.ម ផងដែរ»។

នាយឧត្តមសេនីយ៍ បានជំរុញឲ្យថ្នាក់ដឹកនាំ យោធាចារ្យ នាយទាហាន និងពលទាហាន នៃសាលានាយទាហានសកម្ម ជាពិសេសកម្មសិក្សាការីទាំងអស់ បន្តបំពេញតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួន លើការបង្រៀននិងរៀនសូត្រឲ្យបានខ្លាំងក្លា ហើយបន្តចូលរួមការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងកិច្ចការពារ កសាង អភិវឌ្ឍន៍ជាតិ និងរួមគ្នាការពារជាតិដើម្បីប្រជាជន។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ផ្តល់ជូនដល់សាលានាយទាហានសកម្ម មានអង្ករ ៥តោន ត្រីខ ១០កេស ស្រាបៀរ ៥០កេស ទឹកសុទ្ធ ៥០កេស មី ២០០កេស និងថវិកា ២០លានរៀល ព្រមទាំងបានឧបត្ថម្ភដល់យោធាចារ្យ និងនាយទាហានសាលា ចំនួន ៣៤៦នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល និងឧបត្ថដល់សិក្ខាកាម ៦១៣នាក់ ក្នុងម្នាក់ៗថវិកា ៤ម៉ឺនរៀល គ្រួសារកងទ័ពចំនួន៥២នាក់ ក្នុងមួយនាក់៤ម៉ឺនរៀលផងដែរ ព្រមទាំងជួយសាងសង់ក្លោងទ្វារសាលាមួយ កុំព្យូទ័រ ២គ្រឿង និងព្រីនធឺ ២គ្រឿង ស៊ីម៉ង់តិ៍ប្រគេនពីរវត្ត ក្នុងមួយវត្ត១០តោន ៕






គណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារ បើកកិច្ចប្រជុំពេញអង្គលើកទី៤ ផ្តោតលើការជួសជុលប្រាសាទព្រះវិហារ

នៅថ្ងៃពុធ ០៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ បានបើកកិច្ចប្រជុំពេញអង្គលើកទី៤ របស់ខ្លួននៅស្នាក់ការអាជ្ញាធរជាតិអប្សរា នាខេត្តសៀមរាប។ កិច្ចប្រជុំបានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ការងារអភិរក្ស អភិវឌ្ឍនៅប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

អង្គប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកស្រីរដ្ឋមន្ត្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា សហប្រធានកិច្ចប្រជុំអាយស៊ីស៊ី-ព្រះវិហារ មានប្រទេសចិន និងប្រទេសឥណ្ឌា តំណាងទូត ស្ថាប័នដៃគូអភិវឌ្ឍន៍ មន្រ្តីរាជការ ព្រមទាំងអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើន។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី៤ លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា បានសម្តែងអារម្មណ៍សប្បាយរីករាយដែលបានចូលរួមក្នុងកិច្ចប្រជុំ និងបង្ហាញនូវការវិវត្តនៃការងារសំខាន់ៗដែលភាគីពាក់ព័ន្ធ បានបំពេញនាពេលកន្លងមក លើការងារជួសជុល និងអភិរក្សទាំងនៅប្រាសាទព្រះវិហារ និងនៅប្រាសាទកោះកេរ។ រីឯកិច្ចប្រជុំនាពេលនេះក៏កំពុងបង្ហាញនូវដំណើរការដ៏ត្រឹមត្រូវ ហើយលោកស្រីរដ្ឋមន្ត្រីសង្ឃឹមថា សកម្មភាពការងារជួសជុលក្នុងប្រាសាទព្រះវិហារ និងតំបន់កោះកេរ នឹងត្រូវបានពង្រីកនាពេលខាងមុខ។

ក្នុងនាមអាជ្ញាធរជាតិព្រះវិហារ លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ បានមានប្រសាសន៍ថា អង្គប្រជុំនេះមានរបៀបវារៈសំខាន់ ផ្តោតលើការសហប្រតិបត្តិការ ពិសេសសហប្រធានប្រទេសចិន និងឥណ្ឌា រួមជាមួយដៃគូសហប្រតិបត្តិការផ្សេងៗទៀត ដែលបានបង្ហាញឆន្ទៈនៃការចូលរួមជួសជុលប្រាសាទព្រះវិហារ និងមួយផ្នែកទៀតនៅប្រាសាទកោះកេរ។ បន្ថែមលើសពីនេះ អង្គប្រជុំក៏នឹងពិភាក្សាផងដែរអំពីបញ្ហាបរិស្ថាន ព្រោះថា ដោយសារទីនោះជាតំបន់ភ្នំ ហើយនៅខែវស្សាមានបញ្ហាទឹកហូរច្រោះ និងខែប្រាំងមានភ្លើងឆេះព្រៃ។

គួរបញ្ជាក់ថា នៅប្រាសាទព្រះវិហារមានខ្លោងទ្វារ (Gupura) ចំនួន៥ ដែលខ្លោងទ្វារនីមួយៗមានភាពទ្រុឌទ្រោម។ នាពេលកន្លងមកភាគីចិន ធ្លាប់បានសន្យាជួសជុលប្រាង្គនិងខ្លោងទ្វារទី១ ទី២ និងទី៣ ចំណែកឯភាគីឥណ្ឌា សន្យាជួយជួសជុលខ្លោងទ្វារទី៥ និងជណ្ដើរខាងជើង។ រីឯប្រទេសរុស្ស៊ីវិញ ក៏បានសន្យាជួសជុលខ្លោងទ្វារទី៤ផងដែរ៕





(សូមទស្សនាវីដេអូ)៖ លោក សម រង្ស៊ី ចំណាយលុយដល់២៥ម៉ឺនដុល្លារជួលក្រុមហ៊ុនអាមេរិកាំង ដើម្បីជួយរកវិធីសម្លាប់សេដ្ឋកិច្ចកម្ពុជា

(សូមទស្សនាវីដេអូ)៖ ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង ក្នុងពិធីជួបសំណេះសំណាលជា​មួយកម្មករជាង១ម៉ឺននាក់ មកពីតំបន់រោងចក្រ ជ្រៃកោង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ