អនុសាសន៍ទាំង៥ចំណុចនោះរួមមាន៖
១- បន្តអនុវត្តការងារអប់រំឱ្យសកម្ម ធានាប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌ និងបរិយាប័ន្ន និងលើកកម្ពស់ ផ្តល់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ក្នុងនោះ ទន្ទឹមនឹងការអភិវឌ្ឍកម្មវិធីសិក្សា យើងត្រូវខិតខំកសាងបរិស្ថានសាលារៀនស្អាត ផ្គត់ផ្គង់ទឹកស្អាត រៀបចំបង្គន់អនាម័យសមរម្យ សួនធម្មជាតិក្នុងសាលារៀនឱ្យស័ក្តិសមជាទីកន្លែងអប់រំ បណ្តុះគំនិត ឱ្យស្អាតស្អំ គ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយជាដើម ។
២- អនុវត្តឱ្យមានភាពរស់រវើក ធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។ ក្នុងនោះត្រូវបង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទានសម្រាប់គ្រឹះស្ថានសិក្សាការងារផែនការ ស្ថិតិអប់រំ ការពង្រាយគ្រូបង្រៀនឱ្យបានដល់មូលដ្ឋាន បន្តអភិវឌ្ឍសមត្ថភាពរបស់នាយកសាលា និងគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាល និងគ្រឹះស្ថានសិក្សា ជាពិសេសពង្រឹងការងារអធិការកិច្ច និងយន្តការពិនិត្យកែលម្អជាប្រចាំ និងពង្រឹងអភិបាលកិច្ចឧត្តមសិក្សា ព្រមទាំងជំរុញការវិនិយោគលើការស្រាវជ្រាវ និងធ្វើទំនើបកម្មកម្មវិធីសិក្សា ។
៣- អនុវត្តឱ្យសកម្មលើការងារកាយរឹទ្ធ និងយុវជន ដោយត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះកុមារ និងយុវជនឱ្យមានស្មារតីទទួលខុសត្រូវ ជឿជាក់លើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម បំផុសឱ្យសកម្មនូវកម្មវិធី «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» និងកម្មវិធីយុវជនស្ម័គ្រចិត្ត។ ចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍នានា បន្តពង្រឹងជំនាញបច្ចេកទេស និងជំនាញទុនសម្រាប់យុវជន សំដៅឆ្លើតបបានទៅនឹងឱកាសការងារ និងភាពរឹងមាំនៃកោសិកាសង្គម ។
៤- អនុវត្តឱ្យសកម្មលើការងារកីឡា ដោយត្រូវអភិវឌ្ឍសមាគមកីឡាមហាជន និងក្រុមកីឡាសិស្ស-និស្សិត ពង្រឹង និង ពង្រីកសកម្មភាពអប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សា បង្កើនការយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារកីឡាគ្រប់ប្រភេទ ដើម្បីឈានឆ្ពោះទៅទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ នៅឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
៥- បង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបតិការ ដោយត្រូវរៀបចំសកម្មភាពឱ្យឆ្លើយតបទៅនឹងឤទិភាពនៃការអភិវឌ្ឍជាតិ ផ្សារភ្ជាប់ការអប់រំទៅនឹងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌សន្តិភាព ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ផ្សារភ្ជាប់នឹងការប្រយុទ្ធប្រឆាំងអំពើហិង្សា ការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ ការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ការជួញដូរស្ត្រី និងការលុបបំបាត់រាល់ទម្រង់នៃការរើងអើងគ្រប់ប្រភេទក្នុងសង្គម ៕

No comments:
Post a Comment