Thursday, March 22, 2018

គណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារ បើកកិច្ចប្រជុំពេញអង្គលើកទី៤ ផ្តោតលើការជួសជុលប្រាសាទព្រះវិហារ

នៅថ្ងៃពុធ ០៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ បានបើកកិច្ចប្រជុំពេញអង្គលើកទី៤ របស់ខ្លួននៅស្នាក់ការអាជ្ញាធរជាតិអប្សរា នាខេត្តសៀមរាប។ កិច្ចប្រជុំបានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ការងារអភិរក្ស អភិវឌ្ឍនៅប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

អង្គប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកស្រីរដ្ឋមន្ត្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា សហប្រធានកិច្ចប្រជុំអាយស៊ីស៊ី-ព្រះវិហារ មានប្រទេសចិន និងប្រទេសឥណ្ឌា តំណាងទូត ស្ថាប័នដៃគូអភិវឌ្ឍន៍ មន្រ្តីរាជការ ព្រមទាំងអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើន។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី៤ លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា បានសម្តែងអារម្មណ៍សប្បាយរីករាយដែលបានចូលរួមក្នុងកិច្ចប្រជុំ និងបង្ហាញនូវការវិវត្តនៃការងារសំខាន់ៗដែលភាគីពាក់ព័ន្ធ បានបំពេញនាពេលកន្លងមក លើការងារជួសជុល និងអភិរក្សទាំងនៅប្រាសាទព្រះវិហារ និងនៅប្រាសាទកោះកេរ។ រីឯកិច្ចប្រជុំនាពេលនេះក៏កំពុងបង្ហាញនូវដំណើរការដ៏ត្រឹមត្រូវ ហើយលោកស្រីរដ្ឋមន្ត្រីសង្ឃឹមថា សកម្មភាពការងារជួសជុលក្នុងប្រាសាទព្រះវិហារ និងតំបន់កោះកេរ នឹងត្រូវបានពង្រីកនាពេលខាងមុខ។

ក្នុងនាមអាជ្ញាធរជាតិព្រះវិហារ លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ បានមានប្រសាសន៍ថា អង្គប្រជុំនេះមានរបៀបវារៈសំខាន់ ផ្តោតលើការសហប្រតិបត្តិការ ពិសេសសហប្រធានប្រទេសចិន និងឥណ្ឌា រួមជាមួយដៃគូសហប្រតិបត្តិការផ្សេងៗទៀត ដែលបានបង្ហាញឆន្ទៈនៃការចូលរួមជួសជុលប្រាសាទព្រះវិហារ និងមួយផ្នែកទៀតនៅប្រាសាទកោះកេរ។ បន្ថែមលើសពីនេះ អង្គប្រជុំក៏នឹងពិភាក្សាផងដែរអំពីបញ្ហាបរិស្ថាន ព្រោះថា ដោយសារទីនោះជាតំបន់ភ្នំ ហើយនៅខែវស្សាមានបញ្ហាទឹកហូរច្រោះ និងខែប្រាំងមានភ្លើងឆេះព្រៃ។

គួរបញ្ជាក់ថា នៅប្រាសាទព្រះវិហារមានខ្លោងទ្វារ (Gupura) ចំនួន៥ ដែលខ្លោងទ្វារនីមួយៗមានភាពទ្រុឌទ្រោម។ នាពេលកន្លងមកភាគីចិន ធ្លាប់បានសន្យាជួសជុលប្រាង្គនិងខ្លោងទ្វារទី១ ទី២ និងទី៣ ចំណែកឯភាគីឥណ្ឌា សន្យាជួយជួសជុលខ្លោងទ្វារទី៥ និងជណ្ដើរខាងជើង។ រីឯប្រទេសរុស្ស៊ីវិញ ក៏បានសន្យាជួសជុលខ្លោងទ្វារទី៤ផងដែរ៕





No comments:

Post a Comment