Thursday, March 22, 2018

កាកបាទក្រហមខេត្តព្រះវិហារ ប្រគល់អណ្តូងទឹកចំនួន១២អណ្ដូង ជូនប្រជាពលរដ្ឋ​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ចំនួន​ ១៣៨គ្រួសារ​ ក្នុងឃុំចំនួន៣​ នៃស្រុកឆែប​

ព្រះវិហារ៖ នៅថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានរៀបចំពិធីប្រគល់អណ្តូងទឹកចំនួន១២អណ្ដូង ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម និងលោកស្រី ចឹង ហេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះវិហារ ជូនប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់ចំនួន ១៣៨គ្រួសារ ស្មើនឹង៥៣៩នាក់ (ស្រី ២៨០ នាក់) រស់នៅក្នុងឃុំចំនួន៣ គឺឃុំសង្កែមួយ ឃុំសង្កែពីរ និងឃុំឆែប នៃស្រុកឆែប ខេត្តព្រះវិហារ។

ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍របស់លោកស្រី ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងសារអប់រំមួយចំនួន ដល់ប្រជាពលរដ្ឋដែលមកចូលរួមក្នុងពិធីរួមមាន៖
១-សូមជួយថែរក្សាអណ្ដូងឱ្យបានយូរអង្វែង ថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយត្រូវរស់នៅស្អាត និងពិសារទឹកឆ្អិនជានិច្ច ជាពិសេសត្រូវចៀសវាងការបរិភោគអាហារដែលមានសារធាតុគីមីពុល ដែលអាចបង្កជាជំងឺផ្សេងៗ
២-ស្រ្តីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់
៣-ត្រូវចេះស្រឡាញ់រាប់អាន យកអាសាគ្នាទៅវិញទៅមក និងចៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ដែលនាំឱ្យមានអំពើហិង្សាកើតឡើង
៤-ត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីបង្កាពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង។

ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងពិធីនេះ ម្នាក់ៗទទួលបានក្រមា១ សារុង១ និងថវិកាមួយចំនួន។ ក្រោយពីទទួលបានសមិទ្ធផលទាំងនេះ ប្រជាពលរដ្ឋមានសេចក្ដីរំភើប និងបានសម្ដែងនូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណចំពោះលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន កាកបាទក្រហមកម្ពុជា បានផ្ដល់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះវិហារបានចំនួន ១២០អណ្ដូង ក្នុងនោះស្រុកឆែបទទួលបាន ៦៣ អណ្ដូងផងដែរ៕




No comments:

Post a Comment