Wednesday, April 11, 2018

លោក សម សេរី បានអះអាងប្រាប់វិទ្យុអាស៊ីសេរីថា ពេលនេះអតីតគណបក្សសង្រ្គោះជាតិ ក៏បានចូលរួមសកម្មភាពជាមួយខ្លួនដែរ

លោក សម សេរី ប្រធានចលនារណសិរ្យរំដោះជាតិខ្មែរ ដែលបានបង្កើតរដ្ឋាភិបាលនិរទេសនោះ បានអះអាងថា ពេលនេះអតីតគណបក្សសង្រ្គោះជាតិ បានចូលរួមជាមួយនឹងចលនា របស់លោករួចហើយ។ លោក សម សេរី ដែលកំពុងត្រូវសមត្ថកិច្ចស្វែងរកចាប់ខ្លួន បានទម្លាយរឿងនេះប្រាប់វិទ្យុអាស៊ីសេរី ដែលគាំទ្រដល់ចលនាក្រុមប្រឆាំង។

លោក សម សេរី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា បើសិនជាលោក ហ៊ុន សែន គាត់ចង់ចាប់​សមាជិករណៈសិរ្យហ្នឹង គាត់ត្រូវចាប់ពលរដ្ឋទូទាំងប្រទេស ចាប់អ្នកប្រជាធិបតេយ្យ ទូទាំងប្រទេស ព្រោះឥឡូវគណបក្សសង្រ្គោះជាតិ ក៏ចូលរួមជាមួយរណសិរ្យរំដោះជាតិខ្មែរដែរ អញ្ចឹងគាត់មិនអាច​ចាប់សមាជិករណសិរ្យរំដោះជាតិខ្មែរទាំងអស់បានទេ»។

ការលើកឡើងរបស់ប្រធានរណសិរ្យរំដោះជាតិខ្មែរ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋន្រ្ដី ហ៊ុន សែន បានទម្លាយថា ក្រុមជនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឈ្មោះ «សម សេរី» ដែលមានមូលដ្ឋាននៅក្រៅប្រទេសនោះ បានរៀបចំផែនការបំផ្លាញការសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ បញ្ហាទាំងអស់នេះត្រូវបានលោកនាយករដ្ឋមន្រ្ដី ដឹងរួចរាល់ហើយ ព្រមទាំងបានរៀបចំវិធានការរក្សាសន្តិសុខតឹងរឹងបំផុតមិនឲ្យបំណងទុច្ចរិត របស់ក្រុមជនដែលលោកហៅថា ជនក្បត់ជាតិនេះធ្វើបានសម្រេចនោះឡើយ។

នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ តាមរយៈអង្គភាពព័ត៌មាន Fresh News សមត្ថកិច្ចជំនាញ​ជាន់​ខ្ពស់របស់កម្ពុជា សូមបង្ហាញនូវខ្សែអាត់សម្លេងសំងាត់បណ្តាញរបស់មេភេរវករ សម សេរី (ហៅ យាន យៀប) ដែលនិយាយគ្នាអំពីផែនការអាក្រក់ចង់ដាក់បង្កៃគ្រាប់បែក នៅរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ និងនៅ​ខេត្តសៀមរាប នាឱកាសពេលចូលឆ្នាំខាងមុខនេះ គោលបំណងដើម្បីបំផ្លាញស្ថេរភាពនៅកម្ពុជា។
ពាក់ព័ន្ធខ្សែអាត់សម្លេងនេះ សមត្ថកិច្ចជំនាញជាន់ខ្ពស់របស់កម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះថា យោងតាមច្បាប់របស់អង្គភាព ប្រឆាំងអំពើពុករលួយ និងច្បាប់ប្រឆាំងភេរវកម្ម សមត្ថកិច្ចមានសិទ្ធិគ្រប់គ្រាន់ក្នុង​ការស្តាប់កិច្ចសន្ទនារបស់ក្រុម​ដែលមានបំណង​ចង់បង្កភេរវកម្ម។

កាលពីដើមឆ្នាំ២០១៥ ក្រុមរណសិរ្យរំដោះជាតិខ្មែរ ដែលដឹកនាំដោយ លោក សម សេរី បានរៀបចំបង្កើត​រដ្ឋាភិបាលខ្មែរនិរទេសមួយ នៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ការបង្កើតរដ្ឋាភិបាលនីរទេស គឺជាសកម្មភាពខុសច្បាប់ និងមិនត្រូវលើកលែងឡើយ។

សូមបញ្ជាក់ថា គិតតាំងពីឆ្នាំ២០១៤មក សមាជិកនៃក្រុមរណសិរ្យរំដោះជាតិខ្មែរមិនតិចជាង១០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដាក់ព័ន្ធនាគារ។ សមាជិកក្រុមនេះចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈពួកគេ ធ្វើសកម្មភាពចែកចាយសេចក្តីអំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើបាតុកម្មប្រឆាំង នៅខាងមុខសាលា​រាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០១៤។ ក្រោយមក ក្នុងឆ្នាំ២០១៧ សមត្ថកិច្ចក៏បានចាប់ខ្លួន​សមាជិក​ក្រុមនេះម្នាក់ទៀត ដែលសន្និសីទកាសែត ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោស និងយល់ព្រមតាមសំណើរបស់ពួកគេ ៣លក្ខខណ្ឌផ្សេងទៀត ៕

ប្រភពព័ត៌មាន Fresh News






ផ្សាយបន្តផ្ទាល់(Live): ពិធីបើកឲ្យដំណើរការជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ

ផ្សាយបន្តផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកឲ្យដំណើរការជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨


មន្រ្ដីសាខាកាំកុងត្រូលខេត្តតាកែវ សហការជាមួយ ក្រុមការងារអគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យការលក់ទំនិញ គ្រឿងឧបភោគបរិភោគនៅលើទីផ្សារក្រុងដូនកែវ

តាកែវ៖ អនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តតាកែវ បានសហការជាមួយ ក្រុមការងារ អគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យការលក់ទំនិញ គ្រឿងឧបភោគបរិភោគនៅលើទីផ្សារ ក្រុងដូនកែវ និងនៅតាមដេប៉ូចែកចាយស្រាបៀរ ១កន្លែង។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញប្រភេទសរសៃគុយទាវបាញ់កាញ់សរសៃធំ ដែលដាក់លក់នៅក្នុងផ្សារ ក្រុងដូនកែវ ប្រហែល៣០គីឡូក្រាម មានផ្ទុកសារធាតុគីមីបូរ៉ាក់ និងបានដកហូតយកមកកម្ទេចចោល ព្រមទាំង ចុះបិទទីតាំងផលិត កែច្នៃសរសៃគុយទាវដែលមានផ្ទុកសារធាតុគីមីបូរ៉ាក់នោះភ្លាមៗ ដែលមានទីតាំងនៅ ភូមិស្លា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងនោះ មន្ត្រីជំនាញ ក៏បានធ្វើការដកហូតជាបណ្តោះអាសន្ន នូវសម្ភារៈផលិតមួយចំនួន របស់ម្ចាស់ទីតាំងយកមករក្សាទុកនៅសាលាឃុំលាយបូរ ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានឲ្យដឹងថា ការចុះពិនិត្យរកឃើញសរសៃគុយទាវ ដែលមានផ្ទុកនៅសារធាតុគីមី ដែលកំពុងចរាចរលក់នៅលើទីផ្សារនេះ លោកបានស្នើសុំគោលការទៅ លោក អភិបាលខេត្តតាកែវ និងបានរាយការណ៍ពីលទ្ធផលដែលពិនិត្យឃើញ សរសៃគុយទាវមានសារធាតុគីមីបូរ៉ាក់ ជូនលោកអភិបាលខេត្ត ហើយលោកក៏បានបញ្ជាឲ្យមន្ត្រីជំនាញសហការជាមួយមន្ទីរឧស្សាហកម្ម និងអាជ្ញាធរ មូលដ្ឋាន បិទទីតាំងផលិតសរសៃគុយទាវខុសច្បាប់១កន្លែង ដែលមានផ្ទុកសារធាតុគីមីបូរ៉ាក់នេះតែម្តង ៕



ពិធីសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តជូនរដ្ឋបាលឃុំដែលមាន​ស្នាដៃល្អក្នុងការផ្ដល់សេវាចុះ​បញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ

លោកទេសរដ្ឋមន្រ្ដី ច័ន្ទ សារុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកត្រាំកក់ នាថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុង​ពិធីសំណេះ​សំណាល និងប្រគល់រង្វាន់លើកទឹកចិត្តជូនរដ្ឋបាលឃុំ​ដែលមានស្នាដៃល្អក្នុងការផ្ដល់សេវាចុះបញ្ជី​អត្រានុកូលដ្ឋានជូន ប្រជាពលរដ្ឋដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងលំនៅដ្ឋាន ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨។ ក្នុងនោះឃុំដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាចំនួន ២.០០០.០០០រៀល និងលិខិតសរសើរមួយ ឃុំចំណាត់ថ្នាក់លេខ២ ថវិកាចំនួន ១.៨០០.០០០រៀល និងលិខិតសរសើរមួយ រហូតដល់ឃុំដែលទទួលចំណាត់ថ្នាក់លេខ១៥ ក៏ទទួលបានថវិកាលើកទឹកចិត្តពីសំណាក់ លោកទេសរដ្ឋមន្ត្រី ផងដែរ ដែលថវិកាសរុបទាំងអស់មានចំនួន ១៦លានរៀល។

ការបង្កើតឱ្យមានកម្មវិធីប្រលងប្រណាំងការផ្តល់សេវាសាធារណៈ គឺដើម្បីលើកទឹកចិត្តដល់អាជ្ញាធរ​មូលដ្ឋាន​ដែលបានខិតខំបម្រើប្រជាពលរដ្ឋកន្លងមក ក៏ដូចជាជំរុញដល់អាជ្ញាធរភូមិ ឃុំ ខិតខំបន្ថែមឱ្យបានកាន់តែ​ខ្លាំងខ្លាបន្ថែមទៀតក្នុងការបង្ខិតសេវាសាធារណៈឱ្យទៅដល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ៕





ខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ត្រៀមពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំ២០១៨

សីហនុ៖ ការងារត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៨ ត្រូវបានរៀបចំចាត់ចែងស្ទើរតែរួចរាល់ ទាំងស្រុងហើយនេះបើយោងតាមការបញ្ជាក់របស់អង្គភាពពាក់ពន្ធ័ទាំងឡាយក្នុង កិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ការងារត្រៀមពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៨ នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសាឆ្នាំ២០១៨។

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានអង្គប្រជុំមានប្រសាសន៏ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីផ្ទៀងផ្ទាត់ការងារដែលរដ្ឋបាលខេត្តបានដាក់អោយ មន្ទីរអង្គភាពពាក់ពន្ធ័ ជុំវិញខេត្តត្រៀមរៀបចំ ចាត់ចែងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែដែលនឹងប្រព្រឹត្តទៅនាថ្ងៃ១៤.១៥.១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះអោយបានដំណើរការដោយរលូននិងជោគជ័យ។

លោក គង់ វិតាណៈ បញ្ជាក់ថា ការងារដែលត្រូវតែធ្វើអោយបាននាពេលនេះរួមមាន៖
១.ការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនពលរដ្ឋនិងភ្ញៀវទេសចរ, ២.ការងារបរិស្ថាន អនាម័យ ពិសេសការគ្រប់គ្រងសំរាម, ៣.បញ្ហាថវិកាដែលត្រូវចំណាយ, ៤.ការចូលរួមរបស់រដ្ឋបាលក្រុង/ស្រុក, ៥.ការរៀបចំតុបតែងលម្អរផ្សេងៗតាមទីតាំងសំខាន់ៗមួយចំនួន។ ជាមួយគ្នានេះដែរ លោក គង់ វិតាណៈ ក៏បានស្នើអោយអង្គភាព នគរបាល អាវុធហត្ថ និងយោធា ត្រូវរួមគ្នាបំពេញភារកិច្ចក្នុងការកាពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ចរារាចរណ៏ ក្នុងរយៈពេលនៃពិធីបុណ្យនេះអោយបានល្អប្រសើរ។

ស្របពេលនោះដែរ លោក ក៏បាន សំណូមពរដល់ មន្ទីរ អង្គភាពទាំងឡាយត្រូវនាំគ្នាសំអាតទីតាំងដែលខ្លួន​ទទូលខុស​ត្រូវតាមការបែងចែករបស់រដ្ឋបាលខេត្តអោយបានស្អាតដើម្បីទទូលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរ​ដែលមកលេងកំសាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសនៃរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​យើង​ឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ជូនថា ដើម្បីជាការអបអរសាទរឆ្នាំថ្មី២០១៨នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសហការ​ជាមួយ​សភាពាណិជ្ជកម្មខេត្តបានរៀបចំនូវព្រឹត្តិការណ៏ប្រគំតន្ត្រីរយៈពេលបីថ្ងៃដោយមានតារាល្បីៗចូលរួមសំដែងផងដែរ នៅទីតាំងឆ្នេរអូរឈើទាលក្រុងព្រះសីហនុ។ ក្រៅពីនោះក៏មានល្បែងប្រជាប្រិយ​ចំនួន១៨ប្រភេទទៀតត្រូវ​បាន​រៀបចំ​លេងកំសាន្តក្នុងឱកាសនោះដែរ ៕



លោកស្រី​ ម៉ែន សំអន អញ្ជើញជាអធិបតីសម្ពោធក្រុមហ៊ុន ហ្គោបូអ៊ីស្ត អេនធើធេនម៊ិន( Gobo East Entertainment) នៅខេត្តព្រះសីហនុ

សីហនុ៖ លោកស្រី ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន និងលោក យូ មីយីនស៊ូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃប្រទេសមីយ៉ាន់ម៉ា ប្រចាំប្រទេសកម្ពុជា លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសម្ពោធដំណើរការសណ្ឋាគារ ហ្គោបូអ៊ីស្ត អេនធើធេនម៊ិន ( Gobo East Entertainment) មានទីតាំងក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ការបណ្តាក់ទុនរបស់ក្រុមហ៊ុន Gobo East Entertainment ក្នុងវិស័យទេសចរណ៍ ស្របពេលដែលកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគគិន​បរទេសមកខេត្តព្រះសីហនុយ៉ាងគំហុក ។ សមិទ្ធផលនេះ ឆ្លុះបញ្ចាំងនូវជោគជ័យក្នុងការអនុវត្តនូវ​គោល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានខិតខំទាក់ទាញការវិនិយោគក្នុង និងក្រៅប្រទេស បង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ដល់វិនិយោគិន ធុរ:ជន ក្នុងវិស័យអចលនទ្រព្យ ដែលកំពុងបោះជំហានយ៉ាងលឿននៅកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ ។

លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍ថា សណ្ឋាគារ និងកាស៊ីណូដ៏ល្អប្រណីតកម្ពស់ ៥ជាន់ ស្មើ ១២៣បន្ទប់ បំពាក់គ្រឿងសង្ហារឹម និងឧបករណ៍ទំនើបៗ វិនិយោគទឹកប្រាក់ ១៣លានដុល្លារ ជាសមិទ្ធផលថ្មីមួយ ទៀតរបស់ខេត្តព្រះសីហនុ ជាខេត្តភាគនីរតីនៃប្រទេសកម្ពុជា ដែលមានសក្តានុពល​ផ្នែកឧស្សាហកម្ម ទេសចរណ៍។ ជាការឆ្លុះបញ្ចាំងនៃការវិនិយោគបរទេស និងវិស័យឯកជននៅកម្ពុជា ដែល​រដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធ​ភាពនៅកម្ពុជា វិស័យឯកជនជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ។

លោកស្រី ឧបនាយករដ្ឋមន្ត្រី អបអរសាទរចំពោះសមិទ្ធផលថ្មីដែលក្រុមហ៊ុនសម្រេច​ចិត្តវិនិយោគនៅ​ក្រុង-ខេត្តព្រះសីហនុ ។ អាជីវកម្មសណ្ឋាគារ និងកាស៊ីណូ ជាអាជីវកម្មស្របច្បាប់ដែលរាជរដ្ឋាភិបាល​អនុញ្ញាត ដើម្បីជំរុញវិស័យទេសចរណ៍បរទេសមកស្នាក់នៅ និងកំសាន្ត បម្រើដល់វិស័យសេវាកម្មកំសាន្ត និងទេសចរណ៍ ផ្ដល់ការងារជូនប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍន៍ និងកាត់​បន្ថយភាពក្រីក្រ​ក្នុង​ខេត្តព្រះសីហនុ ក្រោម​ការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បច្ចុប្បន្នប្រទេសយើងទទួលនូវស្ថិរភាព សន្តិសុខ និងសុវត្ថិភាព ធានាបានសន្តិសុខស្បៀង និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកស្រី ឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តព្រះសីហនុ នៅមានការប្រឈម​ដូចជា កង្វះធនធានមនុស្ស ខ្វះរមណីដ្ឋានកំសាន្ត ហេដ្ឋារចនាសម្ព័ន្ធនៅទាន់ខ្សោយ និងកង្វះការផ្សព្វផ្សាយ​ជាដើម ម្យ៉ាងទៀតការសម្រេចចិត្តបើកសណ្ឋាគារ និងកាស៊ីណូជាជម្រើសដ៏ល្អ ព្រោះក្រុងនេះ ជាទីតាំង​យុទ្ធសាស្ត្រ​ដ៍ល្អ ជាប់មាត់សមុទ្រស្រស់ស្អាត មានកំពង់ផែអន្តរជាតិ និងអាកាសយាន្តដ្ឋានអន្តរជាតិ មានសក្កានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៍សំខាន់របស់កម្ពុជា ដូច្នេះភ្ញៀវទេសចរអន្តរជាតិជាច្រើនពិតជាចេញ ចូល និងស្នាក់នៅក្រុងព្រះសីហនុច្រើន និងចូលសម្រាក ស្នាក់នៅទីនេះច្រើនជាមិនខាន រក្សាស្ថេរភាព និងកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្ដល់ចំណូល និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ និងកាត់​បន្ថយ​ភាពក្រីក្រផងដែរ ៕




 





ស្រុកបាទី ខេត្តតាកែវ និងរៀបចំព្រឹត្តិការណ៏សង្ក្រាន្តតាព្រហ្មទន្លេបាទី លើកទី១

តាកែវ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាទី បាននឹងកំពុងសហការយ៉ាងសស្រាក់សស្រាំជាមួយអាជ្ញាធរស្រុកបាទី ដើម្បីរៀបចំព្រឹត្តិការណ៍សង្ក្រាន្តតាព្រហ្ម ទន្លេបាទី ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ។

ព្រឹត្តិការណ៏សង្ក្រាន្តតាព្រហ្មទន្លេបាទី​ ដែលរៀបចំឡើងជាលើកទី១នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ជា វណ្ណដេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ នៅបរិវេណរមណីយដ្ឋានទន្លេងបានទី ដែលនឹងមានកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរជាច្រើនផងដែរដូចជា បោះឈូង ទាញព្រាត់ បោះអង្គុយ វាយក្អម និងការរាំចង្វាក់ រាំវង់ សារ៉ាវ៉ាន់ កន្ទ្រឹម ផងដែរ។

ការបង្កើតព្រឹត្តិការណ៍​ សង្ក្រាន្តតាព្រហ្មទន្លេបាទី​ នេះគឺដើម្បីបង្កើនភាពសប្បាយរីករាយ ជូនដល់ភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលេងកំសាន្តនៅរមណីយដ្ឋានទន្លេបាទី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពែណីជាតិខ្មែរយើង​ ជាពិសេសដើម្បីចូលរួមចំណែកថែរក្សា និងលើកតម្កើងល្បែងប្រជាប្រិយខ្មែរយើង និងដើម្បីឱ្យយុវជន យុវនារី ជំនាន់ក្រោយមានការយល់ដឹងពីល្បែងប្រជាប្រិយ ខ្មែរដ៏សម្បូរបែបដែលបាន បន្សល់ទុកដោយដូនតារបស់ខ្មែរយើង ៕