លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ការបណ្តាក់ទុនរបស់ក្រុមហ៊ុន Gobo East Entertainment ក្នុងវិស័យទេសចរណ៍ ស្របពេលដែលកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគគិនបរទេសមកខេត្តព្រះសីហនុយ៉ាងគំហុក ។ សមិទ្ធផលនេះ ឆ្លុះបញ្ចាំងនូវជោគជ័យក្នុងការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានខិតខំទាក់ទាញការវិនិយោគក្នុង និងក្រៅប្រទេស បង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ដល់វិនិយោគិន ធុរ:ជន ក្នុងវិស័យអចលនទ្រព្យ ដែលកំពុងបោះជំហានយ៉ាងលឿននៅកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ ។
លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍ថា សណ្ឋាគារ និងកាស៊ីណូដ៏ល្អប្រណីតកម្ពស់ ៥ជាន់ ស្មើ ១២៣បន្ទប់ បំពាក់គ្រឿងសង្ហារឹម និងឧបករណ៍ទំនើបៗ វិនិយោគទឹកប្រាក់ ១៣លានដុល្លារ ជាសមិទ្ធផលថ្មីមួយ ទៀតរបស់ខេត្តព្រះសីហនុ ជាខេត្តភាគនីរតីនៃប្រទេសកម្ពុជា ដែលមានសក្តានុពលផ្នែកឧស្សាហកម្ម ទេសចរណ៍។ ជាការឆ្លុះបញ្ចាំងនៃការវិនិយោគបរទេស និងវិស័យឯកជននៅកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា វិស័យឯកជនជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ។
លោកស្រី ឧបនាយករដ្ឋមន្ត្រី អបអរសាទរចំពោះសមិទ្ធផលថ្មីដែលក្រុមហ៊ុនសម្រេចចិត្តវិនិយោគនៅក្រុង-ខេត្តព្រះសីហនុ ។ អាជីវកម្មសណ្ឋាគារ និងកាស៊ីណូ ជាអាជីវកម្មស្របច្បាប់ដែលរាជរដ្ឋាភិបាលអនុញ្ញាត ដើម្បីជំរុញវិស័យទេសចរណ៍បរទេសមកស្នាក់នៅ និងកំសាន្ត បម្រើដល់វិស័យសេវាកម្មកំសាន្ត និងទេសចរណ៍ ផ្ដល់ការងារជូនប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បច្ចុប្បន្នប្រទេសយើងទទួលនូវស្ថិរភាព សន្តិសុខ និងសុវត្ថិភាព ធានាបានសន្តិសុខស្បៀង និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកស្រី ឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តព្រះសីហនុ នៅមានការប្រឈមដូចជា កង្វះធនធានមនុស្ស ខ្វះរមណីដ្ឋានកំសាន្ត ហេដ្ឋារចនាសម្ព័ន្ធនៅទាន់ខ្សោយ និងកង្វះការផ្សព្វផ្សាយជាដើម ម្យ៉ាងទៀតការសម្រេចចិត្តបើកសណ្ឋាគារ និងកាស៊ីណូជាជម្រើសដ៏ល្អ ព្រោះក្រុងនេះ ជាទីតាំងយុទ្ធសាស្ត្រដ៍ល្អ ជាប់មាត់សមុទ្រស្រស់ស្អាត មានកំពង់ផែអន្តរជាតិ និងអាកាសយាន្តដ្ឋានអន្តរជាតិ មានសក្កានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៍សំខាន់របស់កម្ពុជា ដូច្នេះភ្ញៀវទេសចរអន្តរជាតិជាច្រើនពិតជាចេញ ចូល និងស្នាក់នៅក្រុងព្រះសីហនុច្រើន និងចូលសម្រាក ស្នាក់នៅទីនេះច្រើនជាមិនខាន រក្សាស្ថេរភាព និងកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្ដល់ចំណូល និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រផងដែរ ៕


No comments:
Post a Comment