ការពិតបានបង្ហាញច្បាស់ជុំវិញហេតុផលពិតនៅពី ក្រោយបាតុកម្មរៀបចំនិងដឹកនាំដោយសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គា វើលដ៍ ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួក នោះគឺពួកគេធ្លាប់បានប្ដេជ្ញាថា នឹងកម្ទេចណាហ្គាវើលដ៍ចោលតែម្ដង មុនខ្លួនដើរចេញពីកន្លែងធ្វើការមួយនេះ។ ក្រៅពីគ្រោងកម្ទេចណាហ្គាវើលដ៍ហើយនោះ ក្រុមចលនាញុះញង់ខុសច្បាប់របស់ ឈឹម ស៉ីថរ ក៏មានផែនការបំផ្លាញការបោះឆ្នោតជាតិឆ្នាំ២០២៣ផងដែរ។ បុគ្គល ឈឹម ស៉ីថរ ដែលជាមនុស្សម្នាក់ស្និតនឹងលោកស្រី មូរសុខហួរដែលជាក្រុមឧក្រិដ្ឋជនក្បត់ជាតិ ហើយកំពុងរត់គេចខ្លួនទៅក្រៅប្រទេស ពីការតាមចាប់ថែមទៀតផង។ នេះគឺជារូបភាពពិតនៅពីក្រោយការញុះញង់ប្រមូលមនុស្សមកធ្វើបាតុកម្មរបស់បុគ្គលឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួក ដែលជ្រកក្រោមស្លាកតវ៉ាសិទ្ធិការងារនិងការពារអត្ថប្រយោជន៍បុគ្គលិកកម្មករ។ រូបភាពនេះក៏មិនមែនជាការតវ៉ាធម្មតាដើម្បីក្រពះដូចក្រុមអង្គការសង្គមស៊ីវិល មួយក្តាប់តូចខំបំផ្លៃតាមបណ្តាញផ្សព្វផ្សាយប្រឆាំងឡើយ តែវាជាការអនុវត្តផែនការបំផ្លាញកម្ពុជាតាមផែនការដាក់ចុះដោយបរទេស។
ក្រុមជនមេខ្លោងបាតុកម្មញុះញុងបង្កចលាចលសង្គមទាំង នេះសុទ្ធតែជាជនជាតិខ្មែរ ប៉ុន្តែពួកគេបែរជាបាត់បង់នូវមនសិការជាតិ ការស្រឡាញ់ជាតិ ហើយបម្រើបរទេស ចាញ់ល្បិចកលក្រុមអមិត្តដែលមិនចង់ឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ។ ទោះបីត្រូវបានវាយខ្នោះក៏ដោយ តែទឹកមុខរបស់ពួកគេ នៅតែដិតដាមដោយការ បំពាក់បំប៉នមនោគមន៍វិជ្ជាបំផ្លាញខ្មែរ។ សមត្ថកិច្ចបានបង្ហាញយ៉ាង ច្បាស់ថា បាតុកម្ម ដែលដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ បានទទួលការគាំទ្រថវិកាពីអង្គការចំនួន ៣ គឺអង្គការជាតិចំនួន ២ និងអង្គការបរទេសរបស់មហាអំណាចមួយក្រោមលេសការពារសិទ្ធិការងារអតីតបុគ្គលិកបុគ្គលិកនិងកម្មករនិងទប់ស្កាត់កុំឱ្យមានការបញ្ឈប់បុគ្គលិកកម្មករច្រើនបន្ថែមទៀត ហើយក្នុងការតតាំងនេះក្នុងនោះក៏មានការរៀបចំផែនការសកម្មភាពនៃការធ្វើបាតុកម្មតាមដងផ្លូវសាធារណៈយ៉ាងលម្អិតផងដែរ។ អាជ្ញាធរបានចាត់ទុកបាតុកម្មដែលអូសបន្លាយពេលវេលាជិត ២០ ថ្ងៃនេះថាជាបាតុកម្មខុសច្បាប់ ហើយចេតនាពិតប្រាកដត្រូវបានគេមើលឃើញថាពួកគេមិនចង់បានដំណោះស្រាយពិតប្រាកដឡើយ តែស្ថិតក្រោមការអនុវត្តផែនការទុច្ចរិតដែលម្ចាស់លុយពួកគេបានកំណត់ក្នុងកម្មវត្ថុនៃការផ្តល់លុយឱ្យ និងបន្តបញ្ឆេះកំហឹងក្នុងបញ្ហាផ្សេងៗទៀតដើម្បីហេតុផលផ្សេង។
តាមពិត កាលដែលក្រុមបាតុករអះអាងថាជាកូដកម្ម គឺមិនត្រឹមត្រូវឡើយ។ អ្វីដែលពួកគេបាននិងកំពុងធ្វើនេះមិន មែនជាការធ្វើកូដកម្មដោយសន្តិវិធីទេ ព្រោះអ្នកប្រមូលផ្តុំតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាអតីតបុគ្គលិកកម្មករដែលត្រូវបានបញ្ឈប់ការងារស្របតាមនីតិវិធីច្បាប់រួចហើយ។ ចំពោះបុគ្គលិកកម្មករដែលធ្វើកូដកម្ម គឺត្រូវបានតុលាការ បង្គាប់ឱ្យចូលធ្វើការវិញរួចអស់ ហើយដែរ។ តើបាតុករដែលនៅឈរតវ៉ានេះជានរណាឱ្យ ពិតប្រាកដ? ពួកគេបានបន្តអូសបន្លាយធ្វើបាតុកម្ម និងបដិសេធមិនទទួលយកដំណោះស្រាយដែលសម្រប សម្រួលដោយស្ថាប័នមានសមត្ថកិច្ច។ មិនតែប៉ុណ្ណោះ ក្រុមសមាគមនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែល ស្ថិតក្នុងក្រុមប្រតិបត្តិករនៃបដិវត្តន៍ពណ៌នាពេលកន្លងទៅ ក៏បានបង្ហាញមុខចូលរួម ឃ្លាំមើល និងក៏មានភាពសកម្មក្នុងការជួយជ្រោមជ្រែងក្រុមបាតុករ រួមទាំងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកកាសែតស៊ីឈ្នួលបរទេស មួយចំនួនក៏បានជួយបន្ទរបាតុកម្មនេះផងដែរ។ តើអ្វីទៅជា គោលបំណងពិតប្រាកដនៃការអូសបន្លាយបាតុកម្មរបស់ ក្រុមអតីតបុគ្គលិកកម្មករទាំងនេះ? ដើម្បីទាមទារឱ្យបុគ្គលិកកម្មករដែលត្រូវបញ្ឈប់ចូលធ្វើការវិញ?
ការបញ្ឈប់បុគ្គលិក និងកម្មកររបស់ក្រុមហ៊ុនណាហ្គាវើលដ៍នាពេលកន្លងទៅត្រូវបានពិនិត្យឃើញថាបាន ធ្វើឡើងស្របតាមច្បាប់ការងារ ដោយសារក្រុមហ៊ុនបានអះអាងអំពីការខាតបង់ប្រាក់ចំណេញក្នុងពេលកូវីដ១៩ ដូចអាជីវកម្មផ្សេងៗទៀតដែរ។ ដូចនេះ ប្រសិនបើបុគ្គលិក និងកម្មករយល់ថា ការបញ្ឈប់ការងារមិនត្រឹមត្រូវតាមច្បាប់ការងារ ពួកគេអាចធ្វើការតវ៉ាតាមផ្លូវច្បាប់ ជាមួយក្រសួងការងារ និងតាមផ្លូវតុលាការ ឬតាមយន្តការដោះស្រាយវិវាទការងារជាធរមាន។ ការប្រើប្រាស់ដងផ្លូវ ការប្រមូលកម្លាំងធ្វើសកម្មភាពខុសច្បាប់ ដោយចាប់ក្រុមហ៊ុន និងយកសណ្តាប់ធ្នាប់សាធារណៈជាចំណាប់ខ្មាំង ពុំមែនជាវិធីស្វែងរកដំណោះស្រាយនោះឡើយ។ អតីតបុគ្គលិក ឬកម្មករដែលត្រូវបានបញ្ឈប់ការងារ នៅតែមានសិទ្ធិទទួលបានសំណង និងអត្ថប្រយោជន៍នានា ពីក្រុមហ៊ុន ស្របតាមច្បាប់ជាធរមាន ហើយនៅតែអាចស្នើសុំ ឬទាមទារទៅតាមយន្តការដែលមានជាធរមានដើម្បីជួយទាមទារសំណង និងអត្ថប្រយោជន៍ទាំងនេះ ដូចជា សាលារាជធានី និងក្រសួងការងារជាដើម។
រយៈពេល ១៧ ថ្ងៃនៃការធ្វើបាតុកម្មដឹកនាំដោយ សហ ជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គា វើលដ៍ ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ ដោយមានការគាំទ្រថវិកាពីបរទេស និងចូលរួមពីប្រតិបត្តិករ ក្នុងស្រុកនានា ជាបាតុកម្មលើសពីការការពារសិទ្ធិការ ងារ និងអត្ថប្រយោជន៍បុគ្គលិកនិងកម្មករដែលត្រូវបញ្ឈប់ ការងារ តែជាប្រភេទបាតុកម្មដែលពួកគេរៀបចំឡើងរួមនឹងការប្រើប្រាស់វិធីសាស្ត្រសាច់កម្ម រុញបាតុករឱ្យប្រឈមមុខនឹងកម្លាំងសមត្ថកិច្ចគឺក្នុងគោលបំណងទុច្ចរិតបង្កើតជាឈ្នួនបំផ្ទុះដើម្បីឈានអនុវត្ត ផែនការជាបន្តបន្ទាប់ដែលក្រុមជនបរទេសបានគូសវាសឱ្យ។ ពួកគេបានរៀបចំផែនការយ៉ាងល្អិតល្អន់បំផុត សម្រាប់ការតស៊ូរយៈពេលវែង ដោយមានរៀបចំទាំងផែនទីនានា ការរៀបចំការផ្គត់ផ្គង់ស្បៀងអាហារ ការផ្គត់ផ្គង់សម្ភារនានាសម្រាប់ទ្រទ្រង់ការធ្វើបាតុកម្ម។ មេដឹកនាំបាតុកម្មឈ្មោះ ឈឹម ស៊ីថរ បានស្វះស្វែងរកជំនួយ ដោយផ្ទាល់ពីម្ចាស់ជំនួយនានាជាពិសេសអង្គការដែល បាន បង្ហាត់បង្រៀនខ្លួនពីរបៀបធ្វើបាតុកម្មតវ៉ា។ នេះគឺជា ឱកាសមាសសម្រាប់ក្រុមបរទេសអមិត្តក្នុងការជ្រៀតជ្រែក ព្រមទាំងដាក់ផែនការនានាឱ្យពួកគេអនុវត្តដើម្បីជាថ្នូរនឹងការផ្តល់ការគាំទ្រថវិកា។ ដូច្នេះ បាតុកម្មដែល ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួក គឺជាការស៊ីឈ្នួលធ្វើបាតុកម្មបម្រើឱ្យហេតុផលជាក់លាក់មួយ។
សូមបងប្អូនកុំចាញ់បោកឧបាយកលនយោបាយ ដែល នាំទៅដល់ការបំផ្លាញសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងស្ថិរភាព និងសន្តិសុខសង្គម ក្រោមរូបភាពនៃការប្រើសិទ្ធិទាមទារ ដោយបំពានលើសិទ្ធិអ្នកដទៃ និងដោយខុសច្បាប់! អាជ្ញាធរមានសមត្ថកិច្ចនឹងប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពសង្គម និងសន្តិសុខសង្គម ដើម្បីផលប្រយោជន៍រួម និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់។ រាល់សកម្មភាពខុសច្បាប់ ការរំលោភសិទ្ធិរបស់ប្រជាជនទូទៅ ព្រមទាំងការចាប់ដងផ្លូវ និងប្រយោជន៍សាធារណៈ ជាចំណាប់ខ្មាំង មិនត្រូវបានអនុញ្ញាតនោះឡើយ ហើយត្រូវមានវិធានការច្បាប់ដោយម៉ឺងម៉ាត់ពីអាជ្ញាធរ! ជាក់ស្តែងមេខ្លោង បាតុកម្មចំនួន ៣ នាក់ ក្នុងនោះមានឈ្មោះ ឈឹម ស៊ីថរ សុខ គង្គា និងសុខ ណារិទ្ធ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នេះ ហើយនឹងបក្ខពួករបស់ពួកគេជាច្រើននាក់ទៀតក៏ត្រូវបានចាប់ខ្លួននិងចោទប្រកាន់នៅចំពោះមុខច្បាប់។ នេះគឺជាអ្វីដែលក្រុមមេញុះញង់បង្កចលាចលត្រូវទទួលចំពោះទង្វើបំផ្លាញជាតិរបស់ពួកគេ៕
ដោយ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២