ទំព័រហ្វេសប៊ុកចៅចាក់ស្មុក ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧ បានបង្ហោះផ្សាយនូវអត្ថបទមួយដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ថ្ងៃម្សិលមិញ និងថ្ងៃនេះ គោលជំហររបស់គណបក្សសង្គ្រោះជាតិប្រែប្រួលដូចមេឃនិងដី! ម្សិលមិញ មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសថាសុខចិត្តឱ្យគណបក្សត្រូវបានគេរំលាយមិនប្តូរប្រធាន ហើយនឹងធ្វើពហិការក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខ បើគ្មានការដោះលែង កឹម សុខា ដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែថ្ងៃនេះ សុន ឆ័យ បានលើកឡើងនៅក្នុងសន្និសីទកាសែតនៅស្នាក់ការបក្សសង្គ្រោះជាតិនៅចាក់អង្រែដោយបាន ទាត់ចោលនូវពាក្យសម្តីដែលគ្មានការសម្រេចចិត្តត្រឹមត្រូវរបស់លោកស្រី មូរ សុខហួរ ហើយប្រកាសថា គណបក្សសង្រ្គោះជាតិ នឹងចូលរួមបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខនេះ។ លោក សុន ឆ័យ បានបញ្ជាក់នៅចំពោះមុខ មូរ សុខហួរ ថា៖ «គណបក្សសង្រ្គោះជាតិ មានទិសដៅតែមួយទេ គឺឆ្ពោះទៅរកការបោះឆ្នោត នៅឆ្នាំ២០១៨។ នេះជាបំណងប្រាថ្នារបស់គណបក្សសង្រ្គោះជាតិ ហើយគណៈកម្មាធិការអចិន្រ្តៃយ៍ កាលពីថ្ងៃទី៩ ខែកញ្ញា បានសម្រេចរួមគ្នាថា យើងនៅតែបន្តការងាររបស់យើងជាធម្មតា»។
ការថ្លែងរបស់ សុន ឆ័យ នៅពេលនេះហាក់ដូចជាបានវាយទម្លាក់ទំនុកចិត្តរបស់ មូរ សុខហួរ អនុប្រធានបក្សនៅកម្រិតទាបបំផុត និងក៏ជាការព្រមានចំពោះតំណាងរាស្ត្ររូបនេះ ដែលគេស្គាល់ថាជាអ្នកពុកទឹកមាត់ កាន់ក្បាលមីក្រូនិយាយជំនួសបក្សទាំងមូលដោយមិន បានឆ្លងកាត់ការយល់ព្រមពីគណៈកម្មាធិការកណ្តាល ឬសមាជរបស់បក្ស។ មូរ សុខហួរ បានត្រឹមតែធ្វើមុខស្ងួត មិនសប្បាយចិត្តនឹងសម្តីរបស់ សុន ឆ័យ។ តើមូលហេតុអ្វីបានជា មូរ សុខហួរ បែរជាចេញមកប្រកាសមិនចូលរួមការបោះឆ្នោត និងមិនខ្វល់នឹងការរំលាយបក្ស ដែលផ្ទុយពីចំណុចទី៤ នៃសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១០ ខែកញ្ញាដែលថា បន្តការងារគណបក្សឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ ២០១៨? ឬមួយ មូរ សុខហួរ ពុលទឹកមាត់ និងជ្រុលគំរាមតាមអេង ឆៃអ៊ាង ដែលថានឹងធ្វើពហិការក្នុង ការបោះឆ្នោត ហើយបើចាំបាច់នឹងធ្វើបាតុកម្ម?
តាមពិតសន្និសីទកាសែតនៅថ្ងៃនេះគឺជាការកែប្រែនូវគោលជំហរដែល មូរ សុខហួរ បានប្រកាសនៅមុខពន្ធនាគារត្រពាំងផ្លុង និងការប្រកាសរបស់ អេង ឆៃអ៊ាង តាមរលកវិទ្យុ សំឡេងសហរដ្ឋអាមេរិក ភ្លាមៗក្រោយអាជ្ញាធរចាប់ខ្លួន កឹម សុខា។ សាររបស់ សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រនៅថ្ងៃនេះគឺជាការទះកំផ្លៀងផ្ទួនៗ ទៅអនុប្រធានគណបក្ស
សង្គ្រោះជាតិពីរនាក់ដែលបង្ហាញជំហរបែបអត្តនោម័តមិនឆ្លងគណៈអចិន្ត្រៃយ៍ គណៈ កម្មាធិការកណ្តាល ឬសមាជបក្ស មុននឹងនិយាយក្នុងនាមបក្សទៅកាន់សាធារណជន និងប្រព័ន្ធ ផ្សព្វផ្សាយ។ នេះគឺជាកំហុសយុទ្ធសាស្ត្រព័ត៌មានធំណាស់សម្រាប់គណបក្សសង្គ្រោះជាតិ ដែលមិនអាចគ្រប់គ្រងព័ត៌មានក្នុងបក្សរបស់ខ្លួនបាន។ ចំណែកកូនស្រី កឹម សុខា ទាំងពីរ ក៏មានផ្លូវមួយផ្នែកទៀតរបស់ខ្លួនដែរ។ ផ្ទៃក្នុងបក្សសង្គ្រោះជាតិនៅពេលនោះ មើលទៅពិតជាបាត់ម្ចាស់ការកាន់តែខ្លាំងហើយ គ្មាននរណាមេ នរណាកើយពិតប្រាកដទេ គឺជើងខ្លាំងរៀង ៗខ្លួន។ ទាំងអស់គ្នាដែលបានបញ្ចេញមតិយោបល់និងគោល ជំហរនេះមិនបានធ្វើឱ្យស្ថាន ភាពល្អប្រសើរឡើយ ប៉ុន្តែបានធ្វើឱ្យ កឹម សុខា កាន់តែវណ្ឌកជាមួយនឹងច្បាប់ ហើយគណបក្សសង្គ្រោះជាតិ ក៏កាន់តែដើរដល់ជ្រោះមរណៈនៃការប្តឹងរំលាយបក្សចោល។
តាមប្រភពព័ត៌មានពីបន្ទាយចាក់អង្រែ អ្វីដែលកូនស្រី កឹម សុខា និយាយ និងអនុប្រធានបក្សមូរ សុខហួរ និយាយកាលពីម្សិលមិញគឺពិតជាធ្វើឱ្យសមាជិកគណៈកម្មាធិការ
កណ្តាលបក្សផ្សេងទៀតឈឺក្បាលវិលមុខមិនចេះស្ទើរជាពិសេស ប៉ុល ហំម ដែលបាននិយាយតាមកាសែត ភ្នំពេញ ប៉ុស្តិ៍ថា គាត់ហាក់ដូចជានឿយហត់នឹងនយោបាយ ហើយ ចង់ចូលនិវត្តន៍ និងទៅវត្តវ៉ាម្តង។ សូម្បី ប៉ុល ហំ និងអ្នកកឹម សុខានិយមផ្សេងទៀតដូចជា យ៉ែម ប៊ុញ្ញាឫទ្ធិ និងអ៊ូ ច័ន្ទរ័ត្នជាដើម ក៏នាំគ្នាគ្រវីក្បាលដូចគោស្រាំងទិច ហើយហួសចិត្ត នឹងអ្វីដែល មូរ សុខហួរ និយាយក្នុងនាមបក្ស និងការតែរុញគណបក្សឈានទៅដល់គ្រោះថ្នាក់ កាន់តែខ្លាំង។ តាមប្រភពពីបន្ទាយចាក់អង្រែ ក្រោយពី មូរ សុខហួរ ថ្លែងសាររួចនៅមុខពន្ធ នាគារត្រពាំងផ្លុង អ្នកតំណាងរាស្ត្រខ្លះរត់ជាន់ជើងគ្នាព្រាត ខ្លះស្វះស្វែងជួប មូរ សុខហួរ ដើម្បីស្នើសុំសម្រួលសារ ឬដកត្រឡប់មកវិញនូវសារខ្លះដែលធ្វើឱ្យប៉ះពាល់គោលជំហររួមរបស់បក្ស។ ហេតុដូច្នេះហើយបានជាគណបក្សសម្រេចធ្វើសន្និសីទកាសែតដើម្បីទាត់ចោលការបង្ហាញពី គោលជំហរបុគ្គលធ្វើជាគោលជំហរបក្សចោលរបស់ មូរ សុខហួរ។
នេះជាមេរៀនមួយសម្រាប់មូរ សុខហួរ និងអេង ឆៃអ៊ាង ធ្វើដល់អនុប្រធានបក្ស កុំពុលទឹកមាត់ និយាយត្រូវគិតមុខគិតក្រោយ គោលជំហរបុគ្គលឱ្យចំបុគ្គល គោលជំហរបក្ស ឱ្យចំបក្សព្រោះក្នុងបក្សសង្គ្រោះជាតិ មិនមែនមានតែក្រុម សម រង្ស៊ី ទេ មានក្រុមកឹម សុខា ដែលបាននិងកំពុងដណ្តើមឥទ្ធិពលគ្នា។ បើនិយាយមិនស្រួលប្រាកដជាត្រូវព្រនង់របស់ ប្រធានក្រុមតំណាងរាស្ត្រ សុន ឆ័យ ដូចព្រឹកនេះទៀតហើយ៕
ដោយ៖ ចៅ ចាក់ស្មុក