Tuesday, December 17, 2013
រាជរដ្ឋាភិបាលអរគុណអង្គការយូណេស្កូ និងរដ្ឋាភិបាលអាមេរិក ដែលជួយនាំបដិមាករខ្មែរទុរយោធន៍ មកកម្ពុជាវិញ
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះអ្នកជំនាញការ នៃអង្គការយូណេស្កូ ជាពិសេសរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានជួយក្នុងការនាំមកឲ្យកម្ពុជាវិញ នូវបដិមាករខ្មែរទុរយោធន៍ (Duryodhana) ដែលជាសម្បត្តិបេតិកភ័ណ្ឌជាតិ ហើយត្រូវបានបាត់បង់អស់រយៈពេល ៤១ឆ្នាំមកហើយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានមានប្រសាសន៍ធ្វើការប្រៀបថា នៅប្រទេសអ៊ីតាលី គេត្រូវចំណាយពេលអស់១៧ឆ្នាំ និងថវិកាអស់ចំនួនជិត ២០លានដុល្លារ ដើម្បីនាំយកវត្ថុបុរាណរបស់គេដែលបានបាត់បង់ត្រឡប់មកប្រទេសវិញ ក្នុងពេលដែលកម្ពុជាប្រើពេលខ្លី និងមិនបានចំណាយថវិកាជាតិនោះទេ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា បដិមាករទុរយោធន៍ (Duryodhana) កសាងនៅសតវត្សរ៍ទី១០ ដែលត្រូវបានគេលួចពីប្រាសាទកោះកែរ កាលពីឆ្នាំ១៩៧២ ក្នុងពេលដែលកម្ពុជាស្ថិតក្នុងស្ថានភាពជាប្រទេសមានសង្គ្រាម និងអសន្តិសុខ និងត្រូវនាំយកមកកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ហើយនឹងត្រូវយកទៅតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ៕
នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន ប្តេជ្ញាធ្វើឲ្យទំនាក់ទំនងទ្វេភាគីឈានដល់ភាពជាដៃយុទ្ធសាស្រ្ត
នៅនិវេសនដ្ឋានផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុនក្នុងទីក្រុងតូក្យូ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុងពិធីលាងសាយភោជន៍ជាមហាកិត្តិយសជូនគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការនៅទីក្រុងតូក្យូ នៃព្រះរាជាណាចក្រជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តីជប៉ុន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមទាំងអស់ពីការប្តេជ្ញាចិត្តរួមគ្នាថា និងធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគួយុទ្ធសាស្រ្តកាន់តែទទួលបាននូវភាពជោគជ័យថែមទៀត។
ទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថា ពិធីលាងសាយភោជន៍ត្រូវបានធ្វើឡើង ក្រោយពេលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានជួបពិភាក្សាការងារ និងធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាផ្តល់ និងទទួលនូវគម្រោងមួយចំនួនសម្រាប់ការអភិវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា។
លិខិតប្តូរសារ និងអនុស្សរណៈសំខាន់ៗចំនួន ៤ ដែលត្រូវបានចុះហត្ថលេខានាឱកាសនោះ រួមមាន៖
ទី១ លិខិតប្តូរសារស្តីពីគម្រោងកែលម្អផ្លូវជាតិលេខ ១។
ទី២ លិខិតប្តូរសារ ស្តីពីគម្រោងការធ្វើឲ្យប្រសើរឡើងនូវមន្ទីរបង្អែកខេត្តព្រះសីហនុ។

និងទី៤ អនុស្សរណៈស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធារវាងក្រសួងការពារជាតិជប៉ុន និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលចុះហត្ថលេខារវាងឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាជាមួយនិងឯកឧត្តម អីស៊ួណូរី អូណូដេរ៉ា (Itsunori ONODERA)រដ្ឋមន្រ្តីការពារជាតិជប៉ុន។
នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានសំដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលមានអាយុកាល ៦០ឆ្នាំកន្លងមក។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ក្នុង ការរិះរកវិធីសាស្រ្តនានាក្នងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចកំពូលថ្មីមួយទៀត ពោលគឺពេលនេះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឈានដល់ភាពជាដៃយុទ្ធសាស្រ្ត នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
ដោយឡែកនៅក្នុងជំនួបពិភាក្សាទ្វេភាគី ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើការគាំទ្រ និងបញ្ជូនអ្នកស្រាវជ្រាវក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន និងសម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតំលៃខ្ពស់ និងកោតសរសើរផងដែរចំពោះវឌ្ឍនភាពថ្មីៗដែលកម្ពុជាសម្រេចបាន ពិសេសលទ្ធផលនៃកិច្ចពិភាក្សាទ្វេភាគី ដែលធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីមកកាន់ប្រទេសជប៉ុន ពោលគឺកិច្ចពិភាក្សាគ្នាទាក់ទិនទៅ និងការហោះត្រង់នៃប្រទេសទាំងពីរកម្ពុជា ជប៉ុន។
សូមបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន មកកាន់ប្រទេសកម្ពុជាកាលពីពាក់កណ្តាលខែវិច្ឆិកា ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើជាសាក្សីពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរក្នុងនោះគឺ ទី១ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល ជប៉ុនជាមួយរាជរដ្ឋាភិបាលកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលក្នុងក្រប ខណ្ឌសហប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងទី២ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលការងារ និងសុខមាលភាពជប៉ុន។
បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៤០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុនលើកទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ និង១៤ ខែធ្នូ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិតបានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចការងារផ្លូវការរយៈ ០២ថ្ងៃក្នុងនាមជាភ្ញៀវរបស់នាយករដ្ឋមន្ត្រីជប៉ុន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចេញដំណើរទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ដោយទទួលបាននូវការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីមន្ត្រីជាន់ខ្ពស់ជប៉ុន ពិសេសលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ៕
សម្តេចសន្យាធ្វើឲ្យការវិនិយោគទុនរបស់ជប៉ុននៅកម្ពុជាមានការរីកចម្រើន
នៅក្នុងពិធីពិសាអាហារពេលល្ងាច កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ នៅទីក្រុងតូក្យូប្រទេសជប៉ុន ដែលរៀបចំដោយក្រុមហ៊ុន Minebea សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងថា ដំណើរទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុនគឺផ្តោតលើបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបញ្ហាដ៏សំខាន់បំផុត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះដំណើរការវិនិយោគរបស់ ក្រុមហ៊ុន Minebea នៅកម្ពុជា។
ទាក់ទងនឹងការវិនិយោគដោយក្រុមហ៊ុនជប៉ុននៅព្រះរាជាណាចក្រកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងថា សម្តេចផ្ទាល់ពិតជាមានមោទនភាពចំពោះកូន ដែលរូបសម្តេចបង្កើតដោយផ្ទាល់នេះបានចេញនូវរូបរាងយ៉ាងពិតប្រាកដ និងមានការរីកធំធាត់ដ៏គួរឲ្យកោតសរសើរក្នុងរយៈពេលដ៏ខ្លី។ សម្តេចតេជោមានប្រសាសន៍ថា សម្តេចបានធ្វើជាឆ្មបបង្កើតទារកនេះហើយមិនឲ្យទារកម្នាក់នេះស្លាប់ទៅវិញនោះទេ ផ្ទុយទៅវិញនឹងធ្វើឲ្យទារកម្នាក់នេះក្លាយទៅជាកុមារ និងយុវជនប្រកបដោយ កម្លាំងមាំមួនក្នុងការវិនិយោគកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា គណៈប្រតិភូដែលធ្វើដំណើរទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុននៅពេលនេះ គឺជាគណៈប្រតិភូដែលពោរពេញទៅដោយសក្ដានុពល និងមានអំណាចដឹកនាំគ្រប់គ្រាន់ ក្នុងធានាដល់ស្ថិរភាពរបស់អ្នកវិនិយោគទុននានា ក្នុងនោះរាប់ទាំងវិនិយោគទុនជប៉ុន និងបរទេសនានាផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលនោះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើការពិភាក្សារិះរកមធ្យោបាយនានា ក្នុងការទាក់ទាញវិនិយោគទុនជប៉ុនទៅបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។
លោក កៃនូម៉ា (Kainuma) ប្រធានក្រុមហ៊ុន Minebea បាន ថ្លែងថា ប្រតិបត្តិការក្រុមហ៊ុនរបស់ លោកនៅកម្ពុជា មានដំណើរការយ៉ាងលឿនជាងគម្រោងដើមរបស់ក្រុមហ៊ុន ហើយជោគ ជ័យរបស់ក្រុមហ៊ុន Minebea នៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺបានមកពីការគាំទ្រដ៏សប្បុរសពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ពិសេសរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់តែម្តង។ ជាមួយនឹងការថ្លែងពីជោគជ័យលើការវិនិយោគនៅកម្ពុជា ដែលរោងចក្រទី២ នឹងដំណើរការនៅពេលខាងមុខ លោកប្រធានក្រុមហ៊ុនមានប្រសាសន៍សម្ដែងនូវការសប្បាយរីករាយផងដែរ ចំពោះការផ្តល់នូវឱកាសមាសស្តីពីពន្ធគយចំពោះក្រុមហ៊ុន Minebea ក្នុងខែមេសាខាងមុខ ដើម្បីកាត់បន្ថយពេលវេលាយ៉ាងច្រើនក្នុងការប្រតិវេទពន្ធគយនៅតាមព្រំដែនកម្ពុជា-ថៃ និងជាពិសេសទៅទៀត ក្រសួងពាណិជ្ជកម្មនឹងលុបចោលនូវការត្រួតពិនិត្យ ដោយកាំកុងត្រូលចំពោះក្រុមហ៊ុនដែលបានទទួលនូវឱកាសមាសនោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងនូវអំណរគុណជូនចំពោះក្រុមហ៊ុន Minebea ដែល បានផ្ញើនូវសារលិខិតចូលរួមអបអរសាទរ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យពីការបោះឆ្នោតសកលកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ និងលិខិតជូនពរចំពោះសម្តេចដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីក្នុងការដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៥ បន្តរយៈពេល៥ឆ្នាំទៀត។
នៅក្នុងពិធីជប់លៀងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះ លោក កែនូម៉ា និងលោកស្រី និងថ្នាក់ដឹកនាំ ក្រុមហ៊ុន Minebea ទាំងអស់ដែលមានស្នាក់ការធំនៅទីក្រុងតូក្យូ និងទាំងបុគ្គលិកកម្មករទាំងអស់នៃរោងចក្រ Minebea នៅរាជធានីភ្នំពេញបានប្រារព្ធពិធីខួបកំណើតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គម្រប់៥៩ ឆ្នាំ ឈានចូល៦០ ឆ្នាំ ក្នុងបរិយាកាសស្និទ្ធស្នាល និងការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយជ្រោមជ្រែងដល់ដំណើរការវិនិយោគរបស់ក្រុម ហ៊ុន Minebea នៅកម្ពុជានោះ៕
សម្តេចតេជោ និងអនុប្រធាន LDP ចង់ឲ្យមានការហោះហើរត្រង់កម្ពុជាជប៉ុន
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ឯកឧត្តម Masahiko KUMURA អនុប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយមជប៉ុន(LDP) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការធ្វើឲ្យប្រទេសកម្ពុជាមានការភិវឌ្ឍន៍រីកចម្រើន និងទទួលបានការគាំទ្រពីអន្តរជាតិ។
យោងតាមបេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាឲ្យដឹងថា ឯកឧត្តម KUMURA មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៧ សម្តេចតេជោមានការប្តេជ្ញាចិត្តដ៏ត្រឹមត្រូវ ដែលបាននាំប្រទេសកម្ពុជាឲ្យមានការបោះឆ្នោតមួយ ដែលបានទទួលនូវការគាំទ្រពីអន្តរជាតិ ហើយចាប់តាំងពីពេលនោះមកសម្តេចតេជោនាយករដ្ឋមន្ត្រីបានដឹកនាំ និងកសាងប្រទេសកម្ពុជាមានការរីកចម្រើន និងមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ។ ឯកឧត្តម KUMURA មានប្រសាសន៍បន្តថា ឆ្នាំ២០១៣ នេះគឺជាខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរកម្ពុជាជប៉ុន ហើយឯកឧត្តមមានមហាកិត្តិយសណាស់ដែលសម្តេចតេជោបានអនុញ្ញាត ឲ្យរូបលោកចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម KUMURA បានសម្តែងនូវសេចក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី មកកាន់ប្រទេសជប៉ុននៅពេលនេះនឹងទទួលបានលទ្ធផលល្អ ពោលគឺជោគជ័យនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៤០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន កិច្ចប្រជុំកំពូលមេគង្គជប៉ុនក៏ដូចជាទស្សនកិច្ចការងារផ្លូវការរបស់សម្តេចនៅទីក្រុងតូក្យូ និងទីក្រុងក្យូតូប្រទេសជប៉ុន។
ឯកឧត្តម KUMURA ក៏បានស្នើដល់ភាគីកម្ពុជាក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ាន-ជប៉ុន ធ្វើយ៉ាងណាជួយជំរុញឲ្យមានការរីកចម្រើន នៃប្រទេសអាស៊ានជប៉ុន។ ឯកឧត្តម KUMURA បានឲ្យដឹងថា កាលពីឆ្នាំ២០០៨ នៅពេលដែលឯកឧត្តមជារដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្តមបានរៀបចំឲ្យមានការប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសមេគង្គ ជប៉ុនមកដល់ពេលនេះទំនាក់ទំនងនៃប្រទេសមេគង្គជប៉ុន មានភាពល្អប្រសើរខ្លាំងណាស់។ ទាក់ទិនទៅនិងទំនាក់ទំនងទ្វេភាគី ឯកឧត្តម KUMURA មានប្រសាសន៍វាយតម្លៃថា ទំនាក់ទំនងនៃប្រទេសទាំងពីរមានការរីកចម្រើនខ្លាំងណាស់ ពោលគឺក្នុងរយៈពេល ៣ឆ្នាំមកនេះ មានក្រុមហ៊ុនជប៉ុនជាច្រើនបានទៅបណ្តាក់ទុនវិនិយោគនៅ កម្ពុជា មានការកើនឡើង ២ ភាគ ៣ និងមានក្រុមហ៊ុនជាច្រើនទៀតក៏កំពុងតែស្វះស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។
ឯកឧត្តម KUMURA អនុប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយមជប៉ុន(LDP) បានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានរៀបចំឲ្យមានបរិយាកាសវិនិយោគកាន់តែល្អប្រសើរឡើងនេះ។ ឯកឧត្តមបន្តថា កិច្ចព្រមព្រៀងអាកាសចរណ៍គួរតែត្រូវបានចុះហត្ថលេខាដើម្បីបើកផ្លូវឲ្យ មានការហោះហើរត្រង់ពីភ្នំពេញមកកាន់ទីក្រុងតូក្យូ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងថា ដោយសារឆ្នាំ(២០១៣)នេះ គឺជាឆ្នាំ ពិសេសដោយសារតែប្រទេសទាំងពីរប្រារព្ធខួបទី៦០ ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរមានន័យថា កម្ពុជាប្រារព្ធខួប ៦០ឆ្នាំ នៃការទទួលបុណ្យឯករាជ្យជាតិរបស់ខ្លួន ហើយដែលជប៉ុនបានទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតភ្លាមជាមួយកម្ពុជានាពេលនោះដែលជាការបង្ហាញថា ជប៉ុនមិនមានការស្ទាក់ស្ទើរនោះ ឡើយក្នុងការបង្កើតចំណងការទូតជាមួយនឹងកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ថា នៅពេលដែលកម្ពុជាបានទទួលនូវឯករាជ្យភាពភ្លាមមិនមានប្រទេសច្រើនទេ ដែលបានទទួលស្គាល់កម្ពុជាតួយ៉ាងដូចជាប្រទេសជប៉ុននេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសជប៉ុននៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ មកកាន់កម្ពុជាកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅហើយមកពេលនេះមាន មេដឹកនាំអាស៊ានជាច្រើន បានមកដល់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៤០ឆ្នាំនៃទំនាក់ទំនង អាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលមេគង្គជប៉ុន។ សម្តេចតេជោបានរំលឹកដែរថា កាលពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនមកកាន់ប្រទេសកម្ពុជា ប្រមុខរដ្ឋាភិបាលទាំងពីរបានធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួនពីរ ហើយក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសជប៉ុននៅពេលនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារចំនួន៤ ទៀត ដែលក្នុងនោះកិច្ចសហប្រតិបត្តិការថ្មីរបស់យើងគឺនៅលើវិស័យការពារជាតិ។
ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន សម្តេចតេជោមានប្រសាសន៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងនៃប្រទេសទាំងពីរមានការរីកចម្រើនខ្លាំងណាស់ ដោយយើងបានរក្សានូវអ្នកវិនិយោគចាស់របស់ជប៉ុន ហើយយើងខិតខំបង្កើតបរិយាកាសល្អៗ ដើម្បីទាក់ទាញអ្នកវិនិយោគថ្មីៗពីជប៉ុនឲ្យបានច្រើនថែមទៀត។ សម្តេចតេជោបានមានប្រសាសន៍វាយតម្លៃថា ប្រសិនជាមានការហោះហើរត្រង់នៃប្រទេសទាំងពីរ គឺវាកាន់តែមានភាពល្អប្រសើរថែមទៀត ហើយបញ្ហានេះ គឺវាចំណុះទៅលើក្រុមហ៊ុនជប៉ុនថា តើគេចង់មានការហោះហើរត្រង់ឬយ៉ាងណា។ សម្តេចតេជោមានប្រសាសន៍ឲ្យដឹងថា មានក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសចិន កូរ៉េជាច្រើនបានធ្វើការហោះហើរត្រង់ជាច្រើនជើងមកកាន់ប្រទេសកម្ពុជា តាមរយៈនេះបើមានការហោះហើរត្រង់ពីជប៉ុនមកកាន់កម្ពុជា នឹងធ្វើយើងប្រទេសទាំងពីរមានការផ្លាស់ប្តូរនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍កាន់តែរីកចម្រើនទ្វេឡើងថែមទៀត ពិសេសលើជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕
សម្ដេចតេជោស្នើឲ្យក្រុមហ៊ុន MOECO បន្ថែមការរុងរកប្រេងនៅតំបន់ដីគោក
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញបេសកកម្មការងារចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនកិច្ចប្រជុំ កំពូលមេគង្គ-ជប៉ុនលើកទី៥ និងទស្សនកិច្ចការងារផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុន Mitsui Oil Exploration Co.,ltd (MOECO) ធ្វើការស្រាវជ្រាវ និងរុករកប្រេងនៅលើតំបន់ដីគោកផងដែរ ក្រៅពីការជំរុញការរុករកប្រេងនៅតំបន់ឈូងសមុទ្ររបស់ប្រទេសកម្ពុជានោះ។ ប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសជួបសវនាការជាមួយលោក Mitsui HIDAKA ប្រធាន និងជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនរុករកប្រេង MOECO និងលោក Yoshiyuki KAGAWA ទីប្រឹក្សាជាន់ខ្ពស់ និងជាអតីតប្រធានក្រុមហ៊ុនចូលជួបសម្ដែងការគួរសម ដើម្បីស្វែងយល់ពីការងារវិនិយោគក្នុងប្រទេសកម្ពុជា។
ប្រភពពីបេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថា មានប្រសាសន៍ទាក់ទិនទៅនឹងការវិនិយោគរួមគ្នារវាងក្រុមហ៊ុនរបស់ MOECO ជាមួយ និងក្រុមហ៊ុនរុករកប្រេងរបស់អាម៉េរិក Cheverron ពិសេសការចរចាដែលកំពុងតែប្រព្រឹត្តឡើង សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្តេចចង់ឃើញការផលិតប្រេងឲ្យបានឆាប់ និងផ្តល់នូវផលប្រយោជន៍ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស និងប្រជាជនកម្ពុជាឲ្យបានឆាប់។
សម្តេចតេជោក៏មានប្រសាសន៍លើកឡើងពីការធ្វើកំណែទម្រង់ស្ថាប័ន ដែលក្នុងនោះដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រាជរដ្ឋាភិបាលនឹងធ្វើកំណែទម្រង់ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលដោយត្រូវបំបែកជាពីរគឺមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមួយទៀតក្រសួងរ៉ែ និងថាមពល ដែលនឹងដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពលចាស់ដែលនឹងត្រូវធ្វើការបោះឆ្នោតសម្ដែងការទុកចិត្តពីរដ្ឋសភា និងចូលស្បថចូលកាន់មុខតំណែងក្នុងពេលដ៏ខ្លីខាងមុខ។ សម្តេចតេជោមានប្រសាសន៍ថា ប្រសិទ្ធភាពការងារនៅតែរក្សាក្នុងស្ថានភាពដដែល ដោយសារថា អាជ្ញាធរជាតិប្រេងកាតកម្ពុជា ដែលពីមុននៅដាច់ដោយឡែកក្រោមការតែងតាំងដោយព្រះរាជក្រឹត្យនោះនឹងស្ថិតនៅក្រោមក្រសួងរ៉ែ និងថាមពល ហើយថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិប្រេងកាតកម្ពុជា នឹងក្លាយទៅជាថ្នាក់ដឹកនាំរបស់ក្រសួងរ៉ែ និងថាមពលថ្មីនោះដែរ។
លោក Mitsui HIDAKA មានប្រសាសន៍ថា រូបលោកធ្លាប់បានទៅកាន់ប្រទេសកម្ពុជាកាលពី ៨ឆ្នាំ មុន ហើយកាលពីពេលថ្មីៗកន្លងទៅនេះក៏បានទៅកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត។ លោក Mitsui HIDAKA បានសំដែងនូវការកោតសរសើរចំពោះ ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះលោក Mitsui HIDAKA ក៏បាន ចូលរួមអបអរសាទរចំពោះជោគជ័យ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានពីការបោះឆ្នោតសកលកាលពីពេលថ្មីៗកន្លងទៅ ពិសេសរាជរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលនឹងជំរុញល្បឿន នៃការអភិវឌ្ឍន៍ប្រទេសកម្ពុជាកាន់តែរីកចម្រើនទ្វេឡើងថែមទៀត។ ទាក់ទងនឹងការផលិតប្រេងនៅព្រះរាជាណាចក្រកម្ពុជា លោក Mitsui HIDAKA មានប្រសាសន៍ថា ដោយសារតែរូបលោកមានអាយុកាន់តែចាស់ លោកចង់ឃើញការផលិតប្រេងនៅកម្ពុជាបានចេញជារូបរាងពេញលេញ ដើម្បីផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជាផង និងចង់ឃើញការពិតមុនរូបលោកចូលនិវត្តន៍ទៅនោះ៕
Subscribe to:
Posts (Atom)