នៅនិវេសនដ្ឋានផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុនក្នុងទីក្រុងតូក្យូ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុងពិធីលាងសាយភោជន៍ជាមហាកិត្តិយសជូនគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការនៅទីក្រុងតូក្យូ នៃព្រះរាជាណាចក្រជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តីជប៉ុន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមទាំងអស់ពីការប្តេជ្ញាចិត្តរួមគ្នាថា និងធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគួយុទ្ធសាស្រ្តកាន់តែទទួលបាននូវភាពជោគជ័យថែមទៀត។
ទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថា ពិធីលាងសាយភោជន៍ត្រូវបានធ្វើឡើង ក្រោយពេលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានជួបពិភាក្សាការងារ និងធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាផ្តល់ និងទទួលនូវគម្រោងមួយចំនួនសម្រាប់ការអភិវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា។
លិខិតប្តូរសារ និងអនុស្សរណៈសំខាន់ៗចំនួន ៤ ដែលត្រូវបានចុះហត្ថលេខានាឱកាសនោះ រួមមាន៖
ទី១ លិខិតប្តូរសារស្តីពីគម្រោងកែលម្អផ្លូវជាតិលេខ ១។
ទី២ លិខិតប្តូរសារ ស្តីពីគម្រោងការធ្វើឲ្យប្រសើរឡើងនូវមន្ទីរបង្អែកខេត្តព្រះសីហនុ។

និងទី៤ អនុស្សរណៈស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធារវាងក្រសួងការពារជាតិជប៉ុន និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលចុះហត្ថលេខារវាងឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាជាមួយនិងឯកឧត្តម អីស៊ួណូរី អូណូដេរ៉ា (Itsunori ONODERA)រដ្ឋមន្រ្តីការពារជាតិជប៉ុន។
នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានសំដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលមានអាយុកាល ៦០ឆ្នាំកន្លងមក។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ក្នុង ការរិះរកវិធីសាស្រ្តនានាក្នងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចកំពូលថ្មីមួយទៀត ពោលគឺពេលនេះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឈានដល់ភាពជាដៃយុទ្ធសាស្រ្ត នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
ដោយឡែកនៅក្នុងជំនួបពិភាក្សាទ្វេភាគី ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើការគាំទ្រ និងបញ្ជូនអ្នកស្រាវជ្រាវក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន និងសម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតំលៃខ្ពស់ និងកោតសរសើរផងដែរចំពោះវឌ្ឍនភាពថ្មីៗដែលកម្ពុជាសម្រេចបាន ពិសេសលទ្ធផលនៃកិច្ចពិភាក្សាទ្វេភាគី ដែលធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីមកកាន់ប្រទេសជប៉ុន ពោលគឺកិច្ចពិភាក្សាគ្នាទាក់ទិនទៅ និងការហោះត្រង់នៃប្រទេសទាំងពីរកម្ពុជា ជប៉ុន។
សូមបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន មកកាន់ប្រទេសកម្ពុជាកាលពីពាក់កណ្តាលខែវិច្ឆិកា ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើជាសាក្សីពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរក្នុងនោះគឺ ទី១ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល ជប៉ុនជាមួយរាជរដ្ឋាភិបាលកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលក្នុងក្រប ខណ្ឌសហប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងទី២ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលការងារ និងសុខមាលភាពជប៉ុន។
បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៤០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុនលើកទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ និង១៤ ខែធ្នូ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិតបានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចការងារផ្លូវការរយៈ ០២ថ្ងៃក្នុងនាមជាភ្ញៀវរបស់នាយករដ្ឋមន្ត្រីជប៉ុន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចេញដំណើរទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ដោយទទួលបាននូវការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីមន្ត្រីជាន់ខ្ពស់ជប៉ុន ពិសេសលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ៕
No comments:
Post a Comment