Wednesday, February 28, 2024

នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International ប្ដេជ្ញាចិត្តជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក


នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jim Jones នាយកប្រតិបត្តិ នៃក្រុមហ៊ុន Jones Group International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី  ចូលជួបសម្តែងការគួរសម ព្រមទាំងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្តេចធិបតី ថា គោលបំណងនៃទស្សនកិច្ចនាឱកាសនេះ  គឺដើម្បីជួបពិភាក្សាជាមួយដៃគូ និងភាគីពាក់ព័ន្ធ អំពីការងារនៃការជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដែលតាមរយៈជំនួបនេះ លោកនាយកប្រតិបត្តិបាន បង្ហាញក្តីសង្ឃឹមខ្ពស់ និងសុទិដ្ឋិនិយម ក្នុងការជំរុញ និងប្រែក្លាយទំនាក់ទំនងវិស័យឯកជននៃប្រទេសទាំងពីរ  ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង និងប្រកបដោយលទ្ធផលផ្លែផ្កា។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិបានបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងវិស័យឯកជនកម្ពុជា-សហរដ្ឋអាមេរិក ។ 


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកនាយកប្រតិបត្តិ និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អកម្ពុជា-អាមេរិក ទាំងក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងរាជរដ្ឋាភិបាលនិងរាជរដ្ឋាភិបាល និងទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ដោយផ្តល់នូវទំនុកចិត្តចំពោះវិនិយោគិន តាមរយ:ការផ្តល់នូវបរិស្ថានវិនិយោគអំណោយផល ជាមួយនឹងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងជាពិសេស ជាមួយនឹងគោលនយោបាយនៃការផ្ដល់នូវការលើកទឹកចិត្ត សម្រាប់វិនិយោគិន និងការដាក់ចេញនូវគំនិតផ្ដួចផ្ដើមនៃគំរូអាជីវកម្មថ្មីៗ ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ។ សម្ដេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបើកទ្វារស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់វិស័យឯកជន ដោយកម្ពុជាបានបានចាត់ទុកថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយវិស័យឯកជន ក៏ដើរតួជាការទូតនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន និងជាអ្នកជួយផ្សព្វផ្សាយអំពីការពិតនៅកម្ពុជា។ ទន្ទឹមនេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់ លោកនាយកប្រតិបត្តិ បន្តកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែងក្នុងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជននៅព្រះរាជាណចក្រកម្ពុជាផងដែរ ៕








លិខិតមិត្តអ្នកអាន៖ ស្ថាបនិក «អរគុណសន្តិភាព» ស្ថាបនិកសន្តិភាព គឺតេជោសែន!


(ភ្នំពេញ)៖ ហេតុអ្វីបានជាត្រូវអរគុណសន្តិភាព?

អរគុណសន្តិភាព! ពាក្យនេះត្រូវបានសាទរយ៉ាងឱឡារិកដោយប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងប្រជាជននានានៅលើសកលលោក ហើយជាពិសេសនៅឆ្នាំ២០២៣នេះ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានដាក់ចេញនូវពាក្យមួយគឺ «របៀបវារៈថ្មីសម្រាប់សន្តិភាព» (New Agenda for Peace) ដោយបង្ហាញពីចក្ខុវិស័យពាក់ព័ន្ធនឹងរបៀបដែលសហគមន៍អន្តរជាតិអាចទប់ស្កាត់ជម្លោះ និងធ្វើឲ្យកាន់តែមានប្រសិទ្ធភាពនូវនិរន្តរភាពនៃសន្តិភាព នៅពេលដែលពិភពលោកកំពុងតែជួបប្រទះវិបត្តិច្រំដែល និងធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក។

តាមគេហទំព័ររបស់កម្មវិធីអភិវឌ្ឍ នៃអង្គការសហប្រជាជាតិ (UNDP) ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ «របៀបវារៈថ្មីសម្រាប់សន្តិភាព» ផ្តោតសំខាន់ទៅលើប្រាំចំណុច ដូចខាងក្រោម៖

* ពិភពលោកដែលកំពុងតែបែកបាក់កាន់តែខ្លាំង យើងត្រូវកសាងទំនុកចិត្ត សាមគ្កីភាព និងគណនេយ្យភាពឡើងវិញ។ វេទិកាដែលអាចធ្វើបានដូចជា «កិច្ចសន្ទនាអន្តរជាតិស្តីពីការកសាងសន្តិភាពនិងការកសាងរដ្ឋ» (IDPS)

* ការគាំទ្រភាពជាម្ចាស់របស់ប្រទេសដើម្បីការទប់ស្កាត់គឺជារឿងដ៏មានសារៈសំខាន់ជាងគេ

* ដំណោះស្រាយថ្មីគឺទាមទារសម្លេងថ្មីនៅលើតុធ្វើការសម្រេចចិត្ត

* ការរួមបញ្ចូលគ្នាគឺជាកត្តាសំខាន់បំផុតសម្រាប់រកបានសន្តិភាពនិងនិរន្តរភាពនិង

* ការទប់ស្កាត់ គួរតែជាគោលដៅសកលសម្រាប់គ្រប់ប្រទេស មិនសម្រាប់តែប្រទេសដែលមានជម្លោះនោះទេកត្តាទាំងនេះ សបញ្ជាក់ឲ្យឃើញនូវតម្លៃសន្តិភាពដែលយើងកំពុងមាន និងដែលកម្ពុជារកបានដោយកំរ តាមរយៈការលះបង់ដ៏ធំធេង និងច្រើនឥតគណនា។

ផ្ទុយទៅវិញជនអគតិមួយចំនួន ឬអ្នកដែលមិនបានឆ្លងកាត់មហាវិនាសកម្មនាសតវត្សរ៍ទី២០នៅកម្ពុជា បែរជាមិនគាំទ្រ និងរិះគន់ថាតើត្រូវអរគុណសន្តិភាពអីទៀត បើកម្ពុជាមានសន្តិភាពជាច្រើនឆ្នាំមកហើយ តាំងពីចុងឆ្នាំ១៩៩៨។ ការលើកឡើងបែបនេះ មិនខុសពីពាក្យចាស់ពោលថាបើស្រលាញ់ផឹកទឹកទន្លេក៏ផ្អែម ហើយបើស្អប់ស៊ីអំពៅក៏ជូរ។

ប្រទេសសេណេហ្គាល់ តែមួយប៉ប្រិចភ្នែកបានធ្លាក់ក្នុងវិបត្តិ និងអសន្តិសុខប្រទេសនេះដែលមានស្ថេរភាពនយោបាយតាំងពីឆ្នាំ១៩៦៣ និងត្រូវបានទទួលស្គាល់ថាជាគម្រូនៃប្រជាធិបតេយ្យនៅទ្វីបអាហ្រ្វិក ប៉ុន្តែនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Macky Sall បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅទូទាំងប្រទេស ដោយប្រកាសលើកពេលបោះឆ្នោតប្រធានាធីបតី ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទៅពេលក្រោយ ដោយគ្មានពេលកំណត់ នៅតែប៉ុន្មានម៉ោងមុនពេលចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត។ ជាង៦០ឆ្នាំក្រោយមក ប្រទេសសេណេហ្គាល់បានស្គាល់បាតុកម្មដ៏ហិង្សាដោយក្រុមបាតុករដែលផ្ទុះកំហឹងយ៉ាងស្រួចស្រាវ និងសំដែងនូវភាពជូរចត់ចំពោះការលើកពេលបោះឆ្នោតប្រធានាធីបតី។ ភាពមិនច្បាស់លាស់ និងមិនពិតប្រាកដកំពុងតែគ្របដណ្តប់ពេញផ្ទៃប្រទេសនិងលាតសន្ធឹងហួសពីព្រំដែនប្រទេសទៅទៀត។

សង្រ្គាមរវាងអ៊ីស្រាអែល និងភេវរករហាម៉ាស នៅ៥០ឆ្នាំគត់ ក្រោយមកពិតជាគ្មាននរណាជឿទេថាសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស អាចផ្ទុះឡើងបានយ៉ាងសន្ធោសន្ធៅបែបនេះ។ អ៊ីស្រាអែលមានសន្តិភាពតាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៧៣ បើគិតទៅគឺ៥០ឆ្នាំគត់។

ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ កន្លះសតវត្សរ៍ក្រោយមក សង្រ្គាមបានផ្ទុះឡើងនៅពេលដែលអ៊ីស្រាអែល ជាពិសេសយុវវ័យ កំពុងតែអបអរសាទរបុណ្យឯករាជ្យ រាំលេងកំសាន្តសប្បាយ ក្នុងបរិយាកាសជឿជាក់ ហើយប្រជាជនអ៊ីស្រាអែល បានឱកាសឈប់សម្រាក។

បុគ្គលិកប្រចាំការត្រូវបានកាត់បន្ថយ ដោយលោកនាយករដ្ឋមន្រ្តី Benjamin Netanyhu ជឿជាក់ថានឹងមិនមានអ្វីកើតឡើងទេ ហើយក៏មិនបានចាប់អារម្មណ៍ទៅនឹងឯកសារនៃផែនការវាយប្រហាររបស់ហាម៉ាសកម្រាស់៤០ទំព័រដែរ បើតាមការអង្កេតមួយដែលចុះផ្សាយដោយកាសែតអាមេរិកាំង New York Times នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ថាអ្នកទទួលខុសត្រូវអ៊ីស្រាអែលបានដឹងផែនការនេះ ជិត១ឆ្នាំមុនមកម្ល៉េះ «ប៉ុន្តែថ្នាក់ដឹកនាំយោធា និងភ្នាក់ងារស៊ើបការអ៊ីស្រាអែល បានបដិសេធផែនការនេះ ដោយចាត់ទុកថាវាហួសហេតុពេក ហើយផែនការរបស់ហាម៉ាសពិតជាលំបាកអនុវត្ត»។

នៅរាត្រីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ៥០ឆ្នាំគត់ ភេវរករហាម៉ាសបានអនុវត្តផែនការឈ្មោះ «ជញ្ជាំង Jericho» របស់ខ្លួនគ្មានឲ្យខុសបន្តិចណាទេ បើតាមកាសែត New York Times ដដែលនេះ ដោយវាយប្រហារដោយគ្រាប់រ៉ុកកែត ប្រើដ្រូនកំទេចប្រព័ន្ធសុវត្ថិភាព កំទេច Dome de fer ដុំដែកការពារនិងកំទេចម៉ីស៊ីល និងក្រុមប្រយុទ្ធហាម៉ាសលោតឆ័ត្រ តាមរថយន្ត និងថ្មើជើង សម្រុកចូលជាពិសេសទៅកាន់ទីតាំងដែលយុវជនអ៊ីស្រាអែលកំពុងតែសប្បាយភ្លេចខ្លួន បំផ្លាញកាម៉េរ៉ាសុវត្ថិភាពយ៉ាងងាយស្រួល។ ហាម៉ាសបានសម្លាប់យុវជនអ៊ីស្រាអែលដោយគ្មានញញើតដៃ ចាប់រំលោភស្រ្តី បោះទារកជាល្បែងដូចលេងបាល់ទាត់មុននឹងសម្លាប់ ចាប់បងប្អូនអ៊ីស្រាអែលជាចំណាប់ខ្មាំង ព្រៃផ្សៃដូចសត្វតិរិច្ឆាន។

ចុះកម្លាំងសន្តិសុខអ៊ីស្រាអែលនៅឯណា កំពុងធ្វើអ្វី ហេតុអ្វីបានជាបណ្តោយឲ្យក្រុមភេវរករហាម៉ាសធ្វើអ្វីស្រេចតែចិត្ត ក្រែងនរណាក៏ដឹងដែរថាអ៊ីស្រាអែលខ្លាំងខាងយោធា និងមានរហូតដល់ Dome de fer ដែលជាដុំដែកការពារនិងកំទេចម៉ីស៊ីល មានប្រសិទ្ធិភាពការពាររហូតដល់៨០-៩០% ទៅទៀត? ស្អែកឡើង លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានកំណត់គោលដៅបី គឺកំទេចដល់ឫសគល់ពួកហាម៉ាស រំដោះជនដែលត្រូវបានចាប់ជំរិត និងរារាំងតំបន់ហ្គាស្សា កុំឲ្យគំរាមកំហែងដល់សន្តិសុខអ៊ីស្រាអែលទៀត។

តើអ៊ីស្រាអែលអាចធ្វើទៅរួចទេ តើក្រុមភេវរករហាម៉ាសការពារខ្លួនបែបណា តើសង្រ្គាមនេះអាចនឹងរាលដាលដល់ប្រទេសជិតខាងដែរឬទេ? តើអង្គការសហប្រជាជាតិអាចធ្វើអ្វីបាននៅចំពោះការប្រយុទ្ធគ្នាដ៏ស្រួចស្រាវនេះ? សង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែនផ្ទុះឡើង នៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២ អស់រយៈពេលជាងពីរឆ្នាំហើយ ដែលសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែនបានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅនៅមាត់ច្រកទ្វារនៃទ្វីបអ៊ឺរ៉ុប ដែលធ្វើឲ្យសហគមអ៊ឺរ៉ុបទាំង២៧ប្រទេស ត្រូវរួបរួមគ្នា ពីព្រោះថាភ្លើងសង្រ្គាមបាននិងកំពុងឆាបឆេះនៅជាប់នឹងរបងផ្ទះ បើមិនជួយពន្លត់ទេ សង្រ្គាមនឹងរីករាលដាលដល់ផ្ទះខ្លួន។

ហេតុផលនៃសង្គ្រាមនេះ ត្រូវបានអ្នកវិភាគភូមិសាស្រ្តនយោបាយជាច្រើនរូបបានកត់សម្គាល់មូលហេតុជាច្រើន ក្នុងនោះហេតុផល១នៃការផ្ទុះសង្រ្គាមនេះគឺការព្រងើយកន្តើយរបស់សហភាពអ៊ឺរ៉ុប និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ)ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងរវាងអតីតសហភាពសូវៀតនិងសហរដ្ឋអាមេរិក ដែលចុះហត្ថលេខាដោយលោក Mikhail Gorbachev និងលោក Ronald Regan នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៨៧ គឺការមិនពង្រីកខ្លួនរបស់ណាតូ មកកាន់ភាគខាងកើត នៃទ្វីបអ៊ឺរ៉ុបដែលក្នុងនោះមានអ៊ុយក្រែន។

ប៉ុន្តែអ៊ុយក្រែនបានព្យាយាមក្លាយជាសមាជិកសហភាពអ៊ឺរ៉ុប និងណាតូ ដែលជាជាការគំរាមកំហែងដល់សន្តិសុខរបស់រុស្សី ហើយការក្លាយជាសមាជិកណាតូ មាត្រា៥ដែលជាកូនសោនៃសន្ធិសញ្ញាណាតូចែងថា «ប្រសិនបើសម្ព័ន្ធមិត្តណាតូ ជាជនរងគ្រោះនៃការវាយប្រហារដោយប្រដាប់អាវុធ សមាជិកម្នាក់ៗនៃសម្ព័ន្ធមិត្តនឹងចាត់ទុកអំពើហឹង្សានេះ ថាជាការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងសមាជិកទាំងអស់ ហើយនឹងចាត់វិធានការដែលខ្លួនយល់ថាចាំបាច់ ដើម្បីជួយសម្ព័ន្ធមិត្តដែលបានវាយប្រហារ»។

បើយ៉ាងដូច្នេះ តើសង្រ្គាមលោកលើកទីបីអាចនឹងកើតឡើងដែរឬទេ? ចំពោះចំណុចនេះ យើងគួររំលឹកនូវអ្វីដែលលោក Ronald Regan និយាយទៅកាន់លោក Mikhail Gorbachev៖ «សហរដ្ឋអាមេរិកនិងសហភាពសូវៀត គឺជាប្រទេសមហាអំណាចដ៏ធំពីរនៅលើភពផែនដី។ មានតែប្រទេសតែពីរនេះទេដែលអាចចាប់ផ្តើមសង្រ្គាមលោកលើកទីបី ហើយក៏ជាប្រទេសតែពីរគត់ដែលអាចនាំមកនូវសន្តិភាពជូនពិភពលោក»។

ប៉ុន្តែ តាមការវិវត្តន៍ និងការសង្កេតជាទូទៅ អ្វីៗមានការប្រែប្រួល ហើយពិភពលោកបានផ្លាស់ប្តូរ អាមេរិកលែងជាកងរាជអាវុធហត្ថពិភពលោកទៀតហើយ ពិភពលោកបានបែងចែកជាប៉ូលច្រើន ក្នុងទំនាស់ផលប្រយោជន៍ និងភូមិសាស្ត្រនយោបាយ។

ជារួមប្រទេសនីមួយៗសុទ្ធតែមានបញ្ហារៀងៗខ្លួន ហើយបើដឹងអញ្ចឹងដែរ ហេតុអ្វីប្រទេសខ្លះ ឬអ្នកខ្លះ ចូលចិត្តឈឺឆ្អាលនឹងរឿងគេខ្លាំងម្ល៉េះ ឬឆ្នាំងមិនក្តៅ ក្តៅគ្រប?

តាមទំព័រព័ត៌មានសង្គមកម្ពុជា មួយថ្ងៃៗឮតែពាក្យឈ្លោះគ្នា រិះគន់គ្នាឥតសំចៃថាអ្នកនេះមិនកើត អ្នកនោះមិនកើត កើតតែខ្លួនឯង ប្រទេសជិតខាងគេធ្វើអញ្ចេះ កម្ពុជាបាត់បង់នេះ បាត់បង់នោះ ត្រូវទាមទារយកមកវិញ នៅពេលដែលអ្នកជិតខាង គេហាក់ដូចជាមិនដូចយើង គេរវល់ណាស់ គេរវល់អភិវឌ្ឍប្រទេសគេ។ បើនៅតែបែបនឹង តើពេលណាទើបចប់ តើពេលណាទើបយើងដើរទាន់គេ? បើឈប់បាន ឈប់ទៅ វាគ្មានចំណេញអ្វីទេក្រៅតែពីបន្សល់ទុកមរតកមិនល្អដល់កូនចៅជំនាន់ក្រោយ។

អញ្ចឹងហើយបានជារាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកយកទស្សនៈដ៏ល្បីរបស់លោក Winston Churchill អតីតនាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស៖ «អ្នកនឹងមិនទៅដល់គោលដៅរបស់អ្នកទេ ប្រសិនបើអ្នកឈប់ ហើយគប់ដុំថ្មទៅគ្រប់ឆ្កែដែលព្រុស - You will never reach your destination if you stop and throw stones at every dog that barks.»។ គោលដៅរបស់កម្ពុជា គឺដំណើរឆ្ពោះទៅប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍ នៅឆ្នាំ២០៥០។

អរគុណសន្តិភាព!

ដោយ៖ ខាល(KARL)


សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានព្រឹទ្ធសភា នៃប្រទេសម៉ាឡេស៊ី



នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Datuk Mutang Tagal ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។


ក្នុងជំនួបនេះ ឯកឧត្តម Datuk Mutang Tagal ប្រធានព្រឹទ្ធសភា  បានសម្តែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី  នៅប្រទេសម៉ាឡេស៊ី ព្រមទាំងបានអបអរសាទរចំពោះសម្តេចធិបតីដែលរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមប្រធាន   ព្រឹទ្ធសភា  ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់របស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការកសាងឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដូចជា  អាកាសយានដ្ឋានអន្តរជាតិ   សៀមរាបអង្គរ  ដែលទើបតែត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ។បន្ថែមលើនេះ ឯកឧត្តមប្រធានព្រឹទ្ធសភា  ក៍បានស្នើសម្តេចធិបតីចែករំលែកនូវទស្សនទានគន្លឹះ និង បទពិសោធន៍  ដែលនាំឱ្យកម្ពុជា សម្រេចបាននូវការអភិវឌ្ឍនិងរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចល្អបែបនេះ។ 



ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណភាគីម៉ាឡេស៊ីចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន  អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី  ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។ ក្នុងឱកាសនៃជំនួបនេះ សម្ដេចធិបតីបានជម្រាបជូនឯកឧត្តមប្រធានព្រឹទ្ធសភាអំពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅកម្ពុជា ដែលបានប្រព្រឹត្តិទៅនាពេលថ្មីៗកន្លងទៅនេះ។ ជាមួយគ្នានេះដែរ  សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាង កម្ពុជា  និងម៉ាឡេស៊ី  ដែលជាការរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងថ្លែងអំណរគុណ ម៉ាឡេស៊ី ចំពោះការរួមចំណែកដ៏មានតម្លៃរបស់កងរក្សាសន្តិភាពម៉ាឡេស៊ី ក្នុងដំណើរការស្វែងរកសុខសន្តិភាពរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០។  ឆ្លើយតបទៅនឹងការស្នើរបស់ឯកឧត្តមប្រធានព្រឹទ្ធសភាស្វែងយល់អំពីទស្សនទានគន្លឹះ  និងបទពិសោធន៍  នៃការអភិវឌ្ឍ និងរក្សានូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា  សម្ដេចធិបតីបានគូសបញ្ជាក់ថា កត្តាសំខាន់បំផុតគឺសុខសន្តិភាព  និងស្ថិរភាពនយោបាយ ដែលត្រូវតែធានានិងរក្សាឱ្យបានប្រកបដោយចីរភាព  និងជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ  ហើយសម្រាប់បរិបទកម្ពុជា សន្ដិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដី គឺបានមកពី ការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា  ដែលបានបញ្ចប់សង្គ្រាម បែកបាក់ជាតិ ក្នុង រយៈពេល ៥សតវត្ស  និងជួយឱ្យកម្ពុជា  រក្សាបាន នូវ កំណេីនសេដ្ឋកិច្ច  និងការ អភិវឌ្ឍ របស់ខ្លួន។ 


មុននឹង បញ្ចប់  ឯកឧត្តម ប្រធាន ព្រឹទ្ធសភា  បានឯកភាព  នឹង សម្តេច ធិបតី   ដែលបាន គូសបញ្ជាក់ ថា  សន្តិភាព  ជាកត្តាគន្លឹះ ដ៍សំខាន់ក្នុងការ អភិវឌ្ឍ ប្រទេសជាតិ  និង បាន បញ្ជាក់បន្ថែមផងដែរថា  ព្រឹទ្ធសភា ម៉ាឡេស៊ី  រង់ចាំស្វាគមន៍ដោយក្តី រីករាយ  ចំពោះដំណេីរផ្លាស់ ប្តូរ ទស្សនកិច្ច រវាង គណៈប្រតិភូ ព្រឹទ្ធសភា   នៃ ប្រទេសទាំងពីរ នាពេលអនាគតផងដែរ៕






ប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី ចាត់ទុក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា



នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម YB Tan Sri Dato’ (Dr.) Johari bin Abdul ប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។


ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី និងគណៈប្រតិភូ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសម៉ាឡេស៊ី និងបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ផងដែរ។ បន្ថែមលើនេះ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានលើកឡើងអំពីទស្សនកិច្ចរបស់ឯកឧត្តមទៅកាន់ព្រះរាជាណាចក្រកម្ពុជាកន្លងមក ដោយឯកឧត្តមបានកត់សម្គាល់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ហើយ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានចាត់ទុក សម្តេចធិបតី ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា ដោយឯកឧត្តមតែងតែជំរុញសមាជិកសភាវ័យក្មេងរបស់ប្រទេសម៉ាឡេស៊ីឱ្យទៅបំពេញទស្សនកិច្ច និងដកស្រង់បទពិសោធន៍នៅកម្ពុជាផងដែរ។


ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ភាគីម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅម៉ាឡេស៊ីនិងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាទ្វេភាជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។ ជាងនេះទៅទៀត សម្តេចធិបតី ក៏បានសម្តែងនូវការអរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានផ្ដល់ការគាំទ្រ និងការចូលរួមក្នុងវិស័យផ្សេងៗ រួមទាំងការផ្តល់អាហារូបករណ៍ផងដែរ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដមប្រធានរដ្ឋសភា ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រេីសរេីសតំណាងរាស្រ្តនីតិកាលទី៧  កាលពីខែកក្កដា  ឆ្នាំ២០២៣នៅប្រទេសកម្ពុជានាពេលកន្លងមក ព្រមទាំងបានជម្រាបជូនពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅកម្ពុជា  ដែលទេីបកន្លងទៅថ្មីៗនេះ  ផងដែរ៕






អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី


អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសម៉ាឡេស៊ី។


សូមបញ្ជាក់ជូនថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១១ របស់សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចពេញមួយថ្ងៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីនាពេលនេះ បានបង្ហាញពីការងារការទូតដ៏សកម្មក្លៀវក្លាមិនខ្លាចនឿយ ហត់របស់ សម្តេចធិបតី ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន។ ក៏ដូចជាទស្សនកិច្ចក្រៅប្រទេសលើកមុនៗដែរ ក្រៅពីបញ្ជាក់ជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការដែល សាងឡើងក្នុងសម័យ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ទាំងទំនាក់ ទំនងការទូត ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាវិស័យផ្សេងៗទៀតនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។


ជាក់ស្តែង តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជានិងម៉ាឡេស៊ីបានបង្ហាញឱ្យឃើញពីសុទិដ្ឋិនិយមយ៉ាង ខ្លាំងចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ជាពិសេសទស្សនកិច្ចនេះបានបើកទំព័រថ្មីផ្នែកពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានទំហំធំឡើងជាលំដាប់៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

 







សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យដាក់ឱ្យអនុវត្តនិយាមនិតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើស មន្រ្តីរាជការស៊ីវិល

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យដាក់ឱ្យអនុវត្តនិយាមនិតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើស មន្រ្តីរាជការស៊ីវិល


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ដាក់ឱ្យអនុវត្តនិយាមនិតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល។ 

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ 

PDF File: https://shorturl.at/byTWZ


សម្ដេចធិបតីអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី


នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះអង្គចៅ  Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។

ក្នុងព្រះរាជសវនាការនេះ ព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar បានសម្តែងនូវការសព្វព្រះរាជហឫទ័យចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសម៉ាឡេស៊ី និងបានផ្តាំផ្ញើព្រះរាជបណ្តាំសួរសុខទុក្ខថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ ព្រះចៅស៊ុលតង់  អ៉ីប្រាហ៉ីម ក៏បានសម្តែងនូវព្រះរាជហរទ័យរីករាយ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី  និង ប្រទេសកម្ពុជា។ 

សម្តេចធិបតី បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ  ថ្វាយព្រះចៅ ស៊ុលតង់  អ៉ីប្រាហ៉ីម ដែលបានរាជានុញ្ញាតឱ្យសម្តេចធិបតី បានចូលក្រាបថ្វាយបង្គំគាល់ និងបានថ្វាយនូវព្រះរាជបណ្តាំសួរសុខទុក្ខរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថ្វាយព្រះចៅសុលតង់  អ៉ីប្រាហ៉ីម  ផងដែរ។ បន្ថែមពីនេះ សម្តេចធិបតី ក៍បានទូលថ្វាយព្រះចៅស៊ុលតង់  អ៉ីប្រាហ៉ីម អំពីការបោះឆ្នោតព្រឹទ្ធសភា  អាណត្តិទី៥ ក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ និងបានទូលថ្វាយព្រះចៅស៊ុលតង់ អ៉ីប្រាហ៉ីម  អំពីលទ្ធផលនៃ  ជំនួបទ្វេភាគីរវាងសម្តេចធិបតី និងនាយករដ្ឋមន្ត្រី ដាតុ  ស៊េរី  អាន់វ៉ា ប៊ីន  អ៊ីប្រាហ៊ីម កាលពីព្រឹកម៉ិញនេះ ដែលក្នុងនោះ  ភាគីទាំងពីរបានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យជាច្រេីន  រួមមាន៖ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យការពារជាតិនិងសន្តិសុខ និងវិស័យអប់រំនិងបណ្តុះបណ្តាល ជាដើម ៕