Sunday, March 27, 2022

វិភាគអន្តរជាតិ៖ តើរុស្ស៊ីចាញ់សង្រ្គាមនៅអ៊ុយក្រែន ឬ?

(កៀវ)៖ កងទ័ពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបានផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការវាយលុកចូលរដ្ឋធានីកៀវ មកផ្ដោតជាសំខាន់លើអ្វីដែលទីក្រុងមូស្គូហៅថាជា «ការរំដោះតំបន់ដុនបាស់ (Donbas)» ដែលនេះត្រូវបានក្រុមអ្នកជំនាញយល់ថាជាដំណាក់កាលថ្មីមួយនៃសង្រ្គាម។

ឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ី លោក ស៊ែរហ្គៃ រូដកយ (Sergey Rudskoy) កាលពីថ្ងៃសុក្រ ទី២៥ ខែមីនាកន្លងទៅនេះបានអះអាងថាដំណាក់កាលទី១ នៃប្រតិបត្តិការយោធាពិសេសរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទទួលបានជោគជ័យស្ទើរតែទាំងស្រុង ហើយអំណេះតទៅ កងទ័ពរុស្ស៊ីនឹងងាកទៅ ផ្តោតលើការរំដោះតំបន់ដុនបាស់ឱ្យបានទាំងស្រុងវិញម្ដង។ ជាការពិតណាស់, វាហាក់ដូចជាលឿនពេក ដើម្បីដឹងថាតើនឹងមានរឿងអ្វីកើតឡើង ឬក៏ថាតើការផ្លាស់ប្ដូរយុទ្ធសាស្ត្រនេះបង្ហាញថារុស្ស៊ីពិតជាបរាជ័យមែនឬ? បើតាមក្រុមអ្នកជំនាញ, កងទ័ពរុស្ស៊ីនៅតែមានគោលបំណងបន្តសង្រ្គាម ដោយគ្រាន់តែ មានការផ្តោតតូចចង្អៀតជាងមុនតែប៉ុណ្ណោះ ជាមួយការប្រើប្រាស់តំបន់ដុនបាស់ ជាការចាប់ផ្ដើមសារជាថ្មី។

*សម្រាក តែមិនមែនមានន័យថាបោះបង់ចោលមហិច្ឆតា

រយៈពេលជាងមួយខែនៃសង្រ្គាម, សហរដ្ឋអាមេរិក និងអង់គ្លេស បានអះអាងថាការវាយលុករបស់កងទ័ពរុស្ស៊ី បាន និងកំពុងជាប់គាំងស្ទើរតែគ្រប់ សមរភូមិមុខ ដោយមិនទាន់អាចដណ្ដើមកាន់កាប់បានទីក្រុងធំណាមួយ ក្នុងនោះរួមមានទាំងរដ្ឋធានីកៀវពីកងទ័ពអ៊ុយក្រែននោះទេ។ បើគេចាំមិនភ្លេចទេនៅក្នុងសុន្ទរកថាប្រកាសសង្រ្គាមកាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក ពូទីន បាននិយាយជាសាធារណៈថាគោលដៅនៃប្រតិបត្តិការយោធាពិសេសរបស់លោក ដែលលោកខាងលិចចាត់ទុកថាជា «ការឈ្លានពាន» គឺមានគោលដៅ «ធ្វើវិយោធកម្ម» និង «បដិណាហ្ស៊ីនីយកម្ម» ព្រមទាំងរំដោះតំបន់ដុនបាស់ដែល បច្ចុប្បន្នមានមួយផ្នែកកំពុងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមឧទ្ទាមផ្ដាច់ទឹកដី មានមូស្គូជាខ្នងបង្អែកតាំងពីឆ្នាំ២០១៤មក។

លោក ពូទីន បានដាក់ពង្រាយកងទ័ពរុស្ស៊ីច្រើនជាង ១៥០,០០០នាក់ នៅតាមបណ្ដោយព្រំដែនអ៊ុយក្រែន ហើយបានបញ្ជាឱ្យកងទ័ពទាំងនេះធ្វើសកម្មភាព ឆ្ពោះទៅរកគោលដៅចម្រុះ មិនមែនត្រឹមតែផ្ដោតតែទៅលើរដ្ឋធានីកៀវ ឬតំបន់ដុនបាស់នោះទេ។ ប៉ុន្តែ ក្នុងរយៈពេលមួយខែមកនេះ កងទ័ពអ៊ុយក្រែន បានប្រឹងទប់ទល់យ៉ាងខ្លាំងអស្ចារ្យនឹងការវាយលុកពីសំណាក់កងទ័ពរុស្ស៊ី ហើយសូម្បីតែលោក ពូទីនក៏ប្រហែលជាមិនជឿថាអ៊ុយក្រែនមានសមត្ថភាព ដល់ថ្នាក់នេះនោះដែរ។

លោក ប៉ាវ៉ែន ហ្វែលហ្កិនហាវអឺរ (Pavel Felgenhauer) ជាអ្នកវិភាគយោធាម្នាក់មានមូលដ្ឋានក្នុងទីក្រុងមូស្គូ បាននិយាយថានិទាឃរដូវដែលនឹងចូលមកដល់នាពេលខាងមុខនេះ និងស្ថានភាពជាក់ស្ដែងនៅលើសមរភូមិសង្រ្គាម អាចពន្យល់បានថារុស្ស៊ីបានផ្អាកការព្យាយាមវាយចូលរដ្ឋធានីកៀវ និងទីក្រុងធំៗជាច្រើនទៀតស្ថិតនៅភាគខាងជើង និងភាគខាងលិចរបស់អ៊ុយក្រែន។ លោក ប៉ាវ៉ែន បានបញ្ជាក់ដូច្នេះថា «យុទ្ធនាការដូវរងាបានបិទបញ្ចប់ ហើយសណ្ឋានភាពដីនឹងមានការជន់លិច និងដីភក់។ ដូច្នេះនៅពេលខែឧសភា ចូលមកដល់ ទើបវាចាប់ផ្ដើមស្ងួត ហើយនៅពេលនោះឯង យុទ្ធនាការរដូវក្ដៅ អាចនឹងចូលមកដល់ ដែលទំនងនឹងក្លាយជាការសម្រេចចិត្តផ្ដាច់ព្រ័ត្រ»។ លោកបន្ថែមថាបច្ចុប្បន្នវាអាចជាពេលសម្រាក ដោយយោធារុស្ស៊ីនឹងពន្យល់ ទៅកាន់ប្រជាជនរបស់ខ្លួនថាអ្វីៗគ្រប់យ៉ាងគឺល្អប្រសើរ, អ្វីគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រង ហើយនេះគ្រាន់តែជាការសម្រាកប៉ុណ្ណោះ។ ប៉ុន្តែអ្វីៗគ្រប់យ៉ាង នឹងបន្ត ហើយគោលបំណងទាំងឡាយនឹងត្រូវសម្រេចឱ្យបាន។

*បរាជ័យក្នុងការប្ដូររបបដឹកនាំ?

ការលើកឡើងរបស់ឧត្តមសេនីយ៍រុស្ស៊ី លោក ស៊ែរហ្គៃ រូដកយ (Sergey Rudskoy) ហាក់ដូចជាមានន័យថាការវាយចូលរដ្ឋធានី លែងជាកម្មវត្ថុ ឬរបៀបវារៈ សំខាន់សម្រាប់កងទ័ពរុស្ស៊ីទៀតហើយ។ បើតាមក្រុមអ្នកជំនាញលោកខាងលិច, ដើមឡើយរុស្ស៊ីមានយុទ្ធសាស្ត្រចំនួន៣ នៅក្នុងសង្រ្គាមអ៊ុយក្រែន៖ ទីមួយគឺ «ឡោមព័ទ្ធ», ទី២ «ដណ្ដើមកាន់កាប់រដ្ឋធានីកៀវ» និងទី៣ «កាន់កាប់តំបន់ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន»។

ដូច្នេះប្រសិនជារុស្ស៊ីផ្លាស់ប្ដូរយុទ្ធសាស្ត្រងាកទៅផ្ដោតលើតំបន់ដុនបាស់ នោះសង្រ្គាមនៅក្នុងតំបន់នេះនឹងនៅតែបន្តកើតមាន ដែលនេះជាមធ្យោបាយមួយ របស់លោក ពូទីន ប្រើដើម្បីប្រកាសពីជ័យជម្នះ និងគ្រប់គ្រងការរំពឹងទុកដែលលោកខាងលិចអះអាងថាប្រតិបត្តិការយោធារបស់លោកមិនបានដំណើរការ តាមផែនការគ្រោងទុក។ បានន័យថាយ៉ាងហោចណាស់ លោក ពូទីននឹងប្រាប់ប្រជាជន រួមទាំងថ្នាក់ដឹកនាំរុស្ស៊ីក្នុងជួររដ្ឋាភិបាលថាឃើញទេ ពេលនេះយើង រំដោះបានតំបន់ដុនបាស់ទាំងស្រុងហើយ៕

ប្រភព៖ AP (ថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២)

ដោយ៖ Fresh News








អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វីសង្រ្គាមនៅអ៊ុយក្រែន កងទ័ពរុស្ស៊ី រុលមកទើរនៅ២០គីទ្បូម៉ែត្រពីរដ្ឋធានីទីក្រុងគៀវ?


(ភ្នំពេញ)៖ ក្នុងការផ្ទុះសង្រ្គាមនៅអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ី បានវាយចូលយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២មកនេះ តែ៣ថ្ងៃប៉ុណ្ណោះ បានរុលមកទើរនៅ២០គីទ្បូម៉ែត្រពីរដ្ឋធានីទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន បើគិតរហូតមកដល់ពេលនេះបានទើរជាង៤សប្ដាហ៍មកហើយ គឺបានធ្វើឲ្យសាធារណ:មតិអន្ដរជាតិនានាជុំវិញពិភពលោក ពិសេសក្រុមបក្សសម្ព័ន្ធយោធាNATO ចេញមកអះអាងថាកងទ័ពរុស្ស៊ី កំពុងចាញ់សង្រ្គាមនៅអ៊ុយក្រែន ព្រោះពុំអាចវាយបំផ្លាញ ឬពុំបានវាយចូលកាន់កាប់រដ្ឋធានីទីក្រុងគៀវទាំងស្រុង។


ហេតុអ្វីសង្រ្គាមនៅអ៊ុយក្រែន កងទ័ពរុស្ស៊ីរុលមកទើរនៅ២០គីទ្បូម៉ែត្រពីរដ្ឋធានីទីក្រុងគៀវ?


អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ យល់ថានេះប្រហែលជារុស្ស៊ីពុំចង់រំលាយរដ្ឋអ៊ុយក្រែន ឬរំលាយរដ្ឋាភិបាលរបស់លោក ហ្សេឡិនស្គី Zelensky និងរៀបចំលើកបន្ដុបរដ្ឋាភិបាលថ្មីជាអាយ៉ងដូចការអះអាងរបស់អង្គការយោធា NATO ឬលោកប្រធានាធិបតីអាមេរិក ចូ ប៉ៃដិន ដែលជាស្ដេចគ្រងលើបល្ល័ង្គNATOនោះទេ។ ហេតុផលរុស្ស៊ីដែលមិនចង់រំលាយរដ្ឋអ៊ុយក្រែន ឬរំលាយរដ្ឋាភិបាលរបស់លោកហ្សេឡិនស្គី Zelensky នោះ គឺបន្ទាប់ពីការផ្ទុះសង្រ្គាមកាលពីថ្ងៃទី២៤ ខែកុម្ភៈមកដល់ថ្ងៃអាទិត្យទី២៧ ខែកុម្ភ: ឆ្នាំ២០២២ នោះ តែ៣ថ្ងៃប៉ុណ្ណោះកងទ័ពរុស្ស៊ីក៏រុលមកទើរនៅ២០គីទ្បូម៉ែត្រ ពីរដ្ឋធានីទីក្រុងគៀវ។ បន្ទាប់មករុស្ស៊ីក៏បានប្រកាសបង្ខំឲ្យអ៊ុយក្រែនមកចូលតុចរចា ដោយដាក់លក្ខខណ្ឌគ្រាប់បែកកំណត់ម៉ោងត្រឹមម៉ោង ១២យប់ ម៉ោងនៅទីក្រុងហ្គូម៉េ Gome នៃប្រទេសបេទ្បារុស។


ស្ថិតក្នុងឥរិយាបថជារបៀបនយោបាយការទូត និងយោធារបស់រុស្ស៊ី ដែលមិនចង់រំលាយរដ្នអ៊ុយក្រែន ឬរំលាយរដ្ឋាភិបាលរបស់លោកហ្សេឡិនស្គី Zelensky បានចង្អុលបង្ហាញនោះគឺ ប្រតិភូខាងទីក្រុងម៉ូស្គូដឹកនាំកិច្ចចរចាបានរៀបចំរួចជាស្រេចដោយគ្មាននរណាដឹង បានធ្វើដំណើរនៅថ្ងៃអាទិត្យទី២៧ ខែកុម្ភ:ឆ្នំា២០២២ បានទៅដល់ប្រទេសបេទ្បារុសរួចជាស្រេចដែលជាមូលដ្ឋាននៃទឹកដីកងទ័ពរុស្ស៊ីតាំងនៅ និងជាកន្លែងដែលកងទ័ពរុស្ស៊ីបានចេញមកច្បាំងនឹងប្រទេសអ៊ុយក្រែន ដើម្បីរងចាំចម្លើយពីទីក្រុងគៀវ ដែលជាហេតុធ្វើឲ្យសាធារណមតិអន្ដរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លំាង។


បើទោះបីជាភ្លាមៗ លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡិនស្គីZelensky បានខិតខំបដិសេធការរៀបចំកិច្ចចរចានៅក្នុងទីក្រុងហ្គូម៉េ Gome ដោយចោទថាបេឡារុស កំពុងចូលដៃចូលជើងជាមួយរុស្ស៊ីឈ្លានពានអ៊ុយក្រែនដោយស្នើសុំទីតាំងផ្សេងក្រៅពីបេឡារុសយ៉ាងណាក្ដី តែចុងក្រោយលោក ហ្សេឡិនស្គី Zelensky ក៏បានយល់ព្រមចូលតុចរចាតាមលក្ខខណ្ឌនៃការដាក់ឱសានវាទគ្រាប់បែកកំណត់ម៉ោងរបស់រុស្ស៊ី។


លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះឥរិយាបថនយោបាយការទូត និងយោធាដែលប្រតិភូរុស្ស៊ីបានទៅដេកចាំនៅលើទឹកដីនៃប្រទេសបេទ្បារុស ដោយពុំប្រាប់ជាមុនរួចដាក់លក្ខខណ្ឌឱសានវាទគ្រាប់បែកកំណត់ម៉ោងនេះ គឺជាការចង្អុលបង្ហាញនូវជម្រើសពីរគឺ៖


ទី១៖ ឲ្យរើសយកការស្លាប់ឬការចាប់ខ្លួនទៅកាត់ទោសពីបទប្រល័យពូជសាសន៍ដែលរុស្ស៊ីបានចោទ។

ទី២៖ ឲ្យរើសយកតាមការចង់បានរបស់រស្ស៊ី ដែលគេបានកំណត់រួចហើយ។


ស្ថិតក្នុងចំណោមជំរើសទំាងពីរនេះ យើងឃើញលោកប្រធានាធិបតីអ៊ុយក្រែន បានរើសយកជំរើសទី២ គឺរើសយកតាមការចង់បានរបស់រុស្ស៊ី។ ហេតុនេះបើពោលមកដល់ចំណុចនេះទៀតសោត ក៏បានចង្អុលបង្ហាញថែមទៀតថា អ្វីដែលកងទ័ពរុស្ស៊ី បានទើរនៅ២០គីទ្បូម៉ែត្រពីរដ្ឋធានីទីក្រុងគៀវនេះ គឺប្រហែលជារុស្ស៊ីមិនចង់រំលាយរដ្ឋ ឬរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ហ្សេឡិនស្គី Zelensky នោះ ព្រោះគ្មានសង្រ្គាមឈ្លានពានរបស់កងទ័ពបរទេសណាដែលបានវាយលុកចូលដល់ទីក្រុងហើយ មិនសង្រុបចូលកំទេចដើម្បីយកជ័យជំនះសំរាប់ខ្លួន តែបែរជាឈប់ទ្រឹងទៅវិញនោះទេ។


ស្ថិតត្រង់ចំណុចនេះផងដែរលោក រត្ន័ សណ្ដាប់ បានចោទជាសំនួរថាហេតុអ្វីបានជាកងទ័ពរុស្ស៊ី ទើរនៅ២០គីទ្បូម៉ែត្រពីរដ្ឋធានីទីក្រុងគៀវ ? ព្រោះប្រហែលជារុស្ស៊ីចង់ទុកឲ្យពិភពលោកមើលឃើញ៖


ទី១៖ ទុកឲ្យរដ្ឋាភិបាលរបស់លោកហ្សេឡិនស្គី Zenlensky សព្វថ្ងៃជារដ្ឋាភិបាលស្របច្បាប់ដើម្បីឲ្យមកចរចាទៅតាមផែនការរបស់ខ្លួនដែលចង់បាន។ ព្រោះការផ្ទុះសង្រ្គាមនៅអ៊ុយក្រែននេះ នរណាក៏ដឹងដែរថាគោលបំណងរបស់រុស្ស៊ី គឺគ្មានNATOក្នុងអ៊ុយក្រែន និងការទទួលស្គាល់តំបន់ផ្ដាច់ខ្លួននៅតំបន់ដុនបាស់Donbass។

ទី២៖ ទុកឲ្យរដ្ឋាភិបាលលោកហ្សេឡិនស្គី Zenlensky ចុះហត្ថលេខាជាមួយខ្លួន ព្រោះបើរុស្ស៊ីផ្ដួលរំលំ ឬសម្លាប់ លោកប្រជាធិបតី ហ្សេឡិនស្គី Zelensky ហើយលើកបន្ដុបរដ្ឋាភិបាលថ្មីជាអាយ៉ង់ឲ្យមកជំនូសវិញនោះ គឺអន្ដរជាតិពិសេសបក្សសម្ព័ន្ធយោធា NATO និងថ្កោលទោសខ្លួន។ តែផ្ទុយទៅវិញបើទុកលោក ហ្សេឡិនស្គី Zenlensky ដែលជាមនុស្សរបស់លោកខាងលិច ប្រកាន់មនោគមន៍វិជ្ជាNATOនិយមនោះ គឺគ្មានអន្ដរជាតិណាគេថ្កោលទោសនោះឡើយ។


លើសពីនេះទៀត អ្វីដែលរុស្ស៊ី ឡោមព័ទ្ធទីក្រុងគៀវនេះក៏ជាយុទ្ធសាស្រ្ដល្បែងសេដ្ឋកិច្ចនិងយោធា គឺរុស្ស៊ី បានចាប់អ៊ុយក្រែន ធ្វើជាចំណាប់ខ្មាំង ដើម្បីឲ្យអាមេរិកបង់លុយ ទ្រទ្រង់រដ្ឋាភិបាលខ្យល់អ៊ុយក្រែន។ ព្រោះចង់ឬមិនចង់បើអាមេរិកមិនយកចិត្ដទុកដាក់ ដល់អ៊ុយក្រែននោះទេ នឹងធ្វើឲ្យសហគមអឺរ៉ុប មានការភិតភ័យដោយមើលឃើញនូវទង្វើរបស់អាមេរិកថា នុះន៎ឃើញទេ អាមេរិកព្រោះតែមហិច្ឆតាភូមិសាស្រ្ដផ្ទាល់ខ្លួន បានរុញអ៊ុយក្រែន ឲ្យរុស្ស៊ី ចូលមកដុតកំទេចប្រទេសទទេៗ។


ជាក់ស្ដែងចំពោះទង្វើអាមេរិក ចង់ឲ្យរុស្ស៊ីដុតអ៊ុយក្រែននោះ គឺគោលជំហររបស់បក្សសម្ព័ន្ធយោធាNATO ដែលមានអាមេរិកជាស្ដេចគ្រងលើបល្ល័ង្គ គឺរាល់សំណើរបស់អ៊ុយក្រែន ដែលបានទទូចអង្វរសុំចូលជាសមាជិករបស់បក្សសម្ព័ន្ធយោធាNATOនេះ គឺ NATO ឆ្លើយ Yes មិនYes ហើយ No មិនNo ។ នេះជាកំហុសមេរៀនប្រវត្ដិសាស្រ្ដមួយ ដែលអ្នកនយោបាយគួរពិចារណា មិនខុសពីពាក្យបុរាណខ្មែរដែលពោលថា កុំបណ្តោយឲ្យម នោគមន៍វិជ្ជាមិនច្បាស់លាស់ ធ្វើឲ្យខូចផលប្រយោជន៍ជាតិ ហើយក្លាយជាប្រាក់ក៏បង់ថង់ក៏ដាច់។


ដោយហេតុថា បើយោងទៅលើព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដ កន្លងមក អាមេរិកបានទៅដុតកំទេចនៅប្រទេសកម្ពុជានាទសវត្សឆ្នំា១៩៧០ ក៏ដូចជានៅប្រទេសអាហ្គានីស្ថានថ្មីៗនេះ ដែលប្រជាជាតិទំាងនោះបានទទួលរងនូវការឈឺចាប់ និងត្រូវមតិអន្ដរជាតិបានថ្កោលទោសនូវទង្វើរបស់អាមេរិកពុំទាន់ស្ងប់ស្ងាត់ផង។ ដូច្នេះចំពោះករណីសង្រ្គាមឆេះប្រទេសអ៊ុយក្រែននេះ អាមេរិក ពិបាកនឹងធ្វើឲ្យដូចទង្វើកាលពីអតីតកាលនោះណាស់ព្រោះអ៊ុយក្រែនមានទីតាំងភូមិសាស្រ្តនៅជាប់របងអឺរ៉ុប និងស្បែកសដូចគ្នា។


អីចឹងហើយបើគិតពីការផ្ទុះសង្រ្គាមរហូតមកដល់ថ្ងៃនេះ អាមេរិកប្រកាសផ្ដល់ជំនួយដើម្បីជួយទ្រទ្រង់រដ្ឋាភិបាលខ្យល់របស់លោក ហ្សេឡិនស្គី Zelensky មានប្រមាណ១៣៥០លាន ដុល្លាអាមេរិកមិនខុសពីយកលុយទៅដុតចោលក្នុងសង្រ្គាមនៅអ៊ុយក្រែននោះទេ។ បើនិយាយឲ្យចំៗទៅអ៊ុយក្រែន ត្រូវបានមហាអំណាចអាមេរិក និងរុស្ស៊ី ចាប់ធ្វើជាចំណាប់ខ្មាំងដើម្បីបំរើផលប្រយោជន៍ភូមិសាស្រ្តនយោបាយរៀងៗខ្លួន។


ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ បញ្ជាក់បន្ថែមទៀតថាបើឈរលើភូមិសាស្រ្ដនយោបាយ មូលហេតុដែលរុស្ស៊ីមិនចង់រំលាយរដ្ឋអ៊ុយក្រែន ឬរំលាយរដ្ឋាភិបាលរបស់លោក ហ្សេឡិនស្គី Zelensky នោះពីព្រោះបើរំលាយរដ្ឋអ៊ុយក្រែនចោល គឺរុស្ស៊ី គ្រាន់តែជាយក្សធម្មតាមួយ តែផ្ទុយទៅវិញបើរក្សារដ្ឋអ៊ុយក្រែនឲ្យគង់នៅគឺរុស្ស៊ីនិងក្លាយជាយក្សមួយដ៏ធំនៅឧបទ្វីបអឺរ៉ុប ហើយអ៊ុយក្រែនក្លាយជាកូនក្រមុំនៅក្នុងក្រសែភ្នែករបស់លោកខាងលិច ដែលមានឪពុកម្ដាយជារុស្ស៊ីយ៉ាងមានអំណាចដ៏មហិមានៅឧបទី្វបអឺរ៉ុបខាងកើត។


ទោះបីជាយ៉ាងណាក្ដីក្នុងនយោបាយការទូតនិងយោធាក៏តែងប្រែប្រួលនិងវិវត្ដជានិច្ច ព្រោះបើនិយាយអំពីរូបភាពសង្រ្គាម ឬការចរចាសព្វថ្ងៃ គឺរុស្ស៊ី ពុំមែនធ្វើសង្រ្គាមឬចរចាជាមួយនឹងងអ៊ុយក្រែននោះទេ គឺជាការច្បាំងឬចរចា ជាមួយនឹងNATO។ ដូច្នេះយើងអាចនិយាយបានថា ក្នុងភាពទាល់ច្រកនៃនយោបាយគឺជំរើសចុងក្រោយការច្បាំង «ឈ្នះ-ចាញ់» បានន័យថា «កំទេចចាស់រៀបចំថ្មី»៕

ប្រភព៖ Fresh News