Thursday, April 26, 2018

សាខាកាកបាទក្រហមខេត្តស្វាយរៀង រៀបចំពិធីកៀរគរថវិកាជួយអ្នករងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ

ស្វាយរៀង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី ២១ ក្នុងគោលបំណងដើម្បីរកនូវប្រភពធនធានសម្រាប់ទ្រទ្រង់ នូវសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ និងដើម្បីផ្សងសំណាងត្រូវរង្វាន់បានតាមរយៈ ការជាវ សន្លឹកឆ្នោត ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ អនុប្រធានគណៈសាខា ព្រមទាំងលោក លោកស្រីតាមមន្ទីរនានាជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

មុនចេញលទ្ធផលឆ្នោតលោកស្រី ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ បានមានប្រសាសន៍ថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ នេះជាលើកទី ២១ ហើយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដំណើរការចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍ ដោយផ្អែកតាមយុទ្ធសាស្រ្តនៃវិស័យស្នូលទាំង ៤ នៃកាកបាទក្រហមកម្ពុជា ដែលសេវាកម្មលក់សន្លឹកឆ្នោតផ្តល់ជារង្វាន់វត្ថុអនុស្សវរីយ៍លើកទឹកចិត្ត ការធ្វើវិភាគទានតាមរយៈការជាវសន្លឹកឆ្នោត ដើម្បីរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ និងទីទ័លក្រនៅតាមសហគមន៍ ។

បន្ទាប់ពីធ្វើការរវៃបានរកឃើញអ្នកមានសំណាងត្រូវរង្វាន់ធំគឺរថយន្ត Toyota Hightlander ស៊េរី ២០០៤ បានទៅលើលោកស្រី អ៊ិន ស៊ន់ ប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ, ម៉ូតូ HONDA WAVE 100ស៊េរី ២០១៨ បានទៅលើ ទី១ ឈ្មោះ គង់ សាលី រស់ភូមិមេសថ្ងក ស្រុកចន្ទ្រា, ទី ២ ឈ្មោះ អោក ចន្ទ័ដា នៅភូមិរាមន្ទីរ, ទី៣ ឈ្មោះ ស៉ុ ឈិន, នៅភូមិ ព្រៃតាយន្ត័ ឃុំពងទឹក ស្រុករំដួល និងម៉ូតូ ២គ្រឿងទៀត បានទៅប្រជាពលរដ្ឋនៅស្រុកជ្រំ, មួយគ្រឿងទៀតបានទៅប្រជាពលរដ្ឋនៅស្រុករមាសហែក និងរង្វាន់ មួយចំនួនទៀតត្រូវបាននៅតាមមន្ទីរនានាក្នុងខេត្ត និង បានមកបើកជាបន្តបន្ទាប់នៅសាខា ៕







សូមទស្សនាវីដេអូកំណាព្យ៖ ទេវតាឆ្នាំថ្មី

ការបោះឆ្នោតនៅម៉ាឡេស៊ី និងអាស៊ីអាគ្នេយ៍៖ បញ្ហា​ផ្សេង​ៗ និង​ផល​វិបាក​ទាំង​ឡាយ

ការបោះឆ្នោតនៅម៉ាឡេស៊ីអាណត្តិទី១៤ នឹងមកដល់នៅថ្ងៃទី០៩ ឧសភា ២០១៨ នេះ ត្រូវបានគេហៅថា ជាការបោះឆ្នោតដែលមានភាពប្រកួត និងមិនអាចទាយទុកបាន។ បក្សកាន់អំណាច Barisan Nasional (BN) ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Najib Razak កំពុងប្រឈមមុខយ៉ាងខ្លាំងទៅនឹងការរស់រៀន ក៏ដូចជាភាពស្របច្បាប់នយោបាយរបស់គាត់ ហើយបក្សនេះកំពុងធ្វើអ្វីៗដែលខ្លួនអាចធ្វើដើម្បីបន្តកាន់អំណាច។ គូប្រជែងដ៏ចម្បងរបស់លោក Najib គឺគ្មាននរណាម្នាក់ក្រៅពីអតីតគ្រូរបស់គាត់ គឺលោក Mahathir Mohamad ។

ប្រហាក់ប្រហែលគ្នាទៅនឹងការបោះឆ្នោតលើកមុនៗដែរ ក៏ប៉ុន្តែការប្រកួតប្រជែងការបោះ​ឆ្នោត​អាណត្តិទី១៤ នេះ នឹងផ្តោតសំខាន់ទៅលើកិច្ចការក្នុងស្រុក ជាជាងកិច្ចការបរទេស។ ក៏ប៉ុន្តែគ្មាននរណាម្នាក់អាចប្រងើយកន្តើយទៅនឹងការពិតបានឡើយ ដោយ​សារ​តែ​បញ្ហានយោបាយការបរទេស រាប់បញ្ចូលទាំងកិច្ចការអាស៊ីអាគ្នេយ៍ផងដែរនោះ បានឆ្លុះបញ្ចាំង​នៅក្នុងការបោះឆ្នោតម៉ាឡេស៊ី។

នយោបាយការបរទេសម៉ាឡេស៊ីនៅក្នុងអាស៊ីអាគ្នេយ៍

ការប្រៀបធៀបការបោះឆ្នោតអាណត្តិទី១៤ ដែលប្រកាសធ្វើឡើងជាសាធារណៈដោយគណ​បក្ស BN និងបក្សចម្រុះ Pakatan Harapan (PH) ថា សកម្មភាពមួយចំនួនអាចត្រូវបានគេដោះស្រាយបាន។ ការប្រកាសរបស់បក្ស PH នៅក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនដែលមាន ៣ ទំព័រ ទាក់ទងទៅនឹងកិច្ចការបរទេសរបស់ម៉ាឡេស៊ីនៅលើឆាកពិភពលោក និងនៅក្នុងអាស៊ីអាគ្នេយ៍។

ទាក់ទងទៅនឹងអាស៊ីអាគ្នេយ៍ គណបក្សចម្រុះ PH មានបំណងដើម្បីលើកមុខមាត់របស់ ម៉ាឡេស៊ី​នៅក្នុងអាស៊ាន។ ជាឧទាហរណ៍ ម៉ាឡេស៊ីគួរតែដើរតួនាទីកាន់តែសកម្មបន្ថែមទៀតនៅក្នុងក្រុមការងារប្រចាំតំបន់ ដូចជាវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា និងការកសាងឱ្យមានរឹងមាំផ្នែកនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងវប្បធម៌សង្គមរបស់​សហគមន៏អាស៊ាននេះ។ ធនធានបន្ថែមទៀតគួរត្រូវបានគេចំណាយបន្ថែមទៅលើក្រសួងការ​បរទេសម៉ាឡេស៊ីដើម្បីពង្រឹងវត្តមាននៃប្រទេសនេះ នៅក្នុងផ្នែកគណៈកម្មការអន្តររដ្ឋា​ភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស។ សេចក្តីប្រកាសជាសាធារណៈរបស់បក្ស PH ក៏បានបង្ហាញ​ការគាំទ្រចំពោះជន Rohingya ហើយសេចក្តីប្រកាសជាសាធារណៈនោះ ក៏បានចង្អុល​បង្ហាញថា ម៉ាឡេស៊ីក៏មានជំហរមួយក្នុងឋានៈជាមហាអំណាចធុនកណ្តាល។

ផ្ទុយទៅវិញការប្រកាសរបស់គណបក្ស BN បានដាក់បញ្ហានយោបាយការបរទេសឱ្យនៅក្រោមផ្នែកស្តីពីការថែរក្សាអធិបតេយ្យជាតិ និងសន្តិសុខប្រជាជន។ ខណៈដែលខ្លួនមិនបាននិយាយអំពីតួនាទីម៉ាឡេស៊ីនៅក្នុងអាស៊ាន គណបក្សនេះក៏បានប្រកាសដោយសង្ខេបនូវ​គោល​នយោបាយមួយចំនួននៅក្នុងបរិក្ខាអាស៊ីអាគ្នេយ៍។ ឧទាហរណ៍ ខ្លួនបានរំលេចឱ្យឃើញ​នូវការប្រឹងប្រែងដើម្បីដោះស្រាយជម្លោះក្នុងតំបន់នៅថៃប៉ែកខាងត្បូង នៅប៉ែកខាងត្បូង Mindanao ប្រទេសហ្វីលីពីន និងនៅរដ្ឋ Rakhine ប្រទេសភូមា ក៏ដូចជាការពង្រីកនូវការ​ទូតផ្នែកវិស័យការពារជាតិក្នុងតំបន់ជាមួយប្រទេសទាំងឡាយដែលម៉ាឡេស៊ីមានព្រំដែនជាប់​ជាមួយ។

ជាការពិតហើយ ការចូលសម្របសម្រួលរបស់ម៉ាឡេស៊ី និងការខិតខំប្រឹងប្រែងមនុស្សធម៌ទាក់ទងទៅនឹងជម្លោះប្រចាំតំបន់នៅក្នុងអាស៊ីអាគ្នេយ៍ បានក្លាយទៅជានិមិត្តរូបមួយដ៏លេចធ្លោ តាមរយៈការដឹកនាំរបស់ប្រទេសនេះ និងឥទ្ធិពលរបស់ខ្លួននៅអាស៊ាន។ គេសង្ឃឹមថា គណបក្ស BN ដែលដឹកនាំរដ្ឋាភិបាលនឹងបន្តរក្សាបុព្វហេតុទាំងអស់នេះ ដោយគ្មានការរំខានច្រើននៅពេលដែលខ្លួនត្រឡប់មកកាន់អំណាចក្រោយការបោះឆ្នោតអាណត្តិទី១៤ នេះ។

ចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិរបស់គាត់ លោក Najib បានស្វះស្វែងដើម្បីធ្វើឱ្យប្រសើរឡើងនូវជំហររបស់ម៉ាឡេស៊ីនៅឆាកអន្តរជាតិ រាប់បញ្ចូលទាំងឥទ្ធិពលរបស់ខ្លួននៅក្នុងអាស៊ាន។ ជោគជ័យនៅក្នុងនយោបាយការបរទេសមានសារៈសំខាន់ណាស់សម្រាប់លោក Najib ដោយ សារតែស្ថានភាពនេះ រួមចំណែកដល់ការបង្កើនមុខមាត់ឱ្យកាន់តែខ្លាំងឡើងនឹងភាពស្របច្បាប់របស់គណៈបក្ស BN ដឹកនាំរដ្ឋាភិបាលនៅក្នុងប្រទេស។ ការដឹកនាំរបស់លោក Najib ត្រូវតែដោះស្រាយជាមួយនឹងក្រុមប្រឆាំងនយោបាយក្នុងស្រុក ដែលបានទទួលការគាំទ្រដ៏សំខាន់នៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ កន្លងមក។ នៅក្នុងការបោះឆ្នោតអាណត្តិទី១៣ គណបក្ស BN ដឹកនាំ រដ្ឋាភិបាលបានថមថយនៅក្នុងការបោះឆ្នោតឆ្នាំ​២០១៣ ហើយបានបង្កឱ្យមានភាពប្រឈមកាន់តែខ្លាំងឡើងនៅក្នុងផ្នែកនយោបាយសេដ្ឋ​កិច្ច និងសង្គមនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលធ្វើឱ្យភាពជាអ្នកដឹកនាំរបស់លោក Najib កាន់​តែ​ថមថយបន្ថែមទៀត។

នៅខណៈនេះ គេប្រហែលជាអាចសួរថា តើសមិទ្ធផលនយោបាយការបរទេស គឺជាមធ្យោ​បាយសម្រាប់រាល់ការបោះឆ្នោតទាំងអស់ ឬយ៉ាងណា ជាពិសេសចាប់តាំងពីការអនុវត្តនិន្នា​ការរបស់លោក Najib សម្រាប់គោលនយោបាយការបរទេស និងជោគជ័យដ៏សម្បើមនៅក្នុងផ្នែកនេះដែលហាក់ដូចជាមិនបានជួយដល់ការបោះឆ្នោតអាណត្តិទី១៣ ឡើយ។ ប៉ុន្តែគេក៏មិនអាចបដិសេធស្ថានភាពនោះកាលពីឆ្នាំ២០១៣ បានដែរ។ គណបក្ស BN បានព្យាយាមដើម្បីធ្វើឱ្យប្រាកដថា នយោបាយការបរទេសរបស់ខ្លួនធ្វើទៅតាមអ្វីដែលបានអនុវត្តនៅក្នុងសេចក្តីប្រកាសរបស់ខ្លួន កាលពីបោះឆ្នោតអាណត្តិទី១៣។ ឧទាហរណ៍ កាលពីម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានបានជួយឱ្យអាស៊ានបង្កើតឱ្យមានសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំនោះ​។ ម៉ាឡេស៊ីក៏បានបន្តការចូលរួមនៅក្នុងការខិតខំប្រឹងប្រែងបែបមនុស្សធម៌នៅក្នុងតំបន់មានជម្លោះ ដូចជា Mindanao នៅប៉ែកខាងត្បូងថៃ និងថ្មីនេះនៅរដ្ឋ Rakhine ភូមា។

ការគាំទ្រផ្នែកមនុស្សធម៌របស់ម៉ាឡេស៊ីសម្រាប់ជនអំបូរភាគតិចម៉ូស្លីម Rohingya គឺមិនត្រឹម​តែបង្ហាញទៅលើភាពជាអ្នកដឹកនាំនៅក្នុងកិច្ចការអាស៊ានប៉ុណ្ណោះទេ។ ចាប់តាំងពីការ​ថម​ថយការបោះឆ្នោតឆ្នាំ២០១៣ រដ្ឋាភិបាលដឹកនាំដោយលោក Najib ក៏បានស្វះស្វែងដើម្បីរក្សានូវសាសនាអ៊ីស្លាមនៅម៉ាឡេស៊ី ដែលជាការខិតខំប្រឹងប្រែងមួយដើម្បីទទួលបានការគាំ​ទ្រទៅដល់ការដឹកនាំនេះ ក៏ដូចជាការធានាដល់ការគាំទ្រសម្រាប់សហគមន៍ជនម៉ូស្លីមមាន​កំណើតម៉ាឡេស៊ី។

ទោះជាយ៉ាងណាក៏ដោយ បញ្ហានយោបាយការបរទេសដ៏មានសារៈសំខាន់បំផុតមួយសម្រាប់ អាណត្តិការបោះឆ្នោតទី១៤ នោះ គឺទំនាក់ទំនងជាមួយម៉ាឡេស៊ីជាមួយចិន។ វាមិន​មែនជាការភ្ញាក់ផ្អើលទេដែលថា បក្ស BN ដឹកនាំរដ្ឋាភិបាលមានទំនាក់ទំនងកាន់តែខ្លាំងជាមួយចិន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកាន់តែប្រសើរ និងភាពស្របច្បាប់ផ្នែកនយោបាយ។ សញ្ញាដែល​លេចធ្លោជាងគេនោះ គឺការចូលរួមកាន់តែខ្លាំងរបស់ម៉ាឡេស៊ីនៅក្នុងគំនិតផ្តួចផ្តើមផ្លូវមួយ​ខ្សែក្រវ៉ាត់មួយរបស់ចិន។

ការប៉ុនប៉ងរបស់លោក Najib ដើម្បីខិតទៅកាន់តែជិតប្រទេសចិនបាននាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីបក្ស PH ដោយសារតែផលប៉ះពាល់ជាអវិជ្ជមានផ្នែកសង្គម នយោបាយ និងសេដ្ឋកិច្ចសម្រាប់ប្រជាជនម៉ាឡេស៊ី។ ប៉ុន្តែទំនាក់ទំនងចិន និងម៉ាឡេស៊ីនេះ មិនគ្រាន់តែជាភាពចម្រូង ចម្រាស់នយោយក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផលពាក់ព័ន្ធជាយុទ្ធសាស្ត្រសម្រាប់អាស៊ីអាគ្នេយ៍ផងដែរ។

នយោបាយការបរទេសរបស់លោក Najib បានស្វះស្វែងដើម្បីបង្កើតឱ្យម៉ាឡេស៊ីមានជំហរមួយជាច្រកទំនាក់ទំនងដ៏សំខាន់មួយ ដែលធ្វើឱ្យទំនាក់ទំនងចិន និងអាស៊ានអាចធ្វើឱ្យប្រសើរឡើងកាន់តែខ្លាំង។ ដូចគ្នាអញ្ចឹងដែរអ្នកនយោបាយកំពូលៗរបស់ចិនបានទទួលស្គាល់ថា ទំនាក់ទំនងចិនម៉ាឡេស៊ី គឺជាកម្លាំងស្រួចនាំមុខនៃទំនាក់ទំនងជាមួយចិន និងអាស៊ាន។ សម្រាប់ចិនវិញការកសាងឱ្យមានទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយម៉ាឡេស៊ី គឺជាមធ្យោបាយដ៏សំខាន់ដើម្បីពង្រីកផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិន ដ៏ធំធេង ក៏ដូចជាឥទ្ធិពលនៅក្នុងអាស៊ីអាគ្នេយ៍នេះ។

ជាការពិតម៉ាឡេស៊ីទំនងជាមិនអាចក្លាយទៅជាកម្ពុជាមួយទៀតទេ ដែលតាមរយៈនោះ ចិនអាចដាក់សម្ពាធឱ្យផ្លាស់ប្តូរនូវកិច្ចការតំបន់របស់ខ្លួនដើម្បីគាំទ្រខ្លួន។ ម៉ាឡេស៊ីបានស្វះស្វែងដើម្បីអនុវត្តនូវនយោបាយការបរទេសឯករាជ្យមិនចូលបក្សសម្ព័ន្ធ និងអព្យាក្រិត្យ។ ម៉ាឡេស៊ីក៏បានស្វះស្វែងដើម្បីធ្វើជារបងរវាងអាមេរិក និងចិន តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចជា​មួយនឹង​ប្រទេសទាំងនេះ ក៏ដូចជាការរៀបចំផ្នែកសន្តិសុខ ដើម្បីកាត់បន្ថយហានិភ័យទាក់ទងទៅនឹងការងើបឡើងរបស់ចិន។

ការសន្និដ្ឋាន

នៅដំណាក់កាលនេះ ជាការប្រញាប់ពេកដើម្បីវាស់ស្ទង់នូវការប៉ះពាល់ពិតប្រាកដណាមួយដែលកើតចេញពីការបោះឆ្នោតនឹងមកដល់នេះ ហើយទុកឱ្យលទ្ធផលនៃការបោះឆ្នោតនៅអាណត្តិ ទី១៤ នេះ ជាអ្នកសម្រេចទៅលើកិច្ចការអាស៊ីអាគ្នេយ៍ទៅចុះ។ ទោះជាយ៉ាងណាក៏ដោយ ជាការពិតហើយដែលថា បញ្ហានយោបាយការបរទេសនឹងត្រូវបានអនុវត្តដោយភាគីទាំងសងខាង ស្តីពីការបែកបាក់នយោបាយ ដើម្បីទទួលបានផលប្រយោជន៍ជាអតិបរិមាសម្រាប់ការបោះឆ្នោតនេះ។

នៅក្នុងស្ថានភាពដែលបក្សចម្រុះ PH នឹងឈ្នះឆ្នោតវិញនោះ វានឹងក្លាយទៅជាលើកទីដំបូងនៅក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី ដែលរដ្ឋាភិបាលមិនដឹកនាំដោយបក្ស BN ជាអ្នកកាច់ចង្កូតនៅក្នុងនយោបាយការបរទេសរបស់ម៉ាឡេស៊ី។ វានឹងជួយជំរុញផងដែរឱ្យមាននូវយុគសម័យថ្មីមួយ និងទិដ្ឋាភាពថ្មីមួយសម្រាប់ការវិវត្តរបស់ការទូតម៉ាឡេស៊ី។ ជាការពិតហើយ បើសិនជារដ្ឋាភិបាលដែលដឹកនាំដោយបក្ស BN បន្តនៅកាន់អំណាចវិញនោះ ខ្លួនមិនអាចសង្ឃឹមទៅ​លើសមិទ្ធផលរបស់ខ្លួនឡើយ ហើយគិតថា ខ្លួនអាចបន្តអនុវត្តគោលនយោបាយការបរទេសចេញផុតពីការរិះគន់របស់មហាជន និងបក្សប្រឆាំងនៅម៉ាឡេស៊ីបានទេ។

ព្រឹត្តការណ៍ដែលនាំទៅរកអាណត្តិទី១៤ នេះ បង្ហាញថា ការវិភាគនាពេលអនាគតក្រោយការបោះឆ្នោតនេះ ត្រូវតែគិតគូជាមួយនឹងតថភាពជាក់ស្តែងនៃការតវ៉ានៅក្នុងស្រុកកាន់តែខ្លាំងឡើងទៅលើគោលនយោបាយការបរទេស៕

ប្រភព៖ The Diplomat ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨


ក្រុម​អ្នក​តវ៉ា​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​សង្រ្គាម​ទៅ​លើ​គម្រោង Doi Suthep

បណ្តាញ​សង្គម​ស៊ី​វិល​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ នឹង​ធ្វើ​ការ​តវ៉ា​របស់​ខ្លួន ​កាន់​តែ​ខ្លាំង​ឡើង​ប្រ​ឆាំង​នឹង​គម្រោង​សាង​សង់​លំនៅ​ដ្ឋាន​របស់​រដ្ឋ​ដែល​នៅ​ជាប់​នឹង​គម្រោង​ Doi Suthep ដោយ​ប៉ុន​ប៉ងបង្ខំ​ឱ្យ​នាយក​រដ្ឋ​មន្រ្តី​ Prayut Chan-o-cha ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​បង្វិល​​តំបន់​នេះ​ឱ្យ​ទៅ​ជា​តំបន់​ធម្ម​ជាតិ​វិញ។

លោក Theerasak Roopsuwan ដែល​ជា​សហ​ដឹក​នាំ​ក្រុម​បាតុ​ករ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក Prayut ត្រូវ​តែ​ស្តាប់​សម្លេង​របស់​ប្រ​ជា​ជន​ដែល​មិន​យល់​ស្រប​នឹង​ការ​អភិ​វឌ្ឍ​ដី​ក្នុង​តំបន់​ព្រៃ​​លើ​ភ្នំ​ដ៏​ស្រស់​ស្អាត​នៅ​ខេត្ត​ភាគ​ខាង​ជើង​នេះ។

ដំណោះ​ស្រាយ​ដ៏​ត្រឹម​ត្រូវ​ក្នុង​ក្រសែ​ភ្នែក​របស់​ក្រុម​បាតុ​ក​រ​ គឺ​ការ​កំទេច​​អាគារ​ទាំងនេះ​ចោល រាប់​បញ្ចូល​ទាំងផ្ទះ​ថ្មី​របស់​មន្រ្តី​​តុ​លាការ​​ និង​គេ​ហ​ដ្ឋានចំនួន​​៤៥​ ខ្នង ដែល​ឥឡូវ​នេះ​កំពុង​តែ​ត្រូវ​បាន​គេ​សាង​សង់ឡើង​​សម្រាប់​មន្រ្តី​​យុ​ត្តិ​ធម៌​​នៃ​ការិយា​ល័យ​តុលា​ការ​ឧទ្ធរណ៍ក្នុងតំបន់​៥ លើ​ទំហំ​ដីប្រ​មាណ​​១២៧ រ៉ៃ។

ដោយ​សារ​តែ​តំបន់​នេះ​ត្រូវ​បាន​គេ​ប្រ​កាស​ថា ជា​តំបន់​ព្រៃឈើដែល​មាន​ការ​ធ្លាក់​ចុះ​ និង​ជា​កម្ម​សិទ្ធិ​របស់​នាយក​ដ្ឋា​ន​រត​នា​គារផង​នោះ ​ក្រុម​មន្រ្តី​រដ្ឋា​ភិបាល​និយាយ​ថា គម្រោង​នេះ​មិន​អាច​រំលោភ​ច្បាប់​ណា​មួយ​បាន​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​ប្រ​ឆាំង​របស់​ខ្លួន​ដែល​កំពុង​តែ​សម្លឹង​មើល​បញ្ហា​នេះ​ នៅ​ក្នុង​ទស្សនៈ​វិស័យ​បរិ​ស្ថាន​ ពួក​គេ​មើល​មិន​ឃើញ​ផល​ប្រ​យោជន៍​ពី​ការ​សាង​សង់​នេះ​ទេ មួយ​ផ្នែក​នៃ​សំណង់​នេះ​ស្ថិត​នៅ​ជម្រាល​ភ្នំ​ដែល​ធ្វើ​ឱ្យ​អាគារ​ទាំង​នេះ​ងាយ​រង​គ្រោះ​ដោយ​សារគ្រោះ​​មហន្ត​រាយ​ធម្ម​ជាតិ។

មូល​និ​ធិ​ Seub Nakhasathien Foundation ដែល​ជា​ក្រុម​​បរិ​ស្ថានបាន​មើល​ឃើញ​អា​គារ​ទាំង​នេះថា ជា​រឿង​ដែល​គ្រោះ​ថ្នាក់ ហើយ​បាន​ព្រ​មាន​រដ្ឋា​ភិបាល​ថា គម្រោង​នេះ​នឹង​បំផ្លាញ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​តំបន់​ព្រៃ​​ដែល​កំពុង​តែ​ធ្លាក់​ចុះនៅ​ក្នុង​ប្រ​ទេស​ថៃ។

លោក Bannarot Buakhli ដែល​ជា​មេ​ដឹក​នាំ​បាតុកម្ម​សំខាន់​ម្នាក់​ទៀត​បាន​និយាយ​ថា «​យើង​ចង់​ឱ្យ​ប្រ​ជា​ជន​នៅ​ក្នុង​ខេត្ត​ឈៀង​ម៉ៃ និង​បណ្តា​ខេត្ត​នៅ​ក្បែរៗ​នេះបង្ហាញ​ជា​កម្លាំង​រួម​គ្នា​ឡើងនៅ​ថ្ងៃ​​ទី​២៩ ខែ​មេ​សា​»។

ពួក​គេ​​បាន​ជ្រើ​ស​រើស​យក​ថ្ងៃ​អា​ទិត្យ ដោយ​សារ​តែ​បណ្តាញ​របស់​គាត់​រំពឹង​ថា​នឹង​មាន​ដំ​ណោះ​​ស្រាយ ដូច​ដែល​បាន​ពិ​ភាក្សា​គ្នា​នៅ​ឯ​កិច្ច​ប្រ​ជុំ​កាល​ពី​សប្តាហ៍​មុន​ រវាង​គណៈ​កម្មាធិ​ការ​សង្គម​ស៊ី​វិ​ល​របស់​រដ្ឋ​ និង​អភិ​បាល​ខេត្ត​ឈៀង​ម៉ៃ ហើយ​បន្ទាប់​មក​នឹង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​នាយក​រដ្ឋ​មន្រ្តី។

លោក Prayut ត្រូវ​បាន​គេ​រំពឹង​ថានឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ពី​ជោគ​វាសនា​របស់​គម្រោង​នេះ​ នៅ​ដើម​ខែ​ក្រោយ​។

កិច្ច​ប្រ​ជុំ​​ត្រូវ​បានគេ​​ព្រម​ព្រៀង​គ្នា​ថា​នឹង​ស្តារ​តំបន់​នេះឡើង​វិញ និង​ស្វែង​រកទី​តាំង​​​ថ្មី​​សម្រាប់​មន្រ្តី​យុត្តិ​ធម៌​ ប៉ុន្តែ​មិ​ន​អាច​ដោះ​ស្រាយ​បាន​ទេ​ ថា​តើ​អាគារទាំង​នេះ​គួរ​ត្រូវ​បាន​គេ​កំទេច​ចោល​ឬ​យ៉ាង​ណា។

លោក Bannrot បាន​និយាយ​ថា ប្រ​សិន​បើ​បណ្តាញ​នេះ​មិន​បាន​ឮ​ដំណឹង​ល្អ​ពី​នាយក​រដ្ឋ​មន្រ្តី​ទេ​ ក្រុម​នេះ​នឹង​​ប្រ​មូល​អ្នក​គាំទ្រ​ឱ្យ​កាន់​តែ​ច្រើន​ និង​បង្វែរ​ការ​ប្រយុទ្ធ​ប្រ​ឆាំង​របស់​ខ្លួន​ឱ្យ​ក្លាយ​ទៅ​ជា​សង្រ្គាម៕

ប្រភព៖ Bangkok Post ចុះថ្ងៃទី២៤ ខែមេ​សា ឆ្នាំ២០១៨


​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកជំនាញ៖ ស្ថានភាពសិទ្ធិមនុស្សរបស់អាមេរិកកាន់តែធ្ងន់ធ្ងរ

សាស្រ្តាចារ្យអាមេរិកមួយរូបបានប្រាប់ Xinhua កាលពីថ្ងៃចន្ទថា អាមេរិកមិនគួរលាក់បាំងបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន ដោយផ្តោតទៅលើការអនុវត្តសិទ្ធិមនុស្សសម្រាប់ប្រទេសដទៃទៀត។

ការនិយាយអំពីរបាយការណ៍សម្រាប់ប្រទេសនីមួយៗស្តីពីការអនុវត្តសិទ្ធិមនុស្ស ដែលបានចេញផ្សាយដោយក្រសួងការបរទេសអាមេរិកកាលពីសប្តាហ៍មុន សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ​ និងកិច្ចការនយោបាយអាស៊ីបូព៌ានៅឯសាកលវិទ្យាល័យ Houston-Downtown លោក Peter J Li បាននិយាយដោយផ្តោតលើការអនុវត្តសិទ្ធិមនុស្សសម្រាប់ប្រទេសដទៃទៀត​ ហើយរបាយការណ៍នោះទទួលបានជោគជ័យក្នុងការលាក់បាំងការពិតនៃការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរនៅអាមេរិក។

និយាយអំពីអាមេរិកកំពុងប្រឈមនឹងស្ថានភាពរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ លោក Li បានឱ្យឧទាហរណ៍មួយថា សេរីភាពសាសនានៅអាមេរិកត្រូវបានទទួលរងការវាយប្រហារ។​

គាត់បាននិយាយថា​ «ការធ្វើដំណើររបស់ប្រធានាធិបតី Trump ដែលពាក់ព័ន្ធនឹងគោលនយោបាយគឺមិនយុត្តិធម៌ ដោយសារតែផ្តោតផ្ទាំងស៊ីបតែលើប្រទេសដែលមានប្រជាជនកាន់សាសនាម៉ូស្លីម ជារបៀបដែលការឱ្យតម្លៃជាចំបងរបស់អាមេរិកទៅលើការគោរពសម្រាប់សេរីភាពសាសនាគឺកំពុងក្លាយជារឿងគួរឱ្យសើចចំអក»។​

គាត់បានបន្តថា ភាពលំអៀង និងការប្រកាន់ពូជសាសន៍ប្រឆាំងទៅនឹងប្រជាជនដែលមាននិន្នាការស្រលាញ់បែបផ្លូវភេទខុសគ្នា សាវតាជាតិវប្បធម៌ខុសៗគ្នា និងទស្សនៈនយោបាយមិនដែលត្រូវបានគេលើកយកមកនិយាយនៅក្នុងចំណោមក្រុមណាមួយក្នុងប្រទេសអាមេរិកឡើយ។ គាត់បានបន្ថែមថា ជាថ្មីម្តងទៀត អាមេរិកគឺជាប្រទេស ដែលបែកបាក់គ្នា។

សាស្ត្រាចារ្យរូបនោះក៏ជឿថា មានហេតុផលជាច្រើនចំពោះការចេញនូវរបាយការណ៍របស់ប្រទេសនីមួយៗប្រចាំឆ្នាំស្តីពីការអនុវត្តសិទ្ធិមនុស្ស ខណៈដែលវាបម្រើសម្រាប់ការរំលឹកឱ្យឃើញនូវទស្សនៈរបស់អាមេរិកនៅក្នុងពិភពលោកនៅក្នុងការជ្រោមជ្រែងឱ្យមាននូវសិទ្ធិមនុស្ស និងសេរីភាពបុគ្គល។​

គាត់ក៏បាននិយាយថា «គ្មានការសង្ស័យទេថា របាយការណ៍នោះស្ថិតនៅក្នុងកណ្តាប់ដៃរបស់​រដ្ឋាភិបាលអាមេរិក ដើម្បីត្រួតពិនិត្យទៅលើប្រទេសដទៃទៀត ដែលខ្លួនមើលឃើញថា ជាការប្រឆាំងទៅនឹងទស្សនៈរបស់អាមេរិកដែលទាក់ទងទៅនឹងសេរីភាពបុគ្គល។ ​

លោក Li ក៏មានទឡ្ហីករណ៍ផងដែរថា វាដល់ពេលសម្រាប់ក្រសួងការបរទេសអាមេរិកដើម្បីដាក់បញ្ចូលការអនុវត្តសិទ្ធិមនុស្សនៅក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំស្តីពីអាមេរិក ដូច្នេះ​ធ្វើ ឱ្យអាមេរិកដឹងខ្លួនឯងថា កន្លែងណាដើម្បីកែតម្រូវធ្វើឱ្យប្រសើរឡើង ហើយកន្លែង​ណាដែលអាមេ    រិកមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ។​

លោក Li បាននិយាយថា «របាយការណ៍នោះមិនអាចប្រើប្រាស់ជាការរិះគន់ ឬផ្តល់រង្វាន់ដល់ប្រទេសដទៃឡើយ។ វាត្រូវតែបម្រើជាការព្រមានសម្រាប់អាមេរិក ជាពិសេសគឺមេនៃរដ្ឋបាលអាមេរិកតែម្តង»៕

​ប្រភព៖ Xinhua ចុះថ្ងៃទី២៤ ខែមេសា​ ឆ្នាំ២០១៨


ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ ជំរុញឲ្យមន្ត្រីពាក់ព័ន្ធផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អ

កំពង់ធំ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ពិសេសគឺការផ្តល់សេវាសាធារណៈជូនពលរដ្ឋអោយបានល្អ ស្របតាមអភិក្រម ធ្វើអោយបាន ធ្វើអោយលឿន និងធ្វើអោយមានប្រសិទ្ធភាព សំដៅធ្វើអោយប្រជាពលរដ្ឋមានការទុកចិត្ត ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ ។

ការជំរុញណែនាំនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នៅក្នុងសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពី លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ និងសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ អភិបាលក្រុង-ស្រុក ព្រមទាំងសមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ ជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំខាងលើ រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានរាយការណ៍ពីលទ្ធផលនៃការដោះស្រាយបញ្ហាមួយចំនួន ជម្រាបជូនគណៈអធិបតី ព្រមទាំងបានលើកឡើងពីបញ្ហានៅសេសសល់មួយចំនួន ដែលមិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋ មានដូចជា ការងារឆ្វៀលដីតំបន់៣ តំបន់២ ស្ថិតនៅក្នុងស្រុកទាំង៥ នៃខេត្តកំពង់ធំ បញ្ហាតំបន់អភិរក្សសត្វខ្សឹប និងបញ្ហាសំខាន់ៗមួយចំនួនទៀត។

ដើម្បីជំរុញការដោះស្រាយបញ្ហាទាំងឡាយដែលនៅសេសសល់នោះ លោករដ្ឋមន្ត្រី ថោង ខុន បានដាក់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់រដ្ឋបាលខេត្តកំពង់ធំ ក្រុមការងារថ្នាក់ជាតិ មន្ទីរជំនាញ និងមន្ត្រីតាមមូលដ្ឋានក្រុងស្រុកទាំង៨ ក្នុងខេត្តកំពង់ធំ ដូចខាងក្រោម៖

១- បន្តអនុវត្តការងារឆ្វៀលដីនៅតំបន់៣ សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដោយជំរុញការ ចេញសាលកប័ត្រព័ត៌មានឲ្យដល់ដៃរបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ ពិសេសនៅតំបន់ណាដែលត្រូវបានចុះវាស់វែង និងមានឯកសារគ្រប់គ្រាន់រួចហើយ ដូចជា នៅភូមិគោកត្របែក ឃុំស្រឡៅជាដើម។
២- បន្តជំរុញការងារចុះវាស់វែង រៀបចំបែបបទ និងលិខិតស្នាមក្នុងការ ស្នើសុំកាត់ ឆ្វៀល ដី ពី តំបន់២ មកតំបន់១ ដោយត្រូវអនុវត្តជាជំហានៗ តាមស្ថានភាពជាក់ស្តែងនៅតំបន់នីមួយៗ ពិ សេសនៅឃុំម្សាក្រង ស្រុកស្ទោង។
៣- ចំពោះដីតំបន់អភិរក្សសត្វខ្សឹប ត្រូវបន្តចុះវាស់វែង និងកំណត់ទីតាំង និងទំហំដីអោយបាន ច្បាស់ឡើងវិញ ដូចជាដីលំនៅដ្ឋាន ដីកសិកម្ម សាលារៀន វត្តអារាម ដើម្បីរៀបចំជា ទិន្នន័យ ច្បាស់លាស់ និងធ្វើការប្រជុំពិភាក្សាជាមួយក្រសួងបរិស្ថាន និងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដើម្បីស្នើសុំកាត់ដីមួយចំនួនរបស់ប្រជាពលរដ្ឋចេញពីតំបន់អភិរក្សសត្វខ្សឹបនេះ។
៤- បន្តពន្លឿននីតិវិធី និងបែបបទនៃការកាត់ដីជូនប្រជាពលរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌ របស់ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត។
៥- បន្តពិភាក្សាជាមួយអាជ្ញាធរជាតិសំបូរព្រៃគុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បី ពិនិត្យ លើសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ រណបនៃតំបន់ អភិរក្ស ប្រាសាទសំបូរព្រៃគុក សំដៅធានាបានឲ្យការអភិរក្ស និងអភិវឌ្ឍតំបន់បេតិកភ័ណ្ឌ ពិភពលោកមួយនេះ ប្រកបដោយនិរន្តរភាព។
៦- បង្កើនការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដែលកំពុង កើត មានបទល្មើសជាច្រើន និងបង្កើនការបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសសត្វ ព្រៃតាម តំបន់អភិរក្ស ពិសេសតំបន់ព្រៃឡង់ និងព្រៃអង់តែន។
៧- ជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរដើម្បីសម្រួលឲ្យ ប្រជា ពលរដ្ឋមានអត្តសញ្ញាណបណ្ណ ក្នុងការធ្វើបែបបទឯកសារគតិយុត្តផ្សេងៗ និងប្រើប្រាស់ ដល់ការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ។
៨- យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ ត្រូវខិតខំចុះផ្ទាល់ ដល់គ្រួសារប្រជាពលរដ្ឋ និងខិតខំដោះស្រាយសេវាសំណូមពរអោយបានល្អ ស្របតាម អភិក្រម ធ្វើអោយបាន ធ្វើអោយលឿន និងធ្វើអោយមានប្រសិទ្ធភាព ៕




(សូមទស្សនាវីដេអូ) ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យកាត់ឬសសីមា វត្តឥណ្ឌូ កម្ពុជាធម្មនិរមិត

(សូមទស្សនាវីដេអូ)៖ បទអត្ថាធិប្បាយ «យើងវៃកូនគេ ឪគេឈឺ»

ការបណ្តុះបណ្តាលជំនាញទន់សម្រាប់សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ ដើម្បីត្រៀមលក្ខណៈទទួលយកឱកាសការងារសមរម្យ

(សូមទស្សនាវីដេអូ) យុវជនជនជាតិដើមភាគតិចកម្ពុជា ព្រមានមិនឱ្យទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយ ឬមានឱកាសដឹកនាំប្រទេសទេ ដោយសារតែកិច្ចព្រមព្រៀងកាត់ទឹកដី

(សូមទស្សនាវីដេអូ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ​ថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការក្លែងបន្លំ Facebook

លោក កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ជួបពិភាក្សាការងារ និងទទួលស្វាគមន៏អាហារល្ងាចលោកបណ្ឌិត ហ៊ុន ម៉ាណែត

នៅវេលាម៉ោង ៦:៣០ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នេះ លោក កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បាន​រៀបចំអាហារពេលល្ងាចដើម្បីពិភាក្សាការងារ និង​ស្វាគមន៏ដំណើរមកដល់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត យ៉ាងរាក់ទាក់ស្និតស្នាល។ ក្នុងឱកាសនោះ លោកអនុរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមន្សរីក​រាយ​ស្វាគមន៏នូវដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតនៅប្រទេសជប៉ុនពេលនេះ និងចង់ឃើញនូវចំណងសាមគ្គីភាពកាន់តែជិតស្និតរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបលោកបណ្ឌិតក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានអញ្ជើញរូប​លោក ដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចពេលនេះ ហើយបានទទួលបដិសណ្ឋារកិច្ចយ៉ាង​​កក់ក្តៅ លើសពីនេះលោកបណ្ឌិតក៏សំដែងនូវក្តីសង្ឃឹម​ថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា​​-​ជប៉ុន នឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត ស្របពេល​នឹង​ខួប​អនុស្សាវ​រីយ៏លើក​ទី​៦៥ នៃ​ចំណងការទូតកម្ពុជា-ជប៉ុន៕




លោក ហេង សំរិន ទទួលស្វាគមន៍ទស្សនកិច្ចជាផ្លូវការរបស់អនុប្រធានរដ្ឋសភាវៀតណាម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លោក ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បានអនុញ្ញាតអោយលោកស្រី តុង ធីហ្វុង អនុ​ប្រធាន​រដ្ឋសភា នៃ​សាធា​រណ​រដ្ឋ​សង្គម​និយម​វៀតណាម ចូល​ជួប​សម្តែង​ការ​គួរសម និងធ្វើ​​សវនាការ​នៅ​វិមាន​រដ្ឋ​សភា​។

ទស្សនកិច្ចជាផ្លូវការរបស់លោកស្រី អនុប្រធានរដ្ឋសភាវៀតណាម ក៏បានភ្ជាប់មកជាមួយ នូវ​ការ​ផ្តល់​កិត្តិយស​ដល់​រដ្ឋសភា​កម្ពុជា តាមរយៈការ​ផ្ទេរអាណត្តិ​ជា​ប្រធាន​ដឹក​នាំ​សភាអាស៊ី-ប៉ាស៊ីហ្វិក (អេភីភីអែហ្វ​-​APPF) បន្ត​ពី​រដ្ឋសភា​វៀតណាម ដែល​ត្រូវ​ចប់​អាណត្តិ មក​អោយ​រដ្ឋ​សភា​កម្ពុជា​ទទួល​ធ្វើ​ជាប្រធានដឹកនាំសភាអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់​កិច្ច​ប្រជុំ​វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើកទី២៧ ដែល​កម្ពុជាធ្វើ​ជាម្ចាស់ផ្ទះ​ដែលនឹង​ប្រារព្ធធ្វើ​នៅ​ខេត្តសៀមរាប ក្នុង​ខែ​មករា ឆ្នាំ​២០១៩។

លោក​ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ជាមួយនឹងមោទកភាព​នៃទំនុកចិត្ត ពី​សភា​ប្រទេស​ជា​សមាជិក អេ-ភី-ភី-អែហ្វ រដ្ឋសភា​ព្រះ​រាជា​ណាចក្រ​កម្ពុជា រីក​រាយ​ទទួល​យកនូវ តួ​នាទី​ដ៏មានសារៈសំខាន់​នេះ ហើយសន្យាថានឹងខិតខំបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាព អេ-ភី-ភី-អែហ្វ ឲ្យកាន់តែមានភាពប្រសើរឡើង និងកិត្យានុភាពថែមទៀត នៅលើឆាកអន្តរជាតិ ដើម្បី​រួមចំណែកដល់ការកសាង ថែរក្សា​សុខ​សន្តិភាព និងស្ថិរ​ភាព ដែល​ជា​បុរេលក្ខខណ្ឌ​ចាំ​បាច់​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកប​ដោយ​ចីរភាព។

លោក​ប្រធានរដ្ឋសភា បានចាត់ទុកវត្តមានរបស់លោកស្រី តុង ធីហ្វុង និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​វៀតណាម នៅពេលនេះ បាន​បន្ត​រួមចំណែក​ដ៏ធំធេង​ដល់​កិច្ចខិត ខំប្រឹង​ប្រែង​រួម​គ្នា សំដៅលើកកម្ពស់ទំនាក់ទំនង ចំណង មិត្តភាព សាមគ្គីភាពជាប្រពៃណី និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើគ្រប់​វិស័យ រវាង បក្ស រដ្ឋ រដ្ឋាភិបាល និង​រដ្ឋសភា នៃ​ប្រទេសយើង​ទំាង​ពីរ កម្ពុជា​-វៀតណាម ឲ្យ​កាន់​តែរឹង​មំាខ្លាំងក្លាឡើងថែមទៀត៕






ទស្សនៈពលរដ្ឋ៖ សម្តីសជាតិមារយាទសត្រកូល!

ថ្ងៃនេះ ខ្ញុំចង់សាកល្បងស្វែង​យល់អំពីទស្សនៈរបស់សុភាសិតបូរាណខ្មែរយើង ដែលយើង​គ្រប់​គ្នាចេះចាំរត់មាត់គ្រប់គ្នាគឺពាក្យថា «សម្តីសជាតិ មាយាទសត្រកូល» ដោយឆ្លុះ​បញ្ចាំង​ពី​ចរិត​របស់អ្នកនយោបាយ ដែលកំពុងដើរតួសម្តែងបោកប្រាស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។   ថ្មីៗនេះ លោក សម រង្ស៊ី ដែលអស់សង្ឃឹមថា​នឹងបានចូលរួមការបោះឆ្នោត​ បាននិយាយ​ដ៏គួរ​ឲ្យ​អស់​សំណើចតាមវិទ្យុអាស៊ីសេរីថា គាត់នឹងធ្វើយុទ្ធនាការ​ឲ្យអង្គការ​សហប្រជាជាតិ​ដកកៅ​អីពី​រាជរដ្ឋាភិបាលក្រោយការបោះឆ្នោតខែកក្កដា ខាងមុខ។

វាមិនចម្លែកទេដែលអ្នកនយោបាយរូបនេះ ប្រើសម្តីបន្ទាបបន្ថោកកិត្យានុភាពជាតិ​របស់ខ្លួន និងជាសម្តីឥតគ្រាប់ មាត់ឥតគម្រប ចេះតែបង្ហូរវាចារ​ខ្វះការទទួលខុសត្រូវ​ ដើម្បីបោក​ប្រាស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ឲ្យលង់ជឿ។ គ្រាន់តែលឺពាក្យនេះ រូប​ខ្ញុំក៏ដូចជា​ពលរដ្ឋខ្មែរជា​ច្រើន​ចង់សើច​ផង និង​ហួសចិត្តផង​ថា មិនគួរ លោក សម រង្ស៊ី ចេះនិយាយបែបនេះចេញមកកើត? ជាបឋម សំណួរមួយបានផុសឡើង​ជាស្វ័យប្រវត្តិថា តើចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ពេល​ដែលរបបខ្មែរក្រហមសម្លាប់ខ្មែរស្ទើរដាច់ពូជទៅហើយនោះ ម្តេចគេមិនបានឃើញ និង​មិន​បាន​លឺលោក សម រង្ស៊ី ចេញ​មុខ​ស្នើអង្គការ​សហប្រជាជាតិ​ឲ្យដក​កៅអី​កម្ពុជា​ពី​ពួក​ខ្មែរ​ក្រហម? ម្តេច​លោក សម រង្ស៊ី មិនចេញមុខទាមទារ​រកប្រជាធិបតេយ្យ និងការគោរព សិទ្ធិ​មនុស្ស​ផង?

បើគាត់បានធ្វើពេលនោះវិញមិនដឹងប្រជាពលរដ្ឋ​ត្រេកអរ​យ៉ាងណានោះទេ? តែស្ងាត់​ឈឹង ស្ងាត់ដូចចោរលួចសេះ។ ម្យ៉ាងទៀត ចេះតែឆ្ងល់ថា តើលោក សម រង្ស៊ី និយាយពាក្យបែបនេះទៅកើតយ៉ាងដូចម្តេច? អង្គការ​សហប្រជាជាតិ​ណាគេ​ទៅ​ទទួលស្គាល់​ចលនាឧទ្ទាមក្រៅច្បាប់ ហើយ​ផាត់​ចោល​រាជរដ្ឋា​ភិបាល​ដែល​កើតចេញពី​ការបោះឆ្នោតនោះ? រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតខែកក្កដា ខាងមុខនេះ គឺជារាជរដ្ឋាភិបាលដែល​កើត ចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ​អ្នកបោះឆ្នោតគាំទ្រ។ ការបោះ​ឆ្នោតទៀត​សោត រៀប​ចំ​ឡើង​ដោយគណៈកម្មាធិ​ការ​ជាតិ​រៀប​ចំការបោះឆ្នោត (គ.ជ.ប) ដែល បង្កើត​ឡើង​ដោយ​ច្បាប់​កម្ពុជា និងដែលទទួលស្គាល់ដោយ សហគមន៍អន្តរជាតិ មានដូចជាប្រទេសជប៉ុន រុស្ស៊ី ចិន និង​ប្រទេសជាច្រើនទៀត​ជួយ​ជ្រោមជ្រែង។ រីឯការបោះឆ្នោតនេះក៏មាន​គណបក្សជា​ច្រើន​ចូល ប្រកួតប្រជែងគ្នាតាមបែបប្រជាធិបតេយ្យ។ តើអ្នកណា​គេយកលទ្ធិ​ប្រជាធិបតេយ្យ​ នៃប្រទេស​មួយទាំង​មូលទៅចងភ្ជាប់ជាមួយគណបក្ស​នយោបាយ​មួយនោះ? ខ្ញុំពិត​ជាមិន​ដែលបាន​លឺទាល់​តែ​សោះ​ហើយ ទើបតែលឺលោក សម រង្ស៊ី ម្នាក់​នេះគត់​ដែលហាក់ដូចជា​ចេះ​តែនិយាយ​ឲ្យតែរួចពីមាត់។ លោកសម រង្ស៊ី ប្រហែលនៅចាំបាន សូម្បី​ជំនាន់​ខ្មែរ​ក្រហម​ប្រល័យ​ពូជសាសន៍ឯង​យ៉ាងរង្គាលគង់អង្គការសហប្រជាជាតិ ទទួលស្គាល់។ នោះទើប​ជា​រឿង​គួរឲ្យឆ្ងល់។ ចុះទម្រាំបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងស្គាល់ការអភិវឌ្ឍយ៉ាងសម្បើម មាន​សុខ​សន្តិភាព ស្ថិរភាព នយោបាយ និងមានកំណើន​សេដ្ឋកិច្ចខ្ពស់ថែមទៀត តើលោក សម រង្ស៊ី ដេកស្រមៃយ៉ាងម៉េចទើបនិយាយពាក្យបែបនេះចេញ?

ប្រហែលជាលោក សម រង្ស៊ី មិនល្ងង់ដល់ម្លឹងទេ ប៉ុន្តែ សារជាតិ​ជាអ្នក​នយោបាយ​ដែល​មិន​ដែល​សប្បាយនឹងឃើញ ការរីកចម្រើន​របស់​ប្រទេសដែល​មិនមែន​ខ្លួនជាអ្នកដឹកនាំ ក៏ចេះ​តែ​ពោល​ពាក្យឥតប្រយោជន៍ ដើម្បីតែគោលដៅនយោបាយ តែភ្លេចគិត​ពីភាព​សមរម្យ​អស់​រលីង។ កាលពីពេលថ្មីៗនេះ ខណៈដែលលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បដិសេធ​មិន​ច​ចារ​​ជាមួយ​ដោយសារតែលោក សម រង្ស៊ី បានវាយប្រហារ និងប្រមាថ ធ្ងន់ធ្ងរបុគ្គលទៅលើគ្រួសារ លោកនាយករដ្ឋមន្ត្រី ហើយលោក សម រង្ស៊ី បែរជានិយាយថា អ្នកនយោបាយដែល​យក រឿង​បុគ្គល​ជាធំជាអ្នកនយោបាយគំនិតរាក់។ ពាក្យនេះធ្លាក់ទៅលើលោក សម រង្ស៊ី ខ្លួន​ឯង​ទាំង​ស្រុង ពីព្រោះ គឺលោក សម រង្ស៊ី នេះហើយដែលមួយជីវិត នយោបាយ​របស់​ខ្លួន​យក​តែរឿង​បុគ្គល​មកធ្វើជាបន្ទាត់​នយោបាយរបស់ខ្លួន។ លោក សម រង្ស៊ី វាយប្រហារ និងប្រមាថ​តែទៅ​លើបុគ្គល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកនាយក រដ្ឋ​មន្ត្រី​ជា​រៀង​រហូតមក។

ក្នុងមួយជីវិត​នយោបាយរបស់ សម រង្ស៊ី ដែលដឹកនាំបក្សប្រឆាំងចាប់​ពី​គណបក្ស​ជាតិ​ខ្មែរ គណ​បក្ស​ដែល​មានឈ្មោះ​ខ្លួន​ឯង និង​រហូតដល់​គណ​បក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិន​ដែល​អង្គុយគិតពី​គោលនយោបាយ ដើម្បីយកមកប្រកួតជាមួយគណ​បក្ស​​កាន់អំណាចឡើយ គឺគិត​តែពីការ​វាយប្រហារ​បុគ្គល​តែប៉ុណ្ណោះ។ រហូតដល់​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះជាតិ​រលាយ ក៏គណបក្សនេះនៅតែមិនទាន់មាន​គោល​នយោ​បាយ​​ច្បាស់លាស់​នៅ​ឡើយ។ ទើបតែ​ចុង​ក្រោយ​នេះ មានពួកបរទេស​ជួយជ្រោមជ្រែង​ពី​ក្រោយ​​ទើប​បាន​ជជែកពី​គោលនយោបាយ​តែក៏មិនទាន់បាន​ចេញ​ជារូបរាង ពិតប្រា​កដ​ផង​ក៏ត្រូវតុលាការ​រំលាយចោលបាត់​។ នេះស​បញ្ជាក់​ថា លោក សម រង្ស៊ី ជាអ្នកនយោបាយគំនិត​រាក់កំ​ផែល​ដូច​គាត់​និយាយ​មែន​។ ដោយ​សារ​គំនិតរាក់កំផែល នេះហើយបានជា​បោះឆ្នោត​មិនដែលឈ្នះ​គណបក្ស​កាន់អំណាច ហើយ​ទី​បំផុតងាក ទៅ​រក​វិធីផ្តួលរំលំ​រាជរដ្ឋា​ភិបាល​តាមបែប​បដិវត្តន៍​ពណ៌​វិញ​នោះ​។

ប៉ុន្តែ ដោយសារតែគំនិតរាក់កំផែលនេះដដែល ទើបធ្វើឲ្យផែនការបដិវត្តន៍ពណ៌ត្រូវបរាជ័យ ហើយទីបំផុត គណបក្សក៏​រលាយថែម​ទៀត។ ទោះជារលាយហើយក៏ដោយ ក៏សារជាតិ​អ្នក​នយោបាយដែល​ពោរពេញដោយគំនិត​ឈ្នានិស នៅតែបន្ត​ឃោសនា​ប្រជាភិថុតិ​បោកប្រាស់​ពលរដ្ឋ​ខ្លួនឯង និងបោកប្រាស់​សហគមន៍​អន្តរជាតិ មិនព្រម​ឈប់ឡើយ។ តែពាក្យ​ចាស់​បូរាណ​ពោលថា «ភូតច្រើនចាញ់អាត្មា» មានន័យថា ភូតញឹកពេកគ្មានអ្នកជឿ ហើយទី​បំផុត​​ក៏​កុន​ខ្លួន​ឯង។ ជាក់ស្តែង ពីដំបូងឡើយ សម រង្ស៊ី និងបក្ខពួក ខំអួតក្តែងៗថា បើហ៊ាន​រំលាយ​បក្ស​សង្គ្រោះជាតិ ពលរដ្ឋកន្លះនគរ​នឹងងើបបះបោរ តែពេល​គណបក្ស​នេះ​ត្រូវបា​ន​រំលាយ​ដោយ​តុលាការ​កំពូល គ្មានពលរដ្ឋណាម្នាក់តវ៉ា​សោះ​មាន​ន័យ​ថា ពួកគេ​មិនខ្វល់​ពីការរំលាយ​បក្ស​នយោបាយ​មួយនេះ​ទេ។ សម រង្ស៊ី បន្តភូតទៀតថា គាត់ នឹងធ្វើ​ចលនា​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធមក​លើរាជរដ្ឋាភិបាល​ក្រុងភ្នំពេញ ដល់​ពេល​គាត់ធ្វើចល​នា​អស់ចិត្ត សហគមន៍​អន្តរជាតិ​ក៏នៅស្ងៀម​ឈឹងគ្មានអ្នកណាធ្វើតាមសំណើរ​បស់គាត់ឡើយ​។ សម រង្ស៊ី អស់​​ក្រឡា​ក៏ស្រាប់​តែងា​ក​មអង្វរ​រកការចរចា​ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ដោយ​និយាយ​ថា មាន​តែខ្មែរ និងខ្មែរ ទេទើបអាចនិយាយគ្នាបាន។ សំណើរនេះ​​ក៏ត្រូវបាន​ទាត់ចោល​ដោយបក្សកាន់អំណាចទៀត។ សម រង្ស៊ី កាន់តែអស់ក្រឡា ទ័លច្រក​មែនទែន ក៏​បែរ​មកនិយាយភូត​ទៀត​ថា គាត់នឹងធ្វើយុទ្ធនាការ​ឲ្យអង្គការសហប្រជាជាតិ ដក​កៅ​អីកម្ពុជា​ពីរាជរដ្ឋាភិបាល​ក្រោយការបោះឆ្នោតខែកក្កដា ខាងមុខ។  មិនដឹងថា បោះ​ឆ្នោត​ហើយ ពេល​ដែល​គ្មាន​អ្នកណា​ជួយគាត់​សោះ អ្នកនយោបាយ​ត្រឡប់​ត្រឡិន បាយ​បិណ្ឌ​ជា​បាយបាត្រ​រូប​នេះ​មានក្បាច់អីមក​ភូតទៀតទេ។

ប៉ុន្តែ អ្វីដែលពលរដ្ឋខ្មែរ ស្គាល់ក្រយៅគាត់ច្បាស់គឺ ផែនការបដិវត្តន៍ពណ៌ដែលមាន បរទេស​នៅ​​ពី​ក្រោយ​ខ្នង និងមានបណ្តាញជាអង្គការ​សង្គមស៊ីវិល​ជាតិ អន្តរជាតិ មួយចំនួន និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​បរទេសដូចជា វិទ្យុអាស៊ីសេរីជាដើមនោះ ដែលជាផែនការ ចុងក្រោយ​​ត្រូវបរាជ័យ​ទាំងស្រុង​នៅកម្ពុជា។ អ្វីដែលគេស្គាល់​កាន់តែច្បាស់ទៀតនៅពេលនេះគឺ សម្តី​របស់ សម រង្ស៊ី ជា​សម្តីបំផ្លាញ​ជាតិ បំផ្លាញ​កិត្តិយសប្រទេស​ខ្លួនឯង ដើម្បី​តែ​ចង់​បាន​អំណាច​។ ចំណែកមារយាទ​របស់ សម រង្ស៊ី គឺបញ្ជាក់​ពីនយោបាយ​ក្បត់ជាតិត​ពូជរបស់​គ្រួសារ​ត្រកូល​គាត់​យ៉ាង​ពិតប្រាកដ សម ដូចជាសុភា​សិត​បូរាណខ្មែរថា «សម្តីសជាតិ មារ​យាទស​ត្រកូល»។ ជនក្បត់​ជាតិដែល​ប្រឆាំងនឹង​ផលប្រយោជន៍​ពលរដ្ឋខ្លួនឯង មិនដែលទទួល​​បានជោគជ័យ​ឡើយ។ សូម លោក សម រង្ស៊ី ឬអ្នកនយោបាយដទៃទៀត ចាំទុកចុះ៕
ដោយ កូនខ្មែរ


ពិធីបិទការប្រកួតកីឡាមហាជន ជម្រើន​ជើង​ឯក​ថ្នាក់ខេត្ត​ប្រចាំ​ឆ្នាំ​២០១៨ នៅទីលាន​បាល់​ទាត់​សួង

ត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោរភ័ណ អភបាលរងខេត្តត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបិទការប្រកួតកីឡាមហាជន ជម្រើន​ជើង​ឯក​ថ្នាក់ខេត្ត​ប្រចាំ​ឆ្នាំ​២០១៨ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីលានបាល់ទាត់សួង ​ស្ថិតនៅសង្កាត់សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ។

នាឱកាសសំណេះសំណាលជាក្រុមកីឡាករ/កីឡាការិនីនោះដែរ លោក​បណ្ឌិត ជាម ច័ន្ទសោរភ័ណ អភិបាលរងខេត្ត  បានមានប្រសាសន៍ថា៖ «ការប្រកួតកីឡានេះ ចាញ់ឈ្នះ​ជា​រឿង​ធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ របស់​យុវជនយើង»។ ម្យ៉ាងទៀត  បច្ចុប្បន្នគ្រប់វិស័យកីឡា ក្នុងខេត្តរបស់យើងត្រូវបានពង្រឹង និង​ពងី្រក គឺយើងមានកីឡាករ/កីឡាការិនី ពោរពេញ​ទៅដោយ​ចិត្តអង់​អាចក្លាហាន ស្វាហាប់​សក្តិសម​​ជាពលរដ្ឋដ៏ឆ្នើម នៃមាតុភូមិ ឃុំ ស្រុក មាន​ទីលាន​សម្រាប់​ហ្វឹកហាត់ និង​លេង​កីឡា​ផងដែរ។ ក្នុងនោះកីឡាដើម្បីសុខភាព កីឡា​ប្រ​ពៃ​ណី ក៏មាន​សកម្មភាព​ផុសផុល​ស្ទើ​គ្រប់​ទី​កន្លែង ទាំងនេះជាសក្ខីភាព​ដែល​បញ្ជាក់​ថា វិស័យកីឡាមានការរីកចម្រើន ទោះបីជាលទ្ធផល និង​​សកម្មភាពបទពិសោធន៍ បច្ចេក​​ទេស ពេលប្រគួត និងទីលានហ្វឹកហាត់ពុំ​ទាន់សមស្រប តាមគោលបំណង នៃការ​កំណត់​របស់​យើងក៏ដោយ​។

លោក​បណ្ឌិត​បានបន្តថា ការឈ្នះរបស់យើង​ត្រូវ​តែផ្អែក​លើ​កត្តា​មួយចំនួន​ដូចជា បទ​ពិសោធន៍ សមត្ថភាព  បច្ចេកទេស កម្លាំង និងប្រាជ្ញាស្មារតី នៅពេលប្រកួត​ហើយត្រូវ​គោ​រព​បទបញ្ញត្តិ និងវិន័យពេលប្រកួត សីលធម៌ពេលប្រកួត។ ហើយការប្រកួតនាពេល​នេះ ​មិនមែន​ព្រោះតែរង្វាន់សម្រាប់ការឈ្នះនោះទេ គឺដើម្បី​ជួយ​ឲ្យកីឡាករ/កីឡា​ការិនីម្នាក់ៗ មានការ​អភិវឌ្ឍទាំងផ្នែករាងកាយចិត្តវិទ្យា សង្គមវិទ្យា តាមបច្ចេក​ទេសជំនាញ និងសមត្ថភាព ទទួល​បាននូវពេលធ្វើការហ្វឹកហាត់។ ពោលគឺត្រូវគិត​ពីសុវត្តិភាព និងអាកប្បកិរិយា​ប្រកបដោយ​សីលធម៌ ការគោរពគ្នានៅពេលប្រកួត ដូច្នេះ​គួរតែកីឡាករ/កីឡាការិនី​ម្នាក់ៗ​អនុវត្ត​ឲ្យបាន​នៅពេលប្រកួត។

លោកបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ឲ្យនាំគ្នាលេងកីឡា​ដែល​អាច​ឲ្យសិស្សទទួលបាន​នូវសុខ​ភា​ពល្អ មានទំនាក់ទំនងល្អ មាន​មេត្រីភាព និងមាន​​សាមគ្គីភាព ព្រមទាំងដើម្បីជៀសឲ្យផុតពីគ្រឿងញៀន។ គ្រឿងញៀនគឺនាំឲ្យមាន​គ្រោះ​ថ្នាក់ដល់​សុខ​ភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ឬ​ប្លន់ ដែលបង្ក​ឲ្យ​មានអសន្តិសុខ​ដល់​សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំង ធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំង​បណ្តាល​ឲ្យប៉ះពាល់ដល់​កំណើនសេដ្ឋកិច្ចជាតិទៀត​ផង៕