Wednesday, October 18, 2017

(សូមទស្សនាវីដេអូ)៖ លោកឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិន ឈិន អនុញ្ញាតឱ្យអគ្គនាយក​ទូរទស្សន៍ជាតិ​វៀតណាម ចូលជួបសម្តែង​ការគួរសម និងពិភាក្សា​ការងារ

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន អនុញ្ញាតឱ្យអគ្គនាយកទូរទស្សន៍ជាតិវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទី នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន បានអនុញ្ញាតឱ្យគណៈប្រតិភូវៀតណាម ដឹកនាំដោយលោក ត្រាន់ ប៊ិញមិញ ប្រធានទូរទស្សន៍ជាតិវៀតណាម ចូលជួបពិភាក្សាការងារ និងសំដែងការគួរសម នៅទីស្តីការណៈរដ្ឋមន្ត្រី។

ក្នុងកិច្ចជំនួបនោះគឺផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ រវាងទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ជាតិវៀតណាម។ ប្រធានទូរទស្សន៍ជាតិវៀតណាមលោក ត្រាន់ ប៊ិញមិញ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា គឺផ្តោតសំខាន់លើការបង្កើនកិច្ចសហការ រវាងទូរទស្សន៍ជាតិនៃប្រទេសទាំងពីរ ជាពិសេសទៅលើបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស។ ប្រធានទូរទស្សន៍ជាតិវៀតណាម បានបន្តថា ទូរទស្សន៍វៀតណាម បានបង្កើតឡើងនៅឆ្នាំ១៩៧០ មានបុគ្គលិកជាង៤០០០នាក់ និងមានបុគ្គលិករបស់ខ្លួននៅ១២ប្រទេស រួមទាំងកម្ពុជាយើងផងដែរ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានសំដែងនូវការពេញចិត្ត និងចង់ ឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមរវាងទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ជាតិវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ប្រទេសកម្ពុជាយើងក្រោយរដ្ឋប្រហារដោយសេនាប្រមុខ លន់ ណុល នៅឆ្នាំ១៩៧០ រហូតមកដល់របបខ្មែរក្រហម នៅដើមឆ្នាំ១៩៧៩ គឺហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាខូចខាតខ្លាំងណាស់ ដោយសារតែសង្គ្រាម និងរបបបនប្រល័យពូជសាសន៍ ប៉ុល ពត។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នឹងមានការចុះអនុសរណៈយោគយល់គ្នានៅថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ រវាងទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ជាតិវៀតណាម។
ក្រោយជំនួបនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញ្ញរិទ្ធិ បានមានប្រសាសន៍ថា ភាគីកម្ពុជា ចង់ឱ្យមានកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកទេសបន្ថែមទៀត រវាងទូរទស្សន៍ជាតិកម្ពុជា ជាមួយទូរទស្សន៍ជាតិវៀតណាម ហើយក៏សំណូមពរឱ្យមានការបណ្តុះបណ្តាលបន្ថែមផងដែរ ដល់បុគ្គលិកទូរទស្សន៍ជាតិរបស់យើង៕







(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាអ្វីដែលជាផល​ប្រយោជន៍ប្រជាជនមិនមែន​ជារឿងតូចតាច​ដែលត្រូវមើលស្រាលនោះទេ

(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាការធ្វើការងារនៅក្រៅប្រទេស គឺមិនមែនធ្វើកញ្ជះគេទេ ប្រទេសណាក៏មានពលរដ្ឋចេញទៅធ្វើការនៅបរទេសដែរ

(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចោទជាសំណួរថានៅពេលគេធ្វើរដ្ឋ ប្រហារ ទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ តើគេមានគិតពីឆន្ទៈរាស្រ្តទេ?

(សូមទស្សនាវិដេអូ) អ្នកវិនិយោគិនសិង្ហបុរី មានសុទិដ្ឋិនិយមយ៉ាងខ្លាំង ជាមួយនឹងសុខសន្តិភាព និងស្ថេរភាពនយោបាយនៅក្នុងប្រទេសកម្ពុជា

(សូមទស្សនាវីដេអូ)៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្តចុះជួបសំណេះសំណាល និងស្វែងយល់​ពីសុខទុក្ខកម្មករ កម្មការិនីរោងចក្រ នៅតំបន់កំបូល

លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន និងឯកអគ្គរាជទូតអូស្រ្ដាលី បង្កើតកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្ដមមន្ដ្រី រវាងក្រសួងការបរទេសកម្ពុជា-អូស្រ្ដាលី

លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន  រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា និងលោកស្រី អេនជេឡា ខខូរ៉េន (Angela Corcoran) ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ នឹងអញ្ជើញចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា (MoU) ស្ដីពីការ បង្ដើតកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្ដមមន្ដ្រី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិរបស់
កម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មរបស់អូស្រ្ដាលី។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា  បានបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សារណៈនេះ នឹងកំណត់នូវជំហានថ្មីមួយ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហកាប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់រវាងប្រទេសទាំងពីរ ដោយឈរលើគោល ការណ៍សមភាព មានផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។

សេចក្ដីជូនព័ត៌មាន បានបន្ថែមទៀតថា ការបង្ដើតឱ្យមានកិច្ចពិគ្រោះយោបល់ថ្នាក់ ឧត្ដមមន្ដ្រីរវាងក្រសួង ការបរទេសទាំងពីរ នឹងជួយសម្រួលដល់ការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យនយោបាយ សន្ដិសុខ សេដ្ឋកិច្ច និងវប្បធម៌ ៕



កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ បើកកិច្ចប្រជុំ​បូកសរុបលទ្ធផល​ការងារប្រចាំ​ត្រីមាសទី៣​ ឆ្នាំ២០១៧​

ស្វាយរៀង៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ដោយមានការចូលរួមពីលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិការ គណៈកម្មាធិការសាខាក្រុមប្រតិបត្តិសាខា ព្រមទាំង លោក លោកស្រីជាប្រធាន អនុប្រធានគណៈកម្មាធិការ អនុសាខាទាំង៨ ក្រុង ស្រុក សរុបចំនួន២២នាក់។

លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានមានមតិលើកឡើងថា ដោយអបអរសាទរ និងការចូលរួមរបស់គណៈកម្មាធិការសាខា និងអនុសាខានាពេលនេះ សរបញ្ជាក់ឲ្យឃើញនូវស្មារតី និងការទទួលខុសត្រូវចំពោះសកម្មាភាព ដែលបានអនុវត្តន៍កន្លងមក ស្របទៅនឹងយុទ្ធសាស្ត្រទស្សនៈវិស័យ និងបេសកម្ម សកម្មភាពការងារក្នុងវិស័យមនុស្សធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្រ ជួយដល់ជនងាយរងគ្រោះបំផុត។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ក្រុមការងារបាននាំយកអំណោយមនុស្សធម៌ របស់សាខាទៅសួរសុខទុក្ខដល់ជនរងគ្រោះ ដោយសារគ្រាប់បែកគីមី ចំនួន១៥នាក់ មកពីឃុំគគីរ ស្រុករមាសហែក ដែលបច្ចុប្បន្នកំពុងសម្រាកព្រាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ អំណោយដែលចែកជូនដល់ជនរងគ្រោះទាំង១៥នាក់ ក្នុងម្នាក់ទទួលបាន មី១កេស ទឹកដោះគោឆៅ២ឡូ ទឹកផ្លែឈើ១កេស ស្កសរ២ គីឡូក្រាម និងថវិកា ១០០,០០០ រៀល ផងដែរ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាអ្វីដែលជាផលប្រយោជន៍ប្រជាជនមិនមែនជារឿងតូចតាចដែលត្រូវមើលស្រាលនោះទេ

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ជាការឆ្លើយតបទៅនឹងមតិកន្លងមក ដែលបានលើកឡើងថា នាយករដ្ឋមន្រ្តីធ្វើការងារកំប៉ិកកំប៉ុក សូម្បីតែរឿងស្នើសុំចេញមុន១៥នាទីរបស់កម្មការិនី ដែលមានផ្ទៃពោះនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា អ្វីដែលជាផលប្រយោជន៍របស់ប្រជាជន គឺមិនមែនជារឿងតូចតាចដែលត្រូវមើលស្រាលនោះទេសម្រាប់លោក។ លោកបានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកនឹងបន្តធ្វើដំណើរទៅមុខទៀត ពីកន្លែងមួយ ទៅកន្លែងមួយ ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី ដែលជាដំណាក់កាលថ្មីដែលទាមទារឱ្យធ្វើបែបនេះ ហើយបញ្ហានេះ វានឹងផ្តល់ឱ្យយើង នូវការដោះស្រាយបញ្ហានានា សូម្បីតែបញ្ហាតូចតាចដែលគេគិតថា មិនសមនឹងនាយករដ្ឋមន្រ្តីដោះស្រាយនោះទេ។ លោកបន្តថា ប្រសិនបើអ្វីដែលនាយករដ្ឋមន្រ្តី ដោះស្រាយទៅនោះបានផ្តល់ផលប្រយោជន៍សម្រាប់កម្មករ-កម្មការិនី លោកមិនខ្លាចជាមួយនឹងការសុំ និងការទាមទារនោះទេ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់ថៅកែរោងចក្រទាំងអស់ ដែលបានអនុញ្ញាតឱ្យកម្មករ-កម្មការិនី បានជួបសំណេះសំណាលនេះពេលនេះ ដែលជាកាយវិការយោគយល់គ្នាដ៏ល្អមួយ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានបន្ថែមថា ការចេះយោគយល់ អត់ឱន និងអធ្យាស្រ័យគ្នារវាងថៅកែរោងចក្រ និងកម្មករ-កម្មការិនី គឺជាការនាំមកនូវសុខដុមនីយកម្ម នៅក្នុងការងារ ហើយក៏ជាការរក្សាឆ្នាំងបាយរួមរវាងថៅកែ និយោជក និងកម្មករនិយោជិតផងដែរ៕







ខេត្តកំពង់ឆ្នាំង រៀបចំវេទិកាពង្រឹងការអនុវត្តច្បាប់ ស្តីពីជលផលដល់មន្រ្តីនគរបាលយុត្តិធម៌ និងសហគមនេសាទ

កំពង់ឆ្នាំង៖ អង្គការដៃគូសហការជាមួយនឹងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ បានរៀបចំធ្វើវេទិកាមួយ ស្តីពីការពង្រឹងការអនុវត្តច្បាប់ ស្តីពីជលផល ដល់មន្រ្តីនគរបាលយុត្តិធម៌ និងសហគមនេសាទ អាជ្ញាធរមូលដ្ឋាន នៅក្នុងខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។ វេទិកានេះប្រព្រឹត្តិទៅក្រោមអធិតីភាព លោក សម សត្យា អនុប្រធានា នាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម នៃរដ្ឋបាលជលផល និង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានអោយដឹងថា វេទិកាដែលរៀបចំឡើងនៅពេលនេះ ធ្វើឡើងដើម្បីពង្រឹងកាអនុវត្តច្បាប់ជលផល សំដៅផ្សព្វផ្សាយដល់មន្រ្តីពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ មូលដ្ឋាន សហគមន៍នេសាទ និងអង្គការដៃគូបានយល់បន្ថែមទៀត និងការឯកភាពគ្នា លើគោលដៅតែមួយ ដើម្បីធានាអោយបាននូវការអនុវត្តច្បាប់អោយមានប្រសិទ្ធិភាព។
លោកប្រធានមន្ទីរបានអោយដឹងទៀតថា នៅខេត្តកំពង់ឆ្នាំង មានសហគមន៍ចំនួន៦៣សហគមន៍ និងព្រៃ លិចទឹកមានចំនួន១១ហិកតា។ កន្លងមកនេះ បានធ្វើការបង្ក្រាបបទល្មើស ជលផលបានចំនួន ២១៧ករណី។ លោក ងិន ហ៊ុន បានសំណូមពរ អាជ្ញាធរមូលដ្ឋានទាំងអស់ សូមជួយផ្តល់ព័ត៌មានពាក់ព័ន្ទ និងបទល្មើសជល ផល ដែលកើតឡើងក្នុងមូលដ្ឋាន នៃដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីរួមគ្នា បង្ការទប់ស្កាត់បទល្មើសនេសាទ អោយមានប្រសិទ្ធភាព និងបង្កើនការផ្សព្វផ្សាយបន្ថែមទៀត ដល់ប្រជាពលរដ្ឋកុំអោយប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ ដូចជារបាំងស្បៃមុង របាំងសាច់អូនក្រឡាញឹក និងអាំងវិចទ័រឆក់ត្រី ដែលឧបករណ៍ទាំង នេះវាបំផ្លាញ នូវធនធានជលផលយ៉ាងខ្លាំងផងដែរ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក សម សត្យា អនុប្រធាននាយកដ្ឋាន កិច្ចការរដ្ឋបាល និងនីតិកម្ម នៃរដ្ឋបាលជលផល បានអោយដឹងថា ការផ្សព្វផ្សាយច្បាប់ជលផលដល់មន្រ្តីនគបាលយុត្តិធម៌ និងសហគមន៍ នេសាទនាពេលនេះ គឺពិតជាមានសារៈសំខាន់ជាទីបំផុត ដើម្បីអោយមន្រ្តីនគរបាលយុត្តិធម៌ និងសហគមន៍ នេសាទ បានស្គាល់អំពីតួនាទី ភារកិច្ច របស់ខ្លួនពេលបំពេញបេសកកម្មក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានា អោយបាននូវការអនុវត្តច្បាប់ ស្តីពីជលផលកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តមិនអោយ ហួសពីការ កំណត់នៃច្បាប់ស្តីពីជលផលនោះឡើយ ។

លោក សម សត្យា  បានសំណូមពរ ភាគីពាក់ព័ន្ធទាំងនៅក្នុងវេទិការនេះ សូមធ្វើការពិគ្រោះយោបល់ ដេញដោលគ្នា ពាក់ព័ន្ធនិងការអនុវត្តនូវតួនាទីភារកិច្ច និងរាល់បញ្ហាដែលបានជួបប្រទះនាពេលកន្លងមក ស្តីពីការអនុវត្តច្បាប់ស្តីពីជលផល ដើម្បីយើងទាំងអស់គ្នាយកនូវគន្លឹះសំខាន់ៗ ទៅអនុត្តអោយបានត្រឹមត្រូវ តាមច្បាប់ស្តីពីជលផលនេះ៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រាប់កម្មករជាង១ម៉ឺននាក់ សារជាថ្មីអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមា នៅដើមឆ្នាំ២០១៨ខាងមុខនេះ

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅខែមករា ឆ្នាំ២០១៨ ខាងមុខនេះតទៅ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កម្មការិនី គឺមិនតិចជាង១៧០ដុល្លារសហរដ្ឋអាមេរិកនោះទេ។ លោកបានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខបងប្អូន កម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសសារជាថ្មីផងដែរថា នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករ-កម្មការិនី ជាអប្បរមាគឺ១៧០ដុល្លារ ក្នុងមួយខែ (គឺរាជរដ្ឋាភិបាលបានបន្ថែម ៥ដុល្លារ ដែលសាច់ប្រាក់នេះ បានមកពីពន្ធកាត់ទុក និងពន្ធនាំចេញ ដែលរាជរដ្ឋាភិបាលត្រូវចំណាយជាង ៤០ លានដុល្លារ)។
ដូច្នេះចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែអប្បរមារបូកបន្ថែម នឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺលើសពី ២០០ដុល្លារក្នុង១ខែ។ ជាមួយគ្នានេះដែរ គឺបងប្អូនកម្មករកូនក្មួយនឹងទទួលបានការបញ្ចុះតំលៃទឹកភ្លើង និងថ្លៃឈ្នួលផ្ទះដែលនឹងជួយដោះស្រាយជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការរីកចម្រើនកន្លងមក ពិសេសក្នុងវិស័យការងារ កើតឡើងដោយសារមានការចូលរួមពីកម្មករ-កម្មការិនីផ្ទាល់ ឳពុកម្តាយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកសាងនិងថែរក្សាសន្តិភាព និងការអភិវឌ្ឍមានការងារធ្វើដូចសព្វថ្ងៃនេះ៕






គំរោងអាទិភាពនៅតាមមូលដ្ឋាន​ត្រូវឆ្លើយតប​ទៅនឹងតម្រូវការ​ និងសំណូមពរ​ចាំបាច់់របស់​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា អង្គភាពពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើឲ្យគំរោងអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។ លោកបន្តថា ការអនុវត្តន៍បែបនេះ គឺស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដែល ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះ ក្នុងពិធីបើកអង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ស្រុក ឃុំ ថ្នាក់ស្រុក ឆ្នាំ២០១៨-២០២០ និងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្ម វិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០១៨-២០២០ ទូទាំងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។ ពិធីនេះធ្វើឡើង នៅសាលាស្រុកកំពង់ត្រឡាច ដោយមានការចូលរួមពីអង្គភាពជុំវិញខេត្ត ដៃគូរអភិវឌ្ឍន៍ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកកំពង់ត្រឡាចផងដែរ។

នាឱកាសនោះដែរ លោក ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើដល់សមាជិក សមាជិកកា នៃអង្គសិក្ខាសាលាទាំងអស់ ត្រូវពិនិត្យពិភាក្សាដើម្បីរកយុទ្ធសាស្រ្តសំរេចនូវគំរោងអាទិភាព ទទួលបានសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលយកបានពីប្រជាពលរដ្ឋ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាការធ្វើការងារនៅក្រៅប្រទេស គឺមិនមែនធ្វើកញ្ជះគេទេ ប្រទេសណាក៏មានពលរដ្ឋចេញទៅធ្វើការនៅបរទេសដែរ

តាមរយៈទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ខ្លឹមសាសរថា «អរគុណក្មួយៗ ចៅៗកម្មករ និងកម្មការិនី ដែលបានផ្តល់នូវការគោរពស្រឡាញ់ រាប់អានតាមរយៈការចាប់ដៃ ឱប ថើប និង Selfie ក្នុងពេលដែលពូបានចុះមកជួបក្មួយៗតាមរោងចក្រ។ ភាពស្និទ្ធស្នាល និងការស្រឡាញ់ ចេញពីបេះដូងរបស់ក្មួយៗនិងចៅៗ គឺបានធ្វើឱ្យពូរំភើបសប្បាយរីករាយ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងក្នុងហ្វេសប៊ុកថា ក្មួយៗមិនត្រូវគិតថា ការធ្វើការងារនៅក្រៅប្រទេស គឺធ្វើកញ្ជះគេទេ ឬចំណាកស្រុក ខុសគេខុសឯងនោះទេ។ ប្រទេសណាក៏មានពលរដ្ឋចេញទៅធ្វើការនៅបរទេសដែរ សូម្បីតែនៅប្រទេសថៃ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ឡាវ សិង្ហបូរី ឥណ្ឌា ហុងកុង …ជាដើម។ នេះគឺបានបង្ហាញពីសមត្ថភាព និងការឆក់យកឱកាស ដែលក្មួយបានមកធ្វើការនៅបរទេស។ សំខាន់បំផុតនោះ គឺក្មួយៗមានការងារធ្វើល្អ និងមានប្រាក់ខែល្អ ទោះបីនៅក្នុងឬក្រៅប្រទេសក្តី ដែលជាមោទនៈភាពរបស់ក្រុមគ្រួសារ និងសង្គមជាតិយើង។

នៅក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្ថែមទៀតថា ការគោរពស្រឡាញ់ទាំងអស់នេះ គឺដោយសារក្មួយៗនិងចៅៗបានយល់ដឹងច្បាស់អំពីសកម្មភាព និងការលះបង់ទាំងឡាយដែលលោកបានធ្វើ សម្រាប់ជីដូន ជីតា និងឪពុកម្តាយក្មួយៗ និងចៅៗ កន្លងមក រួមទាំងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត និងនយោបាយឈ្នះ-ឈ្នះ ការរកសន្តិភាព ដែលធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃនេះ។
ក្នុងពេលដែលកំពុងជួបសួរសុខទុក្ខក្មួយៗកម្មករនៅក្នុងប្រទេស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាននិងកំពុងគិតគូរដល់ក្មួយៗ ដែលកំពុងធ្វើការនៅក្រៅប្រទេសដែរ ដូចជានៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ា ឡេស៊ី…ជាដើម ដោយខិតខំសម្របសម្រួលជាមួយប្រទេស ដែលមានកម្មករ កម្មការិនីកម្ពុជារស់នៅ និងបំពេញការងារ ដើម្បីឱ្យកូនក្មួយៗទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀត៕







អ្នកវិនិយោគិនសិង្ហបុរី មានសុទិដ្ឋិនិយមយ៉ាងខ្លាំង ជាមួយនឹងសុខសន្តិភាព និងស្ថេរភាពនយោបាយនៅក្នុងប្រទេសកម្ពុជា

លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានថ្លែងថាលោកបានឃើញអំពីការរីកលូតលាស់នៃសំណង់អាគារជាច្រើនក្នុងទីក្រុងភ្នំពេញដែលឆ្លុះបញ្ចាំងពីការរីកចម្រើនដែលជាជោគជ័យកម្ពុជាក្នុងការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ លោកបានថ្លែងដូចនេះក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

លោក Vivian Balakrishnan បានបង្ហាញពីការពេញចិត្តចំពោះមិត្តភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ សព្វថ្ងៃនេះ មានអ្នកវិនិយោគិនសិង្ហបុរីជាច្រើន បានមកធ្វើអាជីវកម្មនៅកម្ពុជា ដែលធ្វើឱ្យសិង្ហបុរីជាប់ចំណាត់ថ្នាក់ទី៥ ។

លោកបន្តថា អ្នកវិនិយោគិនសិង្ហបុរី មានសុទិដ្ឋិនិយមយ៉ាងខ្លាំងជាមួយនឹងសុខសន្តិភាព និងស្ថេរភាពនយោ​បាយនៅក្នុងប្រទេសកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកាអភិវឌ្ឍ និងការរីកលូតលាស់នូវសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនជាង៧% ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក Vivian Balakrishnan គឺបានពង្រឹងបន្ថែមនូវចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរជាមួយកម្ពុជា។ កម្ពុជា-សិង្ហបុរី មានទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការកាន់តែរលូន និងមានភាពងាយស្រួលខ្លាំងឡើង ប្រកបដោយសក្តានុពល លើគ្រប់វិស័យរួមទាំងវិស័យទេសចរណ៍ វិស័យវប្បធម៌ និងក្នុងក្របខណ្ឌអាស៊ានផងដែរ។ ទន្ទឹមនឹងនោះដែរ ប្រទេសយើងទាំងពីរខិតខំពង្រឹងគុណភាព និងកិត្យានុភាពអាស៊ានឱ្យបានរឹងមាំ ជាមួយនឹងការធ្វើទំនើបកម្មអាស៊ានដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិតទាំងអស់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញនូវមោទនភាពរវាងទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរយារមកហើយ ពុំដែលមានបញ្ហាទេ។ ផ្ទុយទៅវិញ គឺប្រទេសយើងទាំងពីរ មានកិច្ចសហប្រតិបត្តិការ នៅគ្រប់មុខព្រួញជាច្រើន និងបានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់សិង្ហបុរី ក្នុងការធ្វើសមាហរណកម្មអាស៊ានផងដែរ។ ទន្ទឹមនឹងនោះដែរ គឺកម្ពុជាក៏បានទទួលនូវផលប្រយោជន៍យ៉ាងច្រើន ពីកិច្ចផ្តួចផ្តើមនេះ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចោទជាសំណួរថានៅពេលគេធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ តើគេមានគិតពីឆន្ទៈរាស្រ្តទេ?

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាបើគេកាត់ទោសបក្សប្រឆាំងឬអាចនឹងរំលាយបក្សប្រឆាំងនោះ ការចោទប្រកាន់ថារំលោភឆន្ទៈប្រជាពលរដ្ឋមិនត្រឹមត្រូវឡើយ សូមអ្នកវិភាគរាប់ទាំងអ្នកច្បាប់នានាមើលឱ្យច្បាស់ កុំបកស្រាយតែមួយជ្រុងតាមរបៀបបោកប្រាស់។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករកម្មការិនីជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថារំលោភឆន្ទៈរាស្រ្តនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា តើមានបានគិតពីឆន្ទៈរាស្រ្តដែរឬទេនៅពេលដែលអ្នកគាំទ្រផ្តួលរំលំទម្លាក់សម្តេចព្រះនរោត្តម សីហនុ? អ្នកគិតតែចោទសម្តេចព្រះនរោត្តម សីហនុថាគាត់ផ្តាច់ការ គាត់ខុសដើម្បីរកលេសទម្លាក់គាត់ អ្នកបានរំលាយរបបរាជានិយមដើម្បីបម្រើឱ្យសង្រ្គាមវៀតណាម ត្រូវការកម្ពុជា។ មួយវិញទៀត លោកក៏បានលើកឡើងពីមហាអំណាចសហរដ្ឋអាមេរិកផងដែរ កាលពីជំនាន់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Nixon ដែលត្រូវបានគេទម្លាក់ពីតំណែង ប៉ុន្តែបែរជាពុំមាននរណាធ្វើអត្ថាធិប្បាយពីឆន្ទៈរាស្រ្តដែលគាំទ្រលោក Nixon ធ្វើជាប្រធានាធិបតីនោះឡើយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ថា សម្រាប់កម្ពុជាក្រោយការបោះឆ្នោតឆ្នាំ២០១៣ បាតុកម្មស្រែកអនាធិតេយ្យ «ហ៊ុនសែនអើយចុះចេញទៅ» តើអ្នកមានបានគិតពីឆន្ទៈរាស្រ្តដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែរឬទេ។ សូមកុំធ្វើ Logic ឱ្យពួកឆ្គួត សូមអ្នកវិភាគរាប់ទាំងអ្នកច្បាប់នានាមើលឱ្យច្បាស់ កុំបកស្រាយតែមួយជ្រុងតាមរបៀបបោកប្រាស់៕






លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តចុះជួប​សំណេះសំណាល​ និងស្វែងយល់​ពីសុខទុក្ខកម្មករ​ កម្មការិនី​ រោងចក្រ​ នៅតំបន់កំបូល​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ ១៥,២១១នាក់ មកពីរោងចក្រចំនួន១០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងតំបន់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួររំលឹកថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយតំណាងកម្មករ កម្មការិនី ព្រមទាំងចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនី នៅតាមបណ្តារោងចក្រនានា។ ការចុះជួបដោយផ្ទាល់នេះ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដើម្បីដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនរបស់កម្មករ កម្មការិនីផងដែរ ក៏ដូចជាដើម្បីជំរុញនូវគោលនយោបាអភិវឌ្ឍន៍វិស័យឧស្សាហកម្មឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

រហូតមកទល់ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយតំណាង និងកម្មករ កម្មការិនីចំនួន ១២លើករួចហើយ។ ក្នុងនោះលោកក៏បានជួបសំណេះសំណាល ជាមួយកម្មករនិយោជិត ជាប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការនៃបណ្តារោងចក្រនានាក្នុងរាជធានីភ្នំពេញចំនួន ៥លើក មកពីរោងចក្រ ៣៩៨ហើយ ស្មើនិង ២២,៣៩១នាក់ និងបានជួបកម្មករ កម្មការិនីចំនួន៧លើកមកពីរោងចក្រ ១៥៤ មានកម្មករ កម្មការិនីចូលរួម ១០០,៥៩០នាក់។

តាមរយ:កម្មវិធីសំណេះសំណាលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរកឃើញបញ្ហាប្រឈមជាច្រើនរបស់កម្មករ កម្មការិនី ក្នុងការបម្រើការងាររបស់ពួកគេ ហើយក៏បានផ្តល់ដំណោះស្រាយជាបន្តបន្ទាប់។ តាមរយៈជំនួបជាបន្តបន្ទាប់នេះ លោកនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព ការរក្សានិងបង្កើតការងារជូនកម្មករ និយោជិត ការសម្រួលដល់ការវិនិយោគ ការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត និងនិយោជក។

កញ្ចប់អត្ថប្រយោជន៍ដែលលោកនាយករដ្ឋមន្ត្រី បានផ្តល់ជូនកម្មករ និយោជិតនោះរួមមាន៖
* អនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩។
* ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ។
* ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ។ ប្រាក់នេះសម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។
* កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។
* ចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។
* កម្មការិនីមានផ្ទៃពោះ ត្រូវបានសម្រេចឲ្យចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី ហើយនៅពេលសម្រាលត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ខែ ១២០ភាគរយ។

ជាការកត់សម្គាល់គ្រប់ជំនួបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយកម្មករ កម្មការិនី ទទួលបានការគោរពស្រឡាញ់ជាខ្លាំងពីសំណាក់កម្មករ កម្មការិនី និងបានថតរូបជាមួយលោកនាយករដ្ឋមន្ត្រី ដើម្បីទុកជាអនុស្សាវរីយ៍។ ក្រុមកម្មករ កម្មការិនី បានហៅដំណើរ ចុះជួបដោយផ្ទាល់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការរស់នៅ និងការបម្រើការងាររបស់ពួកគេពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕





លោក សុខ ឥសាន ថ្លែងថាមតិរបស់បណ្តាប្រទេសខ្លះលើពិភពលោកពីបញ្ហាកម្ពុជាគ្រាន់តែជាមតិលំអៀងកាន់ជើងអាយ៉ងរបស់ខ្លួនតែប៉ុណ្ណោះ

កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ពាក់ព័ន្ធនឹងសភាពការណ៍កម្ពុជាបច្ចុប្បន្ននេះ មានស្ថាប័នបណ្តាប្រទេសមួយចំនួនបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាបោះបង់ចោលរាល់វិធានការណ៍ផ្លូវច្បាប់លើមេបក្សប្រឆាំង និង បក្សប្រឆាំង ក្រោមលេសថាដើម្បីការបោះឆ្នោតនាខែកក្កដា ២០១៨ អាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ចំពោះបញ្ហានេះ អាចចាត់ទុកថាជាការបញ្ចេញមតិរប​ស់បណ្តាស្ថាប័នបណ្តាប្រទេសទាំងនោះ ដែលការមានមតិទាំងនោះ គ្រាន់តែជាការមានមតិ​លំអៀងកាន់ជើងអាយ៉ងរបស់ខ្លួនតែប៉ុណ្ណោះ។

លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ មានអធិបតេយ្យ ស្មើសិទ្ធិ ស្មើភាព ជាមួយបណ្តាប្រទេសលើសាកលលោក គោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នាដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិក៏ដូចជាធម្មនុញ្ញអាស៊ានផងដែរ។ល។ កម្ពុជាមានសិទ្ធិដោះស្រាយកិច្ចការផ្ទៃក្នុងរបស់ខ្លួនតាមច្បាប់កម្ពុជាមិនយកច្បាប់បណ្តាប្រទេសដទៃមកអនុវត្តនោះទេ។ លោកបានបន្ថែមថា ការធ្វើវិសោធនកម្មច្បាប់នានា គឺជាសំណូមពរ និងតម្រូវការចាំបាច់របស់សង្គមកម្ពុជាឱ្យស្របតាមដំណាក់កាលនិងសភាពការណ៍ថ្មីនៅកម្ពុជា។ ការអនុម័តច្បាប់របស់រដ្ឋសភាកម្ពុជា បានដំណើរការស្របតាមរដ្ឋធម្មនុញ្ញ និងនីតិវិធី បទបញ្ជាផ្ទៃក្នុងរដ្ឋសភាជាធរមាន។

លោក សុខ ឥសាន ក៏បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនបានឆក់ប្លន់ឆន្ទៈប្រជាជនទេ ផ្ទុយទៅវិញគឺគណបក្សប្រឆាំងទៅវិញទេដែលបានយកឆន្ទៈប្រជាជនទៅជាន់ឈ្លី និងប្រ​មាថ យកឆន្ទៈប្រជាជនទៅដោះដូរជាមួយបរទេសជាថ្នូរនឹងការដាក់ខ្លួនធ្វើជាអាយ៉ងបរ​ទេសលក់​ខ្លួនឱ្យបរទេសដើម្បីមហិច្ឆតាអំណាចតែប៉ុណ្ណោះ៕


នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអញ្ជើញជួបសំណេះ​សំណាលសួរសុខទុក្ខបងប្អូនកម្មករកម្មការិនីជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕