ឯកឧត្តម ហាវលៀង ស៊ូ (Haoliang Xu) ឧបការីអគ្គលេខាធិការ អង្គការ សហប្រជាជាតិ និងជានាយកការិយាល័យប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ឯកឧត្តម និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) មានមោទនភាពណាស់ ដែលបានធ្វើជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងត្រៀមជានិច្ច ដើម្បីគាំទ្រទៅដល់យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងឱកាសប្រាស្រ័យការងារ ជាមួយសម្ដេចតេជោនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤នេះ ឯកឧត្តម ហាវលៀង ស៊ូ (Haoliang Xu) បានមានប្រសាសន៍ឲ្យដឹងថា ឯកឧត្តមបានមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពី១០ឆ្នាំមុន, នៅពេលនេះ ឯកឧត្តមបានមើលឃើញថា កម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងបំផុត ហើយតាមរយៈរបាយការណ៍ ដែលឯកឧត្តមបានអានកន្លងមក ក៏បានឆ្លុះបញ្ចាំងផងដែរ ពីការរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ឯកឧត្តម ស៊ូ បានបញ្ជាក់ថា ការរីកចម្រើន និងការអភិវឌ្ឍនេះ គឺមានសហគមន៍អន្តរជាតិធ្វើជាសាក្សី ហើយសម្រាប់រូបឯកឧត្តមផ្ទាល់ និងកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) មានមោទនភាពណាស់ ដែលបានធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយត្រៀមជានិច្ចដើម្បីគាំទ្រទៅដល់យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ហាវលៀង ស៊ូ (Haoliang Xu) បានជម្រាបសម្ដេចតេជោទៀតថា លោកធ្វើដំណើរមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីពិនិត្យមើលការងារពាក់កណ្តាលអាណត្តិរបស់ កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធទៅនឹងវឌ្ឍនភាព និងការប្រឈម ក៏ដូចជាធ្វើយ៉ាងណារៀបចំផែនការឱ្យមានសង្គតិភាព ជាមួយនឹងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយចំពោះប្រសាសន៍របស់ឯកឧត្តម ហាវលៀង ស៊ូ (Haoliang Xu) ដែលបានលើកឡើងថា អង្គការសហប្រជាជាតិ ជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា ពិសេសចំពោះការលើកឡើងថា រៀបចំផែនការឱ្យមានសង្គតិភាពជាមួយនឹងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្ត្រចតុកោណ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកអំពីកិច្ចការដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើក្នុងកំណែទម្រង់ឡូត៍នេសាទនិងកំណែទម្រង់ដីធ្លី។ នៅក្នុងកំណែទម្រង់ដីធ្លី សម្តេចតេជោបានគូសបញ្ជាក់ថា មានបញ្ហាប្រឈមចំនួន៤ ដែលដៃគូអភិវឌ្ឍន៍ គប្បីមានការពិចារណា ដើម្បីសហការគាំទ្រ ទៅដល់ការតាំងទីលំនៅថ្មីរបស់ពលរដ្ឋបន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិ ដោយសារទីតាំងថ្មីនោះ នៅមានកង្វះ ផ្លូវថ្នល់ ទឹកស្អាត មណ្ឌលសុខភាព និងសាលារៀន៕