Tuesday, September 12, 2023

បទយកការណ៍៖ បេសកកម្ម ៣០ឆ្នាំក្នុងការថែរក្សាការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ


(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា បានខិតខំអស់រយៈពេលប្រមាណ ៣០ឆ្នាំ ក្នុងការថែរក្សាការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ លើកតម្លៃបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ គិតចាប់ពីពេលអង្គការយូណេស្កូ បានចុះតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌ នៅឆ្នាំ១៩៩២ ក្នុងនោះមានកិច្ចការ និងបញ្ហាជាច្រើនដែលត្រូវដោះស្រាយ។

រមណីយដ្ឋានអង្គរត្រូវបានដកចេញ ពីបញ្ជីបេតិកភណ្ឌប្រឈមគ្រោះថ្នាក់កាលពីឆ្នាំ២០០៤ ក្រោមកិច្ចខិតខំរៀបចំ សង្គ្រោះ លើកតម្លៃឡើងវិញរបស់គណៈកម្មការអាយស៉ីស៉ី-អង្គរ ដែលមានជប៉ុន និងឥណ្ឌាជាសហប្រធាន និងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរជាតិអប្សរាដែលជាស្ថាប័នប្រតិបត្តិ។ ក្រោមកិច្ចខិតខំនេះ រមណីយដ្ឋានអង្គរត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក ក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ់ជាងគេសម្រាប់ប្រទេសកម្ពុជា។

ប៉ុន្តែស្របពេលកំណើនទេសចរកំពុងកើនឡើង ប្រជាពលរដ្ឋមួយចំនួន បានលួចមកតាំងទីលំនៅលើដីធ្លីនៃតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរនេះ ទាំងខុសច្បាប់។ វត្តមាននៃការតាំងទីខុសច្បាប់នេះ បានគំរាមកំហែងដល់តម្លៃលេចធ្លោជាសកល និងបំផ្លាញសោភ័ណភាពទេសភាពនៃតំបន់។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មានការលួចសាងសង់នៅក្នុងតំបន់អង្គរ ដែលធ្វើឱ្យខូចខាតបុរាណវិទ្យាក្រោមដី និងខ្សែទឹកក្រោមដីដែលជាប្រភពលំនឹងនៃប្រាសាទបុរាណខ្មែរក្នុងតំបន់ផងដែរ។ គិតត្រឹមឆ្នាំ២០១៧ មានដល់ទៅជាង៥០០សំណង់ ដូច្នេះអង្គការយូណេស្កូធ្វើលិខិតមករាជរដ្ឋាភិបាលកម្ពុជា សូមឱ្យដោះស្រាយបញ្ហារីករាលដាលសំណង់នៅក្នុងតំបន់អង្គរ ដើម្បីទប់ស្កាត់កុំឱ្យប៉ះពាល់តម្លៃជាសកលនៃរមណីយដ្ឋានអង្គរ។

រហូតដល់ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត «ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា» ដើម្បីចាត់វិធានការលើបញ្ហាខាងលើនោះ។ នៅចំពោះមុខ រាជរដ្ឋាភិបាលបានបង្កើតតំបន់អភិវឌ្ឍន៍ចំនួន២ធំៗ គឺតំបន់រុនតាកឯ នាស្រុកបន្ទាយស្រី ខេត្តសៀមរាប និងតំបន់ពាក់ស្នែង នាស្រុកអង្គរធំ ខេត្តសៀមរាប សម្រាប់រៀបចំសហគមន៍ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្ដូរពីតំបន់បេតិកភណ្ឌអង្គរមករស់នៅក្នុងទីតាំងថ្មីនេះ។

លោកស្រី ឆេង ចន្ថា ពលរដ្ឋដែលបានផ្លាស់ទីពីតំបន់អង្គរមករស់នៅតំបន់រុនតាឯក បានបញ្ជាក់ថា ដីដែលទទួលបានថ្មីនៅរុនតាឯកនោះ គឺមានភាពទូលាយស្រួលរស់នៅជាងខុសពីការរស់នៅតំបន់អង្គរលើកមុន ដែលមិនមានភាពស្របច្បាប់។

អ្នកជំនាញអាយស៉ីស៉ី-អង្គរ លោក Mounir Bouchenaki បានមើលឃើញពីការរៀបចំប្រកបដោយការយកចិត្តទុកដាក់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដែលមានទេសភាពស្អាត ផុតពីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរ។ លោកថា ទីនេះជាសហគមន៍អភិវឌ្ឍដ៏ធំសម្បើមមួយ មានហេដ្ឋារចនាសម្ពន្ធសម្បូរបែបសម្រាប់បម្រើជូនប្រជាពលរដ្ឋ ដែលជាក្ដីសង្ឃឹមថ្មីក្នុងការកសាងអនាគតរបស់ប្រជាពលរដ្ឋ និងកូនចៅរបស់ពួកគាត់។

ទាំងអស់នេះហើយ គឺជាគោលនយោបាយដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបាននូវតម្លៃក្នុងតំបន់ការពារបេតិកភណ្ឌអង្គរផង និងជួយប្រជាពលរដ្ឋឱ្យទទួលបាននូលំនៅដ្ឋានសមរម្យផងដែរ។

អាជ្ញាធរជាតិអប្សរានៅតែប្ដេជ្ញាបន្តការខិតខំការពារតម្លៃបេតិកភណ្ឌនៃរមណីយដ្ឋានអង្គរ ព្រមទាំងអំពាវនាវឱ្យមានការចូលរួមក្នុងការការពារ អភិរក្សតំបន់ដ៏អស្ចារ្យនេះសម្រាប់ប្រជាជាតិកម្ពុជា ក៏ដូចជាសម្រាប់តម្លៃសកលលោកតទៅទៀត ក្រោមទិសស្លោក៖ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប»៕


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលស្វាគមន៍ និងពិភាក្សាការងារ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា


នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០ នាទីរសៀល, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKA) ប្រធានសមាគមជប៉ុន- កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជា ។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។ ជាការ ឆ្លើយតប, សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម និង គណៈប្រតិភូ និងបានអរគុណ ចំពោះការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ដែលឯកឧត្តម និងគណៈប្រតិភូជួបសម្ដែងការគួរសមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជាជាច្រើនរូប រួមទាំង សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ ។

ជាកិច្ចបន្ទាប់, សម្ដេចធិបតី និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានពិភាក្សាទៅលើ កិច្ចសហប្រតិបត្តិការវាងកម្ពុជា-ជប៉ុន ជាពិសេស ក្នុងទិដ្ឋភាពនៃការធ្វើធុរកិច្ច និងឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា។ ជាក់ស្តែង, សម្ដេចធិបតី បានជម្រាបជូនអំពីវឌ្ឍនភាពវិជ្ជមានជាច្រើនដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងនេះ, ជាពិសេស, ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដែលកម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់នេះ ដែលបានចែងយ៉ាងច្បាស់អំពីយន្តការលើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់ ព្រមទាំងគោលនយោបាយអនុគ្រោះ និងកិច្ចសម្របសម្រួលផ្សេងៗ សម្រាប់ការវិនិយោគក្នុងវិស័យអាទិភាព។ ជាមួយនឹងការកំណត់ក្របខ័ណ្ឌគតិយុត្ត និងយន្តការជាក់លាក់, ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នឹងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ទន្ទឹមនេះ, ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានគោរពជម្រាបជូន សម្ដេចធិបតី អំពីចំណាប់អារម្មណ៍របស់ SMEs ជប៉ុន ចំពោះវិស័យសំខាន់ៗ ២ គឺ៖ (១.) ការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងបច្ចេកវិទ្យាទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និង (២.) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវាបដិសណ្ឋារកិច្ច, មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន), ការតុបតែង និងកែសម្ផស្ស, សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍នៃការវិនិយោគក្នុងវិស័យ ដែលកម្ពុជាកំពុងមានតម្រូវការ ហើយវិស័យទាំងនេះក៏មានសង្គតិភាពទៅនឹងក្របខ័ណ្ឌគោលនយោបាយ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដូចជា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាដើម។ ក្នុងន័យនេះ សម្ដេចធិបតី ជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងទាំងនេះ ហើយ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំផ្ទាល់របស់ សម្ដេចធិបតី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួល សហការ និងគាំទ្រធុរកិច្ចជប៉ុន តាមរយៈគោល នយោបាយ និងកញ្ចប់លើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់។

មុននឹងបញ្ចប់ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានគោរពជម្រាបបន្ថែមអំពីគោលបំណង នៃការដឹកនាំគណៈប្រតិភូធុរកិច្ចជប៉ុន មកធ្វើទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀត នៅខែវិច្ឆិកាខាងមុខ និងបានគោរពស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ដើម្បីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ។ សម្ដេចធិបតី បានស្វាគមន៍ដោយវិជ្ជមាន ចំពោះគោលបំណងនេះ ហើយ សម្ដេច ធិបតី នឹងទទួលជួបក្នុងករណីមិនមានបេសកកម្មក្រៅប្រទេស ហើយពេលវេលាសមស្រប។

ជាចុងបញ្ចប់ សម្ដេចធិបតី បានជូនពរឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជា និងសូមឱ្យការធ្វើដំណើរមាតុភូមិ និវត្តន៍ ប្រកបដោយសេចក្តីសុខសុវត្ថិភាព៕












ភាគហ៊ុន Alibaba ធ្លាក់ចុះខ្ទង់ ៤ភាគរយ ក្រោយ CEO ផ្នែក Cloud ប្រកាសលាលែងពីតំណែង

FN- (បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Cloud ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Albaba លោក Daniel Zhang នឹងលាលែងពីតំណែងនៅឆ្នាំក្រោយនេះ ខណៈការប្រកាសរបស់លោកបានធ្វើឱ្យភាគហ៊ុនរបស់ Alibaba ធ្លាក់ចុះចំនួន ៤ភាគរយភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមលិខិតផ្ទៃក្នុងរបស់ Alibaba បានឱ្យដឹងថា លោក Zhang នឹងលាលែងពីតំណែងនៅខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ដោយឡែកចំពោះតួនាទីជា CEO នៅក្រុមហ៊ុន Alibaba Cloud ត្រូវបានគេឱ្យដឹងថា នឹងតែងតាំងលោក Chen Lei ដែលជាប្រធាន Alibaba Cloud បច្ចុប្បន្នទៅទទួលដំណែងនេះជំនួសវិញ។

យ៉ាងណាមិញការសម្រេចចាកចេញពីតួនាទីរបស់លោក Zhang មិនត្រូវបានប្រភពគូសបញ្ជាក់ថា មកពីមូលហេតុអ្វីនោះទេ ប៉ុន្តែការបាត់បង់វត្តមានរបស់លោកត្រូវបានគេរំពឹងថា នឹងប៉ះទង្គិចដល់អាជីវកម្ម Cloud របស់ Alibaba ជាខ្លាំង។ ខណៈដំណឹងនៃការចាកចេញរបស់លោក Zhang ក៏កើតឡើងចំពេលដែលក្រុមហ៊ុន Alibaba កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងពីនិយតករចិនផងដែរ។ Alibaba Cloud គឺជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ធំជាងគេលំដាប់ទី២ នៅក្នុងប្រទេសចិន បន្ទាប់ពីក្រុមហ៊ុន Tencent Holding Ltd ក្នុងរយៈប្រកួតប្រជែងប៉ុន្មានឆ្នាំចុងក្រោយនេះ។

គួរជម្រាបដែរថា កាលពីខែមីនាកន្លងទៅ Alibaba បានបំបែកក្រុមហ៊ុនទៅជា ៦ផ្នែកដាច់ដោយឡែកពីគ្នាដោយក្នុងនោះ Alibaba ជាក្រុមហ៊ុនគោល និងមាន ៥ផ្នែកទៀតរួមមានអង្គភាព Cloud, e-commerce, logistics, media និង entertainment ជាអង្គភាពដែលស្ថិតនៅក្រោមការគ្រប់គ្រង ខណៈអង្គភាពទាំងនេះនឹងត្រូវបានត្រួតពិនិត្យដោយនាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលរៀងៗខ្លួនរបស់ពួកគេ៕











Apple បានខាតបង់ទឹកប្រាក់អស់ខ្ទង់ ២០០ពាន់លានដុល្លារត្រឹមតែរយៈពេល ២ថ្ងៃក្នុងប្រទេសចិន

 

(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានខាតបង់ទឹកប្រាក់អស់ប្រមាណ ២០០ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសចិនធ្វើការហាមឃាត់មន្រ្តីដែលបម្រើការងារក្នុងជួររដ្ឋាភិបាលទៅលើការប្រើប្រាស់ iPhone។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន EconomicTimes នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ដូចដែលបានដឹងរួចមកហើយថា កាលពីសប្តាហ៍មុនប្រទេសចិនបានបញ្ជាមន្ត្រីនៅតាមទីភ្នាក់ងារនានារបស់រដ្ឋាភិបាលកណ្តាលមិនឱ្យប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple និងឧបករណ៍អេឡិចត្រូនិចម៉ាកបរទេសផ្សេងទៀតសម្រាប់ធ្វើការងារ ឬនាំឧបករណ៍ទាំងនោះចូលកន្លែងធ្វើការឡើយ។

ខណៈការហាមប្រាមនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ដែលជាទីផ្សារធំទីបីរបស់ខ្លួន។ តាមរយៈរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ប្រទេសចិន រួមទាំងហុងកុង និងតៃវ៉ាន់ គឺជាទីតាំងដល់មានសក្តានុពលបំផុតរបស់ Apple ដែលបង្កើតបានប្រមាណ ១៨ភាគរយនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនអាមេរិកដ៏ធំនេះ ហើយក៏ជាកន្លែងដែលផលិតផល Apple ភាគច្រើនត្រូវបានប្រមូលផ្តុំផងដែរ។

គួរជម្រាបដែរថា ការហាមឃាត់នៅលើ iPhones នៅក្នុងប្រទេសចិននេះ គឺជាការអភិវឌ្ឍន៍ចុងក្រោយបំផុតនៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងចិន។ ប្រទេសទាំងពីរបានដាក់ពន្ធលើទំនិញរាប់ពាន់លានដុល្លារនៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក ខណៈដែលសង្គ្រាមពាណិជ្ជកម្មបានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មទាំងសងខាង ហើយវាក៏បានបង្កើនក្តីបារម្ភអំពីសេដ្ឋកិច្ចពិភពលោកផងដែរ៕


អ្នកវិនិយោគ៖ ព័ត៌មានពាក់ព័ន្ធសន្តិសុខ ធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកមាន​បំណងមកវិនិយោគ និងធ្វើការនៅកម្ពុជា


(ភ្នំពេញ)៖ ថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ បានលើកឡើងថា ព័ត៌មាន ក៏​ដូច​ជាបញ្ហា​ពាក់ព័ន្ធសន្តិសុខក្នុងប្រទេសកម្ពុជា បានធ្វើឱ្យប៉ះពាល់សតិអារម្មណ៍ និងទំនុកចិត្ត​របស់អ្នកមានបំណងមកវិនិយោគ និង​ធ្វើការនៅក្នុងប្រទេសកម្ពុជា។ ពួកគេបានស្នើឱ្យរាជរដ្ឋា​ភិ​បាលជួយដោះស្រាយលើបញ្ហាទាំងនេះ។

ការលើកឡើងនូវបញ្ហា ក៏ដូចជាស្នើសុំជួយដោះស្រាយពីរាជរដ្ឋាភិបាលនេះ បានធ្វើឡើងក្នុង​ពេល​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញ​ចុះ​ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣​កន្លង​ទៅ​នេះ។

នៅថ្ងៃទី១១ ខែកញ្ញា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បានធ្វើដំណើរទៅកាន់តំបន់​សេដ្ឋ​​កិច្ច​​ពិសេស​​​​ចំនួន៣នៅក្នុងខេត្តព្រះសីហនុ។ នេះជាបេសកកម្មលើកដំបូងរបស់លោក​ឧប​នាយក​រដ្ឋ​មន្ត្រីជាមួយតួនាទីថ្មី ក្នុងនីតិកាលថ្មីនៃរាជរដ្ឋាភិបាល។ ក្នុងបេសកកម្មនោះ លោក​ឧបនា​យក​រដ្ឋមន្ត្រី បានចុះទៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេម បូឌាន ចេជាង ហ្គ័រជី។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងជំនួបនោះ អ្នកវិនិយោគបានលើក​ឡើង​នូវ​​បញ្ហាមួយចំនួនដែលពួកគេកំពុងជួបប្រទេសមានដូចជាតម្លៃនៃការដឹកជញ្ជូនមានតម្លៃថ្លៃ ហើយ​​រួមទាំងបញ្ហាពាក់ព័ន្ធសន្តិសុខនៅក្នុងប្រទេសកម្ពុជាផងដែរ។

«ម្យ៉ាងវិញទៀតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានលើកឡើងពីបញ្ហាអ្នកវិនិ​យោគ គាត់មានការបារម្ភ ជាពិសេសបុគ្គលិកមានការបារម្ភ ដោយសារបានអានសារព័ត៌មាន ដែលព័ត៌មានខ្លះមិនពិតប្រាកដ។ គាត់អានទៅមានការខ្លាចមិនហ៊ានមកធ្វើការនៅកម្ពុជា​យើង»។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកព័ត៌មានក្រោយដំណើរទស្សនកិច្ចតាមតំបន់សេដ្ឋកិច្ចពិសេសទាំង​នោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា បញ្ហានេះទាមទារឱ្យមានកិច្ច​សហ​ការគ្នារវាងវិស័យឯកជន ជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងវិធាន​ការ​ទាំងឡាយរបស់រាជរដ្ឋាភិបាល កុំឱ្យប៉ះពាល់អារម្មណ៍ ឬភ័យខ្លាចដល់អ្នកមានបំណង​មក​វិនិយោគ និងធ្វើការនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហើបឱ្យដឹងផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជ្រាបពីបញ្ហានេះ ហើយក៏បានបង្កើតគណៈកម្មការរៀបចំដោះស្រាយ និងផ្សព្វផ្សាយពន្យល់ដើម្បីលាងមុខមាត់កម្ពុជា។ លោក ស៊ុន ចាន់ថុល បានបន្តថា បញ្ហានេះ ជារឿងមួយដែលទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធរួមគ្នាដោះស្រាយ។

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ សមត្ថកិ្ចកម្ពុជា បានទទួលព័ត៌មានពាក់ព័ន្ធការចាប់​ជំរិត​តាមអនឡាញជាបន្តបន្ទាប់ ហើយបានឈានទៅបង្ក្រាបបទល្មើសទាំងអស់នោះជាហូរហែរ​ផងដែរ។ បញ្ហាទាំងអស់នេះ ត្រូវបានព័ត៌មានបរទេសមួយចំនួនបានចេញថា ជាដើមចមដែល​នាំ​ឱ្យអ្នកវិនិយោគ ក៏ដូចជាអ្នកទេសចរបារម្ភពីសុវត្ថិភាពរបស់ពួកគេក្នុងការចូលមកកម្ពុជា៕