អង្គការអាកាសចរណ៍ស៊ីវិលពិភពលោកបង្ហាញពីបំណងចង់ជួយដល់វិស័យអាកាសចរណ៏ស៊ីវិលកម្ពុជា
ក្នុងការឈានទៅពង្រឹងសមត្ថភាពឲ្យដល់កំរឹតស្តង់ដារគំរូរមួយសម្រាប់វិស័យអាកាសចរណ៏ពិភពលោក។
អគ្គលេខាធិការអង្គការអាកាសចរណ៍ស៊ីវិលពិភពលោក
លោក Raymond Benjamin
បានជំរាបឯកឧត្តមឧបនាយករដ្ឋមន្ត្រី
សុខ អាន រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុងជំនួបពិភាក្សាការងារមួយនៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តីនារសៀលថ្ងៃទី
១៤ ខែ កក្កដា នេះថា លោកនឹងខិតខំជួយដល់វិស័យ អាកាសចរណ៏ស៊ីវិលកម្ពុជាឲ្យបានដល់កំរឹតស្តង់ដារគំរូរមួយសម្រាប់ពិភពលោក
។ លោកបានជំរាបជូនថា អង្គការអាយកាវ (ICAO)គឺជាផ្នែកមួយនៃអង្គការសហប្រជាតិធ្វើការងារលើការគ្រប់គ្រងវិស័យអាកាសចរណ៏ស៊ីវិលទូទាំងពិភពលោក
ហើយកម្ពុជាក៏ជាសមាជិកនៃអង្គការអាយកាវ(ICAO)នេះដែរ ដែលក្នុងពេលកន្លងមកស្ថាប័នអាយកាវ (ICAO)នេះ តែងបានសហការគ្នាយ៉ាងល្អជាមួយអាកាសចរណ៏ស៊ីវិលកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៏សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា
។
លោកបានបន្តថាសព្វថ្ងៃនេះលោកបានសម្លឹងឃើញកម្ពុជាគឺជាប្រទេសដែលមានសក្តានុពលខ្ពស់ខាងវិស័យទេសចរណ៏វប្បធម៌ ហើយវិស័យអាកាសចរណ៏ស៊ីវិលកម្ពុជា កំពុងបានដើរតួនាទី
ជាឧបករណ៏យុទ្ធសាស្ត្រដ៏សំខាន់បំផុតក្នុងការជួយអភិវឌ្ឍន៏សេដ្ឋកិច្ច សង្គម តាមរយៈការដឹកជញ្ចូន។ដូច្នេះហើយបានជាលោកមានបំណងបន្តជួយដល់អាកាសចរណ៏ស៊ីវិលកម្ពុជាទាំងការងារបច្ចេកទេសការបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជាលើការងាររដ្ឋបាលការគ្រប់គ្រងផ្សេងៗ
ដើម្បីពង្រឹងសមត្ថភាពដល់អាកាសចរណ៏ស៊ីវិលកម្ពុជាឲ្យបានឈានដល់កំរឹតស្តង់ដារគំរូរមួយ មានន័យថាអង្គការអាកាសចរស៊ីវិលកពិភពលោក គឺចង់យកកម្ពុជាជាប្រទេសគំរូសម្រាប់វិស័យអាកាសចរណ៏ស៊ីវិល
លើពិភពលោកតែម្តង។
ឯកឧត្តបណ្ឌិតសភាចារ្យ សុខ អាន បានថ្លែងអំណរគុណចំពោះលោកRaymond Benjamin
ដែលបានសន្យាបន្តសហការជួយពង្រឹងវិស័យអាកាសចរណ៏កម្ពុជាឲ្យកាន់តែមាន
ស្តង់ដារកំរិតខ្ពស់ក្នុងការទាក់ទាញទេសចរណ៏រួមចំណែកអភិវឌ្ឍន៏កម្ពុជាឲ្យកាន់តែរីកចំរើនលូតលាស់បានលឿនទៅមុខ។
ឯក.ឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង
អង្គការអាកាសចរណ៏ស៊ីវិលអន្តរជាតិ និងអាកាសចរណ៏ស៊ីវិលកម្ពុជា ហើយកម្ពុជានិងជំរុញលើការពង្រឹងកិច្ចសហការជាបន្តទៅទៀត ដើម្បីភាពរីកចំរើននៃវិស័យអាកាសចរណ៏នៅកម្ពុជា
ដោយខិតខំបន្តពង្រីក នូវទំនាក់ទំនង ដើម្បីពង្រឹងសមត្ថភាពរបស់អាជ្ញាធរអាកាសចរណ៏ស៊ីវិលកម្ពុជាឲ្យកាន់តែមាន
ប្រសិទ្ធភាពប្រសើរឡើងលើការគ្រប់គ្រងរដ្ឋបាលរបស់ខ្លួន ។
នៅក្នុងជំនួបនេះភាគីទាំងពីរ ក៏បានពិភាក្សារផ្លាស់ប្តូរបទពិសោធន៏ឲ្យគ្នាទៅវិញទៅមក អំពីដំណើរការប្រព្រឹត្តទៅនៃអកាសចរណ៏ស៊ីវិលកម្ពុជា
ដោយបានបង្ហាញពីការ ពេញចិត្តចំពោះការរីកចំរើនខាងផ្នែករដ្ឋបាល ក៏ដូចជាការងារបច្ចេកទេសរបស់អាកាសចរណ៏ស៊ីវិលកម្ពុជា
ដែលបាននិងកំពុងគ្រប់គ្រងការងារសព្វថ្ងៃនេះ។
ភាគីទាំងពីរមានការចាប់អារម្មណ៏លើការសង្កេតឃើញអ្នកទេសចរណ៏ដែលមកកាន់កម្ពុជាទោះផ្លូវគោកក្តីផ្លូវទឹកក្តីគឺមិនទាន់មានទំហំច្រើននៅឡើយទេ ប៉ុន្តែការធ្វើដំណើរតាមផ្លូវអាកាសឃើញមានជាលក្ខណៈទ្រង់ទ្រាយធំចំណុចនេះ
ដែលយើងអាចកំណត់បានថាវិស័យអាកាសចរណ៏ស៊ីវិលមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឈន៍សេដ្ឋកិច្ចសង្គមកម្ពុជា
ដែលទាមទាឲ្យប្រឹងប្រែងពង្រឹងប្រសិទ្ធភាពវិស័យនេះឲ្យបានរឹងមាំបំផុត។
គួរបញ្ជាក់ថាកម្ពុជា គឺជាប្រទេសមួយដែលមានសក្តានុពលខ្លាំងខាងទេសចរណ៏វប្បធម៌គ្រាន់តែខេត្តសៀមរាបតែមួយកម្ពុជាមានប្រាសាទប្រវត្តិសាស្ត្របុរាណ្យប្រមាណជាង១០០ ហើយនៅទូទាំងប្រទេសមានប្រហែលជាង១ពាន់ប្រាសាទបុរាណ។
ដោយសារសក្តានុពលនៃសម្បត្តិវប្បធម៌រួមនិងកត្តាសុខសន្តិភាព
ស្ថេរភាពនយោបាយល្អ បានធ្វើឲ្យកម្ពុជាស្រូបទាញទេសចរណ៏កើនឡើងជាបន្តបន្ទាប់
តួយ៉ាងនៅឆ្នាំ១៩៩៣ កម្ពុជាទទួលបានទេសចរណ៏តែប្រមាណ១០០ពាន់នាក់តែប៉ុណ្ណោះ ប៉ុន្តែមកដល់ឆ្នាំ២០១៤ កម្ពុជាទទួលបានកំណើនទេសចរណ៏រហូតដល់៤លាន៥សែននាក់ ហើយរំពឹងថានៅឆ្នាំក្រោយនេះនឹងអាចឈានដល់៥លាននាក់៕