Tuesday, July 06, 2021

(មានវីដេអូ) សម្តេចតេជោ ហ៊ុន សែន៖ ជំនួយចិនមិនត្រឹមជួយការអភិវឌ្ឍប៉ុណ្ណោះទេ តែបានជួយពង្រឹងឯករាជ្យភាពកម្ពុជាផងដែរ


(ភ្នំពេញ)៖ នៅចំពោះមុខលោក ស៊ី ជីនពីង ប្រធានាធិបតីចិន, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជា រួមទាំងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ជំនួយរបស់ចិននេះ មិនត្រឹមតែជួយដល់ការអភិវឌ្ឍ និងធ្វើឱ្យកម្ពុជាងើបចេញពីភាពក្រីក្រប៉ុណ្ណោះទេ តែក៏បានជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាផងដែរ។

ការលើកបង្ហាញនូវគុណតម្លៃដ៏ធំធេងនៃជំនួយរបស់ចិនក្នុងការជួយពង្រឹងការអភិវឌ្ឍ និងឯករាជ្យភាព ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើក្នុងកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយនៅលើពិភពលោកនៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីលោក ស៊ី ជីនពីង និងថ្នាក់ដឹកនាំនយោបាយជាច្រើនលើពិភពលោក ដោយជជែកពីតួនាទីរបស់បក្សនយោបាយក្នុងការកសាងសុខុមាលភាពជូនប្រជាពលរដ្ឋ។

ក្នុងសុន្ទរកថាគន្លឹះថ្លែងទៅកាន់កិច្ចប្រជុំធ្វើឡើងតាមអនឡាញនេះ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យគណបក្សនយោបាយទាំងអស់រួមគ្នាប្តេជ្ញារក្សាស្ថិរភាពនយោបាយ និងរារាំងឱ្យបានដាច់ខាតនូវការជ្រៀតជ្រែកនយោបាយពីប្រទេសដទៃ។ សម្តេចតេជោក្នុងនាមប្រធានគណបក្សប្រជាជន បានសង្កត់ធ្ងន់ថា គណបក្សនយោបាយទាំងអស់ ទោះជាមាននិន្នាការណាក៏ដោយ ត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវឱនក្បាលធ្វើជាឈ្នាន់នយោបាយ និងវិទ្ធង្សនារបស់បរទេស បើទោះបីជាស្ថិតក្រោមរូបភាពណាក៏ដោយ។

ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ក៏បានបង្ហាញនូវក្តីសង្ឃឹមផងដែរថា គណបក្សនយោបាយទាំងអស់អាចបញ្ឈប់បាននូវវប្បធម៌ និងឥរិយាបទច្រណែនឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់ និងរិះគន់គ្មានមូលដ្ឋានដោយជំនួសមកវិញនូវឥរិយាបថបែបតថភាពនិយម ប្រាកដនិយម និងប្រកាន់ខ្ជាប់នូវស្មារតីនៃការសហការគ្នា ក្នុងការដោះស្រាយរាល់បញ្ហារបស់មនុស្សជាតិទាំងក្នុងក្របខណ្ឌពិភពលោក និងក្នុងប្រទេសនីមួយៗ។

ទន្ទឹមនឹងការថ្លែងជំរុញឱ្យបណ្តាគណបក្សនយោបាយលើពិភពលោករួមគ្នាទប់ស្កាត់ការច្រៀតជ្រែកនយោបាយពីមជ្ឈដ្ឋានខាងក្រៅហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការរួមចំណែករបស់ចិនជួយដល់ការពង្រឹងនូវឯករាជ្យភាពរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយផ្សេងៗផងដែរ។

សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំគួរតែបញ្ជាក់ឱ្យបានច្បាស់ថា ជំនួយរបស់ចិនមកដល់កម្ពុជា មិនគ្រាន់តែជួយទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ។ ក៏ប៉ុន្តែវាបានជួយកម្ពុជាក្នុងការពង្រឹងនូវឯករាជ្យភាពខាងនយោបាយទៀតផង»។

សម្តេចតេជោបន្ថែមថា «វាច្បាស់ណាស់ថា ប្រទេសតូចតាច និងប្រទេសក្រីក្រត្រូវការចាំបាច់នូវឯករាជ្យ និងអធិបតេយ្យភាពចៀសវាងនូវការបង្គាប់បញ្ជា និងការច្រៀតជ្រែកពីខាងក្រៅ។ ក្នុងន័យនេះជំនួយរបស់មិត្តចិន គឺពិតជាជួយទៅដល់ការពង្រឹងនូវឯករាជ្យខាងនយោបាយ ដើរទន្ទឹមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ»។

សូមបញ្ជាក់ថា ប្រទេសចិន បានក្លាយទៅជាប្រទេសជាមិត្តដ៏ធំមួយរបស់កម្ពុជា ដែលបានផ្តល់ជំនួយ និងកម្ចីយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ តាមរយៈជំនួយនិងកម្ចីនេះ បានរួមចំណែកឱ្យកម្ពុជាពង្រឹងដល់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេសលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថ្នល់ និងស្ពាន ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ៕

សម្តេចតេជោ ហ៊ុន សែន ចែករំលែកនូវទស្សនៈ៣ចំណុចដល់បក្សនយោបាយលើពិភពលោក ដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកនូវទស្សនៈ៣ ចំណុចអំពីតួនាទីរបស់គណបក្សនយោបាយ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ ដើម្បីគោលដៅនៃការលើកកម្ពស់សុភមង្គល វិបុលភាព និងសុខមាលភាពប្រជាជន។ ការចែករំលែកទស្សនៈរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង នាយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន និងបក្សនយោបាយលើពិភពលោក ដែលរៀបចំតាមប្រព័ន្ធវីដេអូអនឡាញ ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ្តមួយ ដែលតម្រូវឱ្យប្រទេស និង ទាំងគណបក្សនយោបាយទាំងអស់នៅលើពិភពលោក រួបរួមគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុមនុស្សជាតិ។ ក្នុងស្មារតីនេះ, សម្តេចសូមចូលរួមចែករំលែកនូវទស្សនៈមួយចំនួន អំពីតួនាទីរបស់គណបក្សនយោបាយ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ ដើម្បីគោលដៅនៃការលើកកម្ពស់សុភមង្គល វិបុលភាព និងសុខមាលភាពប្រជាជន ដូចខាងក្រោម ៖

* ទី១៖ ការតម្កល់ខ្ពស់នូវអាយុជីវិត និងផលប្រយោជន៍ប្រជាជន និងការជ្រោងខ្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយគោរពខ្ជាប់ខ្ជួននូវអធិបតេយ្យភាព និងឯករាជ្យជាតិនីមួយៗ ។ ក្នុងន័យនេះ, គណបក្សនយោបាយទាំងអស់,ទោះជាមាននិន្នាការណាក៏ដោយ ត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវលុះទៅនឹងរបៀបវារៈនយោបាយរយៈពេលខ្លីនៃការ ដណ្តើមអំណាចឱ្យខាងតែបានតាមគ្រប់មធ្យោបាយ ដោយមិនខ្វល់អំពីសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ និងសុខទុក្ខរបស់ប្រជាជននោះឡើយ ។ ក្នុងកាលៈទេសៈពោរពេញដោយភាពប្រឈមដ៏ស្រួចស្រាលនេះ គណៈបក្សនយោបាយ គួរតែប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ព្រមទាំងបញ្ឈប់ឱ្យបាននូវវប្បធម៌ និងឥរិយាបទច្រណែនឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់ និងរិះគន់គ្មានមូលដ្ឋាន ដោយជំនួសមកវិញនូវឥរិយាបថបែបស្ថាបនានិយម និងស្មារតីនៃកិច្ចសហការក្នុងការដោះស្រាយបញ្ហាប្រឈមរបស់មនុស្សជាតិ និងប្រជាជន, ទាំងក្នុងក្របខណ្ឌពិភពលោក ក៏ដូច ជាក្នុងប្រទេសនីមួយៗ។

* ទី២៖ ការរួបរួមគ្នាសង្គ្រោះអាយុជីវិតមនុស្សជាតិ តាមរយៈការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យ បានជោគជ័យ ។ គន្លឹះដ៏សំខាន់មួយនៅកិច្ចប្រឹងប្រែងដើម្បីគោលដៅនេះ គឺការចែករំលែកវ៉ាក់សាំង និងការចាត់ទុកវ៉ាក់សាំងជាទំនិញសាធារណៈ ដោយប្រកាន់យកនូវគោលការណ៍ «វ៉ាក់សាំងពហុភាគី និយម» ទាំងក្នុងដំណើរការផលិត ចែកចាយ និងប្រើប្រាស់ ។ ក្នុងន័យនេះ ខ្ញុំសូមសម្តែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ជួយគាំទ្រយ៉ាង ក្លៀវក្លាដល់កម្ពុជា តាមរយៈការផ្ដល់ជំនួយ, ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ, និងជាពិសេស ជំនួយជា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយសម្របសម្រួល និងការផ្ដល់អាទិភាពដល់កម្ពុជា ចំពោះរាល់ការបញ្ជាទិញវ៉ាក់សាំង ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដោយឥតលក្ខខណ្ឌ ដូចពាក្យ ស្លោកថា «មិត្តល្អ ជួយគ្នាក្នុងគ្រាមានអាសន្ន» ។

* ទី៣៖ នៅពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ ថមថយនាពេលខាងមុខ ការគិតគូរទៅលើការងើប ឡើងវិញនៃសង្គមសេដ្ឋកិច្ច គឺជាកិច្ចការមួយដ៏សំខាន់មិនអាចខ្វះបាន ។ ប្រការនេះ នឹងទាមទារឱ្យ មានការលើកកម្ពស់យន្តការទ្វេភាគី និងពហុភាគីនិយមផ្សេងៗ ដូចជា គំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ឈ្នះ-ឈ្នះមួយដ៏សំខាន់ ក្នុងការលើកកម្ពស់សង្គមសេដ្ឋកិច្ច និង វិបុលភាពនៃប្រទេសនៅក្នុងតំបន់ និងពិភពលោក តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម និងការវិនិយោគ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងជាថ្មីម្ដងទៀតនូវការគាំទ្រយ៉ាងមុតមាំចំពោះ «គំនិតផ្ដួច ផ្តើមខ្សែក្រវាត់ និងផ្លូវ» ដែលនឹងនាំមកនូវវិបុលភាព និងសុភមង្គល ជូនដល់ប្រជាជននៅក្នុងបណ្តា ប្រទេស និងតំបន់ ស្ថិតក្រោមវិសាលភាពនៃគំនិតផ្ដួចផ្តើមនេះ នៅក្នុងបរិបទនៃការងើបឡើងវិញនៃ សង្គម-សេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ដ៕



អភិបាលខេត្តកោះកុង ចូលរួមកិច្ចប្រជុំវេទិកាស្ត្រី និងយុវជន ស្តីពី “ការចូលរួមរបស់ស្ត្រី យុវជនក្នុងការធ្វើសេចក្តីសម្រេចចិត្ត”

 កោះកុង៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បាន ចូលរួមកិច្ចប្រជុំវេទិកាស្ត្រី និងយុវជន ស្តីពី “ការចូលរួមរបស់ស្ត្រី យុវជនក្នុងការធ្វើសេចក្តីសម្រេចចិត្ត” តាមរយៈ Zoom ដែលរៀបចំដោយ អង្គការតម្លាភាពកម្ពុជា។

សូមជម្រាបផងដែរថា វេទិកាស្ត្រី និងយុវជន ស្តីពី «ការចូលរួមរបស់ស្ត្រី និងយុវជន ក្នុងដំណើរការនៃការធ្វើសេចក្ដីសម្រេចចិត្ត- គឺ ជាកម្មវិធីមួយរបស់អង្គការតម្លាភាពកម្ពុជា ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID មូលនិធិពីសហភាព អឺរ៉ុប E និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត SIDA ។

វេទិកានេះមានគោលបំណងលើកកម្ពស់ ចំណេះដឹងរបស់ស្ត្រី និងយុវជន អំពីសមភាពយេនឌ័រ សារៈសំខាន់ និងការជម្រុញឲ្យមានការចូលរួមរបស់ស្ត្រី និង យុវជនក្នុងការធ្វើសេចក្ដីសម្រេចចិត្តក្នុងដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា៕





វ៉ាក់សាំងការពារកូវីដ-១៩ សុីណូហ្វាមចំនួន១លាន ដូសទៀត ដែលកម្ពុជាបញ្ជាទិញពីចិន បានដឹកមកដល់កម្ពុជាហើយនៅព្រឹកនេះ

 នៅព្រឹកថ្ងៃទី ៦ខែ កក្កដា ឆ្នាំ២០២១ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិនចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ។

កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតត្រឹមថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ១២,០២៤,០០០ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ
១-ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (សុីណូហ្វាម) ចំនួន ២,២០០,០០០ ដូស
២-ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២៤,០០០ ដូស
៣-ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន សុីណូវ៉ាក់ ចំនួន ៧,៥០០,០០០ ដូស និង សុីណូហ្វាម ចំនួន ២,០០០,០០០ ដូស។
ហើយវ៉ាក់សាំងកូវីដ-១៩ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៤,៥៩៩,៦៤៨នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៤៦%។ ប្រភពពី: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា



លោកស្រី ឱ វណ្ណឌីន ស្នើអាជ្ញាធរចាត់វិធានការលើការបន្លំគណនីហ្វេសបុករបស់លោកស្រី ដើម្បីធ្វើឱ្យមានការភាន់ច្រឡំ

 លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើដល់អាជ្ញាធរសមត្ថកិច្ច ឱ្យចាត់វិធានការតាមច្បាប់ចំពោះការបន្លំបង្កើតគណនីហ្វេសបុកមួយដោយដាក់រូប និងឈ្មោះរបស់លោកស្រី ដើម្បីធ្វើឱ្យសាធារណជនភាន់ច្រឡំ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុងចំពោះគណនីក្រុមហ្វេសប៊ុកដែលមានឈ្មោះថា ព័ត៌មានពិតៗចេញ ពីក្រសួងសុខាភិបាល ដែលគណនី នេះបានយករូបលោកស្រី ដាក់ក្នុងក្រុមនេះមិនមែនជាក្រុមហ្វេសប៊ុករបស់ លោកស្រី និងក្រសួងសុខាភិបាលឡើយ។

«ការបង្កើតបន្លំក្រមហ្វេសប៊ុកក្រសួងបែបនេះធ្វើឱ្យមានការភាន់ច្រឡំហើយ ក្រសួងសុំឱ្យម្ចាស់ក្រុមហ្វេសប៊ុកក្លែងក្លាយនេះលុបចេញជាបន្ទាន់ និងសូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ជាធរមានលើការក្លែងបន្លំ ក្រុមហ្វេសប៊ុកក្រសួងសុខាភិបាល បែបនេះផង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកស្រី ឱ វណ្ណឌីន។

សូមបញ្ជាក់ថា ក្រៅពី បង្កើតហ្វេសបុកក្លែងក្លាយខាងលើនេះ ជនអនាមិក ក៏បានបង្កើតហ្វេសបុកក្លែងក្លាយមួយដាក់ឈ្មោះក្រសួងសុខាភិបាលផងដែរ។ កាលពីម្សិលមិញ លោកស្រីឱ វណ្ណឌីន ក៏បានចេញមុខបដិសេធចំពោះការបង្កើតហ្វេសបុកក្លែងក្លាយនេះ ហើយស្នើឱ្យមានការចាត់វិធានការតាមផ្លូវច្បាប់ដែរ ៕



រដ្ឋបាលខេត្តកំពង់ចាម បន្តផ្ដល់អំណោយជូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាតក្នុងកំឡុងពេលការឆ្លងរាលដាលជំងឺកូវីដ១៩

 កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំអំណោយផ្ដល់ជូនប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតក្នុងកំឡុងពេលការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចំនួន ៤០០គ្រួសារ ស្ថិតក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា អំណោយមានជាគ្រឿង ឧបភោគ បរិភោគ ដែលរដ្ឋបាលខេត្ត បានរៀបចំយកមកដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតក្នុងដំណាក់កាលនៃការបិទខ្ទប់នេះ គឺជាការបញ្ជាក់ អំពីការគោរពស្រឡាញ់ និងការយកចិត្តទុកដាក់ដើម្បីលើកកម្ពស់កម្រិតជីវភាពកំឡុងពេលរាលដាលដោយសារតែវិបត្តិជំងឺកូវីដ១៩នេះ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ស្រុកស្រីសន្ធរ គឺជាតំបន់ដែលងាយរងគ្រោះជាងគេ ដោយសារកត្តាភូមិសាស្ត្រ កៀកទៅនឹងទីប្រជុំជនរាជធានីភ្នំពេញ ហើយកូនចៅប្រជាពលរដ្ឋក្នុងតំបន់នេះ ភាគច្រើនធ្វើការនៅក្រៅខេត្ត ដោយអ្នកខ្លះធ្វើកម្មករ កម្មការិនី តាមបណ្ដាលរោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេស និងខ្លះទៀតធ្វើការតាមក្រុមហ៊ុន ដោយពួកគាត់ធ្វើការពេលថ្ងៃនិងពេលយប់វិលត្រឡប់មកសម្រាកនៅតាមផ្ទះឯស្រុកស្រីសន្ធរនេះវិញ។

ជាមួយគ្នានោះ ទីកន្លែងដែលពួកគាត់ធ្វើការ គឺជាតំបន់ក្រហម ពោលគឺតំបន់ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ១៩។ ហើយប្រសិនបើពួកគាត់មានការធ្វេសប្រហែស និងនាំឱ្យឆ្លងជំងឺនោះ នឹងបន្តយកមកចម្លងដល់ក្រុមគ្រួសារ ឈានទៅដល់ក្នុងសហគមន៍តែម្ដង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ជំងឺកូវីដ១៩ នេះ មានផលប៉ះពាល់ច្រើនណាស់ដល់បងប្អូនប្រជាពលរដ្ឋដូចជា ប៉ះពាល់ដល់សុខភាពធ្វើទុក្ខក្នុងរាងកាយ និងអាចឈានទៅបាត់បង់អាយុជីវិត ដែលជាក់ស្ដែងខេត្តកំពង់ចាម មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងជាបន្តបន្ទាប់។ ម្យ៉ាងទៀត ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់បងប្អូន ព្រោះនៅពេលដែលប្រជាពលរដ្ឋយើងមានឆ្លងជំងឺនេះ ត្រូវសម្រាកព្យាបាល រីឯអ្នកប៉ះពាល់ផ្សេងទៀត ត្រូវយកទៅធ្វើចត្តាឡីស័ក ហើយក្នុងរយៈពេលព្យាបាល នឹងធ្វើចត្តាឡីស័ក គឺពួកគាត់មិនអាច ចេញទៅខាងក្រៅ ដើម្បីប្រកបរបរចិញ្ចឹមជីវិតបានទេ ដែលប្រការនោះធ្វើឲ្យជីវភាពជួបនូវការខ្វះខាត។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្តបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាខិតខំការពារសុខភាពរៀងៗខ្លួន កុំអោយជំងឺនេះកើតមាននៅក្នុងសមាជិកគ្រួសារ និងនៅក្នុងសហគមន៍ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ពិសេសការលាងសម្អាតដៃជាប្រចាំ ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងដំណាក់កាលនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍៕






ពិធីជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ចំណុះពន្ធនាគារខេត្តស្វាយរៀង និងផ្តល់អំណោយដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

 ស្វាយរៀង៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ឆែម សាវុធ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ ចំណុះពន្ធនាគារខេត្តស្វាយរៀង និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

នាឱកាសនោះផងដែរ ក៏មានអញ្ជេីញចូលរួមពីលោក អភិបាលរងខេត្ត លោកប្រធានមន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្ត លោក ប្រធាន អនុប្រធាន ពន្ធធនាគារខេត្ត និងមន្ត្រី ពន្ធធនាគារមួយចំនួនទៀត។

មានប្រសាសន៍នៅក្នុងឱកាសនោះលោក ម៉ែន វិបុល អភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នជម្ងឺកូវីដ-១៩ កំពុងតែឆ្លងរាតល្បាតជាសកលនៅក្នុងប្រទេសជាច្រើននៅលេីពិភពលោក ក្នុងនោះកម្ពុជាយើងក៏មានការឆ្លងក្នុងព្រឹត្តិការសហគមន៍២០កម្ភះផងដែរ ដូច្នោះយើងទាំងអស់គ្នាត្រូវរួមគ្នាបង្កា និងទប់ស្កាត់ កុំឲ្យជំងឺនេះឆ្លងរីករាលដាល បន្តទៀត ត្រូវផ្តេីមចេញពីការចូលរួមរបស់យេីងទាំងអស់គ្នា ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវខ្លឹមសារដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដាក់ចេញ គឺវិធានការ”៣ការពារ ៣កុំ ” ជាពិសេសនៅក្នុងពន្ធនាគារ មន្រ្តីពន្ធនាគាររួម និងទណ្ឌិតទាំងអស់ ត្រូវមានទម្លាប់ធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ច ដោយត្រូវពាក់ម៉ាស់ និងត្រូវលាងដៃជាមួយសាប៊ូឬអាកុលឲ្យបានញឹកញាប់ ដេីម្បីការពារកា រឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ តាងនាមអគ្គនាយកដ្ឋានពន្ធនាគារ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីក្រោមចំណុះពន្ធនាគារខេត្តស្វាយរៀងទាំងមូលបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដោយក្តីសោមនស្សចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តស្វាយរៀង ចំពោះសុខទុក្ខរបស់មន្ត្រី និងជនជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង ក្នុងស្ថានភាពដ៏លំបាកនេះ ជាពិសេស កាយវិការ និងសណ្តានចិត្តប្រកបដោយមនុស្សធម៌របស់លោក អភិបាលខេត្តស្វាយរៀង ចំពោះមន្ត្រីក្រោមឱវាទខេត្ត និងជនជាប់ឃុំគ្រប់រូប ស្របតាមការចង្អុលបង្ហាញរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អំណោយដែលផ្តល់ជូននៅពេលនេះរួមមាន
– អង្ករ ២តោន -មី ម៉ា ម៉ា ៥០ កេះ – ទឹកសុទ្ធ ៤០កេះ
– ត្រីខ កំប៉ុង ៥០យួរ – ម៉ាស ២០.០០០ម៉ាស
– អាល់កុល ៣០០លីត្រ – ទឹកក្រូច ១០កេះ
– ធុងបាញ់សម្លាប់មេរោគ ២ ធុង – ទឹកថ្នាំសម្លាប់មេរោគ ១ ធុង – ឱសថចិន ៥៤០ប្រអប់ និងថវិកា ចំនួន ១០,០០០,០០០រៀល (ដប់លានរៀល)។







ពិធីប្រកាសចូលកាន់តំណែងប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង

 កំពង់ឆ្នាំង៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក គង់ សំអុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរតំណែង លោក ស៊ុន សុវណ្ណារិទ្ធិ ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំងថ្មី ជំនួសលោក ឈួរ ច័ន្ទឌឿន ដោយមានការចូលរួមពីមន្តី្រជាន់ខ្ពស់គណបក្ស និងថ្នាក់ដឹងនាំគណបក្សខេត្ត ក្រុង ស្រុកទាំង៨ នៅសាលប្រជុំមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនោះ លោក ឈួរ ច័ន្ទឌឿន បានរាយការណ៍អំពីសមិទ្ធផលរបស់គណបក្សខេត្តកំពង់ឆ្នាំងកន្លងមកជូនអង្គពិធីដែលសមិទ្ធផលទាំងនេះ កត្តាចម្បងគឺប្រទេសមានសុខសន្ដិភាពពេញលេញ ជាពិសេសក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការប្តេជ្ញាចិត្តថា បង្កើតការប្រមូលផ្ដុំមហាសាមគ្គីឯកភាពផ្ទៃក្នុងបក្សគ្រប់ផ្នែកគ្រប់ថ្នាក់ឲ្យកាន់តែខ្លាំងក្លា និងរឹងមាំថែមទៀត អនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស គោលការណ៍ដឹកនាំរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ឲ្យក្លាយជាសកម្មភាពជាក់ស្ដែងរស់រវើក ធានាបានជោគជ័យជូនគណបក្ស បន្តកិច្ចសហប្រតិបត្តិការពង្រឹងប្រៀបខ្លាំងប្រៀបឈ្នះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឱ្យបានជោគជ័យក្នុងពេលខាងមុខនេះ។

ជាមួយគ្នានោះ លោក សាយ ឈុំ បានផ្ដល់អនុសាសន៍ដល់លោក ស៊ុន សុវណ្ណារិទ្ធិ ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងថ្មីថា សូមលោកបន្តវេនដឹកនាំគណបក្សខេត្តឲ្យបានល្អ ដោយត្រូវ ទទួលយកនូវបទពិសោធន៍និងស្នាដៃល្អៗរបស់លោក ឈួរ ច័ន្ទឌឿន ប្រធានគណបក្សចាស់ ដើម្បីយកទៅអនុវត្តបន្តឲ្យបានជោគជ័យ និងត្រូវប្រតិបត្តិអោយបានត្រឹមត្រូវនូវលក្ខន្តិកៈ គោលនយោបាយរាជរដ្ឋាភិបាល ច្បាប់របស់រដ្ឋ និងគោរពឱ្យបានម៉ឺងម៉ាត់ការប្រជុំរបស់គណអចិន្ត្រៃយ៍។

លើសពីនោះ លោកក៏បានជម្រុញអោយប្រធានគណបក្សថ្មីត្រូវកំណត់របបចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីដោះស្រាយទុក្ខកង្វល់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងបរិបទកូវីដ១៩ ក្នុងពេលបច្ចុប្បន្ននេះ ដើម្បីអោយប្រជាពលរដ្ឋមានការជឿជាក់កាន់តែខ្លាំងលើគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាពរហូតតទៅ៕





រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិខ្នាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ

 កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានជូនដំណឹងដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅក្នុងភូមិខ្នាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា គណៈកម្មការរដ្ឋបាលនឹងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។

សូមជម្រាបថា ការបិទផ្សាយនេះមានរយះពេល១៥ ថ្ងៃ(ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងបរិវេណសាលាបុណ្យខ្នាច ភូមិខ្នាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សូមអញ្ជើញចូលរួមពិនិត្យផ្ទៀងផ្ទាត់ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ថា ផុតរយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះគណៈកម្មការរដ្ឋបាលនិងធ្វើការបូកសរុប និងលើកសំណើទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យសម្រេច រួចបញ្ជូនឱ្យរដ្ឋបាលសុរិយាដីចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់ ៕





អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនគ្រួសារសពដែលស្លាប់ដោយជម្ងឺកូវីដ១៩

 បន្ទាយមានជ័យ៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្ត និងប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត ហេង គឹមស៊ត អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកហឿន វីរៈ អភិបាលរងក្រុងប៉ោយប៉ែត អញ្ចើញប្រគល់ថវិកាឧបត្ថម្ភរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយជម្ងឺកូវីដ១៩ ។

គ្រួសារសពម្នាក់ ទទួលបានថវិកាចំនួន ៥លានរៀល បានប្រគល់ដល់១២គ្រួសារនៃសព១២នាក់ ដែលមានលំនៅនៅក្រុងប៉ោយប៉ែត ។ មកទល់ថ្ងៃទី៥ ខែកក្កដា នេះ ក្នុងខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ចំនួន៣៩នាក់ ហើយក្នុងនាមរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋគ្រួសារសព បានសូមគោរពថ្លែងអំណរគុណ និងជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រីបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន៕