Tuesday, July 06, 2021

លោកស្រី ឱ វណ្ណឌីន ស្នើអាជ្ញាធរចាត់វិធានការលើការបន្លំគណនីហ្វេសបុករបស់លោកស្រី ដើម្បីធ្វើឱ្យមានការភាន់ច្រឡំ

 លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើដល់អាជ្ញាធរសមត្ថកិច្ច ឱ្យចាត់វិធានការតាមច្បាប់ចំពោះការបន្លំបង្កើតគណនីហ្វេសបុកមួយដោយដាក់រូប និងឈ្មោះរបស់លោកស្រី ដើម្បីធ្វើឱ្យសាធារណជនភាន់ច្រឡំ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុងចំពោះគណនីក្រុមហ្វេសប៊ុកដែលមានឈ្មោះថា ព័ត៌មានពិតៗចេញ ពីក្រសួងសុខាភិបាល ដែលគណនី នេះបានយករូបលោកស្រី ដាក់ក្នុងក្រុមនេះមិនមែនជាក្រុមហ្វេសប៊ុករបស់ លោកស្រី និងក្រសួងសុខាភិបាលឡើយ។

«ការបង្កើតបន្លំក្រមហ្វេសប៊ុកក្រសួងបែបនេះធ្វើឱ្យមានការភាន់ច្រឡំហើយ ក្រសួងសុំឱ្យម្ចាស់ក្រុមហ្វេសប៊ុកក្លែងក្លាយនេះលុបចេញជាបន្ទាន់ និងសូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ជាធរមានលើការក្លែងបន្លំ ក្រុមហ្វេសប៊ុកក្រសួងសុខាភិបាល បែបនេះផង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកស្រី ឱ វណ្ណឌីន។

សូមបញ្ជាក់ថា ក្រៅពី បង្កើតហ្វេសបុកក្លែងក្លាយខាងលើនេះ ជនអនាមិក ក៏បានបង្កើតហ្វេសបុកក្លែងក្លាយមួយដាក់ឈ្មោះក្រសួងសុខាភិបាលផងដែរ។ កាលពីម្សិលមិញ លោកស្រីឱ វណ្ណឌីន ក៏បានចេញមុខបដិសេធចំពោះការបង្កើតហ្វេសបុកក្លែងក្លាយនេះ ហើយស្នើឱ្យមានការចាត់វិធានការតាមផ្លូវច្បាប់ដែរ ៕



No comments:

Post a Comment