Tuesday, July 06, 2021

ពិធីប្រកាសចូលកាន់តំណែងប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង

 កំពង់ឆ្នាំង៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក គង់ សំអុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរតំណែង លោក ស៊ុន សុវណ្ណារិទ្ធិ ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំងថ្មី ជំនួសលោក ឈួរ ច័ន្ទឌឿន ដោយមានការចូលរួមពីមន្តី្រជាន់ខ្ពស់គណបក្ស និងថ្នាក់ដឹងនាំគណបក្សខេត្ត ក្រុង ស្រុកទាំង៨ នៅសាលប្រជុំមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនោះ លោក ឈួរ ច័ន្ទឌឿន បានរាយការណ៍អំពីសមិទ្ធផលរបស់គណបក្សខេត្តកំពង់ឆ្នាំងកន្លងមកជូនអង្គពិធីដែលសមិទ្ធផលទាំងនេះ កត្តាចម្បងគឺប្រទេសមានសុខសន្ដិភាពពេញលេញ ជាពិសេសក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការប្តេជ្ញាចិត្តថា បង្កើតការប្រមូលផ្ដុំមហាសាមគ្គីឯកភាពផ្ទៃក្នុងបក្សគ្រប់ផ្នែកគ្រប់ថ្នាក់ឲ្យកាន់តែខ្លាំងក្លា និងរឹងមាំថែមទៀត អនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស គោលការណ៍ដឹកនាំរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ឲ្យក្លាយជាសកម្មភាពជាក់ស្ដែងរស់រវើក ធានាបានជោគជ័យជូនគណបក្ស បន្តកិច្ចសហប្រតិបត្តិការពង្រឹងប្រៀបខ្លាំងប្រៀបឈ្នះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឱ្យបានជោគជ័យក្នុងពេលខាងមុខនេះ។

ជាមួយគ្នានោះ លោក សាយ ឈុំ បានផ្ដល់អនុសាសន៍ដល់លោក ស៊ុន សុវណ្ណារិទ្ធិ ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងថ្មីថា សូមលោកបន្តវេនដឹកនាំគណបក្សខេត្តឲ្យបានល្អ ដោយត្រូវ ទទួលយកនូវបទពិសោធន៍និងស្នាដៃល្អៗរបស់លោក ឈួរ ច័ន្ទឌឿន ប្រធានគណបក្សចាស់ ដើម្បីយកទៅអនុវត្តបន្តឲ្យបានជោគជ័យ និងត្រូវប្រតិបត្តិអោយបានត្រឹមត្រូវនូវលក្ខន្តិកៈ គោលនយោបាយរាជរដ្ឋាភិបាល ច្បាប់របស់រដ្ឋ និងគោរពឱ្យបានម៉ឺងម៉ាត់ការប្រជុំរបស់គណអចិន្ត្រៃយ៍។

លើសពីនោះ លោកក៏បានជម្រុញអោយប្រធានគណបក្សថ្មីត្រូវកំណត់របបចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីដោះស្រាយទុក្ខកង្វល់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងបរិបទកូវីដ១៩ ក្នុងពេលបច្ចុប្បន្ននេះ ដើម្បីអោយប្រជាពលរដ្ឋមានការជឿជាក់កាន់តែខ្លាំងលើគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាពរហូតតទៅ៕





No comments:

Post a Comment