Wednesday, June 30, 2021
រាជរដ្ឋាភិបាលកម្ពុជា លើកលែងកម្រៃអាជ្ញាបណ្ណជើងសាគយ រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២២
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិត ដែលបានបម្រើការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៤០ដុល្លារ ក្នុងរយៈពេល៣ខែបន្ថែមទៀត។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី «សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា» អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៩, ថ្ងៃទី២៩ ខែដា ២០២១)។
យោងតាមសេចក្ដីប្រកាសព័ត៌ឲ្យដឹងថា ក្រោមស្មារតីខិតខំប្រឹងប្រែងឥតឈប់ឈរ និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ វិធានការចាំបាច់នានា ជាបន្តបន្ទាប់ក្នុងគោលបំណងគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបន្តជំរុញ លំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។
ក្នុងនោះរាជរដ្ឋាភិបាល បានសម្រេចវិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍។
បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាត ឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិតអនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញ តាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖
* រាជរដ្ឋាភិបាលបន្ត ផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែសម្រាប់កម្មករ និយោជិត១នាក់ ដែលបំពេញការងារ ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។
* ម្ចាស់រោងចក្រ-សហគ្រាស ក្នុងវិស័យនេះត្រូវបន្ថែមចំនួន៣០ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត១នាក់ (ជាសរុបកម្មករ-និយោជិត១នាក់ ទទួលបាន៧០ដុល្លារអាមេរិកក្នុងមួយខែ)។
* បន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែជូនកម្មករ-និយោជិត១នាក់ ដែលបំពេញការងារ ក្នុងវិស័យទេសចរណ៍ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។
* សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
* បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។
អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។
* បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម។
* បន្តពន្យារការចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធន រយៈពេល៦ខែបន្តទៀត គឺរហូតដល់ដំណាច់ ខែធ្នូ ឆ្នាំ២០២១។
ការពន្យារពេលនេះ នឹងត្រូវផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់នូវ ស្ថានភាពសង្គម សេដ្ឋកិច្ចជាក់ស្តែង៕
រដ្ឋមន្ត្រីក្រសួងសាធារណៈការ៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បាណនអៀន សម្រេចបាន២១,០៥% ហើយ
កាលពីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់អគាររដ្ឋបាល និង ហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាង ស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសផងដែរ។
វត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព បច្ចេកទេសនៃការសាងសង់ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បាណនអៀន ឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន បច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុក ក៏ដូចជាដើម្បីពន្លឿនការងារសាងសង់ឱ្យបានរួច រាល់តាមកិច្ចសន្យាដែលបានកំណត់។
ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ”ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកាប្រមាណ ៨៣៥ ២៥០ ១៦៨ បាត ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA) ចំណាយពេល២៤ខែ គិតរហូតមកដល់ចុងខែមិថុនា ឆ្នាំ២០២១ នេះ គម្រោងនេះសម្រេចបានប្រមាណ២១,០៥% ហើយ។
ដោយភាពសុទិដ្ឋិនិយម គឹរំពឹងថា ការបើកច្រកព្រំដែនត្រង់ចំណុចស្ទឺងបត់-បានណងអៀននេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ៕
ខេត្តត្បូងឃ្មុំ ចាប់ផ្តើមចាក់ថ្នាំវ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្រុងសួង មាន ចំនួន ៥ទីតាំង
ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ។ នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានដឹកនាំក្រុមការងារចុះពិនិត្យតាមគោលដៅនានា នៃការរៀបចំរបស់ក្រុមគ្រូពេទ្យក្នុងយុទ្ធនាការនេះ។
ក្នុងដំណើរចុះត្រួតពិនិត្យនាពេលនោះ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ លោកនាយករដ្ឋមន្ត្រីនៃកម្ពុជា ហ៊ុន សែន ដែលបានដាក់ចេញ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» សំដៅបង្កើតឱ្យមានភាពស៊ាំ ក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានរៀបចំផែនការខេត្ត ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង ជាមួយអាជ្ញាធរភូមិ ឃុំ-សង្កាត់ និងក្រុង-ស្រុក នៅទូទាំងខេត្ត ពិសេសនៅតំបន់មានហានិភ័យ។
លោក ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរឃុំ-សង្កាត់, កម្មករកម្មការិនី តាមរោងចក្រ សហគ្រាស និងបងប្អូនដែលរស់នៅតាម បណ្តាក្រុង-ស្រុកខាងលើ ត្រូវទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំង ដែលរដ្ឋបាលខេត្តបានរៀបចំ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះតទៅ ដោយពេលព្រឹកចាប់ម៉ោង ០៨:០០នាទី ដល់ម៉ោង ១១.០០នាទី និងពេលរសៀល ចាប់ពីម៉ោង ១៣:០០នាទី ដល់ម៉ោង ១៦:០០នាទី។
លោក អភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ក្រុងសួង មាន០៥ទីតាំង ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួមមាន
ទី១.មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ
ទី២.មណ្ឌលសុខភាពសួង
៣.មណ្ឌលសុខភាពវិហារលួង
៤.ទីធ្លារវត្តពណ្ណរាយ
៥.ទីធ្លារវត្តវិហារខ្ពស់៕
អភិបាលរងខេត្តកោះកុង និងមន្រ្តីជំនាញពាក់ពន្ធ័ ចុះពិនិត្យមើលទីតាំងសម្រាប់ធ្វើឈាបនដ្ឋានស្លាប់ដោយសារជំងឺកូវីដ-១៩
កោះកុង៖នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក ឃឹម ចន័្ទឌី អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានស្លាប់ដោយសារជំងឺកូវីដ-១៩ និងលោកអនុប្រធានក្រុមការងារ អ៊ូច ទូច លោក ប្រាក់ វិចិត្រ និងមន្រ្តីជំនាញពាក់ពន្ធ័មួយចំនួនបានចុះពិនិត្យមើលទីតាំងឈូសឆាយដីរដ្ឋសម្រាប់ធ្វើផ្លូវ និងឈាបនដ្ឋានទៅតាមគម្រោងរបស់រដ្ឋបាលខេត្ត មានដូចខាងក្រោម៖
១- ឈូសឆាយដីធ្វើផ្លូវចេញចូលដែលមានទទឹង១០ម៉ែត្រ គុណ បណ្តោយ១០០ម៉ែត្រ។
២-ឈូសឆាយដី និងចាក់អាចម៍ដីបំពេញបរិវេណដីសម្រាប់សាងសង់ឈាបនដ្ឋានមាន ទំហំ៥០ម៉ែត្រ គុណ ៥០ម៉ែត្រ។
សូមជម្រាបផងដែរថា ការឈូសឆាយដីរបស់រដ្ឋសម្រាប់សាងសង់ឈាបនដ្ឋាននេះមានទីតាំងត្រង់ចំនុចគីឡូម៉ែត្រ ១៣៧ ស្ថិតនៅក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោក ឃឹម ចន័្ទឌី បានណែនាំ ដល់សមាជិកក្រុមការងារ និងក្រុមអ្នកម៉ៅការឈូសឆាយដីទាំងអស់ ធ្វើការសហការគ្នាទៅវិញទៅមក និងពន្លឿនក្នុងការឈូសឆាយ ការចាក់អាចម៍ដីបំពេញដើម្បីឈានដល់ដំណាក់កាលនៃការសាងសង់ឲ្យបានឆាប់៕
សេចក្តីប្រកាសព័ត៌មាន ស្តីពី សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩
សេចក្តីប្រកាសព័ត៌មាន ស្តីពី សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៩, ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១)
ដំណើរការបើក ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋខេត្តស្វាយរៀង
ស្វាយរៀង៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តស្វាយរៀង ដែលបានដំណើរការបើក ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ថ្ងៃដំបូង ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី រស់នៅក្នុង ៣ក្រុង-ស្រុក ដែលមានក្រុងបាវិត ស្រុករំដួល និងស្រុកកំពង់រោទិ៍ ចំនួនប្រមាណជាង ១១ ម៉ឺននាក់ ដើម្បីចូលរួមកាត់ផ្ដាច់ការរីករាលដាលនៃជំងឺឆ្លងកូវីត-១៩ ចេញពីក្នុងសហគមន៍ នៅក្នុងតំបន់នៃខេត្តស្វាយរៀងនេះ។
ពិធីដំណើរកាបើកចាក់វ៉ាក់សាំងនេះ បានប្រារព្ធធ្វើឡើង នៅក្រុងបាវិត ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជាអនុប្រធាន ប្រតិបត្តិចាក់វ៉ាក់សាំង ក្រសួងការពារជាតិ និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងមន្ត្រីយោធាជាន់ខ្ពស់ក្នុងអគ្គបញ្ជាការ ក្រសួងការពារជាតិ និងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប។
លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានប្រសាសន៍ថា៖ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តស្វាយរៀងទាំងមូល សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំនាំយកវ៉ាក់សាំងមកចាក់ជូនដល់ពួកគាត់ ដោយមិនគិតថ្លៃ ដែលបានធ្វើអោយប្រជាពលរដ្ឋ មានការត្រេកអរយ៉ាងខ្លាំង និងបានទន្ទឹងរង់ចាំជាយូរមកហើយ។
ថ្លែងក្នុងពិធីបើក ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តស្វាយរៀង លោក មាស សាវ៉ន បានមានប្រសាសន៍ថា៖ ការរៀបចំដំណើរការផ្ដល់ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋយើង ពីសំណាក់ក្រុមការងារបច្ចេកទេស និងក្រុមគ្រូពេទ្យជំនាញ របស់ ខ.ភ.ម នៅក្នុងក្រុងបាវិត នៃខេត្តស្វាយរៀងនាពេលនេះ គឺបានធ្វើឡើង តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងបទបញ្ជារបស់ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី និយោជិត និងព្រះសង្ឃ ដែលរស់នៅ និងស្នាក់នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង។ លោកបានបញ្ជាក់ថា៖ ទន្ទឹមនឹងកិច្ចការពារបូរណភាពទឹកដីនោះ ខ.ភ.ម មានការខិតខំ និងយកចិត្តទុកដាក់ណាស់ អនុវត្តតាម អនុសាសន៍របស់ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ គឺថាមិនឲ្យវ៉ាក់សាំងដេកក្នុងឃ្លាំងទេ គឺឲ្យវ៉ាក់សាំងជ្រាបចូលក្នុងខ្លួនមនុស្ស។ ពាក្យស្លោកទាំងអស់នេះ បានធ្វើឲ្យថ្នាក់ដឹកនាំ មេបញ្ជាការ និង ខ.ភ.ម បានយកចិត្តទុក និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត មិនខ្លាចនឿយហត់។ ទាំងអាជ្ញាធរដែនដី និងកងទ័ព បានខិតខំបម្រើដល់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ របស់ លោកនាយករដ្ឋមន្ត្រី គឺថាធ្វើម៉េចចាក់វ៉ាក់សាំង ជូនដល់ពួកគាត់ ដើម្បីបង្កើតភាពស៊ាំក្នុងសង្គម និងក្នុងខ្លួនប្រជាពលរដ្ឋ ដើម្បីកាត់ផ្ដាច់ការឆ្លងជំងឺកូវីដ១៩ ឲ្យប្រទេសជាតិ វិលមករកភាពដើមវិញ ដោយរស់នៅភាពសុខដុមរមនា។
ការបើកចាក់វ៉ាក់សាំង នៅ៣ ក្រុង ស្រុក នៃខេត្តស្វាយរៀងនេះ មានប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មានប្រជាពលរដ្ឋ កម្មការ កម្មការិនី និងព្រះសង្ឃ ប្រមាណជាង ១១ម៉ឺន នាក់ ដែលក្នុងចំនួននេះ សុខាភិបាលខេត្ត បានធ្វើការទទួលចាក់វ៉ាក់សាំង មានចំនួន ២ស្រុក គឺនៅស្រុករំដួល និងស្រុកកំពង់រោទិ៍ ដែលមានប្រជាពលរដ្ឋ ចំនួន ៨ម៉ឺន ៦ពាន់ ២៩៤នាក់ និងក្រៅពីនោះ មានប្រជាពលរដ្ឋ កម្មករ និយោជិត នៅក្រុងបាវិតមាន ចំនួន ២ម៉ឺន ៦ពាន់ ៨៩៧នាក់ទៀត ទទួលខុសត្រូវដោយក្រុមគ្រូពេទ្យកងទ័ព របស់បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ជាអ្នករ៉ាប់រង និងទទួលខុសត្រូវក្នុងការផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងនោះ ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ដោយមិនគិតថ្លៃ។
គួរបញ្ជាក់ដែរថា៖ សម្រាប់ការចាក់វ៉ាក់សាំងនៅក្នុងក្រុងបាវិតនេះ ក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ដែលមានកិច្ចសហការយ៉ាងល្អពីអាជ្ញាធរដែនដីខេត្ត ក្រុង និងសង្កាត់ផងនោះ ដោយបានរៀបចំទីតាំងចាក់ មានចំនួន ៣ទីតាំង ក្នុងនោះទីតាំងទី១ ចាក់នៅសាលាបឋមសិក្សាក្រុងបាវិត ទីតាំងទី២ ចាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (មេនហាតធេន) និងទី៣ នៅឯវិទ្យាល័យជីភូ ក្នុងបំណងកាត់ផ្ដាច់ចរន្តនៃការចម្លងរាលដាលនៃជំងឺនេះ ពីប្រជាពលរដ្ឋយើង ដើម្បីស្ដារឡើងវិញនៅផ្នែកសុខាភិបាល សេដ្ឋកិច្ច និងបន្តការអភិវឌ្ឍឲ្យប្រសើរឡើងវិញ ៕
ខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ បានកំណត់ទីតាំង ៤៦កន្លែង ស្ថិតនៅក្នុងក្រុង ស្រុក ចំនួន ៥
កំពង់ចាម៖ តាមសេចក្ដីប្រកាសរបស់ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ទីតាំង ៤៦កន្លែង ស្ថិតនៅក្នុងក្រុង ស្រុក ចំនួន ៥ ក្នុងនោះ នៅក្នុងស្រុកបាធាយ មាន ០៣ទីតាំង ស្រុកជើងព្រៃ មានចំនួន ១៦ទីតាំង ស្រុកព្រៃឈរ ១៥ទីតាំង ស្រុកកំពង់សៀម ចំនួន ០៨ទីតាំង និងក្រុងកំពង់ចាម មានចំនួន ០៤ទីតាំង ។
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ក៏ដូចជា ការសួរសុខទុក្ខ ក្រុមគ្រួពេទ្យចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ នៅតាមក្រុង ស្រុក ទាំង ៥ខាងលើ ។
លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា បន្ទាប់ពីបងប្អូនទទួលបានវ៉ាក់សាំងបង្ការហើយ បងប្អូននឹងមានប្រព័ន្ធការពារ ដ៏រឹងមាំ នៅក្នុងសារពាងកាយ ហើយធន់នឹងការឆ្លង នៃជម្ងឺកូវីដ ១៩ ។ លោក លើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលកន្លងមក ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមយើង ជាច្រើននាក់ បានឆ្លងជម្ងឺនេះ ជាបន្តបន្ទាប់ និងធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ ដល់ជីវភាពរស់ នៅប្រចាំថ្ងៃ ។ ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចតេជោ ក៏បានផ្ដល់នូវវ៉ាក់សាំងបង្ការទាំងនេះ យកមកចាក់ជូនប្រជាពលរដ្ឋទាំង ៥ក្រុង/ស្រុក នៅក្នុងខែកក្កដា នេះ មានប្រមាណជា ៣៥ម៉ឺននាក់ ។ ដូច្នេះ សូមឲ្យបងប្អូនចូលរួមអនុវត្ត ទៅតាមវិធានសុខាភិបាល ដើម្បី ធ្វើឲ្យវ៉ាក់សាំងដែលក្រុមគ្រូពេទ្យ ចាក់ឲ្យហើយនោះ មានប្រសិទ្ធភាព ។ ឯកឧត្ដម មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការនេះ មិនត្រឹមតែការជួយសង្គ្រោះ ដល់អាយុជីវិតមនុស្សឡើយ តែវាបានរួមចំណែកជួយសង្គ្រោះ ដល់សេដ្ឋកិច្ចជាតិទាំងមូល ផងដែរ ។ តាមរយៈនេះ សូមបងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តាក្រុង/ស្រុក ខាងលើ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ទទួលយកវ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នេះ ដើម្បី បញ្ឈប់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងសហគមន៍យើង ជាបន្តទៀត ។
បើតាម លោកវេជ្ជបណ្ឌិត គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង នាពេលនេះ មានមន្ត្រីសុខាភិបាល និងពេទ្យស័គ្រចិត្តចំនួន ៧៦០នាក់ និងបែងចែកជា ៧៦ក្រុម ។ កន្លងមក មន្ទីរសុខាភិបាល បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជូនមន្ត្រីរាជការ កងកម្លាំងនគរបាល មន្ត្រីចូលនិវត្តន៍ និងប្រជាពលរដ្ឋ នៅក្នុងខេត្ត បានចំនួន ២លើក រួចមកហើយ ក្នុងនោះ លើកទី១ បានចំនួន ៥.៤២៧នាក់ និងលើកទី២ បានចំនួន ២២.៩១២នាក់ សរុបទាំង ២លើក បានចំនួន ២៨.៣៣៩នាក់ ។
យោងតាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តកំពង់ចាម គឺបានជម្រាបដល់ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «បានដាក់ចេញនូវយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើតឲ្យមានភាពស៊ាំ ក្នុងសហគមន៍ ទប់ទល់នឹងការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងសហគមន៍ ។ ដើម្បី ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងជាមួយ អាជ្ញាធរឃុំ/សង្កាត់ ក្នុងស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កំពង់សៀម និងក្រុងកំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ តទៅ ដោយមានរយៈពេល ១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី ១ ដោយចាប់ផ្ដើមពេលព្រឹកពីម៉ោង ៨.០០នាទី ដល់ម៉ោង ១១.០០នាទី នាពេលរសៀល ចាប់ពីម៉ោង ១៣.០០នាទី ដល់ម៉ោង ១៦.០០នាទី ៕
អាជ្ញាធរជាតិអប្សរា កំពុងស្ដារប្រព័ន្ធប្រឡាយបុរាណ២ខ្សែ ប្រវែងជាង៣ពាន់ម៉ែត្រ
ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទឹក ក៏ដូចជាការបញ្ជៀសទឹកជំនន់នៅក្នុងតំបន់អង្គរ និងក្រុងសៀមរាប ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើការស្តារឡើងវិញនូវប្រព័ន្ធប្រឡាយបុរាណចំនួន២ខ្សែ ដែលមានប្រវែងសរុប ៣,៣០០ម៉ែត្រ។
ប្រព័ន្ធប្រឡាយដែលបាននិងកំពុងស្ដាររួមមាន ខ្សែទី១មានប្រវែង២០០០ម៉ែត្រ ស្ថិតនៅផ្នែកខាងលិចស្ទឹងសៀមរាប ដែលមានទីតាំងចាប់ភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ រហូតដល់ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ខ្សែទី២ ផ្នែកខាងកើតស្ទឹងសៀមរាប មានប្រវែង១៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។
ប្រឡាយទាំង២ខ្សែនេះ ជាផ្នែកមួយយ៉ាងសំខាន់នៃប្រឡាយរំដោះទឹកជំនន់ពីស្ទឹងសៀមរាប ទៅស្ទឹងពួក ស្ទឹងព្រះស្រុក និងស្ទឹងរលួស ហើយក៏ជាប្រឡាយនាំទឹកដ៏សំខាន់ ចូលទៅក្នុងកសិន្ធុប្រាសាទអង្គរធំ អង្គរវត្ត បារាយណ៍ខាងជើង បារាយណ៍ខាងលិច និងអាងស្តុកទឹកនានាក្នុងតំបន់អង្គរ អាងស្កុកទឹកភ្នំបូកផងដែរ។
លើសពីនេះទៅទៀត ការងារស្តាប្រឡាយខាងលើនេះ ក៏ផ្តល់ជាប្រយោជន៍ក្នុងការរក្សាទឹកសម្រាប់ការអភិរក្សប្រាសាទ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពផងដែរ៕
Tuesday, June 29, 2021
បទអន្តរាគមន៍សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងសន្និសីទតុមូល ក្រោមប្រធានបទ«តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការ-ពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»
− ឯកឧត្តម ឌីមេទ្រី មេដវេឌេវ, ប្រធានគណបក្សរួបរួមរុស្សី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី,
− ឯកឧត្តមប្រធាន និងតំណាងគណបក្សនៃបណ្តាប្រទេសអាស៊ាន,
− ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ជាបឋម, ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សរួបរួមរុស្ស៊ី ដែលបានរៀបចំឡើងនូវសន្និសីទតុមូលនេះ ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃកម្លាំងគណបក្សនយោបាយ រុស្សី និងអាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ។ជាការពិត, ការឆ្លងរាលដាលដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ បានកើតឡើងក្នុងអំឡុងពេលដ៏លំបាកមួយ ដែលនិន្នាការពហុភាគីនិយមកំពុងតែស្ថិតនៅក្រោមការគំរាមកំហែង ពីសំណាក់ការកើនឡើងនៃនិន្នាការ ឯកតោភាគីនិយម, ប្រជានិយម និងគាំពារនិយម ។ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចធំៗ បានធ្វើឱ្យស្ថានភាពនេះកាន់តែមានភាពស្មុគស្មាញ ខណៈពេលដែលស្មារតីល្បែងផលបូកសូន្យនៃសង្រ្គាមត្រជាក់ថ្មីកំពុងលេចឡើង ហើយសណ្តាប់ធ្នាប់ពិភពលោកកំពុងត្រូវបានបែងចែក ដោយសារសង្រ្គាមពាណិជ្ជកម្ម, សង្រ្គាមបច្ចេកវិទ្យា និងសង្គ្រាមដោយតួអង្គតំណាងដ៏ក្តៅគគុកមួយចំនួនទៀត ។
ពិភពលោកក៏កំពុងតែជួបប្រទះនូវការប្រកួតប្រជែងដ៏តឹងតែង រវាងប្រព័ន្ធគោលនយោបាយអន្តរ-ជាតិផ្សេងគ្នា ដែលមានភាពដាច់ដោយឡែក រួមជាមួយនឹងការកើនឡើងនូវការប៉ះទង្គិច និងការប្រកួតប្រជែង រវាងគុណតម្លៃ ក្នុងការដឹកនាំពិភពលោក ស្របគ្នាទៅនឹងការប្រឈមមុខផ្នែកយោធា ឬការប្រណាំងប្រជែង អាវុធថ្មីតែម្តង ។ និន្នាការដ៏គួរឱ្យព្រួយបារម្ភនេះ នៅមិនទាន់បានរាប់បញ្ចូលនូវទិដ្ឋភាពមនុស្សធម៌ នៃវ៉ាក់-សាំង កូវីដ-១៩ ដែលប្រទេសជាច្រើនកំពុងតែដណ្តើមគ្នា ក្រោមស្លាកស្មារតីជាតិនិយម, គាំពារនិយម និងការរើសអើងរៀងៗខ្លួន បើទោះបីជាការពិតបង្ហាញយ៉ាងច្បាស់ថា ភាគច្រើននៃប្រជាជនគ្រប់រូបនៅលើពិភពលោកត្រូវការវ៉ាក់សាំងនេះបំផុត ដើម្បីសង្រ្គោះអាយុជីវិតរបស់ពួកគេ ។
ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ កំពុងត្រូវបានកំណត់ដោយការបែងចែកភូមិសាស្ត្រនយោបាយ ។ ភាព-មិនពិតប្រាកដប្រជានៃខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយនេះ បានជំរុញឱ្យមានការដាក់គំនាបលើខ្លួនឯង ពីសំណាក់រដ្ឋមួយចំនួន នៅពេលដែលពួកគេព្យាយាមលើកកម្ពស់ការធ្វើពិពិធកម្ម និងកិច្ចសហប្រតិបត្តិការពហុទិស ។ សម្ពាធនេះបានរារាំងសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិក្នុងការជ្រើសរើសផ្លូវឆ្ពោះទៅកាន់ការអភិវឌ្ឍដែលសមស្របនឹងបរិបទនៃប្រទេសទាំងនោះ ។
ស្ថិតក្នុងស្ថានការណ៍នេះ, សន្និសីទតុមូលនេះពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា ក្នុងការ-បញ្ជ្រាបតួនាទីយ៉ាងសំខាន់របស់គណបក្សនយោបាយ ក្នុងការថែរក្សាសណ្តាប់ធ្នាប់ពិភពលោក ដែលឱ្យតម្លៃទៅលើកិច្ចសហប្រតិបត្តិការ ជៀសជាងការប្រឈមមុខដាក់គ្នា, សាមគ្គីភាពជៀសជាងការបែកបាក់គ្នា និងការអភិវឌ្ឍជៀសជាងការបំផ្លិចបំផ្លាញ ។ សន្និសីទតុមូលនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់ឱ្យយើងទាំងអស់គ្នា រួបរួម និងបង្ហាញនូវសារមួយយ៉ាងម៉ឺងម៉ាត់ ក្នុងការទាត់ចោលនូវស្មារតីសង្គ្រាមត្រជាក់ថ្មី និងកិច្ចខំប្រឹងប្រែងក្នុងការបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានវិសាលភាពធំជាងការបែងចែកនៃភូមិសាស្ត្រនយោបាយ ។
− ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេសមួយ ដែលយើងអបអរសាទរខួបលើកទី ២៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-រុស្ស៊ី ។ កម្ពុជា ពិតជាមានមោទនភាពចំពោះភាពរឹងមាំ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាង រុស្ស៊ី និងអាស៊ាន។ ជាការពិត, រុស្ស៊ី គឺជាដៃគូដ៏សំខាន់ក្នុងការរក្សាសន្តិភាព, សន្តិសុខ និងស្ថិរភាព ក្នុងតំបន់ ។ ជាមួយគ្នានេះ, រុស្ស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ អាស៊ាន ដែលស្ថិតក្នុងលំដាប់ទី ៨ ។ ចលនាការវិជ្ជមាននៃការធ្វើពាណិជ្ជកម្ម និងវិនិយោគ ត្រូវបានបង្ហាញឱ្យឃើញយ៉ាងជាក់ស្តែងក្នុងរយៈកាល ប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ជាងនេះទៅទៀត, គំនិតផ្តួចផ្តើមជាច្រើនក្នុងផ្នែក ហិរញ្ញវត្ថុ, អប់រំ, ទំនាក់ទំនងធុរកិច្ចនិងធុរកិច្ច និងកម្មវិធីផ្លាស់ប្តូរយុវជន ក៏ត្រូវបានអនុវត្តជាបន្តបន្ទាប់ និងបានផ្តល់តម្លៃបន្ថែម ដល់កិច្ចសហ-ប្រតិបត្តិការរបស់យើង លើការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃកិច្ចសហប្រតិ-បត្តិការនេះ ខ្ញុំសូមស្នើសុំការអនុញ្ញាតចែករំលែកទស្សនៈមួយចំនួនរបស់ខ្ញុំ អំពីវិធីដែលគណបក្សនយោបាយ របស់អាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលទៅលើនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៖
ទីមួយ. យើងត្រូវផ្តោតលើកិច្ចការចំពោះមុខដែលចាំបាច់បំផុត, ពោលគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ យើងត្រូវចាត់ទុកកិច្ចការនេះជាបេសកកម្មរួមរបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺដ៏សាហាវនេះ ហើយយើងក៏គួរចៀសវាងនូវរាល់ផលរំខានផ្នែកនយោបាយទាំងឡាយណា ដែលអាចកើតមានឡើង ។
ទីពីរ. ក្រោយពេលវិបត្តិជំងឺកូវីដ-១៩, យើងត្រូវរួមគ្នាជំរុញការងើបឡើងវិញប្រកបដោយភាពធន់ទាំងអស់គ្នា ។ ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ថា រុស្ស៊ី និងអាស៊ាន អាចរួមគ្នាជាធ្លុងមួយក្នុងការសម្រេចបាននូវគោលបំណង តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍ រួមទាំងសកម្មភាពផ្សេងៗទៀត ។ ទន្ទឹមនេះ, ខ្ញុំសូមគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមរបស់រុស្ស៊ី ជាមួយនឹងអាស៊ាន ជាពិសេសលើការគាំទ្រការអនុវត្តយុទ្ធសាស្ត្រទាំង ៥ នៃ ក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework – ACRF) ។
ទីបី. យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងឱ្យបានទ្វេដង ក្នុងការលើកកម្ពស់ប្រព័ន្ធអន្តរ-ជាតិមួយ ដែលមានអង្គការសហប្រជាជាតិជាស្នូល (UN-Centered International System) និង ការស្ថាបនាឡើងនូវនិមាបនកម្មតំបន់ ដែលមានភាពបើកចំហ, យុត្តិធម៌, ស្ថិរភាព និងភាពអាចប៉ាន់ប្រមាណបាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើគោលការណ៍នៃការគោរព និងយោគយល់គ្នាទៅវិញទៅមក, ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ ក្នុងន័យនេះ, ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតនូវការប្រកាន់ខ្ជាប់ទាំងស្រុងរបស់យើងចំពោះគោលនយោបាយមជ្ឈភាពអាស៊ាន ដែលជា គោលការណ៍មិនអាចខ្វះបាន ក្នុងការជំរុញទំនាក់ទំនងការទូតពហុភាគីនៅក្នុងតំបន់នេះ ។
ទីបួន. យើងត្រូវតែជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងទៅលើកិច្ចការនានា ដែលរួបរួមយើងជាធ្លុងមួយ ហើយចៀសវាងនូវរាល់បញ្ហាណាដែលអាចបំបែកបំបាក់យើង ខណៈពេលយើងត្រូវទទួលស្គាល់អំពីតម្រូវការនៃការរក្សាវេទិកាសន្ទនាដែលបើកចំហ និងសេរី ចំពោះភាពខុសគ្នារបស់យើង ។ យើងចាំបាច់ត្រូវតែផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការដែលជំរុញឱ្យមានការជឿទុកចិត្តគ្នា និងបង្កើនទំនុកចិត្ត ព្រោះចំណងយុទ្ធសាស្រ្តនេះ ត្រូវបានកសាងឡើងពីការជឿទុកចិត្ត ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការឆ្លើយតបទៅនឹងស្មារតីនៃសង្រ្គាមត្រជាក់ ។ ការងារមួយចំនួនទៀត ដូចជា ប្រតិបត្តិការរក្សាសន្តិភាព, សន្តិសុខអ៊ីនធឺណិត, ការគ្រប់គ្រងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ គឺជាចំណុចមួយដ៏ល្អសម្រាប់ចាប់ផ្តើមកិច្ចសហប្រតិបត្តិការទាំងនេះ ។
ទីប្រាំ. ចំពោះទិដ្ឋភាពវប្បធម៌, ខ្ញុំសូមផ្តល់ការគាំទ្រទាំងស្រុងចំពោះ «ម៉ារ៉ាតុងវប្បធម៌» ដែលជាគំនិតផ្តួចផ្តើមរបស់គណបក្សរួបរួមរុស្ស៊ី និងមានភាពស៊ីចង្វាក់ទៅនឹងចក្ខុវិស័យរបស់កម្ពុជា ក្នុងការកសាង «ច្រករបៀងវប្បធម៌» ដើម្បីលើកកម្ពស់សន្តិភាព, សុខដុមភាព និងវិបុលភាពរបស់យើង ។
ជាកិច្ចបញ្ចប់, ខ្ញុំសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការជំរុញទំនាក់-ទំនងសន្ទនារវាងអាស៊ាន និងរុស្ស៊ី ជាពិសេសនៅពេល ដែលកម្ពុជានឹងដើរតួជា ប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងសន្ទនានេះ ចាប់ផ្តើមពីខែ សីហា ឆ្នាំ ២០២១ នេះតទៅ ។ កម្ពុជាសង្ឃឹមថា គណបក្សនយោបាយទាំងឡាយរបស់អាស៊ាន និងរុស្ស៊ី នឹងដោះស្រាយឧបសគ្គជាមួយគ្នា និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតឡើងនូវពិភពលោកមួយ ដែលដ៏ល្អជាងមុន សម្រាប់មិត្តភាព, កិច្ចសហប្រតិបត្តិការ, សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។
ខ្ញុំសូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី នូវសុខភាពល្អ, សុភមង្គល និងជោគជ័យចំពោះគ្រប់ភារកិច្ច ។
សូមអរគុណ !
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ខួប៧០ឆ្នាំថ្ងៃកំណើតគយ និងរដ្ឋាករ
(ភ្នំពេញ)៖ រដ្ឋបាលគយកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ ក្នុងសម័យអាណានិគមនិយមបារាំង ដោយព្រះរាជក្រមលេខ ៦៦១នស ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១។ ក្រោយមករដ្ឋបាលគយកម្ពុជា ត្រូវបានផ្លាស់ប្តូរឈ្មោះ រចនាសម្ព័ន្ធគ្រប់គ្រង និងទីតាំងជាបន្តបន្ទាប់ តាមការប្រែប្រួលនិន្នាការនយោបាយ សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃ និងបរិបទសង្គម និងសេដ្ឋកិច្ចពីសម័យកាលមួយទៅសម័យកាលមួយ មុននឹងឈានដល់ការបង្កើត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបច្ចុប្បន្នក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
គិតមកដល់ឆ្នាំ២០២១នេះ រដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ដែលជាស្ថាបនិកមានសមត្ថកិច្ចក្នុងការគ្រប់គ្រងត្រួតពិនិត្យប្រមូលពន្ធអាករ និងកម្រៃគ្រប់ប្រភេទលើទំនិញនាំចេញនាំចូលមានអាយុកាល ៧០ឆ្នាំហើយ។ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ជាទិវាប្រវត្តិសាស្ត្ររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា។ ជាមួយនឹងខួប៧០ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារលិខិតជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័នគយ និងរដ្ឋាករកម្ពុជា ដើម្បីអបអរសាទថ្ងៃកំណើតស្ថាប័នដើរតួនាទីដ៏សំខាន់លើការរកចំណូលជាតិមួយនេះផងដែរ។
ក្នុងសារលិខិតអបអរសាទរនេះ សម្តេចតេជោ ហ៊ុន សែន បានរំលេចនូវសាវតារនៃការកកើត និងដំណើរការវិវឌ្ឍមួយចំនួនរបស់ស្ថាប័ននេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលបានយកចិត្តទុកដាក់ និងប្រឹងប្រែងសម្រេចឱ្យបាននូវលទ្ធផលដ៏ល្អប្រសើរក្នុងការកៀងគរថវិកាជូនជាតិលើការប្រមូលពន្ធទំនិញនាំចេញនាំចូល។
ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ឱ្យបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវលទ្ធផលល្អប្រសើរលើការងារគ្រប់គ្រង និងប្រមូលពន្ធគយ។ ដោយសារតែពេលនេះប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ១៩នោះ តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមិនភ្លេចផងដែរ ក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បន្តយកចិត្តទុកដាក់បង្ការខ្លួន និងចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល។
ខាងក្រោមនេះជាវីដេអូ ដែលជាការអាននូវខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ ប្រជាពលរដ្ឋដែលធ្លាប់ឆ្លងជំងឹកូវីដ-១៩ ហើយបានទទួលការព្យាបាលជាសះស្បើយដោយក្រុមគ្រូពេទ្យ គឺមិនចាំបាច់ទៅចាក់វ៉ាក់សាំងទេ
កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានលើកឡើងថា ប្រជាពលរដ្ឋ ដែលធ្លាប់បានឆ្លងជំងឺកូវីដ១៩ ហើយបានទទួលការព្យាបាលជាសះស្បើយដោយក្រុមគ្រូពេទ្យ ហើយនោះ មិនចាំបាច់ទៅចាក់វ៉ាក់សាំងនោះឡើយ ពីព្រោះអ្នកមានអង់ទីគ័រអាចការពារខ្លួនអ្នកបានហើយ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់បែបនេះ ក្នុងឱកាសដែលលោក និងមន្ត្រីស្ថាប័នពាក់ព័ន្ធជាច្រើនរូបបានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តស្រុកចំនួន៥ ដែលរួមមានស្រុកបរសេដ្ឋ.ស្រុកគងពិសី.ស្រុកសំរោងទង.ស្រុកភ្នំស្រួច.និងស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។
លោក ឥត សារ៉ាត់ បានបញ្ជាក់ទៀតថា៖ «បើប្រជាពលរដ្ឋកើតជំងឺកូវីដ១៩ ហើយ យើងបានយកគាត់ទៅព្យាបាលបានជាសះស្បើយហើយនោះ គាត់ចង់មកចាក់វ៉ាក់សាំង ក្នុងគោលបំណងដែលគាត់មកចាក់ ដើម្បីចង់បានប័ណ្ណចាក់វ៉ាក់សាំងនោះ សូមជម្រាបទៅគាត់ថា មិនបាច់ចាក់វ៉ាក់សាំងទៀតទេ ព្រោះអ្នកមានប្រព័ន្ធភាពសាំុរួចទៅហើយ។ សូមជម្រាបថា៖ បើតាមលក្ខណៈបច្ចេកទេស នៃវិទ្យាសាស្ត្រសុខាភិបាល យើងមិនអាចចាក់ចាក់សាំងជូនគាត់បានទេ ដោយពេលដែលគាត់បានជាហើយនេះ គឺគាត់មានភាពស៊ាំ ឈ្នះនឹងជំងឺកូវីដ១៩ ដូច្នេះហើយបានជាគាត់ជា ពីជំងឺនេះ។
នាឱកាសនោះ លោក ឥត សារ៉ាត់ បានសំណូមពរក្រុមការងារចាក់វ៉ាក់សាំង ត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវបំផុត លើវិធានសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ»។ សូមបញ្ជាក់ថា៖ បើតាមផែនការគ្រោងទុក នៅក្នុងភូមិសាស្ត្រក្រុង ស្រុកទាំង ៨ របស់ខេត្តកំពង់ស្ពឺមានប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ ប្រមាណជា ២៧ម៉ឺន ៨ពាន់ ៦៤៦នាក់ ក្នុងចំនួននោះអង្គភាពកងទ័ពទទួលចាក់ប្រមាណជាជាង ២៦ម៉ឺន ៨ពាន់ ៦៧០នាក់ លើ៦ ក្រុង ស្រុក នឹង ១៣ទីតាំងចាក់វ៉ាក់សាំង ដែលរួមមានស្រុកបរសេដ្ឋ.គងពិសី.ស្រុកសំរោងទង.ក្រុងច្បារមន.ស្រុកភ្នំស្រួច. និងស្រុកឧដ្ដុង្គ។ ដោយឡែកប្រជាពលរដ្ឋប្រមាណជា ៩ពាន់ ៩៧៦នាក់ទៀតក្នុងភូមិសាស្ត្រស្រុកថ្ពង.និងស្រុកឱរ៉ាល់ គឺផ្នែកសុខាភិបាលខេត្តកំពង់ស្ពឺជាអ្នកទទួលខុសត្រូវចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ៕
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧២៣នាក់ ខណៈជាសះស្បើយ ៧០៩នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧២៣ នាក់ ខណៈអ្នកជំងឺចំនួន៧០៩ នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៩,២៥៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៣,៤៧៣នាក់ និងស្លាប់សរុបចំនួន ៥៧៥នាក់៕
ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន តាមតំបន់, សូមបន្តប្រុងប្រយ័ត្នបាតុភូតខ្យល់កន្ត្រាក់
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។
ក្រសួងធនធានទឹកបញ្ជាក់ថា ប្រទេសកម្ពុជានឹងរងនូវឥទ្ធិពលពីរដំណាក់កាល គឺពីថ្ងៃទី៣០ ខែមិថុនា ដល់ ថ្ងៃទី៣ ខែកក្កដា ជាឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ និងពីថ្ងៃទី៤-៦ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីមធ្យម និងជ្រលងសម្ពាធទាបពីចិន។ លក្ខណៈបែបនេះ ធ្វើឲ្យកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅច្រើន ទៅតាមតំបន់។
ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ ដែលអាចកើនមានឡើងផងដែរ៕
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូដោយបញ្ជាក់ថា៖ កម្ពុជាទទួលជោគជ័យលើនយោបាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩!
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា « កម្ពុជាទទួលជោគជ័យលើនយោបាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩» ដែលវីដេអូនេះមានរយៈពេលជាង១៣នាទី។
វីដេអូនេះផលិតឡើង ក្នុងគោលបំណងបង្ហាញជូនប្រជាពលរដ្ឋឱ្យបានដឹងយ៉ាងជាក់ច្បាស់នូវការយកចិត្តទុកដាក់ដ៍ខ្ពស់បំផុត និងការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារអាយុជីវិតរបស់ប្រជាជន តាមរយៈការស្វះស្វែងរកវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ដែលរហូតមដល់ពេលនេះ ប្រជាជនកម្ពុជាជាង៤លាននាក់ហើយ ឬស្មើនឹងជាង៤០ភាគរយនៃចំនួនប្រជាជនគោលដៅ១០លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់។
សូមទស្សនាវីដេអូដូចតទៅ៖
#ហ៊ុនសែន #Vaccine #កូវីដ១៩ #កម្ពុជា