Tuesday, June 29, 2021

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ខួប៧០ឆ្នាំថ្ងៃកំណើតគយ និងរដ្ឋាករ

(ភ្នំពេញ)៖ រដ្ឋបាលគយកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ ក្នុងសម័យអាណានិគមនិយមបារាំង ដោយព្រះរាជក្រមលេខ ៦៦១នស ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១។ ក្រោយមករដ្ឋបាលគយកម្ពុជា ត្រូវបានផ្លាស់ប្តូរឈ្មោះ រចនាសម្ព័ន្ធគ្រប់គ្រង និងទីតាំងជាបន្តបន្ទាប់ តាមការប្រែប្រួលនិន្នាការនយោបាយ សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃ និងបរិបទសង្គម និងសេដ្ឋកិច្ចពីសម័យកាលមួយទៅសម័យកាលមួយ មុននឹងឈានដល់ការបង្កើត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបច្ចុប្បន្នក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ 


គិតមកដល់ឆ្នាំ២០២១នេះ រដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ដែលជាស្ថាបនិកមានសមត្ថកិច្ចក្នុងការគ្រប់គ្រងត្រួតពិនិត្យប្រមូលពន្ធអាករ និងកម្រៃគ្រប់ប្រភេទលើទំនិញនាំចេញនាំចូលមានអាយុកាល ៧០ឆ្នាំហើយ។ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ជាទិវាប្រវត្តិសាស្ត្ររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា។ ជាមួយនឹងខួប៧០ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារលិខិតជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័នគយ និងរដ្ឋាករកម្ពុជា ដើម្បីអបអរសាទថ្ងៃកំណើតស្ថាប័នដើរតួនាទីដ៏សំខាន់លើការរកចំណូលជាតិមួយនេះផងដែរ។ 

ក្នុងសារលិខិតអបអរសាទរនេះ សម្តេចតេជោ ហ៊ុន សែន បានរំលេចនូវសាវតារនៃការកកើត និងដំណើរការវិវឌ្ឍមួយចំនួនរបស់ស្ថាប័ននេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលបានយកចិត្តទុកដាក់ និងប្រឹងប្រែងសម្រេចឱ្យបាននូវលទ្ធផលដ៏ល្អប្រសើរក្នុងការកៀងគរថវិកាជូនជាតិលើការប្រមូលពន្ធទំនិញនាំចេញនាំចូល។ 

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ឱ្យបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវលទ្ធផលល្អប្រសើរលើការងារគ្រប់គ្រង និងប្រមូលពន្ធគយ។ ដោយសារតែពេលនេះប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ១៩នោះ តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមិនភ្លេចផងដែរ ក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បន្តយកចិត្តទុកដាក់បង្ការខ្លួន និងចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល។ 

ខាងក្រោមនេះជាវីដេអូ ដែលជាការអាននូវខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖


No comments:

Post a Comment