Tuesday, June 29, 2021

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ ប្រជាពលរដ្ឋដែលធ្លាប់ឆ្លងជំងឹកូវីដ-១៩ ហើយបានទទួលការព្យាបាលជាសះស្បើយដោយក្រុមគ្រូពេទ្យ គឺមិនចាំបាច់ទៅចាក់វ៉ាក់សាំងទេ

កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានលើកឡើងថា ប្រជាពលរដ្ឋ ដែលធ្លាប់បានឆ្លងជំងឺកូវីដ១៩ ហើយបានទទួលការព្យាបាលជាសះស្បើយដោយក្រុមគ្រូពេទ្យ ហើយនោះ មិនចាំបាច់ទៅចាក់វ៉ាក់សាំងនោះឡើយ ពីព្រោះអ្នកមានអង់ទីគ័រអាចការពារខ្លួនអ្នកបានហើយ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់បែបនេះ ក្នុងឱកាសដែលលោក និងមន្ត្រីស្ថាប័នពាក់ព័ន្ធជាច្រើនរូបបានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តស្រុកចំនួន៥ ដែលរួមមានស្រុកបរសេដ្ឋ.ស្រុកគងពិសី.ស្រុកសំរោងទង.ស្រុកភ្នំស្រួច.និងស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។

លោក ឥត សារ៉ាត់ បានបញ្ជាក់ទៀតថា៖ «បើប្រជាពលរដ្ឋកើតជំងឺកូវីដ១៩ ហើយ យើងបានយកគាត់ទៅព្យាបាលបានជាសះស្បើយហើយនោះ គាត់ចង់មកចាក់វ៉ាក់សាំង ក្នុងគោលបំណងដែលគាត់មកចាក់ ដើម្បីចង់បានប័ណ្ណចាក់វ៉ាក់សាំងនោះ សូមជម្រាបទៅគាត់ថា មិនបាច់ចាក់វ៉ាក់សាំងទៀតទេ ព្រោះអ្នកមានប្រព័ន្ធភាពសាំុរួចទៅហើយ។ សូមជម្រាបថា៖ បើតាមលក្ខណៈបច្ចេកទេស នៃវិទ្យាសាស្ត្រសុខាភិបាល យើងមិនអាចចាក់ចាក់សាំងជូនគាត់បានទេ ដោយពេលដែលគាត់បានជាហើយនេះ គឺគាត់មានភាពស៊ាំ ឈ្នះនឹងជំងឺកូវីដ១៩ ដូច្នេះហើយបានជាគាត់ជា ពីជំងឺនេះ។ 

នាឱកាសនោះ លោក ឥត សារ៉ាត់ បានសំណូមពរក្រុមការងារចាក់វ៉ាក់សាំង ត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវបំផុត លើវិធានសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ»។ សូមបញ្ជាក់ថា៖ បើតាមផែនការគ្រោងទុក នៅក្នុងភូមិសាស្ត្រក្រុង ស្រុកទាំង ៨ របស់ខេត្តកំពង់ស្ពឺមានប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ ប្រមាណជា ២៧ម៉ឺន ៨ពាន់ ៦៤៦នាក់ ក្នុងចំនួននោះអង្គភាពកងទ័ពទទួលចាក់ប្រមាណជាជាង ២៦ម៉ឺន ៨ពាន់ ៦៧០នាក់ លើ៦ ក្រុង ស្រុក នឹង ១៣ទីតាំងចាក់វ៉ាក់សាំង ដែលរួមមានស្រុកបរសេដ្ឋ.គងពិសី.ស្រុកសំរោងទង.ក្រុងច្បារមន.ស្រុកភ្នំស្រួច. និងស្រុកឧដ្ដុង្គ។ ដោយឡែកប្រជាពលរដ្ឋប្រមាណជា ៩ពាន់ ៩៧៦នាក់ទៀតក្នុងភូមិសាស្ត្រស្រុកថ្ពង.និងស្រុកឱរ៉ាល់ គឺផ្នែកសុខាភិបាលខេត្តកំពង់ស្ពឺជាអ្នកទទួលខុសត្រូវចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ៕







No comments:

Post a Comment