Tuesday, June 29, 2021

អង្ករជាង ៦០០តោន ត្រូវបានចែកជូនដល់ស្រុកក្រុងទាំង៧ សម្រាប់ប្រជាពលរដ្ឋមានការខ្វះខាត ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩

 ពោធិ៍សាត់៖ រយៈពេល៦ខែ គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២១នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបញ្ចេញអង្ករជាង ៦០០តោន ដល់ស្រុកក្រុងទាំង ៧ ដើម្បីចែកជូនដល់ជនចាស់ជរាគ្មានទីពឹង គ្រួសារក្រីក្រ និងប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួនដែលមានការខ្វះខាត ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។

បើតាមលោក ឃុត ឧសភា នាយករដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា អង្ករទាំងអស់នោះ គឺទទួលបានមកតាមរយៈសប្បុរសជន សហគ្រាសនានាទាំងក្នុង និងក្រៅខេត្ត ដែលបានជួយគាំទ្ររាល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត ជាពិសេសក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។

លោកនាយករដ្ឋបាលបន្តថា មិនត្រឹមតែអង្ករប៉ុណ្ណោះទេ គឺនៅមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាជាច្រើនមុខទៀត ដែលសប្បុរសជន បានជួយជាបន្តបន្ទាប់ ក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋដែលខ្វះខាត ដែលនេះគឺជាសិល្បៈនៃការចែករំលែកសម្រាប់អ្នកមានច្រើន ត្រូវចែកឱ្យអ្នកមានតិច ហើយអ្នកមានតិច ត្រូវចែកឱ្យអ្នកដែលក្រីក្រខ្វះខាតជាងនេះបន្តទៀត ដើម្បីភាពសុខដុមរមនាក្នុងសង្គមតែមួយ គ្រួសារតែមួយ និងរស់នៅក្រោមដំបូលសុខសន្តិភាពតែមួយ។

លោក ឃុត ឧសភា បានបញ្ជាក់បន្ថែមថា សកម្មភាពនេះគឺមានតាំងតែពីលោក ម៉ៅ ធនិន បានមកដឹកនាំយន្តការនៅក្នុងខេត្តបានជាង៧ឆ្នាំមកម្លេះ៕





No comments:

Post a Comment