Saturday, August 10, 2019
ប្រធានាធិបតីស្រីលង្កាកោតសរសើរភាពឈ្លាសវៃរបស់ព្រះសង្ឃខ្មែរដែលកំពុងសិក្សាថ្នាក់បណ្ឌិតនៅប្រទេសស្រីលង្កា
ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ — ប្រធានាធិបតីនៃប្រទេសស្រីលង្កាបានថ្លែងកោតសរសើរព្រះសង្ឃខ្មែរដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត ផ្នែកភាសាបាលី សំស្រឹ្កត និងទស្សនៈវិទ្យាព្រះពុទ្ធសាសនានៅប្រទេសស្រីលង្កាថា មានភាពឆ្លៀវឆ្លាត រៀនពូកែនិងមានសេចក្តីព្យាយាមខ្ពស់ក្នុងការសិក្សា។
ក្នុងពិធីដង្ហែដើមពោធិព្រឹក្សដែលយកមកពីក្រុងអនុរាធបុរៈ ប្រទេសស្រីលង្កាយកមកដាំក្នុងវត្តលង្កាក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ខែសីហានេះ លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា បានថ្លែងថា«ខ្ញុំសូមកោតសរសើរព្រះសង្ឃខ្មែរសិក្សានៅប្រទេសស្រីលង្កា លោករៀនពូកែ លោកឆ្លាតហើយរៀនបានពិន្ទុខ្ពស់» ។
ជាមួយគ្នានេះ លោកប្រធានាធិបតី ក៏បាននិមន្តព្រះសង្ឃនៅកម្ពុជាឱ្យទៅបន្តការសិក្សានៅប្រទេសស្រីលង្កាបន្ថែមទៀត ព្រោះការសិក្សានៅទីនោះនឹងអាចមានសមត្ថភាពជួយផ្សព្វផ្សាយព្រះពុទ្ធសាសនាមិនត្រឹមតែក្នុងប្រទេសកម្ពុជាឬប្រទេសស្រីលង្កាទេ គឹអាចផ្សព្វផ្សាយព្រះពុទ្ធសាសនាបានទូទាំងពិភពលោក។
ក្នុងដំណើរទេស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ខែសីហាឆ្នាំ២០១៩នេះ លោកប្រធានាធិបតីបានបញ្ជាក់ថា លោកបានពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចហើយពាក់ព័ន្ធការសម្រួលដល់ការសិក្សារបស់ព្រះសង្ឃខ្មែរនៅប្រទេសស្រីលង្កាដែលជាការឆ្លើយតបទៅនឹងសំណូមពររបស់ថ្នាក់ដឹកនាំព្រះសង្ឃនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរទាំងការគង់នៅ និងការសិក្សារៀនសូត្រ។
ព្រះតេជគុណ កល្យាណចារី ឌិត វីរៈ ជាសមណនិស្សិតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រភាសាបាលីនៅសាកលវិទ្យាល័យព្រះសីហនុរាជនៅរាជធានីភ្នំពេញបានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតភាសាបាលីនៅប្រទេសស្រីលង្កាអស់រយៈពេល៧ឆ្នាំហើយ។ ថ្មីៗនេះព្រះអង្គទើបនឹងការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតភាសាបាលី។ ព្រះតេជគុណ កល្យាណចារី ឌិត វីរៈ បានមានសង្ឃដីកាតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPនៅថ្ងៃទី១០សីហានេះថា បច្ចុប្បន្នព្រះសង្ឃខ្មែរជិត១០ព្រះអង្គកំពុងសិក្សាថ្នាក់អនុបណ្ឌិតនិង បណ្ឌិតផ្នែកភាសាបាលី សំស្ក្រឹត និងទស្សនៈវិទ្យានៅប្រទេសស្រីលង្កា។ ព្រះអង្គបានឱ្យដឹងថា ការសិក្សានៅប្រទេសស្រីលង្កាគឺមានលក្ខណៈពិសេសច្រើនក្នុងការជំរុញឱ្យនិស្សិតស្រាវជ្រាវទៅលើមុខវិជ្ជានីមួយៗដែលធ្វើនិស្សិតមានភាពស្វិតស្វាញបំផុតក្នុងការសិក្សា។សម្រាប់ព្រះសង្ឃខ្មែរបានត្រៀមខ្លួនជានិច្ចក្នុងចាប់យកថ្នាក់អនុបណ្ឌិត និងបណ្ឌិតឱ្យបានមុននឹងត្រលប់មកកាន់ប្រទេសកំណើតវិញជាមួយចំណេះជំនាញដែលបានសិក្សារៀនសូត្រ។
សម្រាប់ព្រះអង្គផ្ទាល់បានមានសង្ឃដីកា ព្រះអង្គនឹងនាំយកចំណេះដឹងល្អៗទាំងនោះមកជួយលើវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្ហាត់បង្រៀនដល់សមណសិស្ស -សមណនិស្សិតនិងប្រជាពលរដ្ឋឱ្យស្វែងយល់ស៊ីជម្រៅបន្ថែមទៀតផ្នែកវិស័យព្រះពុទ្ធសាសនាដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់សីលធម៌សង្គម។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃនេះ លោកប្រធានាធិបតីស្រីលង្កាបានចូលគាល់ព្រះមហាក្សត្រ ចូលគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ បំពាក់កម្រងផ្កានៅវិមានឯករាជ្យ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ព្រមទាំងជួបពិភាក្សាការងារទ្វេភាគី និងពិសាបាយសាមគ្គីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទស្សនាប្រាសាទអង្គរវត្តនិងប្រាសាទបាយ័នព្រមទាំងអញ្ជើញទៅដាំដើមឈើតំណាងប្រទេសស្រីលង្កានៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គផងដែរ៕
គង់ សិរីរ័ត្ន
Subscribe to:
Posts (Atom)