Tuesday, May 05, 2020

លោក ស្វាយ ស៊ីថា ផ្ញើសាររំលែកមរណទុក្ខ សូមគោរពជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី


(ភ្នំពេញ)៖ លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្រ្ដី និងភរិយា ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកមរណទុក្ខ សូមគោរពជូនចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារនៃសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
យើងខ្ញុំទាំងអស់គ្នា មានក្ដីរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធបហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា គឺជាការបាត់បង់ដ៏ធំធេងនូវពុទ្ធសាសនិកមួយរូប ពោរពេញដោយសេចក្ដីបរិសុទ្ធក្នុងព្រះធម្ម ដែលបានបរិច្ចាគនូវទ្រព្យ និងកម្លាំងកាយចិត្ត ប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត ក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ព្រមទាំងជាការបាត់បង់នូវមាតា មាតាក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ស្មើជីវិត ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់ គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅ បានក្លាយជា ពលរដ្ឋល្អ បញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាមនុញ្ញផល មិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវ មរណទុក្ខជាមួយលោកនាយករដ្ឋមន្ត្រី លោកស្រី ប៊ុន រានី ហ៊ុន សែន និងក្រុមគ្រួសារ ដោយសេចក្ដី សង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សុំឱ្យវិញ្ញាណក្ខន្ធរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕




អាជ្ញាធរអប្សរា បានប្រទះឃើញត្រីសូល៍ ចម្លាក់នាគ និងថ្មគ្រីស្តាល់នៅប្រាសាទកណ្តាលស្រះស្រង់

សៀមរាប៖ ការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ដែលដឹកនាំដោយលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលមានលោក ម៉ៅ សុខនី ប្រធានការដ្ឋាន បានរាយការណ៍ស្ដីពី ក្រុមបុរាណវិទូកំពុងកំណាយស្រាវជ្រាវ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

តាមការបញ្ជាក់ពីក្រុមការងារបានឱ្យដឹងថា ចាប់តាំងពីផ្តើមកំណាយរហូតមកដល់ពេលនេះ ក្រុមការងារបានរកឃើញបុរាណវត្ថុជាច្រើនដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ។

ក្នុងនោះបុរាណវត្ថុចំនួនបីប្រភេទដែលគេពុំធ្លាប់បានប្រទះឃើញនៅទីនេះមានជាអាទ៍៖ ត្រីសូល៍ធ្វើពីលោហៈចំនួន២ ដែល១នៅមានរូបរាងពេញលេញ និង១ទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។ ខ្វាតពណ៌ស (គ្រីស្តាល់?) ជាច្រើនគ្រាប់ ដូចធ្លាប់រកឃើញនៅក្នុងរណ្តៅកំណាយទីតាំងផ្សេងៗពីមុនដែរ និងបំណែកចម្លាក់ក្បាលនាគមួយធំដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ។

ការរកឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុមបុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋានបានថាស្ថិតនៅក្នុងសម័យកាលណា គេដាក់ដើម្បីអ្វី និងមានអ្វីបន្ថែមទៀតនោះទេ ព្រោះទើបតែជាដំណាក់កាលដំបូងនៃការធ្វើកំណាយស្រាវជ្រាវ។ លទ្ធផលនឹងបង្ហាញច្បាស់លាស់ជាងនេះនៅក្រោយបញ្ចប់ការងារស្រាវជ្រាវ។ បើសិនជាមិនមានអ្វីរារាំង និងរំខានក្នុងអំឡុងពេលកំណាយ កិច្ចការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៦សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០មក។

ក្នុងការរក្សាទុកដាក់វត្ថុបុរាណវិញ លោកអគ្គនាយករងបានឱ្យដឹងថា បច្ចុប្បន្នដើម្បីរក្សាពីសុវត្ថិភាព ក្រុមការងារបាននាំយកវត្ថុទាំងនោះមកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុល សម្អាត និងរក្សាទុក៕





ថ្ងៃនេះ កម្ពុជាមិនមានករណីឆ្លងកូវីដ១៩ថ្មីទេ ហើយក៏មិនមានអ្នកជាសះស្បើយថ្មីដែរ ចំនួនអ្នកកំពុងបន្តសម្រាកព្យាបាលនៅចំនួន ២នាក់ដដែល

នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា មិនមានករណីឆ្លងកូវីដ១៩ ថ្មី ហើយក៏មិនមានករណីជាសះស្បើយបន្ថែមទៀតដែរ។
គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយមានចំនួន ១២០ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ២ករណីទៀតប៉ុណ្ណោះ ។
សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ខាងក្រោម៖




លោក ហ៊ុន សែន និងភរិយា ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណសម្តេចម៉ែ ចំពោះការរំលែកមរណទុក្ខ នៃមរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានថ្វាយសារលិខិត ថ្លែងអំណរព្រះរាជគុណ ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំពោះព្រះរាជសារចូលរួមការរំលែកមរណទុក្ខ នៃមរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី។
ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានមានប្រសាសន៍ថា «បពិត្រ សម្ដេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមបងប្អូន កូន ក្មួយ ព្រមទាំងចៅៗទាំងអស់ របស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ មានសេចក្ដីរំភើបឥតឧបមា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយ នូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារចូលរួមរំលែក មរណទុក្ខ និងព្រះរាជទ្រព្យចូលរួមបុណ្យសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាមាតាក្មេក និងជាមាតាបង្កើត របស់ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ដែលលោកបានទទួល មរណភាពនៅថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩៦វស្សា។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរ ព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជគុណូបការៈ ប្រកបដោយទសពិធរាជធម៌ដ៏ឧត្តុង្គឧត្តម ព្រមដោយ ព្រះរាជសទ្ធាជ្រះថ្លា និងព្រះរាជសាររំលែកមរណទុក្ខដ៏មានអត្ថន័យដ៏ឧត្តុង្គឧត្តម ពោរពេញដោយពាក្យពេចន៍ វិយោគ សង្វេគ ស្ដាយស្រណោះ អាឡោះអាល័យ ចំពោះសព រួមនឹងព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន 20.000 USD (ម្ភៃពាន់ដុល្លារអាមេរិក) ដើម្បីបំពេញមគ្គផលព្រះរាជកុសលអានិសង្សដល់ពិធីបុណ្យសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រព្រឹត្តទៅបានល្អប្រសើរ តាមគន្លងប្រពៃណីជាតិ និងប្រពៃណីព្រះពុទ្ធសាសនា។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមលំឱនកាយក្រាបថ្វាយនូវព្រះរាជសព្ទ សាធុការពរ បវរមហាប្រសើរ សូមគុណបុណ្យតេជៈបារមី នៃព្រះរតនត្រ័យកែវទាំងបី ជួយថែរក្សាប្រោះព្រំ ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកប ដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

សម្តេចម៉ែ ផ្ញើព្រះរាជសារលិខិតរំលែកមរណទុក្ខ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ចំពោះមរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានផ្ញើព្រះរាជសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
ក្នុងព្រះរាជសារលិខិតរបស់សម្តេចម៉ែ ទ្រង់បានមានព្រះរាជបន្ទូលថា «ខ្ញុំមានហឫទ័យដ៏សែនក្រៀមក្រំ អំពីអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាមាតាក្មេក និងជាម្ដាបង្កើត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានទទួលមរណភាព នៅថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០២:១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦វស្សា។
ខ្ញុំសូមសម្ដែងនូវការសោកស្ដាយដ៏ជ្រាលជ្រៅជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្ត ទាំងអស់នៃសព។ មរណភាពនៃអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់ម្ដាយ និងជីដូន ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាយ៉ាងខ្ជាប់ខ្លួន ជាទីគោរពស្រឡាញ់នៃមហាជនទាំងពួង និងជា កុលធីតាដ៏ល្អប្រពៃមួយរូបនៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា។
ខ្ញុំចងចាំជានិច្ច នូវគុណូបការដ៏ធំធេងរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ជាខេមរបុត្រីស្នេហាជាតិ មានបញ្ញាស្មារតីបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ហើយជារៀងរហូតមកដល់បច្ចុប្បន្នកាលនេះ មហាឧបាសិកា ក៏បានបន្តចូលរួមវិភាគទាន ដ៏ធំធេងក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជារាស្ត្រកម្ពុជា។
ខ្ញុំសូមសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងសូមបួងសួងសូមវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមណាំឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា អញ្ជើញទៅកាន់សុគតិភពកុំបីខាន»៕

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ចំពោះការរំលែកមរណទុក្ខ នៃមរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានថ្វាយសារលិខិត ថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ចំពោះព្រះរាជសារចូលរួមការរំលែកមរណទុក្ខ នៃមរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី។
ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី និងភរិយា បានមានប្រសាសន៍ថា «ក្នុងនាមបងប្អូន កូន ក្មួយ ព្រមទាំងចៅៗទាំងអស់ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ មានសេចក្ដីរំភើបឥតឧបមា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយ នូវអំណរព្រះរាជគុណដ៏ជ្រាលជាអនេកប្បការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសារចូលរួមរំលែកមរណទុក្ខ និងព្រះរាជទ្រព្យចូលរួមបុណ្យសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាមាតាក្មេក និងជាមាតាបង្កើតរបស់ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ដែលលោកបានទទួលមរណភាពនៅថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩៦វស្សា។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវស្វាមីភក្តិ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជគុណូបការៈ ប្រកបដោយទសពិធរាជធម៌ដ៏ឧត្តុង្គឧត្តម ព្រមដោយព្រះរាជសារ រំលែកមរណទុក្ខដ៏មានអត្ថន័យល្អប្រពៃជ្រាលជ្រៅ ប្រកបដោយវិយោគសង្វេគ ស្ដាយស្រណោះ អាឡោះអាល័យ ចំពោះសព រួមនឹងព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន 20.000USD (ម្ភៃពាន់ដុល្លារអាមេរិក) ដើម្បីបំពេញមគ្គផលព្រះរាជកុសលអានិសង្ស ដល់ពិធីបុណ្យសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រព្រឹត្តទៅបានល្អប្រសើរតាមគន្លងប្រពៃណីជាតិ និងប្រពៃណីព្រះពុទ្ធសាសនា។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមលំឱនកាយក្រាបថ្វាយនូវព្រះរាជសព្ទ សាធុការពរ បវរមហាប្រសើរ សូមគុណបុណ្យតេជៈបារមី នៃព្រះរតនត្រ័យកែវទាំងបី ជួយថែរក្សា ព្រោះព្រំ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយ ព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ផ្ញើព្រះរាជសារលិខិតរំលែកមរណទុក្ខ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ចំពោះមរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ បានផ្ញើព្រះរាជសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
ក្នុងព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រ ទ្រង់បានមានព្រះរាជបន្ទូលថា «ខ្ញុំបានទទួលដំណឹងយ៉ាងក្រៀមក្រំ អំពីអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាមាតាក្មេក និងជាមាតាបង្កើតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានទទួលមរណភាព នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩៦វស្សា។
ខ្ញុំសូមសម្ដែងនូវការសោកស្ដាយដ៏ជ្រាលជ្រៅបំផុត និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។ ដំណឹងមរណភាពនៃអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់ម្ដាយ និងជីដូន ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាពុទ្ធសាសនិកជន ដែលមានសទ្ធាជ្រះថ្លាយ៉ាងខ្ជាប់ខ្លួន ជាទីគោរពស្រឡាញ់នៃមហាជនទាំងពួង និងជាកុលធីតាដ៏ល្អប្រពៃឧត្តុង្គឧត្តមមួយរូប នៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា។
ខ្ញុំសូមសម្ដែងនូវការគោរព និងសូមបួងសួង សូមវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា អញ្ជើញទៅកាន់សុគតិភពកុំបីខាន»៕