កងកម្លាំងប្រដាប់អាវុធទាំងបី, មន្រ្តីរាជការ, ក្រុមសមាគមនៃក្ដីសង្ឃឹមជនជាតិកូរ៉េ, សិស្សានុសិស្សអនុវិទ្យាល័យ ហ៊ុន សែន កំពង់លែង, សិស្សានុសិស្សបឋមសិក្សាកំពង់បឹង, សមាជិកក្រុមប្រឹក្សាឃុំកំពង់ហាវ, លោកគ្រូ អ្នកគ្រូ រួមនឹងបងប្អូនប្រជាពលរដ្ឋ ប្រមាណ៤០០នាក់ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ បានធ្វើការជួបជុំគ្នា នាំគ្នាប្រមូលកាកសំណល់ផ្សេងៗ ដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព នៅក្នុងបរិវេណសាលាបឋមសិក្សាកំពង់បឹង។
ការជួបប្រជុំគ្នានេះ ជាទឡ្ហីករណ៍មួយ ដែលបង្ហាញឲ្យឃើញថា ទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋ មានការយល់ដឹងពីសារៈសំខាន់ នៃបរិស្ថានស្អាត ហើយបានសហការចូលរួមទាំងអស់គ្នា ដើម្បីរើសសំរាម និងប្រមូលកាកសំណល់ផ្សេងៗដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព។
ជាងនេះទៅទៀត ការជួបជុំគ្នានេះ ក៏បានបង្ហាញពីគោលបំណងយ៉ាងច្បាស់ ពីសកម្មភាពនៃការអប់រំអនាម័យ សុខភាព និងការរស់នៅអចិន្រ្តៃយ៍ របស់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងដូចជារស់នៅស្អាត ផឹកស្អាត ហូបស្អាត ពិសេសគឺការចូលរួមសម្អាតជុំវិញលំនៅដ្ឋាន របស់ខ្លួនឲ្យប្រកបដោយផាសុខភាព។
គួរបញ្ជាក់ផងដែរថា ក្រុមការងារបានបែងចែកតាមមុខសញ្ញា និងគោលដៅដែលបានគ្រោងទុក ដូចជាចំណុចកែងបត់អនុវិទ្យាល័យ ហ៊ុន សែន កំពង់លែង រហូតទៅដល់មណ្ឌលសុខភាព និងចំណុចសាលាបឋមសិក្សាកំពង់បឹង ជុំវិញសាលាស្រុកកំពង់លែង និងក្នុងបរិវេណសំខាន់ៗមួយចំនួនទៀតផងដែរ៕